Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​រៀបការ និង​ស្មុំ​កូន​ទៅ​បរទេស​ នៅ​តែ​ប្រឈម​នឹង​បញ្ហា

Content image - Phnom Penh Post
អ្នកស្រី អួន ញ៉ បង្ហាញ​រូបថត​កូន​ដែល​គាត់​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម​តែ​បាត់​ដំណឹង។ រូបថត សហការី

ការ​រៀបការ និង​ស្មុំ​កូន​ទៅ​បរទេស​ នៅ​តែ​ប្រឈម​នឹង​បញ្ហា

វា​ជា​រឿង​សោកសង្រេង​មួយ​ថ្មី​​ក្នុង​សម័យ​បច្ចុប្បន្ន បន្ទាប់ពី​ដឹង​ថា​បាត់​ដំណឹង​កូន​ដែល​ត្រូវ​គេ​យក​ទៅ​ចិញ្ចឹម ឬ​ក៏​កូន​ដែល​រៀបការ​រួច​ទៅ​នៅ​បរទេស ឬ​ក៏​កូន​ដែល​រៀបការ​ហើយ​ធានា​ទៅ​បរទេស​មិន​បាន​នោះ​។

តើ​ការ​ព្រាត់​ប្រាស​​បែប​នេះ​មកពី​ការ​ផ្សងព្រេង ឬ​ក៏​ឲ្យ​តម្លៃ​ទៅ​បរទេស​ខ្លាំង​ពេក​?

បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ខណៈ​កំពុង​អត់​ឃ្លាន ឬ​គ្មាន​ស៊ី​គឺ​ខ្មែរ​ម្នាក់ៗ​ខំ​រត់​រក​កន្លែង​ដែល​មាន​អាហារ និង​ជម្រក​ដើម្បី​រស់​ដែល​ជា​តម្រូវការ​ចាំបាច់​ដោយ​មិន​គិត​ថា​បរទេស​ណា ឬ​ក៏​កន្លែង​ណា​​ទេ​ពោល​គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​រស់​សិន​។

ចំណែក​អ្នក​ចង់​បាន​លើស​ពី​នោះ​បើ​ទោះបី​ជា​ត្រូវ​ឆ្លង​កាត់​មហា​លំបាក និង​គ្រោះថ្នាក់​តាម​ការ​ធ្វើ​ដំណើរ​កាត់​ព្រៃព្រឹក្សា ចម្ការមីន ឆ្លង​លួស​បន្លា​ ឬ​ក៏​ឆ្លង​ទូក​សមុទ្រ​ដើម្បី​ «​ទៅ​លិច​» (ប្រទេស​លោក​ខាង​លិច) ដូចជា​បារាំង អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និង​នូវែលសេឡង់​ក៏​ខំប្រឹង​ទាំង​ប្រថុយ​ដែរ​។

តែ​បច្ចុប្បន្ន​បញ្ហា​ធ្វើ​ដំណើរ​ហាក់​លែង​ពិបាក​ដូច​ពី​មុន​ហើយ​ដោយ​វិធី​ចង់​ទៅ​នៅ​ស្រុក​គេ​គឺ​​ចេញ​តាមរយៈ​រៀបការ ទៅ​រៀន​បន្លំ​រស់នៅ ឬ​ក៏​សុំ​សិទ្ធិ​រស់​នៅ ឬ​ក៏​តាមរយៈ​ការ​ស្មុំ​កូន​ចិញ្ចឹម តែ​មាន​ខ្លះ​នៅ​តែ​ប្រឈម​មុខ​ដដែល​ចំពោះ​វិធី​ទាំង​នេះ​។

ដោយសារ​សង្គម​មួយ​កំពុង​ឲ្យ​តម្លៃ​បរទេស​ ឬ​ក៏​អាណិកជន​ខ្មែរ​ហួស​ហេតុ ប្រសិន​បើ​អ្នក​​បាន​រៀបការ​ជាមួយ​ជនបរទេស​មិន​ថា​ប្រុស ឬ​ក៏​ស្រី​​ទេ​គឺ​ឃើញ​ភ្លាម​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​គ្រាន់​បើ​ដែល​ភាសា​សាមញ្ញ​ថា​តោង​កាលីប​ជនបរទេស​។ រីឯ​អ្នកភូមិ​វិញ​ក៏​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​សរសើរ​មិន​ដាច់​ និង​តែង​ខ្សឹបខ្សៀវ​ថា​ធ្វើ​ម៉េច​ទើប​បាន​ទៅ​ស្រុក​គេ​ដូច​អ៊ីចឹង​? ​ចំណែក​សាមី​ខ្លួន​វិញ ខ្លះ​ក៏​ធ្វើ​ឫក​អស្ចារ្យ ខ្លះ​ក៏​គិត​ថា​គ្មាន​នរណា​ដល់​ដោយ​ចាយ​លុយ​សុទ្ធ​តែ​ដុល្លារ​ផ្ញើ​លុយ​មក​ស្រុក​ខ្មែរ​ដែល​មើល​ទៅ​ដូច​ជា​ជីវភាព​ធូរធារ​ណាស់​អ៊ីចឹង​។

ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ខ្លះ​ជួប​គ្រោះថ្នាក់​ដោយសារ​សម្ភារ​និយម បរទេស​និយម​ និង​អាណិកជន​ខ្មែរ​និយម​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​កូនចៅ​ខ្លួន​បាន​ទៅ​ក្រៅ​នឹង​គេ​គឺ​អស្ចារ្យ​ហើយ​។

ករណី​ទី​ ១) បទពិសោធ​ការ​រៀបការ​ជាមួយ​ជនបរទេស​ដែល​មិន​បាន​សម​ប្រកប​តែ​បែរ​ជា​ធ្លាក់​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ ការ​ជួញដូរ​មនុស្ស ឬ​ការ​កេងប្រវ័ញ្ច​ពលកម្ម និង​ទាសករ​ផ្លូវ​ភេទ​ទៅ​វិញ​ហើយ​ដាច់​ទំនាក់​ទំនង​​លែង​ដឹង​សុខទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ​។

បើ​មើល​ឯកសារ​បណ្តឹង និង​ករណី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​គឺ​មាន​ច្រើន​ណាស់​ដោយ​ខ្លះ​ដោះ​ស្រាយ​ចេញ និង​ខ្លះ​ក៏​បាត់​ដំណឹង​ឈឹង​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​នៅ​ស្រុក​ខ្មែរ​ស្រងូត​ស្រងាត់​នឹក​កូន​ និង​សម្ដែង​ការ​សោកស្ដាយ​ដោយ​ថា​បើ​ដឹង​អ៊ីចឹង​អត់​ឲ្យ​ទៅ​ស្រុក​គេ​ទេ​គឺ​បាក់​ស្បាត​តែ​ម្តង​។

ករណី​ទី​ ២) ការ​រៀបការ​ជាមួយ​អាណិក​ជនខ្មែរ​មិន​បាន​ចេញ​ទៅ​បរទេស​។ ដោយសារ​ការ​ឲ្យ​តម្លៃ​ពួកគេ​ទើប​ធ្វើ​ឲ្យ​អាណិកជន​ខ្មែរ​​ខិលខូច​ខ្លះ​មក ​«​សៅគ្រី» ​នៅ​ស្រុក​ខ្មែរ (​មាន​ប្រពន្ធ​កូន​រួច​ហើយ​រកស្រី​ស្រប​ច្បាប់​ទៀត​) ខ្លះ​ទៀត​ចាស់ៗ​គ្រាន់តែ​រក​នារី​ដើម្បី​​បាន​សប្បាយ​ពេល​ពួកគេ​មក​លេង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ព្រោះ​នៅ​ស្រុក​គេ​ពិបាក​រកស្រី​កំដរ​ផ្លូវ​ភេទ​។

ក្រៅពី​នោះ​មាន​អ្នក​ខ្លះ​បោក​ដើម្បី​រួមភេទ​ជាមួយ​នារី​ខ្មែរ​ក្នុង​ស្រុក​តែ​ម៉ា​សប្បាយ​ក៏​ចប់​ដោយ​គ្មាន​យក​ទៅ​បរទេស​ឯណា​ទេ​ព្រោះ​ប្រាក់​ខែ​គាត់​នៅ​ស្រុក​គេ​តិច​ពេក​មិន​អាច​ធានា​ប្រពន្ធ​កូន​បាន​។ ករណី​អាណិកជន​ខ្មែរ​ខ្លះ​គឺ​បោក​​បែប​ហ្នឹង​ធ្វើឲ្យ​ស្ត្រី​នៅ​ស្រុក​ខ្មែរ មេម៉ាយ ខ្លះ​មាន​ទាំង​កូន​ហើយ​បើ​​គេ​ផ្ញើ​លុយ​ឲ្យ​ចាយ​ខ្លះ​ទៅ​គ្រាន់​បើ​តែ​ខ្លះ​បាន​ដាក់​មេផាយ​បាត់​ស្រមោល​តែ​ម្តង​។

ចំណែក​អាណិកជន​ខ្មែរ​ខ្លះ​​យក​លេស​ថា​រត់​ឯកសារ​ធានា​អត់​បាន​ក៏​ទុក​គ្នា​ចោល​រាប់​ឆ្នាំ​ ឯ​ឪពុក​ម្តាយ​ខាង​ស្រី​ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ​ចេះ​តែ​ភូត​តៗ​ថា​កំពុង​រត់​ឯកសារ​តាម​លេស​គេ​នោះ​​ទៅ​តែ​តាម​ពិត​គេ​មិន​មក​យក​កូនស្រី​ខ្លួន​ផង​គឺ​បោក​សោះ​ហ្នឹង។

ប៉ុណ្ណឹង​ហើយ​ខ្លះ​មិន​រាង​ចាល​ទៀត​នៅ​តែ​ឲ្យ​គេ​បោក​បាន​ដល់​បច្ចុប្បន្ន​​។

ករណី​ទី​ ៣) កត្តា​ភាព​ក្រីក្រ​ពេក ពិបាក​ចិញ្ចឹម​កូន​ក៏​ដាច់​ចិត្ត​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​តាមរយៈ​ការ​ស្មុំ​កូន​ស្រប​ច្បាប់​ដោយ​កុមារ​ខ្លះ​ក៏​បាន​សមប្រកប​ចេះ​នឹក​គុណ​ឪពុក​ម្តាយ​ទៅ​។ តែ​អ្នក​ខ្លះ​ក្រោយ​ពី​​ធំធាត់​នៅ​ស្រុក​គេ​បាន​ត្រឹម​មក​លេង​ឪពុក​ម្តាយ​ម្ដងម្កាល​ហើយ​ពេល​ត្រឡប់​ទៅ​វិញ ឪពុក​ម្តាយ​បាន​ត្រឹម​ស្រក់​ទឹកភ្នែក​ព្រោះ​តែ​មិន​បាន​រស់នៅ​ជិត​កូន ព្រាត់​ទាំង​អាល័យ​។

ដោយ​ឡែក​កុមារ​ខ្លះ​ទៀត​ត្រូវ​បាន​ជនបរទេស​ស្មុំ​រួច​ហើយ​ក៏​បាត់​ដំណឹង​ឈឹង​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​នឹក​បារម្ភ​​តែ​ពី​កូន​មិន​ដឹង​​សុខ​ទុក្ខ​យ៉ាង​ណា​? គឺ​មាន​តែ​ទឹកភ្នែក​ស្រក់​ឥតល្ហែ​ដូចជា​ករណី​សប្តាហ៍​មុន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ព័ត៌មាន​ថា​មាន​គ្រួសារ​កម្មករ​ចម្ការ​កៅស៊ូ​រស់នៅ​ក្នុង​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​រតនគិរី​ដើម្បី​ឲ្យ​ជួយ​រក​កូន​ប្រុស​ស្រី​ ៤ នាក់​ដែល​បាន​បែក​គ្នា​ចាប់​តាំងពី​ឆ្នាំ ២០០៨ មក​។

ពួកគាត់​បាន​ផ្ញើ​នៅ​អង្គការ​អភិវឌ្ឍន៍​កុមារ និង​សហគមន៍​ក្រីក្រ​ (SPSDO) នៅ​ម្តុំ​ផ្សារ​ដីហុយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែនសុខ​នៅ​ក្នុង​ឆ្នាំ​នោះ​។ លុះ​​មួយ​ឆ្នាំ​ក្រោយ​មក​មាន​គេ​សុំ​កូន​យក​ទៅ​ក្រៅ​ប្រទេស​ហើយ​អង្គការ​នោះ​ដោយ​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ក៏​បាន​បញ្ជូន​ពួកគេ​ទៅ​តែ​ម្តង​ដោយ​សន្យា​ថា ១ ​ឆ្នាំ​គេ​ឲ្យ​ជួប​កូន​ម្តង តែ​ ៣-៤ ​ឆ្នាំ​ក្រោយ​មក​លែង​បាន​ជួប​តែ​ម្ដង។

ទាំងនេះ​សុទ្ធតែ​ជា​រឿង​សោកសៅ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​តែ​មិនមែន​ជា​ការ​លេងសើច​ទេ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាលពី​ឆ្នាំ​ ២០១០ រាជរដ្ឋាភិបាល​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ទាំង​ការ​រៀបការ​ជាមួយ​បរទេស និង​ទាំង​ស្មុំ​កូន​តែ​ក្រោយ​មក​បាន​ចេញ​​លក្ខខណ្ឌ​ក្នុង​ការ​រៀបការ​ឲ្យ​ជនបរទេស​បញ្ជាក់​ភាព​នៅ​លីវ​មិន​ឲ្យ​ចាស់​ពេក និង​មិន​មាន​កម្រិត​ជីវភាព​ដែល​អាច​ទ្រទ្រង់​ការ​ចិញ្ចឹម​ប្រពន្ធ ឬ​ប្តី​បាន និង​លក្ខខណ្ឌ​នៃ​ការ​សុំ​កូន​ក៏​តម្រូវការ​យល់​ព្រម​រវាង​រដ្ឋាភិបាល​ទាំង​ ២ ​ផង​ដែរ​បើ​ទោះបី​ជា​កម្ពុជា​មាន​ច្បាប់​ស្មុំ​កូន​ក៏ដោយ។

ក្រៅពី​នោះ​​រាជរដ្ឋាភិបាល​ក៏​បាន​បិទ​ទាំង​ស្រុង​នូវ​មណ្ឌល​កុមារ​កំព្រា​ដោយសារ​តែ​កុមារ​រស់នៅ​បែក​ពី​ឪពុក​ម្តាយ​ពួកគេ​​។

បើ​មិន​ធ្លាប់​បាក់បែក​គ្នា ឬ​ក៏​ព្រាត់​គ្នា​ទាំង​ក្តី​ស្រឡាញ់​ទេ​នោះ​គឺ​យើង​មិន​ដឹង​ពី​គុណតម្លៃ​នៃ​ជីវិត​ទេ បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​នៃ​ការ​ពពោះ​ជំនួស​ឲ្យ​ជនបរទេស​វិញ​គឺ​ទារក​ម្នាក់​គេ​ហ៊ាន​ឲ្យ​ដល់​ ៥ ​ម៉ឺន​ដុល្លារ​ឯណោះ​។

(​នេះ​គ្រាន់​តែ​ជា​​ឧទាហរណ៍​ករណី​ស្ត្រី​បរទេស Tammy កំពុង​ជាប់​ឃុំ​ដោយសារ​ជួញដូរ​ការ​ពពោះ​ជំនួស​ឪពុក​ម្តាយ​ដែល​ចង់​បាន​ទារក​ម្នាក់​)​។

ហេតុ​ដូច្នេះ​ហើយ​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​​គ្រោះថ្នាក់​តាមរយៈ​ការ​រៀបការ និង​ការ​ស្មុំ​កូន​នេះ​គឺ​ខ្មែរ​ត្រូវ​រៀន​ផ្ដល់​តម្លៃ​ខ្លួនឯង​ឲ្យ​​ច្រើន​ជាង​បរទេស​ខ្លះ​ទៅ​ព្រោះ​ស្រុក​យើង​ឥឡូវ​ក៏​មិន​រហេម​រហាម​​ដូច​ជំនាន់​សង្គ្រាម​ធ្វើ​ជា​ជនភៀស​ខ្លួន​ទេ​។

រីឯ​អ្នក​មាន​ធូរធារ​ហើយ បើ​មិន​ចាំបាច់​ទៅ​ជួបជុំ​គ្រួសារ​នៅ​បរទេស​ទេ​គឺ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ហើយ​ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ដូច​ខាង​លើ​តែ​បើ​ចង់​រៀបការ​ជាមួយ​ជនបរទេស ឬ​អាណិកជន​ខ្មែរ​ក៏​ត្រូវ​តែ​ស៊ើបសួរ​រក​ឯកសារ​ និង សិក្សា​ពី​បុគ្គលិក​លក្ខណៈ​អ្នក​នៅ​ស្រុក​គេ​ខ្លះ​ដែរ​រីឯ​កាតព្វកិច្ច​ស្មុំ​កូន​វិញ​ត្រូវ​កម្រិត​ប្រព័ន្ធ​តាមដាន​ឲ្យ​បាន​ជាក់លាក់​ព្រោះ​​ពេល​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ហើយ​ដើម្បី​ចៀសវាង​សកម្មភាព​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​ផ្លូវ​ភេទ​ក្រោម​រូបភាព​រៀបការ ឬ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​ ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ