Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​យុវជន​មិន​បាន​ដោះស្រាយ​បញ្ហា​យុវជន​ជា​ដុំ​កំភួន​ទេ

ការ​ខិតខំ​កែ​ខ្លួន​របស់​យុវជន​តាមរយៈ​បិទ​សារ​នៅលើ​ម៉ូតូ​របស់​គេ​គឺ «កែ​ខ្លួន​ដើម្បី​ម៉ាក់ប៉ា» ​នៅ​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​។
ការ​ខិតខំ​កែ​ខ្លួន​របស់​យុវជន​តាមរយៈ​បិទ​សារ​នៅលើ​ម៉ូតូ​របស់​គេ​គឺ «កែ​ខ្លួន​ដើម្បី​ម៉ាក់ប៉ា» ​នៅ​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​។ រូបថត តុង សុប្រាជ្ញ

ក្រសួង​យុវជន​មិន​បាន​ដោះស្រាយ​បញ្ហា​យុវជន​ជា​ដុំ​កំភួន​ទេ

ដោយសារ​ការ​ហៅ​កាត់​ក្រសួង​អប់រំ យុវជន និង​កីឡា​ថា​ត្រឹម​តែ​ក្រសួង​អប់រំ​ធ្វើឲ្យ​ប៉ះពាល់​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​វិស័យ​យុវជន​ និង​កីឡា​សឹង​តែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​។​ តែ​សម្រាប់​វិស័យ​កីឡា​វិញ​បច្ចុប្បន្ន​ហាក់បី​ដូចជា​ងើប​ឡើង​រើបៗ​គ្រាន់​បើ​ឡើង​វិញ​ដោយសារ​មាន​ការ​បែងចែក​ការ​គ្រប់គ្រង​ទៅ​តាម​សហព័ន្ធ​វិញ្ញាសា​កីឡា​នីមួយៗ និង​មាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ទទួល​បន្ទុក​មួយ​ផ្នែក​ធំ​ក្នុង​ការ​ដឹកនាំ​កីឡា​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ។​

រីឯ​​​ បញ្ហា​យុវជន​វិញ​គឺ​ពុំ​សូវ​មាន​អ្នក​ជ្រោមជ្រែង​ និង​ជំនួយ​ថវិកា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ប៉ុន្មាន​ទេ​។ ​បើ​អត់​ដំណើរការ​អ៊ីចឹង​តើ​វិស័យ​អភិវឌ្ឍន៍​យុវជន​គួរ​តែ​បំបែក​ចេញ​ទៅ​ជា​ក្រសួង​យុវជន​ថ្មី​ខ្លួនឯង​ដើម្បី​ងាយ​ស្រួល​អភិវឌ្ឍ?

សព្វ​ថ្ងៃ​នេះ​បញ្ហា​យុវជន​មាន​ទំហំ​កាន់តែ​ធំ​ទៅៗ​ធ្វើឲ្យ​ក្រសួង​ហាក់​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដោះស្រាយ​បាន​ទេ​បើ​ទោះបី​ជា​មាន​ការ​បែងចែក​ការ​គ្រប់គ្រង​លើ​បញ្ហា​យុវជន​នៅក្នុង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិស័យ​ស្តារ​យុវនីតិ​សម្បទា​នៃ​ក្រសួង​សង្គមកិច្ច​ក៏ដោយ។

បើ​ក្រឡេក​មើល​ទៅ​វេបសាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ ​គឺ​​ឃើញ​សុទ្ធតែ​សកម្មភាព​វិស័យ​អប់រំ រីឯ​សកម្មភាព​យុវជន​វិញ​គឺ​មាន​តិចតួច​ណាស់​នៅ​អគ្គនាយកដ្ឋាន​យុវជន​ដែល​មាន​តែ​ពីរ​នាយកដ្ឋាន​គឺ​នាយកដ្ឋាន​យុវជន​និង​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ប៉ុណ្ណោះ។ សកម្មភាព​​ដែល​ត្រូវ​បាន​លើក​ស្ទួយ​របស់​យុវជន​គឺ​មាន​តែ​ការ​ផ្តល់​ឱកាស​​ដល់​យុវជន​ចូលរួម​ទទួល​អាហារូបករណ៍​ការ​ផ្លាស់ប្តូរ​បទពិសោធ​​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ាន និង​ស្វែងរក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ខ្នាត​តូច​តែ​ប៉ុណ្ណោះ​ហើយ​បើ​និយាយ​ពី​ការ​បង្កើត​យុវកាយ​រឹទ្ធិ​វិញ​គឺ​ថ្នាក់ដឹកនាំ​សុទ្ធ​តែ​មន្ត្រី​ជាន់ខ្ពស់​វ័យ​ចំណាស់​មក​ដណ្តើម​កន្លែង​តួនាទី​របស់​យុវជន​ទៅ​វិញ​។

ដូច​គ្នា​នេះ​ដែរ​បើ​មើល​ទៅ​ថ្នាក់ដឹកនាំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​យុវជន​វិញ​គឺ​សុទ្ធតែ​មន្ត្រី​ជាន់ខ្ពស់​មក​ដណ្តើម​ការងារ​ពី​យុវជន​ដែរ​រីឯ​យុវជន​នៅ​តែ​ជា​សមាជិក​តូចតាច​។

តើ​អភិវឌ្ឍ​យុវជន​របៀប​យ៉ាង​ដូចម្តេច​?​ បើ​មនុស្ស​ចាស់​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​ចូល​រួមភាព​ជា​អ្នក​ដឹកនាំ​ផង​នោះ​​? តែ​បើ​ភ្លាត់​ជា​បាន​យុវជន​ក្លាយ​ជា​អ្នកដឹកនាំ​វិញ​ក៏​ភាគ​ច្រើន​សុទ្ធតែ​កូន​អ្នក​ធំៗ​ដែរ​។

ម្យ៉ាងវិញ​ទៀត​ មាន​មេៗ​យុវជន​ខ្លះ​កាលពី​មិន​ទាន់​បាន​តំណែង​ធំ​ដុំ​ គឺ​បង្កើត​សមាគម សហព័ន្ធ​យុវជន​ជាដើម ដើរ​តវ៉ា​ដើម្បី​យុវជន​ និង​ការ​ផ្តល់​អំណាច​ដល់​យុវជន​ដូច​ក្រុម ​លោក ស៊ុត ឌីណា បច្ចុប្បន្ន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ដែល​កាលពី​នៅ​និស្សិត​ជា​យុវជន​ចូលរួម​សកម្ម​ក្នុង​ការ​តវ៉ា​ដើម្បី​យុវជន​ និង​នយោបាយ​សម្បើម​ណាស់​។ ប៉ុន្តែ ​ដល់​ពេល​ពួកគេ​​បាន​ឡើង​ធ្វើ​ធំ​ទៅ​បែរ​ជា​លែង​ខ្វល់ខ្វាយ​អំពី​បញ្ហា​យុវជន ​ផ្ទុយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ គឺ​គិត​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ធ្វើ​ធំ​ និង​នៅ​កាន់​តំណែង​​បាន​យូរ​ទៅ​វិញ​។​

ជាង​នេះ​​ទៅ​​ទៀត​ តាមរយៈ​ជំរឿន​ឆ្នាំ ២០០៨ ​យុវជន​ដែល​មាន​អាយុ​ពី ១៥ ទៅ ៣០ ឆ្នាំ​មាន​ភាគរយ​ខ្ពស់​គឺ ​៣៣ ភាគរយ​នៃ​ប្រជាជន​សរុប​ហើយ​ភាគច្រើន​ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​បច្ចុប្បន្ន​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់ ​និង​ប្រទាញ​ប្រទង់​គ្នា​ក្នុង​ការ​កេងប្រវ័ញ្ច​ពី​យុវជន​។

ពេល​ខ្លះ​បក្ស​កាន់​អំណាច​បាន​ចោទ​ថា​មន្ត្រី​អង្គការ​សមាគម សហព័ន្ធ​យុវជន​ខ្លះ​គាំទ្រ​បក្ស​ប្រឆាំង​រីឯ​បក្សប្រឆាំង​ក៏​វាយបក​វិញ​ថា​បក្ស​កាន់​អំណាច​ក៏​នៅ​ពី​ក្រោយ​ខ្នង​អង្គការ​សមាគម សហព័ន្ធ​យុវជន​ដូច​តែ​គ្នា​ទេ​។​

បើ​ទោះ​បី​ជា​ច្បាប់​ចែង​ថា​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​ទាំងអស់​មិន​ឲ្យ​​ចូលរួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក៏ដោយ ​ក៏​សកម្មភាព​របស់​អ្នក​នយោបាយ​នៅ​តែ​បញ្ជ្រាប​ និង​ទាក់ទាញ​យុវជន​ឲ្យ​គាំទ្រ​គណបក្ស​របស់​ខ្លួន​ដែរ​ហើយ​ពេល​ខ្លះ​គឺ​អ្នក​នយោបាយ​ខ្លួនឯង​ហ្នឹង​ជា​ប្រធាន​ និង​នៅ​ជួរ​ថ្នាក់ដឹកនាំ​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​នោះ​ដែរ​​។

ឧទាហរណ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នក​តំណាងរាស្ត្រ ហ៊ុន ម៉ានី រីឯ​ប្រធាន​សាខា​រាជធានី​ភ្នំពេញ​គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សាយ សំអាល់ និង​ប្រធាន​សាខា​ខេត្ត​ ព្រៃវែង ​​គឺ​អ្នក​តំណាងរាស្ត្រ​ ស សុខា ជាដើម​។ តែ​ផ្ទុយ​ទៅវិញ​បញ្ហា​ធំៗ​ដែល​យុវជន​ជួប​ប្រទះ និង​​ប្រឈម​គឺ​ធាតុ​ពិត​មិន​ត្រូវ​បាន​គេ​ដោះស្រាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​ដូចជា​បញ្ហា​អត់​ការងារ​ធ្វើ​របស់​យុវជន​បញ្ហា​ចំណាក​ស្រុក បញ្ហា​គ្រឿងញៀន​ បញ្ហា​យុវជន​ទំនើង កាប់​ចាក់​គ្នា​បញ្ហា​ល្បែង​ស៊ីសង​ហ្គេម បញ្ហា​ឆក់​ប្លន់​បញ្ហា​គ្រឿង​ស្រវឹង បញ្ហា​ខ្វះ​កន្លែង​កម្សាន្ត​ និង​កីឡា និង​បញ្ហា​ចាប់​រំលោភ​ «បូក» ​ជាដើម​។

បញ្ហា​ទាំង​នេះ​សឹង​តែ​មិន​ចំាបាច់​លើក​យក​មក​បង្ហាញ​ផង​បើ​គ្រាន់តែ​នៅលើ​សារព័ត៌មាន​រាល់ថ្ងៃ​កើតឡើង​គ្រប់​ ​ខេត្ត-ក្រុង​ ពេញ​បន្ទុក​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ​។

ផ្អែក​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (​YCUD) ​ស្តី​ពី​កង្វល់​របស់​យុវជន​​ក្នុង​ឆ្នាំ​ ២០១៥ ​ឃើញ​ថា​យុវជន​ជិត ៤៩ ​ភាគរយ​នៃ​យុវជន​សរុប​ដែល​បាន​ផ្តល់​ចម្លើយ​បាន​សម្តែង​​កង្វល់​ពី​​ភាព​អត់​មាន​ការងារ​ធ្វើ​ជា​បញ្ហា​ចម្បង​របស់​​ពួកគេ​​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ជាពិសេស​យុវជន​ដែល​ប្រឡង​ធ្លាក់​បាក់ឌុប​សល់​ដ៏សន្ធឹកសន្ធាប់​តើ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​?​ ទៅ​ណា​មក​ណា​? តើ​ក្រសួង​នេះ​មាន​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​យុវជន​ទាំងនេះ​ហើយ​ឬ​នៅ​? ​

ជាក់ស្តែង​នៅ​ទីផ្សារ​ការងារ​នូវ​មាន​ខ្វះខាត​ហើយ​បាន​កម្រៃ​តិចតួច​ធ្វើឲ្យ​យុវជន​ធ្វើ​ចំណាក​ស្រុក​ពី​ទីជនបទ​មក​ទីក្រុង និង​ឆ្លង​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ទៀត​បើ​ទោះ​បី​ដឹង​ថា​ជួប​ការ​លំបាក​ប្រឈម​នឹង​គ្រោះថ្នាក់​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ និង​​ការ​ព្រាត់​ពី​គ្រួសារ​យ៉ាង​ណា​ក្តី​ក៏​សុខ​ចិត្ត​ទៅ​ដែរ​ឲ្យ​តែ​បាន​ចិញ្ចឹម​ក្រពះ។

យ៉ាង​ណា​មិញ ​បើ​សាកល្បង​បើក​វេបសាយ​របស់​ប៉ូលិស​ជាតិ​វិញ​ឃើញ​សុទ្ធតែ​សកម្មភាព​ការ​បង្ក្រាប​ការ​ជួញដូរ ការ​ប្រើប្រាស់​គ្រឿងញៀន​គឺ​ភាគច្រើន​ជា​យុវជន​ និង​យុវនារី​ដែល​ធ្លាក់​ខ្លួន​ទៅ​ញៀនថ្នាំ​តែ​ចាប់​បាន​មេខ្លោង​គ្រឿង​ញៀន​វិញ​សុទ្ធតែ​មនុស្ស​ចាស់​ដែល​ជា​អ្នក​ពង្វក់​យុវជន​អ្នក​ខ្លះ​ទៀត​តាំងពី​កុមារ​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ចុង​កាត់​មាត់​ញក​ និង​ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច​ក៏​ប្រើប្រាស់​គ្រឿងញៀន​ដែរ​។

និយាយ​ភាសា​សាមញ្ញ​គឺ​គ្រឿង​ញៀន​ចូល​ភ្នែក​ចូល​ច្រមុះ​យុវជន​ហើយ​សព្វ​ថ្ងៃ​នេះ​តាម​របាយការណ៍​ការ​បង្ក្រាប​គ្រឿងញៀន​របស់​បូលិស​​ក្រសួង​​មហាផ្ទៃ​រយៈពេល ៦ ​ខែ​ដើម​ឆ្នាំ​នេះ​បាន​បង្ហាញ​កើនឡើង​ ១៥០ ​​ភាគរយ​គួរ​ឲ្យ​ព្រួយបារម្ភ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ។ ករណី​ខ្លះ​សមត្ថកិច្ច​ចាប់​បាន​សុទ្ធតែ​សារធាតុ​ផលិត​ក្នុង​ស្រុក​រាប់​តោន​ក៏​មាន​ដែរ​ហើយ​ជនបរទេស​គ្រប់​ជាតិ​សាសន៍​ក៏​ត្រូវ​​ចាប់​បាន​ដោយសារ​តែ​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ដែរ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​មាន​ជួញដូរ​ថ្នាំ​ញៀន​ក្នុង​គុក​ថែម​ទៀត​។

ចុះ​បើ​លេង​សុទ្ធ​តែ​ធុនៗ​ហ្នឹង ​តើ​មាន​គុក​ឯណា​សម្រាប់​ដាក់​ពួកគេ​? ហើយ​ថវិកា​ចំណាយ​លើ​អ្នក​ទោស​គ្រឿង​ញៀន​​គឺ​បន្ទុក​ទៅ​លើ​រដ្ឋ​ទៀត​​? តើ​យុវជន​ខ្មែរ​អនាគត​ទៅ​ជា​​យ៉ាង​ណា?​ ប្រើ​ការ​អី​កើត​ខ្លះ​? បើ​ទៅ​ធ្វើ​សង្គ្រាម​ច្បាំង​ជាមួយ​សត្រូវ​យ៉ាង​ម៉េច​បើ​ម្នាក់ៗ​ញៀន​ថ្នាំ​វីវក់​ឈ្លក់​វង្វេង​អស់​ហើយ​ហ្នឹង​? ​តើ​រាជរដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ដូចម្តេច​ដើម្បី​កម្ចាត់​គ្រឿងញៀន​នេះ​ឲ្យ​អស់​ពី​ដី​ខ្មែរ​?

ការ​សេព​គ្រឿងញៀន ​គ្រឿង​ស្រវឹង​ និង​ការ​លេង​ល្បែង​ស៊ីសង​ធ្វើឲ្យ​ស្មារតី​របស់​យុវជន​បាត់បង់​ធ្លាក់​ខ្លួន​លួច ឆក់ ប្លន់​តាម​ផ្លូវ​សាធារណៈ ​និង​ធ្លាក់​ខ្លួន​ទៅ​ជា​យុវជន​ទំនើង​ដើរ​អុកឡុក​តាម​ភូមិ កាប់ចាក់​សម្លាប់​គ្នា​ស្រស់ៗ​រាល់​ថ្ងៃ​ហាក់បី​ដូចជា​គ្មាន​ស្តាយ​ស្រណោះ​ខ្លួន​បន្តិច​សោះ។

យុវជន​ទំនើង​ខ្លះ​ទៀត​​ចាប់​រំលោភ​ស្ត្រី​ជា​ក្រុម​ជាពិសេស​​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ដែល​ងាយ​​ទទួល​រងគ្រោះ​ថ្នាក់​ដោយសារ​ការ​រំលោភ​បូក​នេះ​ជាង​គេ​ជួន​កាល​យុវជន​ក្លាយ​ទៅ​ជា​ឃាតករ​សម្លាប់​ស្ត្រី​រងគ្រោះ​ទៀត​បន្ទាប់​ពី​រំលោភ​បូក​រួច​ហើយ។ ដូច​ករណី​កាលពី​ខែ​មុន​នេះ​ស្ត្រី​នៅ​បម្រើ​សេវា​កម្សាន្ត​ត្រូវ​បាន​យុវជន​យក​ទៅ​រំលោភ​បូក​ហើយ​សម្លាប់​ចោល​នៅ​ក្បែរ​វត្ត​អង្គតាមិញ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

រីឯ ​កន្លែង​សម្រាប់​យុវជន​លេង​កីឡា​វិញ​ត្រូវ​បាន​គេ​ច្រៀក​ជា​ចម្រៀកៗ​គេ​លក់​ខ្ទេច​លក់​ខ្ទី​សឹងតែ​អស់​រក​កន្លែង​​ហាត់​ប្រាណ លេង​កីឡា សម្រាក​កម្សាន្ត​មិន​ចង់​បាន​ផង​អ៊ីចឹង​ហើយ​បាន​ជា​យុវជន​ងាយ​នឹង​ធ្លាក់​ចូល​ទៅក្នុង​អំពើ​អបាយ​មុខ​ទាំង​នេះ​។

បញ្ហា​ទាំងអស់​នេះ​ដែល​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​អប់រំ យុវជន​ និង​កីឡា​មិន​អាច​ដោះស្រាយ​បាន​ឆ្លើយតប​ទៅ​តាម​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា​នៅ​ឡើយ​ទេ​ហើយ​នៅ​តែ​ជា​បញ្ហា​នៅ​ជាប់​គាំង​មក​ទល់​ពេល​នេះ។ បើ​ទំហំ​កិច្ចការ​វិស័យ​អភិវឌ្ឍ​​យុវជន​នេះ​ធំ​ពេក​រាជរដ្ឋាភិបាល គួរ​តែ​បំបែក​ក្រសួង​យុវជន​ និង​ស្ដារ​យុវនីតិ​សម្បទា​ថ្មី​មួយ​ដែល​ដក​ចេញ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​បង្ហាញ​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍ​យុវជន​កុំ​ឲ្យ​ម្នាក់ៗ​ចេះ​តែ​ថា​តែ​មាត់​អភិវឌ្ឍ​យុវជនៗ​តែ​អត់​ឃើញ​ធ្វើ​អី​ជាក់លាក់​ផង​បាន​ត្រឹម​តែ​បោក​យុវជន​ប្រើ។

តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​មាន​ចំណុច​បទពិសោធ​ល្អ​ខ្លះ​ក្នុង​ការ​ស្ដារនី​តិសម្បទា​ចំពោះ​យុវជន​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​នៅ​មជ្ឈមណ្ឌល​កងរាជ​អាវុធហត្ថ​នៅ​ខេត្ត​បន្ទាយមានជ័យ​ហើយ​ពេល​ខ្លះ​យុវជន​ខ្លួនឯង​ក៏​ខំ​ព្យាយាម​កែប្រែ​ខ្លួន​តាមរយៈ​ការ​បិទ​សារ​ដ៏ល្អ​នៅលើ​ម៉ូតូ​របស់​ខ្លួន​ថា​៖ «​កែ​ខ្លួន​ដើម្បី​ម៉ាក់ប៉ា​!»​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment