Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឆ្មា និង​កណ្ដុរ​វគ្គ​ទី ៩: ជា​គោលការណ៍​ត្រូវ​បញ្ចៀស​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ឲ្យ​បាន

តុក្កតា​ឆ្មា និង​កណ្ដុរ​ដែល​តែងតែ​ប្រើ​ល្បិចកល​ធ្វើ​បាប​គ្នា​ទៅវិញ​ទៅមក។
តុក្កតា​ឆ្មា និង​កណ្ដុរ​ដែល​តែងតែ​ប្រើ​ល្បិចកល​ធ្វើ​បាប​គ្នា​ទៅវិញ​ទៅមក។ រូបថត សហការី

ឆ្មា និង​កណ្ដុរ​វគ្គ​ទី ៩: ជា​គោលការណ៍​ត្រូវ​បញ្ចៀស​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ឲ្យ​បាន

«​បើ​ CPP ​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​សង្គ្រាម​នឹង​អាច​កើត​មាន​ឡើង​!» នេះ​គឺជា​ការ​គំរាម​តាម​ពាក្យ​សម្តី​ជា​រឿយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង​ CNRP ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​គឺ​ប្រៀប​ដូច​គ្នា​ទៅ​នឹង​ល្បែង​តុក្កតា ឆ្មា និង​កណ្តុរ​ (Tom & Jerry) ដែល​តែងតែ​ដាក់​អន្ទាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ជួន​កាល​ក៏​ត្រូវ​គ្នា​យក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​!» គឺជា​ឃ្លា​ដែល​ឆ្មា​តែងតែ​ឌឺ​ដង​ចំ​អក​លេង​ជាមួយ​នឹង​កណ្តុរ​នៅពេល​ណា​ត្រូវ​រ៉ូវ​គ្នា​ល្អូកល្អិន​ថា​កុំ​ធ្វើ​បាប​ឆ្មា​អី​ហើយ​ឆ្មា​ស្អប់​ណាស់​អំពើ​សងសឹក​គ្នា​តាម​រយៈ​សារ​នេះ​ព្រោះ​មាន​ប្រវត្តិ​ដ៏​ជូរចត់​របស់​ខ្មែរ​កើតឡើង​រួច​មក​ហើយ​តែ​កណ្តុរ​មិន​សន្យា​ និង​ឆ្លើយឆ្លង​លើ​សារ​នេះ​ទេ​បាន​ត្រឹម​ញឹមៗ​។ រីឯ ​វប្បធម៌​លាប​ពណ៌​គ្នា​ក៏​សញ្ញា​មួយ​របស់​ក្រុម​ថ្នាក់​ក្រោម​ទាំង​ក្រុម​ឆ្មា ទាំង​ក្រុម​កណ្តុរ​ខ្លះ​ដែល​តែងតែ​អេចអូច​គ្នា​ដើម្បី​យក​មុខមាត់​ចង់​ឡើង​ធ្វើ​ធំ​ក៏​ចេះ​តែ​លាប​ពណ៌​គ្នា​ថា​អ្នក​នេះ​បក្ស​ខាង​កណ្តុរ​អ្នក​នោះ​បក្ស​ខាង​ឆ្មា​ទៅ​យូរៗ​ដាក់​គ្នា​មួយ​ប្រាវ​ទៅ​។

យ៉ាង​ណា​មិញ​ ក្រុម​កណ្តុរ​ខ្លះ​ដែល​ញាំញី​ទៅ​ដោយ​បញ្ហា​ផ្ទាល់​ខ្លួន​នៅ​តែ​មាន​ជំនឿ​ជាក់​ថា​ចាំ​មើល​​តែ​ស្រុក​ស្រួល​បួល​ទៅ​ដឹង​គ្នា​ហើយ​។ សារ​ទាំងអស់​នេះ​សុទ្ធតែ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ហាក់​បី​ដូចជា​ឈើ​គូស​មួយ​ដើម​រង់ចាំ​តែ​គេ​គូស​ចេញ​ជា​អណ្តាត​ភ្លើង​ន្អាល​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​រីករាល​ដាល​ភ្លាម។ នៅ​ប្រទេស​អេហ្ស៊ីប​អំពើ​ហិង្សា​ចាំ​តែ​កើត​មាន​ឡើង​តែ​មួយ​ប៉ប្រិច​ភ្នែក​ទេ​ដោយសារ​តែ​ការ​ដុត​ខ្លួន​របស់​យុវជន​អ្នក​លក់ដូរ​នៅ​តាម​ចិញ្ចើម​ថ្នល់​ម្នាក់​ដែល​បាន​ទទួល​​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​។

ផ្អែក​តាម​បទពិសោធ​អំពើ​ហិង្សា​ឃោរឃៅ​ថ្មីៗ​នៅ​ប្រទេស​អេហ្ស៊ីប​នេះ​តើ​ឆ្មា និង​កណ្តុរ​មាន​កាតព្វកិច្ច​អ្វី​ខ្លះ​ដើម្បី​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ (R2P-The Responsibility to Protect)?

ក្រៅ​តែ​ពី​​សារ​ដែល​បង្កប់​ទៅ​ដោយ​ការ​ដុត​កម្តៅ​អំពើ​ហិង្សា​សព្វ​ថ្ងៃ​ក៏​មាន​បញ្ហា​ហិង្សា​ជាក់ស្តែង​ដែល​កំពុង​តែ​បង្កប់​ទៅ​ដោយ​កំហឹង​កំពុង​តែ​រង់ចាំ​តែ​ផ្ទុះ​ឡើង​ឲ្យ​តែ​មាន​ការ​អ្វី​មួយ​កើតឡើង​ជា​​លេស​ហើយ​គំនុំ​វណ្ណៈ​ហាក់​ចេះ​តែ​រីក​ធំ​ទៅៗ​ដែរ​។ តាំង​​សកម្មភាព​កើតឡើង​តូចៗ​សោះ​ដែល​អាច​ដោះស្រាយ​បាន​ក៏​នាំ​គ្នា​សន្សំ​ដូចជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន និង​ម៉ូតូ​ឲ្យ​តែ​ប៉ះ​គ្នា​មួយ​ភ្លែត​គឺ​នាំ​គ្នា​មក​រោម​ឡាន​ជុំ​កាក់​ចាំ​វ៉ៃ​ ឬ​ក៏​យក​ទ្រព្យ​សម្បត្តិ​ម្ចាស់​ឡាន​ភ្លាម។

នេះ​ក៏​មក​តែ​ពី​អ្នក​​បើក​ឡាន​​ភាគច្រើន​ឲ្យ​តែ​បុក​គេ​បើក​រត់​បាត់​ហ្នឹង​ហើយ​សុទ្ធ​តែ​ជា​កំហឹង​​រង់ចាំ​តែ​ម្តង​ហើយ​មាន​បញ្ហា​​ជាច្រើន​ទៀត​បាន​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ដែល​ធ្វើឲ្យ​មាន​គម្លាត​កាន់តែ​ធំ​ទៅ​រវាង​អ្នក​ធំ និង​អ្នក​តូច​ អ្នក​មាន និង​អ្នក​ក្រ ដូចជា អំពើ​ពុករលួយ អំពើ​បក្ខ​ពួកនិយម និង​គ្រួសារ​និយម​​ចង​គ្នា​ភ្ជាប់​សាច់សា​លោហិត​ជា​ច្រវាក់​ពី​មួយ​​ទៅ​មួយ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​មក​លើ​ពលរដ្ឋ​ស្លូត​ត្រង់​​ដោយសារ​ការ​បណ្តេញ​ចេញ​ទំនាស់​ដីធ្លី ការ​ទន្ទ្រាន​យក​​ដី និង​ព្រៃ​កើត​មាន​ឡើង​រាល់​ថ្ងៃ​ដែល​រួម​មាន​ទាំង​ការ​បាញ់​សម្លាប់​ផង​ដែរ​។

ករណី​បន្តិច​ម្តងៗ​នេះ​ហើយ​ដែល​ធ្វើ​កម្ពុជា​​ប្រឈម​ទៅ​នឹង​ការ​កកើត​ឡើង​នូវ​អំពើ​ហិង្សា​ធំៗ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​បាន​ដូចជា​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ (Mass Atrocity) ក្នុង​របប​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​ជាតិ​សាសន៍​ឯង​ជាង​ ២ ​លាន​នាក់ និង​គ្រួសារ​បាក់បែក​គ្នា​ព្រាត់ប្រាស​គ្នា​ក្នុង​អំឡុង​ឆ្នាំ​ ១៩៧៥ ​ដល់​ឆ្នាំ ​១៩៧៩ ​។ នេះ​មកពី​គំនុំ​វណ្ណៈ​រវាង​ខ្មែរ ​និង​ខ្មែរ​អ្នក​ធំ​ និង​​អ្នក​មាន​មើល​ងាយ និង​ធ្វើ​បាប​​អ្នក​ក្រ​ដែល​កាល​នោះ​មិន​មាន​អ្វី​​ជា​គោលការណ៍​ក្នុង​ការ​ទប់ស្កាត់​កំហឹង និង​អំពើ​ឃោរឃៅ​ដែល​កើត​មាន​ឡើង​បាន​ទេ​។ សោក​នាដកម្ម​ដ៏​ជូរចត់​នេះ​នៅ​វិលវល់​មិន​​ទៅ​ណា​ឆ្ងាយ​ក្នុង​បេះដូង​របស់​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នៅ​ឡើយ​ទេ​គឺ​រង់ចាំ​ឈើ​គូស​ ១ ​ដើម​ប៉ុណ្ណោះ​ងាយស្រួល​នឹង​ឆេះ​ណាស់​។

រីឯ​ អ្នក​ដឹកនាំ​ខ្មែរ​តាំងពី​ដើម​មក​តែងតែ​មាន​មោទនភាព​ថា​ខ្លួនឯង​ខ្លាំង ខ្លួនឯង​ពូកែ​អស្ចារ្យ​ជាង​គេ​មាន​តែ​របប​ខ្លួន​ទេ​ដែល​រីក​ចម្រើន​សម្បូរ​សប្បាយ​ជាង​គេ​រួម​ទាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ក៏​តែងតែ​លើក​ពី​គុណូបការៈ​ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រហម​ដោយ​ជោគជ័យ​ហើយ​លោក ហ៊ុន សែន ថែម​ទាំង​អះអាង និង​ប្តេជ្ញា​ចិត្ត​ថា​ ទប់ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហម​កើត​មាន​ឡើង​សាជា​ថ្មី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ និង​ទទួល​យក​គោលការណ៍​របស់​ R2P របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០០៥ ចំពោះ​មុខ​សន្និសីទ​អន្តរជាតិ​លើក​ទី​ ១០ ​ស្តី​អំពី​ដំណើរការ​វិវត្ត​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នៃ​កាតព្វកិច្ច​ដើម្បី​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ​លើ​មនុស្ស​ជាតិ (R2P) ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ឆ្នាំ​ទៅ​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ប្រធាន​បទ​៖ «​កម្ពុជា​ទទួល​យក​តួនាទី​នាំ​មុខ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាស៊ាន​»​។

ប៉ុន្តែ​ការពិត​ទៅ​ការ​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​កាតព្វកិច្ច​ដើម្បី​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ (R2P) ​របស់​កម្ពុជា​មិន​​ដឹង​ថា​បាន​កម្រិត​ណា​នោះ​ទេ​។ ដូច​ករណី​ជាក់ស្តែង​ល្បែង​អន្ទាក់​ឆ្មា និង​កណ្តុរ​បាន​បន្ត​កាលពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ​ក៏​បាន​ផ្ទុះ​ចេញ​នូវ​អំពើ​ហិង្សា​វ៉ៃតប់​ក្រុម​កណ្តុរ​ ២ ​នាក់​ឲ្យ​រងរបួស​ធ្ងន់​ដេក​ពេទ្យ​រីឯ​ឆ្មា​អះអាង​ថា​មកពី​កណ្តុរ​ដាក់​អន្ទាក់​មុន​ដោយ​​មាន​បាតុកម្ម​នៅ​ទីក្រុង​ញូវយ៉ក និង​ទីក្រុង​ប៉ារីស​បាន​ជា​​មាន​បាតុកម្ម​កើត​ឡើង​នៅ​ភ្នំពេញ​ឈាន​​ដល់​អំពើ​ហិង្សា​កើត​មាន​ឡើង និង​ដក​តំណែង​ដៃគូ​កណ្តុរ​ពី​អនុប្រធាន​សភា​ទី​ ១ ​​បាន​ដូច​ចិត្ត​ផង​ដែរ​។

ចំណែក​កណ្តុរ​ខឹង​ច្រឡោត​តោត​តូង​វាយប្រហារ​តាម​ពាក្យ​សម្តី​មក​ឆ្មា​វិញ​ថា​ដូច​ហ្វាស៊ីស​តែ​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ជន​ល្មើស​ ៣ ​នាក់​ដែល​​វាយប្រហារ​ក្រុម​កណ្តុរ​ចេញ​មក​សារភាព​រួច​ហើយ​កណ្តុរ​ក៏​បាន​សុំទោស​ទៅ​ឆ្មា​ទៅ​លើ​ការ​ប្រើ​ពាក្យ​ថា​ «​ហ្វាស៊ីស​» រីឯ​ដៃគូ​ឆ្មា​ក៏​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ត្រូវ​រក្សា​សុវត្ថិភាព​ជូន​ក្រុម​កណ្តុរ​ដើម្បី​អន្ទង​ឲ្យ​ក្រុម​កណ្តុរ​ចូលរួម​ប្រជុំ​នៅ​សភា​វិញ​ដើម្បី​រក្សា​វប្បធម៌​សន្ទនា​បន្ត​ទៀត​។ ចំណែកឯ​ក្រុម​កណ្តុរ​ដែល​ដេក​ពេទ្យ​នោះ​ទាមទារ​មួយ​កម្រិត​ទៀត​ថា​ឲ្យ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នោះ​។

ការ​ដែល​​ដាក់​អន្ទាក់​គ្នា​រវាង​ឆ្មា និង​កណ្តុរ​ឈាន​ដល់​អំពើ​ហិង្សា​បែប​នេះ​វា​ទៅ​ជា​គំនុំ​រង់ចាំ​សងសឹក​គ្នា​ទៅ​វិញ​តែ​ល្បែង​នេះ​ក្រុម​កណ្តុរ​រងរបួស​តែ​អាច​ចំណេញ​នយោបាយ​ពី​ឆ្មា​ទៅ​វិញ​ព្រោះ​ទាំង​ឆ្មា​ទាំង​កណ្តុរ​យល់​ស្រប​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​​ហើយ​ផ្ទុះ​ចេញ​អំពើ​ហិង្សា​នយោបាយ​បែប​នេះ​ជះឥទ្ធិពល​អាក្រក់​ទាំង​ក្នុង​ស្រុក និង​​ក្រៅ​ស្រុក​ជាពិសេស​នៅក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​វិនិយោគទុន​ធំៗ​មាន​​ការ​​ភ័យខ្លាច​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​ព្រោះ​គេ​យល់​ថា​ដល់​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ម៉េច​ត្រូវ​គេ​វ៉ៃ​អ៊ីចឹង​ចុះ​ទម្រាំ​ពួកគេ​ជា​អ្នក​វិនិយោគទុន​វិញ​នោះ​ទៅ​ជា​យ៉ាង​ណា​?

ជា​ទូទៅ​មើល​ទៅ​ក្រសែ​ភ្នែក​របស់​ឆ្មា និង​កណ្តុរ​ហាក់​បី​ដូច​គឺ​ត្រៀម​ខ្លួន​គិតគូរ​រឿង​ការ​បោះឆ្នោត​សកល​ឆ្នាំ​ ២០១៨ ​អ៊ីចឹង​ហើយ​បាន​​ជា​ខិតខំ​ប្រយុទ្ធ​ដាក់​អន្ទាក់​គ្នា​តាំង​ពី​ពេល​នេះ​ ២០១៥ ទៅ​ហើយ​ព្យាយាម​រក​​លេស​ចោទ​គ្នា​រៀងៗ​ខ្លួន​ដោយ​ឆ្មា​ត្រៀម​ការពារ​ខ្សែ​ក្រវាត់​រីឯ​កណ្តុរ​ត្រឹម​ឡើង​ដណ្តើម​យក​ខ្សែក្រវាត់​ហើយ​ចោទ​គ្នា​ទៅវិញ​ទៅមក​ឆ្មា​ថា​កណ្តុរ​ចុះ​សួរ​សុខទុក្ខ​បន្លំ​ឃោសនា និង​វាយប្រហារ​​ឆ្មា​រីឯ​កណ្តុរ​វិញ​ថា​ឆ្មា​ឲ្យ​តែ​បាន​ក្បាល​មេក្រូ​វ៉ៃប្រហារ​ទាំង​កណ្តុរ​ និង​ដៃ​គូ​កណ្តុរ​ដដែលៗ​បើ​ទោះ​បី​រឿង​កើតឡើង​យូរ​មក​ហើយ​ក៏​លើក​មក​និយាយ​ដែរ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ការ​ដណ្តើម និង​ការពារ​ខ្សែក្រវាត់​ ៥ ​ឆ្នាំ​ម្តង​របស់​ឆ្មា និង​កណ្តុរ​តាម​លទ្ធិប្រជាធិបតេយ្យ​គឺជា​រឿង​ធម្មតា​បើ​កណ្តុរ​ចុះ​សួរ​សុខទុក្ខ​ក្នុង​នាម​តំណាងរាស្ត្រ និង​រិះគន់​គោលនយោបាយ​បាន​ហើយ​កុំ​អាល​ឈាន​ដល់​ឃោសនា​គណបក្ស​នយោបាយ​ព្រោះ​ គ.ជ.ប មិន​ទាន់​អនុញ្ញាត​ឲ្យ​ឃោសនា​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​ទេ​។ រីឯ​ឆ្មា​វិញ​បើ​បាន​ចុះ​សម្ពោធ​សមិទ្ធផល​គឺ​សរសើរ​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​បាន​ហើយ​ជា​ជាង​ដៀមដាម​ឲ្យ​គេ ឬ​ក៏​សារ​គំរាមកំហែង​គេ​ដែល​ជា​កំសួល​មួយ​ដុត​បញ្ឆេះ​បន្ថែម​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​អាច​ឈាន​ដល់​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នោះ​។

ជា​សរុប​មក​វិញ​ល្បែង​នយោបាយ​ឆ្មា និង​កណ្តុរ​នៅ​ស្រុក​ខ្មែរ​លេង​យ៉ាង​ណា​ឲ្យ​រាស្ត្រ​បាន​សុខ​ និង​ផល​ចំណេញ​បាន​ទៅ​ប្រជាពលរដ្ឋ​ជាពិសេស​បន្ត​វប្បធម៌​សន្ទនា​គ្រប់​លំដាប់​ថ្នាក់​ចៀសវាង​នូវ​អំពើ​ហិង្សា​ទាំងឡាយ​ណា​ដែល​អាច​ឈាន​​ដល់​​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ (R2P) ដូច​​ដែល​​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​មុខ​អន្តរជាតិ​ថា​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​សន្ធិ​សញ្ញា​សន្តិភាព​ជា​សកល​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ