Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បែកបាក់​សមាជិក​គ្រួសារ​ខ្មែរ ​បែប​សម័យ​ទំនើប​នៅ​តែ​បន្ត

Content image - Phnom Penh Post
ពលករ​ខ្មែរ​ក្នុង​ពេល​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​កន្លង​មក​។ ហេង ជីវ័ន

ការ​បែកបាក់​សមាជិក​គ្រួសារ​ខ្មែរ ​បែប​សម័យ​ទំនើប​នៅ​តែ​បន្ត

«​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​!» ​គឺ​ពាក្យ​ចាស់​ពី​សម័យ​ដើម​ដែល​តែង​តំណាល​តៗ​គ្នា​នៅ​ពេល​ឃើញ​ជនជាតិ​ចិន​ហូរ​ចូល​ស្រុក​ខ្មែរ ហើយ​សំដៅ​មក​ទីក្រុង​ ឬ​​ក៏​ទី​ប្រជុំជន​ដណ្តើម​ទីផ្សារ និង​ការងារ​រកស៊ី ជា​ហេតុ​ធ្វើឲ្យ​ខ្មែរ​ខ្លះ​លក់​ដី​​ ឬ​ក៏​ផ្ទះ​នៅ​ទីក្រុង​រួច​រំកិល​ខ្លួន​ទៅ​នៅ​ចុង​កាត់​មាត់ញក​គាស់​ផ្នូរខ្មោច​ ឬ​ក៏​សង់​ផ្ទះ​លើ​ផ្នូរ​ខ្មោច​ដើម្បី​រស់នៅ​បន្ដ​។

ឥឡូវ​ចូល​ដល់​ពាក្យ​សម័យ​ថ្មី​គេ​ថា​ «​ចិន​ដេញ​ខ្មែរ ខ្មែរ​ធ្វើ​ចំណាកស្រុក​» ​វិញ​ម្ដង ខណៈ​​ដែល​រជ្ជកាល និង​ឥទ្ធិពល​ចិន​ត្រឡប់​មក​វិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​តាំងពី​របប​ខ្មែរ​ក្រហម​ដួលរលំ​មក​នោះ​។

បើ​មើល​ទៅ​អគារ និង​សំណង់​ធំៗ​ខ្ពស់ៗ​សុទ្ធ​តែ​ជា​របស់​ក្រុមហ៊ុន​​ចិន តំបន់​អភិវឌ្ឍន៍​នៅ​លើ​ដី​បឹង​ក៏​ជា​របស់​ក្រុមហ៊ុន​ចិន រោងចក្រ​ខោអាវ និង​ស្បែកជើង​ក៏​ជា​របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​រុករក​រ៉ែ និង​ដំណាំ​កសិកម្ម​លើ​ដី​សម្បទាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក៏​ក្រុមហ៊ុន​ចិន​ទទួល​បាន​ច្រើន​ជាង​គេ​ដែរ​។

គ្រាន់តែ​រាប់​ត្រួសៗ​ផ្ទៃដី​អភិវឌ្ឍន៍​ទាំង​នេះ​មាន​ដល់​ទៅ​ជាង​ ៥០ ​ម៉ឺន​ហិកតា បើ​ផ្អែក​ទៅ​​លើ​ការ​វិនិយោគ​ពី​បរទេស​ផ្ទាល់​ (FDI, 2017) ​ចំពោះ​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ ខ្លះ​បាត់​ដី ខ្លះ​បាត់​ផ្ទះ ខ្លះ​បាត់បង់​កន្លែង​ធ្លាប់​រកស៊ី​អនុផល​ព្រៃឈើ​គួប​ផ្សំ​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ​មិន​បាន​ក៏​ដាច់​ចិត្ត​ធ្វើ​ចំណាកស្រុក​មក​ទីក្រុង ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដោយ​​លក់​កម្លាំង​ពលកម្ម និង​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ ទាំង​ខុស​ច្បាប់​។

ការ​វិនិយោគ​យ៉ាង​គគ្រឹក​គគ្រេង​បែប​នេះ បើ​មើល​តែ​មួយ​ភ្លែត ឃើញ​ថា​មាន​ការ​រីកចម្រើន​ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ថេរ​គឺ​ ៧ ​ភាគរយ​ហើយ​ក៏​ស្រូប​យក​កម្លាំង​ពលកម្ម​បាន​ច្រើន​ផង​ដែរ​។

រីឯ​ប្រទេស​ចិន​វិញ​នៅ​តែ​ប្រកាន់​ខ្ជាប់​គោលដៅ​អភិវឌ្ឍន៍​ផ្លូវ​ ១ ​ខ្សែ​ក្រវាត់​ ១ រវាង​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា​តែ​ម្តង ហើយ​ខេត្ត​គោលដៅ​ដែល​ចិន​អភិវឌ្ឍ​ខ្លាំង​ជាង​គេ​គឺ​ខេត្ត​ព្រះសីហនុ​ដោយ​​បង្កើត​ជា​រមណីយដ្ឋាន កាស៊ីណូ ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទី​នោះ​ដែល​គេ​តែង​សម្លឹង​ឃើញ និង​ប្រៀបធៀប​ការ​អភិវឌ្ឍ​ឲ្យ​ដូច​នៅ​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន ហើយ​ករណី​​ពិសេស​មួយ​ទៀត​សូម្បី​តែ​ការ​ហោះហើរ​ក៏​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ហោះ​ផ្ទាល់​មក​កាន់​ព្រលាន​យន្តហោះ​កងកេង​នៃ​ខេត្ត​ព្រះសីហនុ​ដែរ​។

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៦ ទុន​វិយោគ​សរុប​នៃ​វិស័យ​កសិកម្ម វិស័យ​កសិឧស្សាហកម្ម វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សេវាកម្ម និង​វិស័យ​ទេសចរណ៍​គឺ​មាន​ទឹកប្រាក់​ដល់​​ទៅ​ ១៤,៧ ពាន់​លាន​ដុល្លារ (FDI,2017) ​។ ​

បើ​ប្រៀបធៀប​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​ ៣៦ ​ពាន់​លាន​ដុល្លារ​​គឺជា​តម្លៃ​នៃ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​គិត​តាំង​ពី​ឆ្នាំ​ ១៩៩៧ ដល់​បច្ចុប្បន្ន​ក្នុង​នោះ​ ៩០ ​ភាគរយ​ជា​សម្លៀក​បំពាក់ និង​ស្បែកជើង​។ នេះ​បើ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​។

ប៉ុន្តែ​អ្វី​ដែល​គួរ​បារម្ភ​គឺ​ប្រទេស​​មហា​អំណាច​ទាំង​ ២ ​នេះ​ហាក់​កំពុង​ដណ្តើម​ឥទ្ធិពល​នយោបាយ​គ្នា​ធ្វើឲ្យ​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ទទួល​ឥទ្ធិពល​​ពី​ចិន ហើយ​ប្រឆាំង​នឹង​អាមេរិក​​ក្នុង​បរិបទ​ថ្មី​នេះ​។ ចំពោះ​កម្មករ-កម្មការិនី​ដែល​ទទួល​បាន​ប្រាក់​​ខែ​អប្បបរមា​ ១៥៣ ​ដុល្លារ​នោះ ប្រសិន​បើ​សហរដ្ឋអាមេរិក​ឈប់​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នោះ​គឺ​មាន​តែ​ផ្លូវ​ធ្វើ​ចំណាកស្រុក​ទៅ​បរទេស​ដើម្បី​លក់​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​។ ​នេះ​គឺជា​ចំណោទ​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​នូវ​អ្វីៗ​ដែល​អាច​កើត​មាន​ជាយថាហេតុ​នោះ​។

បើ​ទោះបី​ជា​វា​មិនមែន​ជា​បញ្ហា​បែកបាក់ និង​ព្រាត់ប្រាស​សមាជិក​គ្រួសារ​ស្លាប់​ដូច​ក្នុង​សម័យកាល​ឆ្នាំ​ ១៩៧០ រហូត​ដល់​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់​នៅ​ឆ្នាំ​ ១៩៩៣ ក៏ដោយ​ក៏​ពលរដ្ឋ​សព្វ​ថ្ងៃនេះ​នៅ​តែ​ជួប​ការ​ព្រាត់ប្រាស​សមាជិក​គ្រួសារ​តាមរយៈ​ភាព​ក្រីក្រ ខ្វះ​ភាព​សុខដុមរមនា​ជា​គ្រួសារ​ខ្មែរ​ពោល​គឺ​ដើម្បី​រស់​ចាំបាច់​ត្រូវ​ធ្វើ​ចំណាកស្រុក​ទាំង​បាក់បែក​រចនាសម្ព័ន្ធ គ្រួសារ មិន​ដឹង​ជា​មាន​ផ្ទះ​សំបែង​ឯណា​ជ្រក រក​គូស្រករ​បង្កើត​គ្រួសារ​ឲ្យ​មាន​ស្ថិរភាព​មិន​បាន ចង់​បាន​កូន​មិន​ដឹង​ថា​ត្រូវ​ចិញ្ចឹម​របៀប​ម៉េច​បើ​ទៅ​ធ្វើការ​ឲ្យ​គេ​បាត់​ពី​ផ្ទះ​រហូត ហើយ​ទីបំផុត​កូនៗ​កើត​មក​ទៅ​ធ្វើ​ខ្ញុំ​គេ​ដដែលៗ​រហូត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​។ នេះ​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​គួរ​គិតគូរ​ពី​របៀប​រស់នៅ​បែប​សម័យ​ទំនើប​ដល់​ពលរដ្ឋ​ខ្លួន មិនមែន​គិត​តែ​ពី​គ្រួសារ​អ្នកធំៗ អ្នកមានៗ​គ្នាឯង​ហើយ​ថា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​មាន​សុខសន្តិភាព មាន​សុខដុមរមនា​នោះ​ទេ​។

រីឯ​អ្នក​​ធំៗ អ្នកមានៗ ឧកញ៉ាៗ នៅ​ស្រុក​ខ្មែរ​ឥឡូវ​ឆ្លាត​ណាស់​គឺ​នាំ​គ្នា​ទៅ​ទិញ​ផ្ទះ​នៅ​ប្រទេស​ជឿនលឿន​ទុក​ឲ្យ​ហើយ ឲ្យ​តែ​ស្រុកទេស​មាន​បញ្ហា​អី​គឺ​គេ​អាង​តែ​ដាក់​មេប្រូច​ចោល​ស្រុក​ទៅ​នៅ​ស្រុក​គេ​យ៉ាង​រំភើយ​បាត់ ហើយ​ងាក​មក​មើល​អ្នកក្រ​នៅ​តែ​វេទនា​ដដែល​។

ម្យ៉ាង​ទៀត​ច្បាប់​អនុញ្ញាត​ឲ្យ​បរទេស​រស់នៅ​ស្រុក​ខ្មែរ​មាន​សិទ្ធិ​ទិញ​ផ្ទះ​ចាប់​ពី​ជាន់​ទី​ ១ ​ឡើង​​ទៅ អ៊ីចឹង​រឹត​តែ​បង្ក​ឱកាស​ដល់​​ជនជាតិ​ចិន និង​វៀតណាម ដែល​​មាន​ពលរដ្ឋ​ច្រើន​ហើយ​ចង់​មក​នៅ​ស្រុក​ខ្មែរ​ស្រាប់​ផង​រឹត​តែ​ងាយស្រួល​ថែម​ទៀត​។ យូរៗ​ទៅ ចិន​ដេញ​ខ្មែរ ខ្មែរ​ចំណាកស្រុក​ទៅ​បរទេស​អាច​ពិត​ដូច​ពាក្យ​ដែល​បាន​លើក​ឡើង​? ​យ៉ាង​ណា​មិញ បើ​ក្រុមហ៊ុន​ចិន​នាំ​គ្នា​សម្រុក​ទៅ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ដូច​សព្វ​ថ្ងៃ​នេះ​ភ្ញៀវទេសចរ​បរទេស​មកពី​លោក​ខាង​លិច​លែង​ចង់​ទៅ​​លេង​ឆ្នេរ​សមុទ្រ​ទី​នោះ​ហើយ​។

ជាង​នេះ​ទៀត​ការ​វិនិយោគទុន​ជាមួយ​ចិន​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ផលប៉ះពាល់​រយៈពេល​វែង​ផង ឧទាហរណ៍​ប្រទេស​មីយ៉ាន់ម៉ា វិនិយោគទុន​រ៉ែ ឧស្ម័ន និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​ខួង​យក​ឡើង​រីង​ជិត​អស់​ពី​ខ្លួន រួច​ក៏​បោះបង់​ចោល​បាត់​។ រីឯ​ប្រទេស​ស្រីលង្កា​ថ្មីៗ​ទើប​តែ​ចុះហត្ថលេខា​យល់​ព្រម​លក់​ផែ​ ៩៩ ​ឆ្នាំ​ឲ្យ​ប្រទេស​ចិន​តែ​ម្តង ដោយសារ​រឿង​ដោះ​បំណុល​ជាមួយ​ចិន​មិន​រួច​។ សំណួរ​សួរ​ថា​បន្ទាប់ពី​ប្រទេស​ស្រីលង្កា​តើ​ប្រទេស​ណា​ទៀត​ដែល​អាច​​រងគ្រោះ​បន្ទាប់​ទៀត​នោះ​?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment