Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំពង់សោម​ពី​ឆ្នេរ​ស្អាត​បំផុត​ក្លាយ​ជា​តំបន់​ម៉ាហ្វីយ៉ា

ក្រុម Kazantip របស់​ជនបរទេស ដែល​ត្រៀម​ប្រារព្ធ​ពិធី​​ប្រគំតន្ត្រី នៅ​ខេត្ត​ព្រះសីហនុ កាលពី​ដើម​ខែ​មុន​។
ក្រុម Kazantip របស់​ជនបរទេស ដែល​ត្រៀម​ប្រារព្ធ​ពិធី​​ប្រគំតន្ត្រី នៅ​ខេត្ត​ព្រះសីហនុ កាលពី​ដើម​ខែ​មុន​។ រូបថត MAX ELVINGER

កំពង់សោម​ពី​ឆ្នេរ​ស្អាត​បំផុត​ក្លាយ​ជា​តំបន់​ម៉ាហ្វីយ៉ា

តាមរយៈ​របាយការណ៍​បូក​សរុប​របស់​ក្រសួង​មហាផ្ទៃ​ឆ្នាំ ២០១៤​ បាន​បង្ហាញ​ថា​ «​បទល្មើស​ព្រហ្មទណ្ឌ​កើនឡើង​ ៤ ​ភាគរយ​»។​​​​ រីឯ​បុណ្យស័ក្តិ​របស់​កងកម្លាំង​ទាំង​ប៉ូលិស ​ទាំង​កងរាជអាវុធហត្ថ ក៏​ចេះ​កើនឡើង​ដែរ​ ផ្កាយៗ​ក៏​ចេះ​តែ​រះ​ពេញ​មេឃ។

តើ​ការ​ដំឡើង​ស័ក្តិ ​ដំឡើង​ផ្កាយ​ឲ្យ​ចេះ​តែ​កើនឡើងៗ​មាន​ន័យ​ថា​យ៉ាង​ម៉េច​សម្រាប់​សុវត្ថិភាព​នៅ​ស្រុក​ខ្មែរ​ ជាពិសេស​មុខមាត់​​នៅ​តំបន់​ទេសចរណ៍?

ទោះបី​ជា​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង ចំពោះ​មុខ​ឯកអគ្គរាជទូត​ឯកអគ្គរដ្ឋទូត ប្រចាំ​ប្រទេស​កម្ពុជា​ទាំង ២៥ ថា​មិន​ទទួល​ពួក​ម៉ាហ្វីយ៉ា​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ទេ និង​ប្តេជ្ញា​ពង្រឹង​សន្តិសុខ​ នៅ​តំបន់​ទិសដៅ​ទេសចរណ៍​មិន​ទាន់​បាន​មួយ​សប្តាហ៍​ស្រួលបួល​​ផង​ក៏ដោយ ក៏​បញ្ហា​ឧក្រិដ្ឋកម្ម​ នៅ​កំពង់សោម​ គឺ​កំពុង​តែ​កើត​មាន​ពេញ​បន្ទុក​។ ​គ្រាន់តែ​តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​មាន​ ៣ ​ករណី​ធំៗ​ នៅ​ក្រុង​ព្រះសីហនុ​ ទី ១, នៅ​កោះរុង មាន​ករណី​ប្លន់​កាប់​បុរស​ជនបរទេស​ ២ ​នាក់​ ម្នាក់​ជនជាតិ​កាណាដា និង​ម្នាក់​ជនជាតិ​ហ្វាំងឡង់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ទី ២, ករណី​នៅ​កោះរុង​ដដែល​ក៏​មាន​ករណី​ប្លន់​វ៉ៃ​ស្ត្រី​ជនជាតិ​កូរ៉េ ២ នាក់​​​ក៏​របួស​​យ៉ាងដំណំ ហើយ​​ទី​ ៣, ករណី​ក្រុម​​ស្ទាវ​ដេញ​កាប់​គ្នា​ស្លាប់ ២ នាក់ និង​កាប់​ម៉ូតូ​ខ្ទេចខ្ទី ពី​ដំបូង​​សមត្ថកិច្ច​​សន្និដ្ឋាន​ថា​ ករណី​​គ្រោះថ្នាក់​​​ចរាចរណ៍ ព្រោះ​ខ្លាច​​ធ្លាក់​​ចេញ​ពី​​តំណែង​។​​

តើ​អំពើ​​ឆក់ប្លន់ និង​​​ការកាប់​សម្លាប់​គ្នា​បែប​នេះ​​ មក​តែ​ពី​និទ្ទណ្ឌភាព​របស់​ក្រុម​សេដ្ឋី​ជនជាតិ​រុស្ស៊ី ២ ក្រុម​គឺ​ក្រុម​របស់​លោក ​Nicolai Doroshenko​ និង ​លោក ​Sergei Polonsky ដែល​កំពុង​ទំនាស់​ផលប្រយោជន៍​នឹង​គ្នា​ ហើយ​មាន​តាំងពី​ការវ៉ៃតប់​គ្នា បាញ់បោះ ជួល​មនុស្ស​មក​ពិឃាត​​គ្នា​ក៏​មាន​ កំពុង​តែ​មាន​រឿង​ក្តីក្តាំ​នៅ​តុលាការ​កំពុង​តែ​ចោទ​គ្នា​ទៅវិញ​ទៅមក​ទៀត​?​ ដូច​ករណី​រៀបចំ​ពិធី​ប្រគំតន្ត្រី Kazantip​ មិន​បាន​សម្រេច​ហើយ​ទំនាស់​គ្នា ២​ ក្រុម​នេះ​ឡើង​ផ្អើល​កោះរុង​នោះ។

ទាំង​សមត្ថកិច្ច​ ទាំង​តុលាការ ​មិន​ដោះស្រាយ​បញ្ហា​សេដ្ឋី​រុស្ស៊ី​ទាំង ២ ឲ្យ​ជ្រះស្រឡះ​នោះ​ទេ​ ទុក​គាប​ស៊ី​ទាំង​សងខាង ប្តឹង​កាន់តែ​ច្រើន​ករណី ​ទំនិញ​កាន់តែ​ឡើង​ថ្លៃ ដូច​ករណី ឧកញ៉ា ថោង សារ៉ាត់​ និង​ឪពុកម្តាយ​គាត់​ ចំពោះ​រឿង​ឃាតកម្ម​ ឧកញ៉ា ​អ៊ឹង ម៉េងជឺ​ មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​ បាន​​ត្រឹមតែ​ចាំ ចាប់​ជិត​បាន​​រហូត​ទៅ​។

សូម្បីតែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏​ទទួល​ស្គាល់​ថា តុលាការ​ស៊ីសំណូក​ដែរ​ មិន​ដឹង​ជា​បាន​ប៉ុន្មាន​ទេ ចំពោះ​ករណី​ដោះលែង​​ឪពុកម្តាយ ឧកញ៉ា ​ថោង សារ៉ាត់​។​ ស្រាប់តែ​ដល់​ពេល​​ចាប់​បាន​គឺ​បាន​តែ​ទណ្ឌិត​គ្រូទាយ​ផ្ទាល់ និង​ជំនួយការ​ផ្ទាល់​លោក អាំង មាលតី​ទៅវិញ បើទោះបី​ជា​គាត់​ខំ​គេច​ខ្លួន​ទៅ​ដល់​ភ្នំ​ជីសូរ​ខេត្ត​តាកែវ ក៏​ត្រូវ​គេ​ចាប់​មក​កាត់ទោស​បាន​ដែរ​។​ ហ្នឹង​បើ​គេ​ចង់​ចាប់​។

ហេតុអ្វី​បាន​រដ្ឋាភិបាល​អនុញ្ញត​ឲ្យ​មនុស្ស​គ្រោះថ្នាក់​ទាំងនោះ នាំគ្នា​ទៅ​ពពាក់ពពូន​នៅ​តំបន់​​ទេសចរណ៍​នៅ​ក្រុង​ព្រះសីហនុ? ហេតុអ្វី​បានជា​ជនបរទេស​សោះ មក​ក្រឡុក​តំបន់​ទេសចរណ៍​ដ៏ធំ​លេង​កម្សាន្ត មាន​​នរណា​​នៅ​ពី​ក្រោយ​ខ្នង​ពួកគេ​​? គ្រាន់តែ​សង់ស្ពាន​ទៅ​កោះពស់​មួយ​សោះ សេដ្ឋី​រូប​នោះ​លេង​ម៉ាសេរី បើ​ទោះបី​ជា​មាន​រឿង​ក្តីក្តាំ​នៅ​តុលាការ​ជាច្រើន​ក៏ដោយ លោក ​Sergei Polonsky​ នៅ​ក្រៅ​ឃុំ​ធ្វើ​មិន​ដឹង​។​​ ឬ​ក៏​មាន​អ្វី​ដែល​លើស​ហ្នឹង​ទៀត​​? ព្រោះ​ស្រុក​ខ្មែរ​ចូលចិត្ត​តែ​ទទួល​អ្នកវិនិយោគទុន​បែប​ហ្នឹង​ណាស់​ស្រួល​គាបស៊ី តែ​កុំ​ភ្លេច​ថា​បញ្ញា​របស់​គេ​ក៏​ខ្ពស់​ណាស់​​ដែរ គេ​ដើរ​រកស៊ី​ខុសច្បាប់ ដើរ​លាងលុយ​កខ្វក់​ក៏យើង​មិន​​ដឹង​ដែរ​។ ចេះ​ទទួល​មនុស្ស​គ្រោះថ្នាក់​បែប​នេះ​ដល់​ពេល​បាន​​លាភសក្ការៈ បាន​ទៅ​បុគ្គល​អ្នក​មាន​អំណាច ​តែ​ពេល​រងគ្រោះ​គឺ​មុខមាត់​ប្រទេស​ជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ។​ តែ​សម្រាប់​អ្នកវិនិយោគទុន​ល្អៗ គេ​មិន​មក​ស្រុក​ខ្មែរ​ទេ​ព្រោះ​អត់​សុវត្ថិភាព​ឲ្យ​គេ រកស៊ី​បែប​កាប់ចាក់​គ្នា​របៀប​ម៉ាហ្វីយ៉ា បែប​ពុករលួយ​ជុំ​ទិស​។

ដោយសារ​បញ្ហា​អសន្តិសុខ​ដែល​ប្រព្រឹត្ត​ទាំង​ខ្មែរ​ទាំង​បរទេស​យ៉ាងអនាធិបតេយ្យ​នៅ​កំពង់សោម ឥឡូវ​នេះ​ទាំង​អ្នកទេសចរ​ក្នុងស្រុក ​និង​ទាំង​អ្នកទេសចរ​អន្តរជាតិ​ ហាក់បី​ដូចជា​រាង​ញញើត​ញញើម​ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​កំពង់សោម​។​ យូរៗ​ទៅ​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក​ខ្លួនឯង​សោះ លែង​ចង់​ទៅ​លេង​ទីនោះ ទៅ​ជា​ខ្លាច​ជនបរទេស​មួយ​ក្តាប់​តូច​អុកឡុក​ទៅវិញ​។​​

តើ​រាជរដ្ឋាភិបាល​ត្រូវ​ជ្រើសរើស​ថា តើ​ត្រូវការ​រក្សា​កេរ្តិ៍ឈ្មោះ​ឆ្នេរសមុទ្រ​​ស្អាត​​បំផុត​បន្ត​ទៀត ភ្ញៀវទេសចរ​ល្អៗ អ្នកវិនិយោគទុន​ល្អៗ ឬ​ក៏​ទុក​អ្នកវិនិយោគ​បែប​ម៉ាហ្វីយ៉ា និង​ក្រុម​ចោរប្លន់​នៅ​កំពង់សោម​ដដែល​?​

កាលពី​ឆ្នាំ ២០១១​ កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិភពលោក (The Most Beautiful Bays in the World Club) បាន​បោះឆ្នោត​ឲ្យ​ជាប់​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឆ្នេរសមុទ្រ​ស្អាត​នៅលើ​ពិភពលោក ហើយ​នៅ​ឆ្នាំ ២០១៣ កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​កិច្ចប្រជុំ​​ថ្នាក់​ពិភពលោក​នៃ​ក្លិប​ឆ្នេរសមុទ្រ​​ស្អាត​បំផុត​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​ប៉ូលិស​គួរតែ​ស្វែងយល់​អត្ថន័យ​នៃ​ពាក្យ​ថា​៖ «ម៉ាហ្វីយ៉ា (Mafia)» ​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត និង​ព្យាយាម​ស្វែងយល់​ពី​សកម្មភាព​ដែល​ពាក់ព័ន្ធ​ដែល​ក្រុម​មនុស្ស​ដែល​ប្រតិបត្តិការ ជា​ជាង​ច្រានចោល​ភ្លាមៗ​នូវ​ការ​ចោទប្រកាន់​ណា​មួយ​​ដោយ​គ្មាន​ហេតុផល​នោះ ហើយ​បើ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​កំពង់សោម​មិន​បាន​ទេ ដក​មេប៉ូលិស និង​មេប៉េអឹម​នៅ​ទីនោះ​ចេញ​ទៅ។

ឥឡូវ​នេះ នៅ​កំពង់សោម​ទើបតែ​កកើត​បាន​ប៉ុណ្ណឹង​តែ​ប្រយ័ត្ន​តែ​ទុក​យូរ​ទៅ​ច្រើន​ទៅៗ គ្រប់​ជាតិសាសន៍​ទៀត គឺ​សមត្ថកិច្ច​កាន់តែ​យ៉ាប់​មែនទែន​ហើយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment