Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គ្មាន​ទេ​ការ​បង្ខំ​រួមភេទ​របស់​យុវវ័យ​នៅ​ថ្ងៃ ១៤ កុម្ភៈ​ខាង​មុខ

រូប​ខិត្តប័ណ្ណ​ «រត់​ដើម្បី​ចែក​រំលែក​នូវ​ក្តីស្រឡាញ់»​ នៅ​កោះពេជ្រ​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ។
រូប​ខិត្តប័ណ្ណ​ «រត់​ដើម្បី​ចែក​រំលែក​នូវ​ក្តីស្រឡាញ់»​ នៅ​កោះពេជ្រ​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ សុប្រាជ្ញ

គ្មាន​ទេ​ការ​បង្ខំ​រួមភេទ​របស់​យុវវ័យ​នៅ​ថ្ងៃ ១៤ កុម្ភៈ​ខាង​មុខ

និន្នាការ​នៃ​ការ​ផ្អើល​ឈូឆរ​ជ្រួល​ជ្រើម​របស់​យុវវ័យ​នៅ​ទិវា​នៃ​ក្តីស្រឡាញ់​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ គឺ​មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​កាលពី ៧-៨ ឆ្នាំ​មុន​ដែល​មាន​ស្ថានភាព​ព្រោងព្រាត​ទៅ​ដោយ​ការ​លក់​ផ្កា កុលាប កាដូ នៅ​តាម​ជុំវិញ​សាលារៀន​តាម​ផ្លូវ​សាធារណៈ។

រីឯ​ យុវវ័យ​វិញ​នាំ​គ្នា​នៅ​ជុំៗ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កន្លែង​លក់​ហ្នឹង​ទេ​ខ្លះ​ជិះ​ម៉ូតូ​ឌុប​គ្នា​មាន​កាន់​ផ្កាកុលាប និង​កាដូ​អួត​ដាក់​គ្នា​ឆ្វែល​ចុះ​ឡើង​ទៅ​មកៗ។

រីឯ ​យុវតី​វិញ​អ្នក​ណា​ដែល​អត់​មាន​បាន​ផ្កា​កុលាប​នឹង​គេ​គឺ​ត្រូវ​បាន​គេ​ចំអក​ឲ្យ​ថា​នៅ​ថ្ងៃ​បុណ្យ​សង្សារ (កាល​នោះ​យុវវ័យ​ប្រើ​ពាក្យ​នេះ) តែ​គ្មាន​មិត្ត​ប្រុស ឬ​ក៏​យុវជន​ណា​ឲ្យ​នឹង​គេ​ដែល​ជា​សម្ពាធ​មួយ​ងាយ​នឹង​យុវជន​ងាយស្រួល​អូស​ទាញ​មិត្តស្រី ឬ​ក៏​រក​បាន​នារី​ថ្មី​ដើម្បី​មាន​បំណង​ចង់​បាន​ខ្លួន​ប្រាណ​នៅ​ថ្ងៃ​នោះ។

ជាង​នេះ​ទៅ​ទៀត​យុវវ័យ​ជា​ប្រុស​ហ្នឹង​តែង​អួត​ដាក់​គ្នា​ថា​ឲ្យ​តែ​ដល់​ថ្ងៃ​​ហ្នឹង​​​រាល់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ត្រូវ​បាន​ពួកគេ​កក់​ទុក​អស់​ហើយ​មាន​ន័យ​ថា​ថ្ងៃ ១៤ កុម្ភៈ​ហ្នឹង​គឺ​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រួមភេទ​ជាមួយ​មិត្តស្រី​របស់​គេ ឬ​ក៏​នារី​ថ្មី​ដែល​​គេ​ញ៉ែ​បាន​ដើម្បី​យក​ទៅ​ដេក​នៅ​បន្ទប់​ដែល​ពួកគេ​បាន​កក់​រួច​ហើយ​នោះ។

ប៉ុន្តែ​ឥឡូវ​នេះ​មាន​ការ​ប្រែប្រួល​ច្រើន​ចំពោះ​ស្ថានភាព​ថ្ងៃ​ ១៤ កុម្ភៈ​នោះ​ដោយ​មាន​ការ​ផ្លាស់ប្តូរ​តាំងពី​ការ​ប្រើ​ពាក្យ​ដែល​កាលពី​មុន​គេ​ប្រើ​ «ថ្ងៃ​បុណ្យ​សង្សារ» មក​ពាក្យ «ទិវា​នៃ​ក្តី​ស្រឡាញ់» រីឯ​សកម្មភាព​លក់​ផ្កា និង​លក់​កាដូ​តាម​មុខ​សាលា​រៀន​ក៏​លែង​ឃើញ​មាន​ពោល​គឺ​មាន​តែ​តាម​ផ្លូវ​សាធារណៈ​បន្តិច​បន្តួច​ហើយ​មាន​តែ​ចាស់ៗ​មាន​គ្រួសារ​គេ​ទិញ​ឲ្យ​​ប្រពន្ធ ឬ​ក៏​កូនស្រី​គេ​ទេ។ សម្រាប់​សកម្មភាព​ខាង​ក្រៅ​របស់​យុវវ័យ​វិញ​មើល​ទៅ​អ្នក​ដែល​កាន់​ផ្កា​មួយ​ទង ឬ​មួយ​បាច់​ហាក់​ដូចជា​មាន​អារម្មណ៍​ខ្មាស់​គេ​ទៅ​វិញ​ពេល​ខ្លះ​ឃើញ​នារីៗ​កាន់​ផ្កា​នោះ​គឺ​ផ្កា​ដែល​ពួក​គាត់​ចូល​ហាង​ហូប​អាហារ​ ឬ​ក៏​ទិញ​គ្រឿង​សម្អាង​គេ​ឲ្យ​ទេ​មិន​មែន​មិត្ត​ប្រុស​គេ​ទិញ​ឲ្យ​ឡើយ​គឺ​មើល​ទៅ​ដើរ​លេង​ដូច​ថ្ងៃ​ឈប់​សម្រាក​ពិធី​គគ្រឹក​គគ្រេង​ធម្មតា។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​នោះ​ដែរ​ក៏​ជា​ការ​ចូល​ចំណែក​ពី​សាធារណជន​បង្ហាញ​សេចក្តី​ស្រឡាញ់​តាមរយៈ​ការ​ធ្វើ​អំណោយ​ចែក​ជូន​ជន​ទីទ័លក្រ​ អ្នក​ផ្ទុក​មេរោគ​អេដស៍ ការ​បរិច្ចាគ​ឈាម ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ​ជាដើម។ ការ​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បែប​នេះ​ក៏​មាន​ចូលរួម​ចំណែក​អន្តរាគមន៍​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​អ្នក​សារព័ត៌មាន លោក​គ្រូ​អ្នកគ្រូ ក្រសួង​អប់រំ ក្រសួង​កិច្ចការ​នារី ក្រសួង​វប្បធម៌ អាជ្ញាធរ អង្គការ​មិនមែន​រដ្ឋាភិបាល និង​មាតាបិតា​ជាដើម​ដែល​បាន​ខិតខំ​រំឭក និង​បកស្រាយ​នូវ​ទស្សនៈ​ភាន់ច្រឡំ​នៅ​ថ្ងៃ​ ១៤ ​កុម្ភៈ​នេះ។

បើ​ទោះបី​ឆ្នាំ​នេះ​ក្រសួង​អប់រំ​បាន​ដាក់​សៀវភៅ​មេរៀន​អប់រំ​បំណិន​ជីវិត​ស្តីពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ពី​ថ្នាក់​ទី ៥ ដល់​ទី ១១ ឲ្យ​បង្រៀន​តាម​សាលា​រៀន​ចាប់ផ្តើម​បាន​ ១០ ​ខេត្ត-រាជធានី (នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ) ហើយ​ក៏ដោយ​តែ​អ្វី​ដែល​សំខាន់​ត្រូវ​ធ្វើ​អន្តរាគមន៍​ចំពោះ​ទិវា​នៃ​ក្តី​ស្រឡាញ់​នោះ​គឺ​វា​ជា​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង និង​ដោយសារ​តែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​វាស់វែង​រយៈពេល​ ៥ ឆ្នាំ​មិន​មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ពី​ឥរិយាបថ​ផ្លូវ​ភេទ​របស់​យុវវ័យ​នៅ​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​បទសម្ភាស​ចំនួន ៧១៥ ​នាក់​ដែល​អាច​នឹង​រួមភេទ​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​នេះ​គឺ ១២ ​ភាគរយ​នៅ​ឆ្នាំ ២០០៩ ទល់​នឹង​ ១១ ភាគរយ​ឆ្នាំ ២០១៤។ ជាង​នេះ​ទៅ​​ទៀត​គឺ​ការ​ព្រួយ​បារម្ភ​នៃ​ការ​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព​គឺ ៣០ ភាគរយ​នៃ​យុវវ័យ​មាន​គូ​សង្សារ​ទាំង​នោះ (n=៤៣/N=៧១៥) មិន​មាន​ផែនការ​ប្រើ​ស្រោម​អនាម័យ​ទេ (Soprach, 2014)។

របក​គំហើញ​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​លទ្ធផល​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្តី​ពី​សុខភាព​ទូទៅ​របស់​សិស្សានុសិស្ស​រកឃើញ​ថា​កូន​សិស្ស​សាលា​ដែល​មាន​អាយុ​ពី ១៣ ទៅ ១៧ ឆ្នាំ​គឺ​មាន ១២ ភាគរយ​ធ្លាប់​រួម​ភេទ​ហើយ​ក្នុង​​ចំណោម​ពួកគេ​ដែល​ធ្លាប់​រួមភេទ​មាន​តែ​ ៣៣ ​ភាគរយ​ទេ​ដែល​​ប្រើប្រាស់​ស្រោម​អនាម័យ (MOH/MOEYS/WHO/CDC, 2014)។

ទោះបី​ជា​យ៉ាង​ណា​អ្នក​ស្រាវជ្រាវ​ស្តីពី​ទំនាក់​ទំនង​ផ្លូវភេទ​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​បាន​ព្រួយបារម្ភ​អំពី​យុវវ័យ​ជា​បុរស​មាន​ផែនការ​ដាក់​សម្ពាធ​បង្ខំ​មិត្តស្រី​ ឬ​ក៏​មិត្ត​ស្រី​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​នោះ​បើ​មិត្តស្រី​មិន​យល់​ព្រម​រួមភេទ​គឺ​ ៤៧ ​ភាគរយ​នៃ​យុវវ័យ​ដែល​មាន​ផែនការ​រួមភេទ​នៅ​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ​ឆ្នាំ ២០១៤ (n=៦១/N=៧១៥)។

ហេតុ​ផល​ដែល​ច្រើន​បំផុត​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​រួមភេទ​គឺ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ «ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​នាង​ថា​ប្រសិន​បើ​យើង​មិន​រួមភេទ​ទេ​គឺ​យើង​មិន​មាន​ស្នេហា​ស្មោះត្រង់​នឹង​គ្នា​ទេ​ដើម្បី​រួម​ភេទ​ជាមួយ​នាង» «ខ្ញុំ​នឹង​ដាក់​សម្ពាធ​ទៅ​នាង​ដើម្បី​យល់ព្រម​រួមភេទ» «ខ្ញុំ​នឹង​យក​នាង​ទៅ​ក្រៅ​ក្រុង​ហើយ​ស្ងាត់​ដើម្បី​រួមភេទ​ខ្ញុំ​នឹង​ឲ្យ​វត្ថុ​ដែល​មាន​តម្លៃ​ដើម្បី​រួមភេទ​ជាមួយ​នាង» ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ ២០១៤ នេះ​បាន​បង្ហាញ​ថា​ឃើញ​ចម្លើយ​ថ្មី​មួយ​ដែល​ពេញ​និយម​ពិសេស​ប្រហែល​ជា​ ៣០ ​ភាគរយ​នៃ​យុវវ័យ​ប្រុស​ដែល​មាន​​គូ​សង្សារ​បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ឲ្យ​វត្ថុ​ដែល​មាន​តម្លៃ​ដើម្បី​រួមភេទ​ជាមួយ​នាង» (Soprach, 2014)។ ​

លទ្ធផល​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​ករណី​សិក្សា​មួយ​របស់​អង្គការ​ម៉ារីស្តុប​ដែល​បម្រើ​សេវា​ប្រឹក្សា​បញ្ហា​សុខភាព​ផ្លូវភេទ និង​សេវា​រំលូត​ដោយ​សុវត្ថិភាព​បាន​លើក​ឡើង​ពី​យុវតី​ម្នាក់​ដែល​បាន​បោះបង់​ការ​សិក្សា​ដោយសារ​តែ​មិត្ត​ប្រុស​នាង​បង្ខំ​រួមភេទ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​ ២០១១ ហើយ​នាង​មាន​ផ្ទៃពោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​អស់​លុយ​ពី​ខ្លួន និង​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ដែល​បំណង​ធ្វើ​ជា​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ធនាគារ​រួច​ត្រឡប់​​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ទៅ​ជួយ​លក់ដូរ​ឪពុក​ម្តាយ​នៅ​ផ្ទះ​រីឯ​មិត្ត​ប្រុស​ធ្វើ​មិន​ដឹង​មិន​ឮ មិន​ទទួល​ស្គាល់​កូន​ដែល​មាន​ក្នុង​ផ្ទៃ ដោយ​លើក​ហេតុ​ផល​ថា​គាត់​គ្មាន​សមត្ថភាព​ចិញ្ចឹម​កូន​នោះ។ នេះ​គឺជា​ វិប្បដិសារៈ​របស់​យុវតី​ម្នាក់​ដែល​បាត់បង់​អនាគត​ដោយសារ​មិត្ត​ប្រុស​បង្ខំ​រួមភេទ​នៅ​ថ្ងៃ ១៤ ​កុម្ភៈ​នោះ​ថា៖ «ប្រសិន​បើ​យើង​មិន​រួមភេទ​ទេ​គឺ​យើង​មិន​មាន​ស្នេហា​ស្មោះត្រង់​នឹង​គ្នា​ទេ​ដើម្បី​រួមភេទ​ជាមួយ​នាង» Cock-roft&Svaypich, 2012)។

ករណី​នេះ​មិនមែន​មាន​តែ​យុវជន​ម្នាក់​នេះ​ទេ​ក៏​មាន​យុវជន​មួយ​ចំនួន​តែង​មាន​អំនួត​ខ្លួន​ថា​ខ្លួន​ហ្នឹង​ពូកែ​ញ៉ែ​ស្រី ឬ​ក៏​ទាក់ទង​ស្រី​ដើម្បី​រួមភេទ​ហើយ​ប្រភេទ​យុវជន​បែប​នោះ​គឺ​តែងតែ​ចំ​អក​ទៅ​យុវជន​ណា​ដែល​ស្រឡាញ់​ប៉ះ​ស្រី​ដែល​ខ្លួន​ធ្លាប់​រួមភេទ​ជាមួយ​ថា​ «ស៊ី​ម្ហូប​ដែល​គេ»។ នេះ​គឺជា​បញ្ហា​ភាព​លម្អៀង​ផ្នែក​យេនឌ័រ​រវាង​បុរស និង​ស្ត្រី​តាំងពី​ពួកគេ​នៅ​ជា​យុវវ័យ​មក​ម្ល៉េះ។

ជាង​នេះ​ទៅ​ទៀត​បញ្ហា​ទំនាក់​ទំនង​នឹង​ផ្លូវ​ភេទ​នេះ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ពេល​ខ្លះ​ទាល់​តែ​ម្ចាស់​ខ្លួន​ប្រាប់ ឬ​ក៏​មាន​ពាក្យ​បណ្តឹង ឬ​ក៏​មាន​ទំនាស់​សង​សឹក​គ្នា​បាន​ដឹង​ថា​ពួកគេ​ធ្លាប់​រួមភេទ​ជាមួយ​គ្នា​ដែល​មាន​​លក្ខណៈ​បោកប្រាស់​គ្នា​ឲ្យ​តែ​បាន​​ខ្លួន​ប្រាណ​រួច​បោះបង់​គេ​​ចោល។ ដូច​ករណី​យុវតី​ម្នាក់​​បាន​​ចាក់​ទឹក​អាស៊ីត​លើ​ក្បាល​​យុវជន​ម្នាក់​កាលពី​ឆ្នាំ​ទៅ​ដែល​​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​នោះ​ករណី​ហ្នឹង​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ​ទេ​ទាក់ទង​ទៅ​នឹង​ផ្លូវ​ភេទ​បាន​ខ្លួន​ប្រាណ​ហើយ​ចង់​ដោះ​ដៃ? តាមពិត​ទៅ​គឺ​ពិតជា​មាន​បាបកម្ម​មែន​គ្រាន់​តែ​យូរ​ហើយ​ និង​ឆាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​បំផ្លាញ​សេចក្តី​សុខ​គេ​ធ្វើឲ្យ​ខូច​អនាគត​តាមរយៈ​ឲ្យ​តែ​បាន​រួម​ភេទ (ភាសា​របស់​ពួក​យុវជន​ថា​ស៊ីហ្ស៊ីន) ហើយ​បោះបង់​គេ​ចោល​នោះ​ហើយ​ដើរ​តែ​ធ្វើ​អ៊ីចឹង ពេល​ខ្លះ​ខាង​ស្រី ក៏​គេ​ឡង​មក​វិញ​ភ្លាមៗ​ទៅ ឬ​ក៏​ឆ្លង​ជំងឺ​តាម​ផ្លូវភេទ​ទៅ ឬ​ក៏​ត្រូវ​ខាង​​មិត្ត​ស្រី​ដែល​ខាត​បង់​ខ្លួន​ប្រាណ​ដាក់​ទំនាយ​ចោល​ទៅ​ក៏​មាន​ដែរ។ នេះ​គ្រាន់​តែ​ជា​បញ្ហា​ទំនាក់​ទំនង​ផ្លូវភេទ​ដែល​ជា​របស់​​មើល​មិន​ឃើញ​សកម្មភាព​ខាង​ក្រៅ​នោះ។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​នៅ​រៀងរាល់​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ឲ្យ​តែ​ជិត​​ដល់​ថ្ងៃ​ទី​ ១៤ ​ខែ​កុម្ភៈ​ក្រសួង​អប់រំ​តែងតែ​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​សាលារៀន​ដើម្បី​ធ្វើការ​ដាស់​តឿន​យុវវ័យ​កុំ​ឲ្យ​យល់​ច្រឡំ​ថា៖ «ថ្ងៃ​ ១៤ កុម្ភៈ» ហ្នឹង​ជា​ថ្ងៃ​បុណ្យ​សង្សារ​ដើម្បី​យក​លេស​ក្នុង​ការ​រួមភេទ​នោះ។ ការ​ផ្សព្វផ្សាយ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មិន​មែន​ត្រឹម​តែ​សាលា​រដ្ឋ​ទេ​ឯ​សាលា​ឯកជន​ក៏​ចូលរួម​ទប់ស្កាត់​នូវ​សកម្មភាព​ឈូរឆរ​របស់​យុវវ័យ​នៅ​ថ្ងៃ​នោះ​ដែរ និង​ថែម​ទាំង​ពន្យល់​បន្ថែម​នៅ​តាម​ថ្នាក់​ទៅ​លើ​សិទ្ធិ​សុខភាព​បន្តពូជ និង​សុខភាព​ផ្លូវភេទ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក កែវ ឡងឌី នាយក​រង​សាលា​រៀន​អុបទ្វីប​អាមេរិកាំង (AIS) បាន​លើក​ឡើង​ពី​ការ​ចូលរួម​របស់​សាលា​ហើយ​ឆ្នាំ​នេះ​សាលា AIS នឹង​ដឹកនាំ​សិស្សានុសិស្ស​ជាង​ ៥០០ ​នាក់​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ឲ្យ​ចូលរួម​រត់​ប្រណាំង​ដែល​មាន​ឈ្មោះ​ថា៖ «រត់​ដើម្បី​ចែក​រំលែក​នូវ​ក្តីស្រឡាញ់» នៅ​កោះពេជ្រ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ស្ត្រី​ និង​កីឡា។

សរុប​មក​វិញ​សិទ្ធិ​សុខភាព​បន្ត​ពូជ​គឺជា​ជម្រើស​របស់​យុវវ័យ​តើ​សម្រាប់​ទិវា​នៃ​ក្តីស្រឡាញ់​ដែល​ជា​វប្បធម៌​​កើត​ចេញ​មកពី​ប្រភព​លោក​ខាង​លិច​មួយ​ហ្នឹង​ថា​តើ​ម្នាក់ៗ​គួរ​រួមភេទ​នៅ​ថ្ងៃ​នៃ​ទិវា​នៃ​ក្តីស្រឡាញ់​ដែរ​អត់? បើ​សម្រេច​ថា​រួមភេទ តើ​ម្នាក់ៗ​មាន​បាន​គិតគូរ​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ជំងឺ​ឆ្លង​តាម​ភេទ និង​ជំងឺ​អេដស៍​ហើយ​ឬ​នៅ? មាន​រៀបចំ​វិធី​ការពារ​ដូចជា​ស្រោម​អនាម័យ​ហើយ​ឬ​នៅ? បើ​ភ្លាត់​ជា​មាន​ផ្ទៃពោះ តើ​ម្នាក់ៗ​បាន​គិតគូរ​ដល់​សេវា​ពិគ្រោះ​យោបល់​នៅ​ទី​ណា​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​បាន និង​ដែល​នៅ​ជិត​អ្នក​ទៀត​ដូចជា​នៅ​គ្លីនិក​រ៉ាក់ និង​គ្លីនិក​ម៉ារីស្តុប​ជាដើម?

បើ​សង្ស័យ​ថា ​មាន​ឆ្លង​មេរោគ​អេដស៍​ពី​ដៃ​គូ​របស់​អ្នក តើ​ម្នាក់ៗ​បាន​គិតគូរ​ពី​សេវា​សុខាភិបាល​ណា​នៅឯ​ណា​ជិតៗ​បាន? ជា​ពិសេស​យុវជន​ត្រូវ​តែ​គិតគូរ​នូវ​ជម្រើស​របស់​ខ្លួន​ថា​តើ​គួរ​បង្ខំ​ចិត្ត​មិត្តស្រី​របស់​ខ្លួន ​ដើម្បី​រួមភេទ​តែ ១ ថ្ងៃ​ហ្នឹង​ ឬ​ក៏​បើ​ស្រឡាញ់​គឺ​ត្រូវ​អត់ធ្មត់​រង់ចាំ​រហូត​ដល់​ថ្ងៃ​រៀបការ​ដើម្បី​អនាគត​របស់​ខ្លួន?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ