Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គួរ​ដំឡើង​ថវិកា​សម្រាប់ ICT ក្នុង​វិស័យ​អប់រំ​បន្ថែម​ឲ្យ​បាន​គ្រប់គ្រាន់

សកម្មភាព​បង្រៀន​សិស្ស​នៅ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
សកម្មភាព​បង្រៀន​សិស្ស​នៅ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ហុង មិនា

គួរ​ដំឡើង​ថវិកា​សម្រាប់ ICT ក្នុង​វិស័យ​អប់រំ​បន្ថែម​ឲ្យ​បាន​គ្រប់គ្រាន់

បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍ (ICT) មាន​ន័យ​ទូលំទូលាយ​ដែល​ក្នុង​នោះ​រួម​មាន​ឧបករណ៍ និង​ប្រព័ន្ធ​ឌីជីថល​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បូករួម​ទាំង​វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ​ស្មាតហ្វូន កុំព្យូទ័រ បណ្តាញ​ផ្នែក​រឹង និង​ផ្នែក​ទន់​នៃ​កុំព្យូទ័រ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្កាយរណប និង​សេវា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ឌីជីថល ឬ​ក៏​ទាក់ទិន​នឹង​​វីដេអូ​ខនហ្វើរិន និង​ការ​សិក្សា​តាម​អនឡាញ​ជាដើម។

ទន្ទឹម​នឹង​នេះ​តម្រូវការ​ចាំបាច់​ផ្នែក​បង្គន់​អនាម័យ​ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តាម​សាលារៀន​ដែល​យ៉ាង​ហោច​ណាស់​ក៏​ប្រហែល​ជា​ ២០ ​ភាគរយ​នៃ​សាលា​រៀន​ទូទាំង​ប្រទេស​កំពុង​មាន​ការ​ខ្វះខាត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាលពី​ឆ្នាំ​ទៅ​។ តែ​មធ្យោបាយ ICT ក៏​ជា​តម្រូវការ​ចាំបាច់​បំផុត​មួយ​ដែរ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខណៈ​ដែល​ប្រទេស​សមាជិក​អាស៊ាន​កំពុង​តែ​រីកចម្រើន​លើ​បច្ចេកវិទ្យា​ ICT ​នេះ​ទាំង​នៅ​តាម​សាលារៀន​ និង​ទីផ្សារ​ការងារ​របស់​ពួកគេ​គឺ​កំពុង​មាន​តម្រូវការ​ចាំបាច់​ផង​ដែរ​។

ចំណែកឯ ​ប្រទេស​កម្ពុជា​វិញ​គឺ​មាន​គោលនយោបាយ​ជាតិ​សម្រាប់​ ICT ដោយ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​ ICT ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​មាន​តាំងពី​ឆ្នាំ​ ២០០៤ ​មក​ម្ល៉េះ​ក្នុង​នោះ​មាន​ផែនការ​មេ​ស្តី​ពី ICT នៅ​កម្ពុជា​ពី​ឆ្នាំ​ ២០១៤ ​ដល់​ ២០២០ ​។

នៅ​ក្នុង​បញ្ហា​នេះ​សូម្បី​តែ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​ ២ ​ក៏​បាន​ដាក់​បញ្ចូល​ការ​អភិវឌ្ឍ​​ ICT ​នៅ​ក្នុង​ចំណុច​ទី​ ២ ​ផង​ដែរ​។ បន្ទាប់​ពី​បាន​បណ្តុះ​បណ្តាល​គរុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​រួច​មក​ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​សិក្សា​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) សម្រាប់​សិស្សា​នុសិស្ស​ថ្នាក់​ទី​ ១១ និង​ថ្នាក់​ទី​ ១២ ​នៅ​ឆ្នាំ​ ២០១២ យ៉ាង​ហោច​ណាស់​ ២ ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​បង្រៀន​ចំណេះដឹង​ជា​មូលដ្ឋាន​។

បើ​ទោះបី​ជា​ឯកសារ​ទាំង​នោះ​មិន​បាន​ការ​ឲ្យ​និយមន័យ​ពន្យល់​ជាក់លាក់​ចំពោះ​ ICT ​ក៏ដោយ ក៏​ ICT ​ត្រូវ​បាន​បកស្រាយ​សម្រាប់​ការ​ប្រើប្រាស់ តម្រូវ​ការ និង​សារៈសំខាន់​របស់​វា​ដែរ​។

ជាក់ស្តែង​តាមរយៈ​ការ​សង្កេត និង​ការ​លើក​ឡើង​ពី​​សំណាក់​លោកគ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស​ឃើញ​ថា​ការ​អនុវត្ត​នៅ​សាលា​ឯកជន និង​សាលា​ស្តង់ដារ​អន្តរជាតិ​សព្វ​ថ្ងៃ​នេះ​គឺ​បំពាក់​សម្ភារ​អគ្គិសនី និង​ដំណើរការ​អ៊ីនធឺណិត​សម្រាប់​បម្រើ​ ICT ​បាន​ប្រសើរ​ឡើង​ហើយ​តែ​សម្រាប់​សាលា​រដ្ឋ​វិញ​គឺ​បាន​តែ​នៅ​ទីក្រុង​ និង​ទីប្រជុំជន​ខ្លះ​ប៉ុណ្ណោះ​ដែល​អាច​មាន​លទ្ធភាព​អនុវត្ត​ ICT បាន។

ទោះបី​ជា​យ៉ាង​ណា​សេវា​នៃ​ការ​តភ្ជាប់​អ៊ីនធឺណិត​នៅ​ដើរ​យឺត​ឯ​កុំព្យូរទ័រ​ក៏​ចាស់ៗ​ពេក​ និង​កំពុង​ខ្វះខាត​ម៉ាស៊ីន​ត្រជាក់​នៅ​ឡើយ​ទេ។

Content image - Phnom Penh Post
សិស្សកំពុង​ប្រើ​ប្រាស់កុំព្យូទ័រ​ក្នុង​ថ្នាក់​រៀន​មួយ។

ហេតុ​ដូច្នេះ​​ ហើយ​រាជរដ្ឋាភិបាល​​គួរ​តែ​ទម្លាក់​ថវិកា​ទៅ​លើ​ការ​ចំណាយ​ចំពោះ​ ICT បន្ថែម​ទៀត​ដើម្បី​ឲ្យ​បាន​គ្រប់គ្រាន់​សមស្រប​ទៅ​នឹង​គោល​នយោបាយ​ និង​យុទ្ធសាស្ត្រ ICT ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​ជា​ការ​បំពេញ​ទៅ​តាម​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ការ​សិក្សា​កម្រិត​ឧត្តម​សិក្សា និង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ក៏​ដូច​ជា​តម្រូវការ​ទីផ្សារ​ការងារ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ទាំង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ក៏​ដូចជា​តម្រូវ​ឲ្យ​ចេះ​ ICT ​ផង​ដែរ។ បញ្ហា​នេះ​សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ប្រើ​អ៊ីៗ«e-» ទៅ​គឺ​មាន​លោក​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើប្រាស់​ ICT នៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល និង​សេវាសាធារណៈ​ជាពិសេស e-government​។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​រៀងរាល់​ឆ្នាំ​ក្រុម​និស្សិត លោកគ្រូ-អ្នកគ្រូ និង​អ្នក​ជំនាញ​បច្ចេកវិទ្យា​ ICT តែង​បាន​រៀបចំ Bar Camp ដើម្បី​ធ្វើ​បទបង្ហាញ​អំពី​ការ​អភិវឌ្ឍ​ ICT ​​ថ្មីៗ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​គ្នា​ទៀត​ផង។

ជា​លទ្ធផល​ឃើញ​ថា​វា​មាន​ទំនាក់​ទំនង​គ្នា​រវាង​ការ​ដាក់​កម្មវិធី​ ICT ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដោយ​កត់សម្គាល់​ឃើញ​ថា​អត្រា​បោះបង់​ការសិក្សា​មាន​ការ​ធ្លាក់​ចុះ​។ តាម​គម្រោង​សាកល្បង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ដែល​អនុវត្ត​ការ​ទប់ស្កាត់​ចំពោះ​ការ​បោះបង់​ការ​សិក្សា​ (SDPP-USAID) ​របស់​សិស្ស​ថ្នាក់​ទី​ ៧ ​ដល់​ទី​ ៩ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៦ ពី​ឆ្នាំ​ ២០១២ ​ដល់​ឆ្នាំ​ ២០១៤ ​គឺ​មាន​ដាក់​បញ្ចូល​កម្មវិធី​កុំព្យូទ័រ និង​ ICT ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ​។

ជា​លទ្ធផល​ឃើញ​ថា​អាច​កាត់​បន្ថយ​អត្រា​បោះបង់​ការសិក្សា​ដល់​ទៅ ២,៥ ​ភាគរយ​ក្នុង​ចំណោម​កុមារ​ ៦ ​ម៉ឺន​នាក់​។

ដូច​គ្នា​នេះ​ដែរ​តាមរយៈ​ការ​ធ្វើ​បទបង្ហាញ​របស់​តំណាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) នៅ​ឯ​សិក្ខា​សាលា​ស្តីពី​ ICT ​ក្នុង​វិស័យ​អប់រំ​ដែល​រៀបចំ​ដោយ​ស្ថានទូត​ស៊ុយអែត​កាលពី​សប្តាហ៍​មុន​នេះ​ការ​បណ្តុះ​បណ្តាល​ជំនាញ ICT និង​វិធីសាស្ត្រ​បង្រៀន​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ និង​ការ​គាំទ្រ​សម្ភារ ICT សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ដំណើរការ​រៀន ​និង​បង្រៀន​ពិតជា​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ការ​សិក្សា​ដែល​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​អប់រំ​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។

ជា​ការពិត​ណាស់​បើ​យើង​សង្កេត​ប្រចាំ​ថ្ងៃ​ដោយ​ធ្វើការ​ប្រៀប​ធៀប​កុមារ​ដែល​មាន iPad រៀន​អក្សរ ឬ​លេខ​តាម​អនឡាញ​ជាមួយ​នឹង​កុមារ​ដែល​អត់​មាន​សម្ភារ​ iPad ប្រើប្រាស់​នោះ​ឃើញ​ថា​កុមារ​ដែល​មាន iPad មាន​ភាព​វៃឆ្លាត និង​រហ័ស​រហួន​ជាង​កុមារ​ដែល​អត់​មាន​សម្ភារ ICT ប្រើប្រាស់។

សរុប​មក​វិញ​ការ​ដាក់​បញ្ចូល​កម្មវិធី ​ICT ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​គឺ​មិន​ត្រឹម​តែ​តម្រូវ​តាម​ទីផ្សារ​ការងារ​នោះ​ទេ​គឺ​អាច​កាត់​បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្សានុសិស្ស​ទៀត​ផង​គឺ​អាច​ឆ្លើយតប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​ ៤ ​គឺ​គុណភាព​នៃ​ការ​អប់រំ​ដែល​អត្រា​ពិត​ការសិក្សា​នៅ​បឋមភូមិ​ថ្នាក់​ទី​ ៧-៩ ជា​សកល​មធ្យម​គឺ​ចាប់​ផ្តើម​ ៤៩ ​ភាគរយ​ឯ​កម្ពុជា​វិញ​បាន​បញ្ចប់​ថ្នាក់​ទី​ ៧-៩ តែ​ ៤៥ ​ភាគរយ​ (MoEYS, 2014 /15)​ ហើយ​បើ​ជា​លក្ខណៈ​ម៉ាក្រូសេដ្ឋកិច្ច​វិញ​គឺ​ការ​ប្រើប្រាស់ ICT បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ ០,៧៥ ភាគរយ​ប្រចាំ​ឆ្នាំ​ហើយ​អាច​ចូលរួម​ចំណែក​ឲ្យ​មាន​ការ​កើនឡើង​ ១៩៣ ​កោដិ​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​លើ​ពិភពលោក និង​បង្កើត​ការងារ​បាន​ដល់​ទៅ​ ៦ ​លាន​ (Sabbagh, et al., 2013)​។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថវិកា​ជាតិ​ដែល​ត្រូវ​ផ្តល់​មក​ផ្នែក​ ICT ក្នុង​ប្រព័ន្ធ​អប់រំ​គឺ​មិន​គ្រប់គ្រាន់​ទេ​បើ​ទោះបី​ជា​កំណើន​ថវិកា​ឆ្នាំ ២០១៦ របស់​ក្រសួង​អប់រំ​មាន​កំណើន​​ដល់​ទៅ​ ២៨ ​ភាគរយ​ប្រៀបធៀប​កាលពី​ឆ្នាំ ២០១៥ ក៏ដោយ​ (MoEF,2016)​។ ឧទាហរណ៍​ដ៏ល្អ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​រដ្ឋាភិបាល​គេ​ព្យាយាម​លុប​បំបាត់​ការសិក្សា​តាម​បែប​ការ​ប្រើប្រាស់​ជា​ក្រដាស​សៀវភៅ​ទៅ​ហើយ​គឺ​គេ​ពង្រីក​ផ្នែក​ ICT យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​អប់រំ​របស់​គេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment