Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចង់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បំបាត់​អញ​និយម

ចង់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បំបាត់​អញ​និយម

131202_02
នគរបាល បានធ្វើការផាកពិន័យ បុរសម្នាក់ ដែលបើកបរបំពានច្បាប់ចរាចរណ៍កន្លងមក ហេង ជីវ័ន

ជា​អ្នក​តាក់​តែង​ច្បាប់ ជា​អ្នក​អនុម័ត​ច្បាប់ ជា​អ្នក​អនុវត្ត​ច្បាប់ ក៏​អាច​ជា​អ្នក​អង្គុយ​លើ​ច្បាប់ ជា​អ្នក​ផោម​ដាក់​ច្បាប់ ជា​អ្នក​ជុះ​នោម ឬ​ជុះ​អាចម៍​លើ​ច្បាប់​ដែរ​។ តើ​ហេតុ​អ្វី​បាន​អ្នក​ធំៗ​ស្រុក​ខ្មែរ​ភាគ​ច្រើន​ចូល​ចិត្ត​ប្រព្រឹត្ត​បែប​នេះ​ឲ្យ​ប្រជា​ពលរដ្ឋ​ឃើញ​ខ្លាំង​ម៉្លេះ​? មក​ពី​ចំណេះ​ដឹង​ទាប ឬ​ក៏​ជា​ការ​ជ្រើសរើស​យក​វប្បធម៌​អញ​ធំ​អ៊ីចឹង​? តើ​ពាក្យ​ថា «អញ» ហ្នឹង​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ការ ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ?

នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ជាតិ នៅ​តាម​បណ្តា​ខេត្ត​នានា យើង​ឃើញ​មាន​រថយន្ត​ទំនើប​ធំៗ ដូចជា ឡង់គ្រីស័រ ប្រាដូ និងឡិចស៊ីស ហាយឡែនដ័រ ឡែនរ៉ូវ័រ និង ហាំម័រ ជាដើម ដែល​មាន​ស្លាក​លេខ​គ្រប់​ប្រភេទ៖ ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល រដ្ឋ នគរបាល ខេមរភូមិន្ទ ONU/OI និង​ក៏​ខ្លះ​មាន​លេខ​ស៊ីវិល​ក៏​មាន គឺ​បើក​ល្បឿន​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ពី ១២០ ទៅ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អតិបរមា​នៅ​ក្រៅ​ទី​ប្រជុំជន​ឲ្យ​តែ ៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ។ តែ​គ្មាន​កាមេរ៉ា​ឯណា​ទៅ​ចាំ​ថត​ចាប់​រថយន្ត​ទំនើបៗ​ទាំង​នោះ​បើក​លឿន​ហួស​កំណត់​នោះ​ទេ កាមេរ៉ា​ថត​នោះ​ឆ្លាត​ណាស់​ចេះ​តែ​ថត​រថយន្ត​ប៊ើស​ធំៗ និង កុងតឺន័រ​ធំៗ​ដែល​បើក​លើស​ល្បឿន​កំណត់​នោះ​ទេ។ កន្លង​មក​ក្រសួង មហាផ្ទៃ បាន​ផាក​ពិន័យ​ជា​ប្រាក់ និង​ព្រមាន​ទៅ​ក្រុមហ៊ុន​រថយន្ត​ប៊ើស ដែល​បើក​ល្បឿន​លើស​កំណត់​នោះ តែ​មិន​ដែល​ហ៊ាន​ផាក​ពិន័យ និង​ព្រមាន​ដល់​អ្នក​បើកបរ​រថយន្ត​ទំនើប​ទាំង​នោះ​ទេ។ នៅ​ពេល​ឃើញ​រថយន្ត​ទំនើប​ទាំង​នោះ បើក​លឿនៗ​ពេក​អ៊ីចឹង​ម្តងៗ​ប្រជា​ពលរដ្ឋ​តែង​តែ​ខ្សឹប​ដាក់​គ្នា​ថា «តើ​ពួក​គេ​បង្ខំ​ទៅ​ស្លាប់​ឯណា បាន​ជា​បើក​លឿនៗ​ម៉្លេះ​មិន​មើល​អ្នក​ជិះ​ម៉ូតូ​តូចតាច​ផង​ទេ​អី? ហេតុ​អ្វី​បាន​ជា​អ្នក​ធំៗ អ្នក​មានៗ​ទាំង​នោះ​ប្រមាថ​ជីវិត​ខ្លួន​ឯង​ផង និង​ជីវិត​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​ដូច​គ្នា​ផង​នោះ? តាម​ការ​ពិត​ទៅ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​អស់​គួរ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​មិន​មែន​ឡាន​ទំនើប បង់​ពន្ធ​ច្រើន​ជាង ត្រូវ​តែ​បើក​លឿន​ស្រេច​តែ​ចិត្ត​នោះ​ទេ សូម​ជ្រាប!

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​មាន​អ្នក​ធំ​ជាច្រើន​រូប​បាន​ស្លាប់ និង​របួស​ដោយ​សារ​ការ​ប្រមាថ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា។ ជាក់ស្តែង​កាល​ពី​ខែ ឧសភា ឆ្នាំ​ទៅ លោក ខាំ ភឿន អតីត​អភិបាល​ខេត្ត ក្រចេះ បាន​ស្លាប់​ដោយ​សារ​ក្រឡាប់​រថយន្ត​នៅ​ពេល យប់​ជ្រៅ ហើយ​កាល​ពី ២ សប្តាហ៍​មុន​នេះ លោក ទ្រី ណារិន អតីត​អភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ ដែល​ទើប​ឡើង​កាន់​តំណែង​បាន​កន្លះ​ឆ្នាំ ក៏​បាន​ស្លាប់​ទាំង​វ័យ​ក្មេង​ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ដែរ​នៅ​ពេល​ទៀប​ភ្លឺ នេះ​សុទ្ធ​តែ​ដោយ​សារ​ការ​បើក​បរ​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់។

ការ​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​វា​ជា​ការ​សោក​ស្តាយ​ណាស់​ម្នាក់ៗ​ទម្រាំ​តែ​បាន​ឡើង​ធ្វើ​ធំ​ជា​ចៅហ្វាយ​ខេត្ត​មួយៗ គឺ​ពិបាក​ណាស់​តាម​រយៈ​ការ​ខិតខំ​ផង តស៊ូ​ផង សូក​ផង សែន​ផង និង​បក្ខពួក​ផង ពេល​បាន​ឡើង​ធំ​ហើយ​ស្លាប់​ដោយ​សារ​ចរាចរណ៍ គឺ​គ្មាន​ន័យ ហើយ​ត្រូវ​សង្គម​មិន​ឲ្យ​តម្លៃ​ទៀត​ព្រោះ​សុទ្ធ​តែ​បើក​លឿនៗ​បំពាន​ច្បាប់។

ករណី​គ្រោះថ្នាក់​បែប​ហ្នឹង​ហើយ​គេ​ហៅ​ថា ការ​ប្រមាថ​ជីវិត​ខ្លួន​ឯង។ ឥឡូវ​ចូល​មក​ដល់​រឿង​ការ​បើក​លឿន​ប្រមាថ​ជីវិត​អ្នក​ដទៃ ដូច​ករណី លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​វិញ​ម្តង កាល​ពី​សប្តាហ៍​មុន​នេះ​រថយន្ត​របស់​លោក បាន​បុក​ប្រជា​ពលរដ្ឋ​ពីរ​នាក់​ប្តី-ប្រពន្ធ ដែល​កំពុង​ជិះ​ម៉ូតូ ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ ១ នៅ​ស្រុក កៀនស្វាយ ខេត្ត កណ្តាល រួច​ហើយ​បើក​ដាក់​មេផាយ​បាត់​មក​រាជធានី​ភ្នំពេញ កុំ​តែ​បាន​រថយន្ត​តាក់ស៊ី​ដេញ​តាម​ពី​ក្រោយ​ទាន់​កត់​ស្លាក​លេខ​ទុក​ផង កុំ​អី​គ្មាន​នរណា​ដឹង​ទេ​ថា ជា​រថយន្ត​របស់​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ទេ ព្រោះ​ប៉ូលិស​ចរាចរណ៍​ឥឡូវ​លែង​ធ្វើ​ការ​ផាក ឬ​ក៏​ឃាត់​ជន​ល្មើស​ផង តាំង​ពី​បោះឆ្នោត​ថ្ងៃ ២៨ ខែ កក្កដា មក​នោះ។ មិន​ត្រឹម​តែ​បើក​រត់​ប៉ុណ្ណោះ​ទេ គឺ​រថយន្ត​នោះ​បាន​ដោះ​ស្លាក​លេខ​ទុក​ទៀត សុទ្ធ​តែ​ជា​រឿង​ខុស​ច្បាប់​ទាំង​អស់។ រីឯ​ជន​រងគ្រោះ​ជា​ប្រពន្ធ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ កាល់ម៉ែត្រ និង​ជន​រងគ្រោះ​ជា​ប្តី​រង​របួស​ធ្ងន់ ហើយ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ត្រឹម​តែ​យក​មេធាវី​របស់​លោក​មក​ដោះស្រាយ និង​សង​ជា​សំណង​បន្តិច​បន្តួច​គ្រាន់​ថ្លៃ​ព្យាបាល និង​ទិញ​ម៉ូតូ​ថ្មី​ទុក​គ្រាន់​តែ​រត់​ម៉ូតូ​ឌុប​ប៉ុណ្ណោះ​ជា​ការ​ស្រេច ឯ​អ្នក​ស្លាប់​បាន​ត្រឹម​តែ​ស្លាប់​ដូច​សត្វ​ធាតុ​ហើយ​ក្រុម​គ្រួសារ មិន​ហ៊ាន​ប្តឹង​គេ​ទៀត​មក​តែ​ពី​គេ​ជា​អ្នក​ធំ។

ចំពោះ​ករណី​រថយន្ត លោក ជាម យៀប បុក​ឲ្យ​គេ​ស្លាប់​ហើយ​បើក​រត់​បែប​នេះ មិន​ចាំ​បាច់​ភាគី​ជន​រងគ្រោះ​ប្តឹង​ទេ ព្រោះ​វា​មិន​មែន​ជា​ជម្លោះ​ប្តឹង​ប្ដល់​គ្នា​នោះ​ទេ គឺ​ប៉ូលិស​ចរាចរណ៍ និង​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​តែ​ម្តង​គ្រប់​គ្រាន់​ពេក​ហើយ ដែល​នៅ​ក្នុង​ច្បាប់​នោះ​មាត្រា ៨២ ចែង​ថា៖ «ជន​ណា​បើកបរ​ដោយ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ដោយ​អចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ (១) ឆ្នាំ ទៅ​បី​ឆ្នាំ​ឬ/​និង ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន (២.០០០.០០០) រៀល ទៅ​ប្រាំ​មួយ​លាន (៦.០០០.០០០) រៀល។ ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរមា​ក្នុង​ករណី​ដែល​ការ​ប្រព្រឹត្ត​បទ​ល្មើស​ស្ថិត​ក្នុង​ស្ថានភាព​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ក្នុង​គោល​បំណង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ»។

បើ​ទោះ​បី​ជា​លោក ជាម យៀប ឆ្លើយ​ដោះសា​ថា បាន​សម្រាន្ត​លក់​ក្នុង​រថយន្ត​និង​លោក​ខ្លាច​ពី​ការ​សម្លាប់​ពី​ហ្វូង​មហាជន​នៅ​កន្លែង​កើត​ហេតុ​ក៏​លោក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​ថ្វី​ដ្បិត​តែ​អ្នក​បើក​បរ​របស់​លោក​ជា​អ្នក​បើក​តែ​លោក​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ឡាន​នោះ។ មិន​មែន​ឲ្យ​អ្នក​បើក​បរ​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​នោះ​ទេ។ នេះ​ហើយ​ករណី​ជាក់ស្តែង​ដែល​អ្នក​តាក់​តែង​ច្បាប់​ចរាចរណ៍​ខ្លូន​ឯង នៅ​រដ្ឋសភា មិន​គោរព​ច្បាប់​នោះ​ផង​បុក​គេ​ស្លាប់​ហើយ​បើក​រត់​ទៀត​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​លេង ហេ្វសប៊ុក ចំអក​ឲ្យ​លោក ជាម យៀប ថា កាល​ពី​នៅ​រដ្ឋសភា​តាក់​តែង​ច្បាប់ គាត់​ជា «បណ្ឌិត​រដ្ឋ» តែ​ដល់​ពេល​បុក​គេ​ហើយ​រត់​ប្រាស​អាយុ ទៅ​ជា «បណ្ឌិត​រត់» ទៅ​វិញ។ បើ​លោក​ជា​មន្ត្រី​ផលិត​ច្បាប់​ហើយ​បុក​គេ​រត់​បែប​ហ្នឹង អ៊ីចឹង​អ្នក​ដទៃ​ទៀត​ក៏​គេ​ធ្វើ​ដូច​លោក​ដែរ ដែល​ជា​គំរូ​អាក្រក់ ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​ខ្មែរ។ ហ្នឹង​ហើយ​វប្បធម៌ «អញ​និយម!» នៅ​ស្រុក​ខ្មែរ អញ​បើក​លឿន អញ​បើក​បុក ចុង​ក្រោយ​គឺ​អញ​បើក​រត់ នរណា​ធ្វើ​អី​អញ ព្រោះ​អញ​ជា​អ្នក​ធំ អញ​ជា​អ្នក​មាន​លុយ មាន​អំណាច​ច្បាប់​អញ​ជា​អ្នក​ផលិត។ ដូច​ពាក្យ​កំប្លែង​មួយ​ដែល​ឃ្មុំ​សួរ​ចំអក​ឲ្យ​ផ្កា​ថា បើ​ឃ្មុំ​ក្រេប​ហើយ​ធ្វើ​ក្ត​អី​ឃ្មុំ?

តែ​ករណី លោក ជាម យៀប នេះ បើ​លោក​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មាន​ចិត្ត​ធម៌​នៅ​ក្នុង​ខ្លួន និង​អនុវត្ត​តាម​ច្បាប់​ជា​គំរូ​ល្អ​ទៅ​វិញ គឺ​លោក​អាច​ឈប់​រថយន្ត​ចុះ​ជួយ​លើក​ជន​រងគ្រោះ​ទាំង ២ នាក់​ប្តី​ប្រពន្ធ​ដាក់​រថយន្ត​របស់​លោក​ឬ​ក៏​ហៅ​រថយន្ត​សាមុយ ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​វិញ ម៉្លេះ​សម ស្ត្រី​ជន​រងគ្រោះ​នោះ មិន​ស្លាប់​លាចាក​លោក​ទេ ហើយ​ក៏​គ្មាន​នរណា​ទៅ​ហ៊ាន​វាយ​ដំ​គាត់​ដែរ​ព្រោះ​នរណា​ក៏​ស្គាល់​គាត់​ជា តំណាង​រាស្រ្ត​ចុះ​ជួយ​រាស្ត្រ​អ៊ីចឹង​ហើយ​ករណី​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នោះ ហើយ​លោក​ទទួល​កំហុស​ទៀត​នោះ។ តែ​មាន​ទៅ​អ៊ីចឹង​ឯណា ដាក់​មេប្រូច​បាត់ ហើយ​ដោះ​ស្លាក​លេខ​ទៀត ទុក​ជន​រងគ្រោះ​ចោល​រដូក​រណែល​ដូច​ខ្មោច​ឆ្កែ ទង្វើ​បែប​នេះ​មិន​សម​ធ្វើ​ជា​តំណាង​រាស្ត្រ​តទៅ​ទៀត​ទេ​ពី​ព្រោះ​ផ្ទុយ ពី​កាល​គាត់​ឃោសនា​រក​សំឡេង​ឆ្នោត គាត់​តែង​តែ​លើក​ពី​គណបក្ស​ប្រជាជន​របស់​លោក នៅ​តែ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ។ នេះ​ហើយ​ជា​ទង្វើ​និទ្ទណ្ឌភាព​របស់​អ្នក​ធំៗ​នៅ​ស្រុក​ខ្មែរ​នោះ។ តែ​អ្វី​ដែល​កោត​សរសើរ​គួរ​តែ​ឲ្យ​រង្វាន់​នោះ គឺ​ឲ្យ​ទៅ​អ្នក​បើក​តាក់ស៊ី ដែល​ចេះ​ឈឺ​ឆ្អាល​ខំ​ប្រឹង​បើក​ដេញ​តាម​រថយន្ត​លោក ជាម យៀប តាំង​ពី​កន្លែង​កើត​ហេតុ​មក​នោះ។ តើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ជាម យៀប អាច​ជា​កម្មផល​របស់​លោក​បាន​សាង​ដែរ​ឬ​ទេ?

បន្ទាប់​ពី​បោះឆ្នោត​ជាតិ​ខែ កក្កដា កន្លង​មក​នេះ សភាពការណ៍​នយោបាយ​មាន​ភាព​តាន​តឹង​រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​លទ្ធផល​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នោះ។ នៅ​ពេល​នោះ លោក ជាម យៀប បាន​ដាក់​បណ្តាសា​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កាល​នោះ កំពុង​តែ​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះ​ការ​បោះឆ្នោត​នោះ ថា ឲ្យ​លោក សម រង្ស៊ី ធ្លាក់​យន្តហោះ​ទៅ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ។ ការ​ផ្តល់​សារ​ដ៏​អាក្រក់​របស់​អ្នក​នយោបាយ​ដូច​កូន​ក្មេង​ឈ្លោះ​គ្នា បែប​នេះ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ណា​ដែល​មាន​វត្តមាន​លោក សម រង្ស៊ី រួញ​រា​មិន​ចង់​ហ៊ាន​ធ្វើ​ដំណើរ​ជាមួយ​ទេ។

ពេល​ខ្លះ​ការ​ដែល​ដាក់​ទំនាយ​មិន​សុទ្ធ​តែ​ត្រូវ​គេ​នោះ​ទេ អាច​ដាក់​ទំនាយ​គេ​មិន​ត្រូវ មក​ត្រូវ​ខ្លួន​ឯង​មាន​គ្រោះ​ទៅ​វិញ​ក៏​មាន​ដែរ ព្រោះ​រាសី​ខ្លួន​ទាប​ជាង​គេ​អ៊ីចឹង​ហើយ​ដូច​ករណី​លោក ជាម យៀប ជា​ឧទាហរណ៍​នេះ​ស្រាប់។ កន្លង​មក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​បើក​បរ​តាម​ផ្លូវ​មាន​ឡាន​ស៊ីរ៉ែន នៅ​ខាង​មុខ​ឲ្យ​ប្រជា​ពលរដ្ឋ​ជិះ​ចៀស​ចូល​សង​ខាង​នៃ​ផ្លូវ និង​បង្ក​ការ​រំខាន​ដល់​មន្ទីរពេទ្យ និង​សាលារៀន​ទៀត​ផង គ្រាន់​តែ​អស់​លោក​ទាំង​នោះ​ទៅ​ជួប​ស្រី​ស្នេហ៍ ទៅ​ជល់​មាន់ ឬ​ក៏​ទៅ​មើល​ចម្ការ​សោះ ក៏​ឲ្យ​គេ​ចៀស​ដែរ អ៊ីចឹង​ទេ​រឿង​ឡាន​ស៊ីរ៉ែន ប្រើ​បាន​តែ​សម្តេច​ទាំង ៣ នោះ​ទេ គឺ​ប្រធាន ព្រឹទ្ធសភា ប្រធាន រដ្ឋសភា និង​នាយក​រដ្ឋ​មន្ត្រី។ តែ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ដែល​ហាម​ប្រាម​មន្ត្រី​របស់​លោក​ដែល​បើក​រថយន្ត​ទំនើបៗ​តាម​ផ្លូវ​ជាតិ​ហួស​ល្បឿន​កំណត់​ច្បាប់ ដោយ​ប្រមាថ​ទាំង​ជីវិត​ខ្លួន​ឯង និង​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ។ ឥឡូវ​នេះ​អ្នក​ធំៗ អ្នក​មានៗ ឡើង​សុទ្ធ​តែ​«អញ!» ពេញ​ផ្លូវ​ទៅ​ហើយ។

ម្យ៉ាង​វិញ​ទៀត អ្នក​អត្ថាធិប្បាយ​ក្នុង​កញ្ចក់​ទូរទស្សន៍​រាល់​ព្រឹក​រាយការណ៍​តែ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ចេញ​បញ្ចូល​បន្ថែម​ល្បោយ​ក្រៅ​ឲ្យ​គេ​សើច​តែ​មិន​បាន​បង្ហាញ​ជា​ច្បាប់​ចរាចរណ៍​ថា មាត្រា​ប៉ុណ្ណេះ បើ​អ្នក​បើកបរ​មាន​កំហុស ត្រូវ​ទទួល​ទោស​ប៉ុណ្ណេះ និង​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណេះ​នោះ​ទេ ឬ​ក៏​ពន្យល់​នូវ​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​អំពី​ផ្លូវ​ណា​ថា មាន​អាទិភាព​ជាង​ឬ​ក៏​បើក​បាន​ត្រឹម​ល្បឿន​តែ​ប៉ុណ្ណោះ​នោះ​ទេ។

មាន​ទៅ​បាន​ពន្យល់​អ៊ីចឹង​ឯណា​មាន​តែ​ខំ​ផ្សព្វ​ផ្សាយ​អំពី​ស្រា និង​ស្រាបៀរ ដែល​ជា​ផ្នែក​មួយ នៃ​ឫសគុល​នៃ​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ហើយ​បាន​ត្រឹម​តែ​ថា បើ​ស្រវឹង​កុំ​បើក​បរ និង​បើក​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​គ្មាន​ន័យ​អ្វី​ជា​សារ​ច្បាស់​លាស់​ពី​ច្បាប់​ចរាចរណ៍​ទៅ​ទស្សនិកជន ឲ្យ​បាន​យល់​ដឹង​ពី​ច្បាប់​ផង ហើយ​ពេល​ខ្លះ​បាន​ត្រឹម​តែ​បន្ទោស​ប្រជា​ពលរដ្ឋ​ថា មិន​ចេះ​ច្បាប់​ចរាចរណ៍ ឬ​ក៏​បើក​បរ​ខុស​ច្បាប់​ជាដើម។

ជា​ផល​វិបាក​ពី​ភាព​អនាធិបតេយ្យ​ចរាចរណ៍​តាម​ផ្លូវ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ទាំង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ចំនួន​អ្នក​ស្លាប់ ទាំង​អ្នក​របួស​ធ្ងន់ និង​អ្នក​របួស​ស្រាល បើ​ប្រៀប​ធៀប រយៈ ៣ ខែ (សីហា កញ្ញា និង តុលា) ចុង​ក្រោយ​ដូច​គ្នា កាល​ពី​ឆ្នាំ​ទៅ។ នៅ​ឆ្នាំ ២០១២ ចំនួន​គ្រោះថ្នាក់​មាន ៨៨៣ ករណី ធៀប​នឹង​ឆ្នាំ ២០១៣ នេះ​មាន ១០៤៨ ករណី រីឯ​ចំនួន​អ្នក​ស្លាប់ ៣៨៥ ករណី​នៅ​ឆ្នាំ ២០១២ ធៀប​នឹង​ឆ្នាំ ២០១៣ មាន​ចំនួន ៤១៩ ករណី​ចំពោះ​ករណី​អ្នក​របួស​ធ្ងន់​វិញ​គឺ​នៅ​ឆ្នាំ ២០១២ មាន​ចំនួន ៨២៩ ករណី​ធៀប​នឹង​ឆ្នាំ ២០១៣ មាន​ចំនួន ៩៩១ ករណី។ នេះ​គ្រាន់​តែ​ជា​តួលេខ​ដែល​បាន​មក​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួង មហាផ្ទៃ។

ហេតុ​ដូច្នេះ​ហើយ​សូម​អ្នក​បើក​បរ​ទាំងអស់​គ្នា​លុប​បំបាត់​វប្បធម៌ «អញ!» ហ្នឹង​ចេញ​ទៅ ដោយ​គិត​ថា នៅ​លើ​ផ្លូវ​ក៏​មាន​គេ​បើកបរ​ដែរ ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment