នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ថ្ងៃ​ណា​ក៏​ឮ​តែ​ករណី​ចោរ​ឆក់​កាបូប ខ្សែក ឬក៏​ទូរស័ព្ទ​ដែរ ពេល​ណា​សមត្ថកិច្ច​ចាប់​ជនល្មើស​បាន​ទៅបាន​ឃើញ​នៅតាម​សារព័ត៌មាន បើ​ចាប់​មិន​បាន​ទេ ក៏​គ្មាន​ឃើញ​នៅ​តាម​សារព័ត៌មាន​ដែរ​។

តែ​យើង​អាច​ដឹង​តាមរយៈ​ករណី​ជាក់​ស្តែង​ឃើញ​ឆក់​ផ្ទាល់​ភ្នែក ឬក៏​ការរៀបរាប់​ពី​មិត្តភក្តិ ឬក៏​អ្នក​ជិត​ខាង ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​តាមរយៈ​ជន​រងគ្រោះ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ជន​រងគ្រោះ​ជា​ជន​បរទេស​ជិះ​រ៉ឺម៉ក​ម៉ូតូ​ឆ្លេឆ្លា​ស្វែងរក​ជំនួយ​ពេល​គាត់​ត្រូវ​បាន​ចោរ​ឆក់​កាបូប​ឬក៏​ទូរស័ព្ទ​ទៅ​បាត់​។

រីឯ​ ករណី​ខ្លះ​ទៀត​គឺ​យើង​អាច​ឃើញ​គេ​ស្រែក​ ​«​ចោរ​!...​ចោរ​ឆក់​កាបូប ទូរស័ព្ទ ឬក៏​ខ្សែក​!» ដេញ​ចាប់​ចោរ​ឆក់​បាន​ហើយ​បើក​រត់តាម​ផ្លូវ ឬ ក៏​ចោរឆក់​ត្រូវបាន​ពលរដ្ឋ​វ៉ៃ​ឲ្យ​សន្លប់ ឬ​ក៏​ស្លាប់ (Mob Killing)​។

នៅ​ពេល​ពលរដ្ឋ​ចាប់​ចោរ​ឆក់​បាន​ហើយ គេ​ព្រួត​វ៉ៃ​មើល​ទៅ​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ តែបើ​ពួកគេ​ឆក់​ធ្វើ​ឲ្យ​ជន​រងគ្រោះ គ្រោះថ្នាក់​ខ្លះ​សន្លប់ ខ្លះ​ស្លាប់ នៅ​នឹង​កន្លែង​កើត​ហេតុ​វិញ​គឺ​ពួកគេ​មិន​ដែល​ខ្វល់​នោះទេ គឺ​ដឹង​តែ​ចង់បាន​វត្ថុ ឬ​របស់​របរ​មាន​តម្លៃ​តែ​ប៉ុណ្ណោះ​។

ឧទាហរណ៍​ករណី​ដ៏​សោកសៅ​របស់​និស្សិត​ស្រី​ត្រូវបាន​ចោរឆក់​កាបូប ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​នៅមុខ​មន្ទីរ​ពេទ្យរុស្ស៊ី​កន្លង​មក​។

តែ​ផ្ទុយ​ទៅ​វិញ​បើ​ធ្វើការ​ប្រៀបធៀប​ទិន្នន័យ ដែល​ប៉ូលិស​ក្រសួង​មហាផ្ទៃ​បាន​បង្ក្រាប​ចោរ​លួច ចោរឆក់ និង​ចោរប្លន់ ៦ ខែ​ដំបូង​ឆ្នាំ​២០១៧ នឹង​២០១៦ មាន​ការ​ធ្លាក់ចុះ​ដល់​ទៅ ៤៣ ភាគរយ​។ តែ​ទិន្នន័យ​នេះ គឺ​បានមក​តែ​ពី​មន្ត្រី​ប៉ូលិស​ដែល​បាន​បង្ក្រាប​ទេ​។

ចំណែកឯ តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ ២០១៧ របស់​ប៉េអឹម ដែល​បាន​បង្ក្រាប​ករណី​ឆក់​តាម​ផ្លូវ​នេះ​គឺ​មាន​ការ​ថយ​ចុះ ២ ភាគរយ នៅ​ឆ្នាំ ២០១៧ សរុប​មាន ១៣១ ករណី ធៀប​នឹង​ឆ្នាំ ២០១៦ គឺ ១៣៣ ករណី។

នេះ​ជា​ចំណុច​ពិបាក​ចំពោះ​ទិន្នន័យ​ករណី​បង្ក្រាប​នេះ​យក​មក​ប្រើ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ធ្វើ​ផែនការ​អន្តរាគមន៍​ទៅវិញ​ព្រោះ​ពេល​ខ្លះ​មាន​ករណី​ចោរឆក់​កើត​ឡើង​នៅ​តំបន់​របស់ខ្លួន​តែម​ន្ត្រី​សមត្ថកិច្ច​ថ្នាក់​ក្រោម មិនបាន​រាយការណ៍​ទេ​ព្រោះ​ខ្លាច​ធ្លាក់​ពិន្ទុ ព្រោះ​មិន​ធ្វើការ​ទប់ស្កាត់​ការពារ​មុន​កុំ​ឲ្យ​ករណីនេះ​កើត​បាន​ល្អ​ឬក៏​ករណី​កើតឡើង​ច្រើន​នៅ​មូលដ្ឋាន​របស់​ខ្លួន​ដូចជា ប៉ុស្តិ៍​សង្កាត់ ឬក៏​អធិការដ្ឋាន​ខណ្ឌ​។

បើ​ទោះ​បី​ជា​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​ថ្មីៗ​នេះ អំពី​ការ​លួច ឆក់ និង​ប្លន់ របស់​ក្រុម​បង​ធំ​ក៏​ដោយ ក៏​ការ​មាន​ករណី​សិក្សា​ដែល​បាន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រាក់​ចំណូល​របស់​ក្រុម​បង​ធំ ដែល​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា​នៅ​ឆ្នាំ​ ២០០៣ ​បាន​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ ដែល​ខ្ញុំ​ជា​អ្នក​ចូលរួម​សិក្សា​ស្រាវជ្រាវ និង​សម្ភាស​ផ្ទាល់​ជាមួយ​សមាជិក​ក្រុម​បង​ធំ​គឺ ​«​មួយ​ផ្នែក​នៃ​ប្រាក់​ចំណូល​របស់​ក្រុម​គេ គឺ​បាន​មក​ពី​ការ​ឆក់​កាបូប​ឆក់​ខ្សែក និង​ទូរស័ព្ទ​។

រីឯ​ខ្លះទៀត គឺ​មិន​ហ៊ាន​ឆក់​ខ្លួន​ឯង​ទេ ខ្លាច​គេ​ចំណាំ​មុខ តែ​ជា​អ្នក​បិទគូទ​នៅ​ពីក្រោយ នៅ​បាន​ចែក​គ្នា​...»​។

សំណួរ ត្រូវបាន​សួរ​ឡើង​ថា តើ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​មាន​តុល្យភាព​រវាង​ករណី​ចោរ​ឆក់​កាបូប​នេះ និង​គោល​នយោបាយ ​ភូមិ​-​ឃុំ ​មាន​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​រួច​ហើយ​នោះ​? និង​ឆ្លើយតប​ទៅ​នឹង​ការខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រសួង​ទេសចរណ៍​អស់​រាប់​លាន​ដុល្លារ​មាន​តាំង​ពី​ទូរទស្សន៍​អន្តរជាតិ ​CNN តាម​ជើង​យន្ត​ហោះ និង​ព្រលាន​យន្តហោះ​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​ស្រុក​ខ្មែរ តែ​នៅ​ពេល​ភ្ញៀវ​មក​ដល់​ស្រុក​ខ្មែរ បែរ​ជា​រាជធានី​ភ្នំពេញ និង​ទីក្រុង​សៀមរាប​អត់​មាន​សុវត្ថិភាព​ជូន​ពួកគេ​ទៅ​វិញ​?

បើ​នៅ​ភ្នំពេញ​វិញ នៅតាម​មាត់ទន្លេ​មុខ​វាំង ជួនកាល​ឮ​ចោរឆក់​ជន​បរទេស​១​ថ្ងៃ​៣​ដង​ក៏​មាន​ដែរ ហើយ​នៅ​ទីតាំង​បឹង​កេងកង​ក៏​កើត​ឡើង​ញឹកញាប់​ដែរ ទាំង​ស្ត្រី​ខ្មែរ​ទាំង​ស្ត្រី​បរទេស​គោលដៅ​គឺ​ចាំ​ឆក់​ជនបរទេស ឲ្យ​តែ​មក​ថ្មី​មើល​នាយ​មើល​អាយ​។

ពេល​ខ្លះ វា​ជាការ​លំបាក​សម្រាប់​ជនរងគ្រោះ​ជនបរទេស​ដែលជា​ភ្ញៀវ​ទេសចរ ត្រូវបាន​ចោរឆក់​អស់ពី​ខ្លួន​នៅ​ក្នុង​កាបូប មាន​តាំងពី​លុយ ប៉ាស្ព័រ ទូរស័ព្ទ កាត ATM គឺ​មិនដឹង​ទៅណា​មក​ណា​នោះទេ គួរ​ឲ្យ​អាណិត​ណាស់​។ ដូច​ស្ត្រី​ជន​បរទេស រូបភាព​ចែកចាយ​តាម​ហ្វេស​ប៊ុក​កន្លងមក ដែល​ត្រូវបាន​ចោរ​ឆក់​យក​កាបូប អស់​អ្វីៗ​សំខាន់​ពី​ខ្លួន​រលីង​រកតែ​លុយ​ជិះ​ម៉ូតូឌុប​ក៏​មិនបាន​ផង​គឺ​អង្គុយ​យំ​តែម្តង​។

ចុះបើ​ករណីនេះ​កើតឡើង​លើ​យើង​វិញ ពេល​ទៅលេង​ស្រុក​គេ ត្រូវ​ចោរ​ឆក់យក​អស់ពី​ខ្លួន​ដូច្នេះ​វិញ តើ​ធ្វើ​ដូចម្តេច​? ជា​ផលវិបាក​គឺ​មិន​ខុសគ្នា​ទេ​។ នៅពេល​ពួកគេ​ជួប​ករណី​បែប​នេះ​ច្រើន​គ្នា​ទៅ ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ ពួកគេ​ចេះតែ​ប្រាប់តៗ​គ្នា អ្វីដែល​កើត​ឡើង​ចំពោះ​ពួកគេ ហើយ​ពិបាក​ដោះស្រាយ ធ្វើ​ឲ្យ​អ្នក​ក្រោយៗ​ទៀត​ញញើត​ញញើម​មក​ដើរ​កម្សាន្ត​នៅ​ស្រុក​ខ្មែរ​។

​លើសពី​នេះ​ទៅ​ទៀត នៅ​តាម​ទីតាំង​មួយ​ចំនួន ដូចជា​កន្លែង​មាន​រៀបចំ​ពិធី​មង្គលការ ពិធីបុណ្យ ឬ​ពិធី​ជប់​លៀង​ផ្សេងៗ ជាពិសេស​នៅតាម​ទីតាំង​មាន​រៀប​អាពាហ៍​ពិពាហ៍​ធំៗ ដូចជា​កោះ​ពេជ្រ ឬ​ម៉ុងឌីយ៉ាល់​ជាដើម ក៏មាន​ក្រុមចោរ​តាម​ឃ្លាំ​មើល​ចាំ​ឆក់​កាបូប ឬ​របស់​មានតម្លៃ​ផង​ដែរ​។

ចំពោះ​ករណី​ចោរឆក់​កាបូប​តាមផ្លូវ​នេះ បើ​ទោះ​បី​ជា ខ្ញុំ​ដឹង​ហើយ ឮ​ហើយ ហើយ​ខ្ញុំ​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ករណី​ចោរឆក់​កាបូប ដឹង​ពី​របៀប​របប​ពួកគេ​ធ្វើ​សកម្មភាព និង​ទីតាំង​ធ្វើ​សកម្មភាព​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ភ្លាត់​ស្នៀត ត្រូវបាន​ចោរឆក់​កាបូប​ម្តាយ​ខ្ញុំ ធ្លាក់​ពី​លើ​ម៉ូតូ​ទាំង​ថ្ងៃត្រង់ នៅ​ពេល​កំពុង​ឌុប​គាត់​ចេញពី​ញ៉ាំ​ការ​ប្អូនជី​ដូន​មួយ​។ កាបូប​គាត់​ត្រូវ​ចោរឆក់​យកបាន​នោះ​មាន​តែ​ ១០ ​ដុល្លារ​ទេ តែ​ម្តាយ​ខ្ញុំ​គាត់​ភ្ញាក់ ហើយ​ស្តាយ​របស់​ក៏​ទាញ​ទៅ​ទាញ​មកជា​មួយ​ចោរ​ទាល់​តែ​ធ្លាក់​ពីលើ​ម៉ូតូ​របួស​ទាល់តែ​បាន​។

មក​ដល់​ពេល​នេះ​ពេលចេញ​ដំណើរ​បើកបរ​ម្តងៗ​ក្រុមគ្រួសារ​របស់​ខ្ញុំ ហាក់​បី​ដូច​ជាមាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ចោរឆក់​តាម​ផ្លូវ ជាង​ចរាចរណ៍​តាមផ្លូវ​ទៅទៀត គឺមាន​អារម្មណ៍​ភ្ញាក់ៗ​នៅ​ពេល​មាន​នរណា​ជិះ​មក​ក្បែរ​ខ្លួន​។

បើ​តាម​បទពិសោធ​របស់​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង ​២​ គឺ​ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន និង​ទីក្រុង​បាងកក​ប្រទេស​ថៃ ខ្ញុំ​អាច​ធ្វើ​ការ​ប្រៀប​ធៀប​ករណី​ចោរ​ឆក់​កាបូប​នេះ គឺ​ទីក្រុង​ម៉ានីល​ត្រូវបាន ប្រជា​ពលរដ្ឋ​ហ្វីលីពីន​ខ្លួនឯង​ហ្នឹង ប្រាប់​ខ្ញុំ​ថា ឲ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​កាបូប និង​ទូរស័ព្ទ​មាន​ចោរឆក់​ច្រើន​។ តែបើ​នៅ​ទីក្រុង​បាងកក​វិញ គ្មាន​នរណា​ប្រាប់​ខ្ញុំ​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុវត្ថិ​ភាព​ល្អ​ជាង​នៅ​ទីក្រុង​ម៉ានីល​។

ហេតុ​ដូច្នេះហើយ រាជរដ្ឋាភិបាល​មិន​គួរ​ប្រៀបធៀប​ជាមួយ​ទីក្រុង​ដែល​មិនមាន​សុវត្ថិភាព​នោះទេ តែ​គួរ​សង្កេត​មើល​ទីក្រុង​បាងកក​ទៅ​វិញ ហេតុ​អ្វី​បានជា​គេ​ធ្វើ​បានល្អ​ជាង​?

សមត្ថកិច្ច​មិន​គួរ​ធ្វើ​លំៗ​ជាមួយ​នឹង​យុវជន​ចោរឆក់​ទាំង​នោះទេ បើ​ចាប់​បាន​គឺ​អញ្ជើញ​ឪពុក​ម្តាយ​មក​ធ្វើ​កិច្ចសន្យា​បន្ថែម លើ​ស្ថាន​ទម្ងន់​ទោស​របស់​ពួក​គេ​។

ទាំង​មន្ត្រី​ប៉ូលិស ទាំង​មន្ត្រី​ប៉េអឹម គួរ​តែ​បើក​យុទ្ធនាការ ប្រើ​កាមេរ៉ា​តាម​ផ្លូវ និង​កាមេរ៉ា​តាម​ផ្ទះ​ពលរដ្ឋ ដើម្បី​ស្វែងរក​ចាប់​ខ្លួន​ឲ្យ​បាន ព្រោះ​ករណី​ឆក់​នេះ បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​និង​មុខ​មាត់​របស់​ប្រទេសជាតិ​ផង ជា​ជាង​លើក​ដដែល​តែ​គោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។

រីឯ​ទិន្នន័យ​នៃ​របាយ​ការណ៍​ពី​សមត្ថកិច្ច​ទាំង​២​នេះ គួរតែ​ញែក​ឲ្យ​ដាច់​ពី​គ្នា ឬក៏​ដាក់​បញ្ចូល​គ្នា​របៀប​ម៉េច ដើម្បី​កុំ​ឲ្យ​ទិន្នន័យ​ជាន់គ្នា ព្រោះ​ពេលខ្លះ​ពួក​គាត់​ចុះ​ធ្វើការ​ចម្រុះ​ជាមួយគ្នា​ក្នុង​ករណី​តែ​ ១ តែ​ទិន្នន័យ​យក ​១ ​ករណី​រៀងៗ​ខ្លួន​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com