បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាត់វិធានការធ្ងន់ៗចំពោះមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធជាមួយនឹងរថយន្តដឹកទំនិញកាត់តដំឡើងទ្រុងបន្ថែម និងតឲ្យវែងជាងរូបរាងដើម ភាសាសាមញ្ញថារថយន្តទ្រុងកែកាលពីសប្តាហ៍មុននេះ ធ្វើឲ្យមន្ត្រីអនុវត្តថ្នាក់ក្រោម ខ្វែងដៃខ្វែងជើងទាំងយប់ទាំងថ្ងៃ រត់ឆ្លេឆ្លា ខ្លាចធ្លាក់បុណ្យស័ក្តិគឺឲ្យតែឃើញឡានដឹកទំនិញធុនធ្ងន់ចាប់ផាក ចាប់កាត់ចោលធ្វើឲ្យដូចដើមវិញ។
គ្រាន់តែរយៈពេលតែ ២ ថ្ងៃសោះ ឃាត់រថយន្តតទ្រុងកែខុសបច្ចេកទេសដើមបានរហូតដល់ទៅជាង ៥០០ គ្រឿង។
តែយុទ្ធនាការនេះបានអនុវត្តច្បាប់លើសទៅដល់រថយន្តកុងតឺន័រធំៗដែលមានលក្ខណៈសឺមីរ៉ឺម៉កមិនបានធ្វើការកែច្នៃសោះដូចរូបរាងដើម ត្រូវទៅនឹងស្តង់ដារអន្តរជាតិទៀតផង។
តែគ្រាន់កុងតឺន័រស្តង់ដារបែបនេះមានលក្ខណៈវែងជាងរថយន្តភ្ជាប់សឺមីរ៉ឺម៉កចែងនៅច្បាប់ចរាចរណ៍ផ្លូវគោកដែលកំណត់មិនឲ្យលើស ១៦ ម៉ែត្រ ពោលគឺលើសកន្ទុយជិត ១ ម៉ែត្រ ធ្វើឲ្យរថយន្តកុងតឺន័រដែលលើសបែបនេះមិនហ៊ានធ្វើចរាចរណ៍តាមផ្លូវជាតិសុខចិត្តទុកនៅកកទំនិញនៅកំពង់ផែព្រះសីហនុ។
បញ្ហានេះធ្វើឲ្យតំណាងសមាគមរោងចក្រកាត់ដេរ (GMAC) បានដាក់សំណើសុំលោកនាយករដ្ឋមន្ត្រី ជួយសម្រួលចំពោះបញ្ហារថយន្តកុងតឺន័រដឹកទំនិញអីវ៉ាន់រោងចក្រចេញចូលមានការគាំងស្ទះ ដោយសារខ្លាចការចាប់ឃាត់ពីមន្ត្រី។
GMAC សំណើសុំឲ្យដំណើរការប្រើរថយន្តកុងតឺន័រស្តង់ដារពីប្រទេសដើមប្រវែងធុងកុងតឺន័រ ៤០ ហ្វីត (១២,១៩ ម៉េត្រ) និង ៤៥ ហ្វីត (១៣,៧១ ម៉ែត្រ) បូកទាំងក្បាលឡានទៀតធ្វើឲ្យលើសក្នុងច្បាប់តែ ៧ តឹកនេះ រហូតដល់ពេលកំណត់ណាមួយឲ្យឈប់ប្រើ ដើម្បីគោលបំណងឲ្យដំណើរការដឹកជញ្ជូនទំនិញរោងចក្រកាត់ដេរ ហើយក៏មិនដឹកលើសទម្ងន់ដែលច្បាប់កំណត់នោះទេ។
តាមពិតទៅរថយន្តតទ្រុងយក្សខុសច្បាប់នេះដឹកលើសចំណុះ ធ្វើឲ្យខូចថ្នល់ បាក់ស្ពាន និងគ្រោះថ្នាក់ចរាចរណ៍ជារឿយៗជាយូរមកហើយ។
ពេលខ្លះរថយន្តតទ្រុងនេះអាងខ្នងគ្រាក់ៗដឹកមិនខ្លាចសមត្ថកិច្ចផងរហូតដល់រដ្ឋាភិបាលសុខចិត្តបិទកន្លែងថ្លឹងរថយន្តរបស់រដ្ឋទៀត ដូចករណីទំនាស់គ្នារវាងរថយន្តតទ្រុង និងសមត្ថកិច្ចនៅកន្លែងថ្លឹងរថយន្តខេត្តព្រៃវែងកាលពីឆ្នាំ ២០១៥ កន្លងមកអ៊ីចឹង តែទើបតែពេលនេះរាជរដ្ឋាភិបាលមានចំណាត់ការលើរថយន្តតទ្រុងនេះ។
តែឥឡូវនេះមកជាប់ដោយទាំងរថយន្តកុងតឺន័រសឺមីរ៉ឺម៉កដែលមានប្រវែងលើសជិត ១ ម៉ែត្រទៅវិញ នេះក៏ដោយសារតែស្តង់ដារ ២ មានលក្ខណៈខុសគ្នា (Double standards) គឺស្តង់ដារអន្តរជាតិ និងច្បាប់ជាតិ តែការឲ្យនិយមន័យខុសគ្នាផងដែររវាងពាក្យ «កុងតឺន័រ» និងពាក្យ «រ៉ឺម៉ក» ហើយនឹងពាក្យថា «សឺមីកុងតឺន័រ» និង «សឺមីរ៉ឺម៉ក» ផងដែរ។
បើតាមស្តង់ដារអន្តរជាតិ (ISO) ពាក្យថា «កុងតឺន័រ» មានន័យជាយាន (ធុង)សម្រាប់ថ្ពក់ជាមួយក្បាលរថយន្តដែលមានប្រវែង ៣ កម្រិតគឺ ៤៥ ហ្វីត (១៣,៧១ ម៉ែត្រ) ៤៨ ហ្វីត(១៤,៦៣ ម៉ែត្រ) និង ៥៣ ហ្វីត (១៦,១៥ ម៉ែត្រ) មិនគិតទាំងក្បាលរថយន្តទេ បើតក្បាលទៀតឡើងដល់ ១៨ ម៉ែត្រ ឬក៏ ១៩ ម៉ែត្រ រីឯ «សឺមីកុងតឺន័រ» គឺវែងបំផុតត្រឹមតែ ៤០ ហ្វីតទេ។ តែនៅក្នុងច្បាប់ចរាចរណ៍ជាតិវិញគឺពាក្យថា «រ៉ឺម៉ក» មានន័យជាយានសម្រាប់ថ្ពក់ជាមួយរថយន្តតែម្តង (ដូចឡានកាម៉ាសសណ្តោងកន្ទុយខាងក្រោយ ១ ទៀត) រីឯពាក្យថា «សឺមីរ៉ឺម៉ក» មានន័យជាយានសម្រាប់ថ្ពក់ជាប់ជាមួយក្បាលរថយន្តសណ្តោង (ដូចឡានកុងតឺន័រ)។
ម្យ៉ាងវិញទៀតរថយន្តប្រភេទកុងតឺន័រតាមបែបស្តង់ដារអន្តរជាតិដែលនាំចូលពីប្រទេសគេគឺមានលក្ខណៈវែងជាងច្បាប់កំណត់ឲ្យនៅក្នុងនិយមន័យសឺមីកុងតឺន័រប្រវែង ១៦ ម៉ែត្រទេ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូនខំលើកបន្តុបដាក់ឲ្យខ្លី តែធ្វើយ៉ាងណាក៏នៅតែលើសបូកគ្នាក្បាលរថយន្តដែលអាចបត់បែនបានស្រួលជាមួយនឹងធុងកុងតឺន័រដដែល ព្រោះមានខ្លះក្បាលឡានប្រភេទច្រមុះវែងផង។ តែមិនមែនន័យថា ក្រុមហ៊ុនកុងតឺន័រកែច្នៃកាត់តទ្រុងដូចរថយន្តតទ្រុងនៅក្នុងស្រុក ដូចនៅស្រុកស្វាយអន្ទរខេត្តព្រៃវែងទៅមើលតាមផ្លូវឃើញតែផ្ទះកាត់តទ្រុងថែមឡើងលើ និងបណ្តោយដែរ។
ជាងនេះទៅទៀត គឺរថយន្តស្តង់ដារនាំចូលនេះគឺគយឲ្យនាំចូលរួចហើយ ក្រសួងដឹកជញ្ជូនក៏ចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ស្របច្បាប់ និងធ្វើឆៀកតាមស្តង់ដាររួចហើយ ដំណើរការរាល់ថ្ងៃមិនដែលមានផលរមាស់អ្វីជាមួយនឹងសមត្ថកិច្ចផងដែរ។
ចុះហេតុអ្វីទើបតែលោកនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍បាននាំគ្នារកឫស រកគល់ ចាប់ឃាត់មិនឲ្យដំណើរការដូច្នេះទៅវិញ? ម៉េចបានជាមិនកំណត់តាំងពីដំបូងមក តាំងពីការនាំចូលមកម្ល៉េះបើដឹងថាប្រវែងវែងជាងហើយ? និងមកទើសអ្វីតែប្រវែង ៧ តឹកមួយកាក់? មួយសេនហ្នឹង? ប្រសិនបើរថយន្តកុងតឺន័រមិនមែនកែច្នៃទេនោះ?
ជាមួយគ្នានោះដែរ ដោយសារតែប្រទេសកម្ពុជាមិនមែនជាអ្នកផលិតរថយន្តកុងតឺន័របែបស្តង់ដារអន្តរជាតិមានកន្លែងចាប់ឡោស៊ីកុំឲ្យរអិលធ្លាក់ធុងកុងតឺន័រចុះក្រោមនេះ អ៊ីចឹងបើខុសត្រូវតែប្រវែងបន្តិចបន្តួចបែបនេះ សមត្ថកិច្ចក៏គួរតែអនុគ្រោះគ្នាបើកបរលើផ្លូវជាតិទៅ។
តែអ្វីដែលសំខាន់សមត្ថកិច្ចត្រូវតែត្រួតពិនិត្យមើលទៅលើទម្ងន់របស់កុងតឺន័រនោះទៅវិញថា តើដឹកលើសចំនួនកំណត់ដែរឬអត់? តើអ្នកបើកបររថយន្តកុងតឺន័រមានតែម្នាក់ឯងទេ? ឬក៏អ្នកបើកបរប្រើប្រាស់គ្រឿងញៀនឬអត់? រីឯម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនត្រូវបង្រៀនអ្នកបើកបរបន្ថែមទៅលើការអប់រំចិត្ត ក្រមសីលធម៌ និងយកមនុស្សចាស់បន្តិចទៅ កុំឲ្យពួកគេបើកបរទៅតាមចិត្តឆេវឆាវរបស់គាត់ចង់បុកនរណាម៉ាសេរីក៏បាន ហើយអាងបើកទ្វាររត់បាត់នោះ។
ជាងនេះទៅទៀតម្ចាស់ក្រុមហ៊ុនត្រូវភ្ជាប់ GPS ដើម្បីពិនិត្យល្បឿនអ្នកបើកទាំងអស់កុំឲ្យលើសល្បឿនកំណត់របស់ច្បាប់។
ក្នុងន័យនេះមិនមែនមានន័យថារថយន្តយកទ្រុងកុងតឺន័រមកដាក់លើឡានដឹកទំនិញធំៗធម្មតាដែលគ្មានកន្លែងចាប់ឡោស៊ីកុំឲ្យធ្លាក់ទ្រុងកុងតឺន័រចុះមកក្រោមខុសស្តង់ដារនោះទេ ដូចករណីធ្លាក់ធុងកុងតឺន័រពីលើរថយន្តដឹកទំនិញកន្លងមកនៅផ្លូវជាតិលេខ ៥ ធុងកុងតឺន័រនោះបានធ្លាក់ពីលើរថយន្តបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដល់អាយុជីវិត។ ហើយករណីនេះឧស្សាហ៍ធ្លាក់ធុងកុងតឺន័រខុសបច្ចេកទេសបែបនេះ នៅពេលឡើងស្ពានព្រះមុនីវង្ស និងស្ពានស្ទឹងមានជ័យជាដើម។
បញ្ហាដឹកធុងកុងតឺន័រខុសបច្ចេកទេសបែបនេះហើយ ដែលសមត្ថកិច្ចត្រូវតែចាប់ផាកឲ្យខាងតែបាន ព្រោះវាងាយនឹងគ្រោះថ្នាក់តាមផ្លូវណាស់។
សរុបមកវិញដំណោះស្រាយដែលធ្វើទៅបានចំពោះមធ្យោបាយដឹកជញ្ជូនបន្ត ក្រៅពីរថយន្តកុងតឺន័រដែលលើសប្រវែងខ្នាតនៅក្នុងច្បាប់នេះគឺមានទី ១) ក្រសួងដឹកជញ្ជូនគួរតែចេញសេចក្តីជូនដំណឹងអនុញ្ញាតឲ្យរថយន្តកុងតឺន័រស្តង់ដារអន្តរជាតិប្រើប្រាស់សិនទៅ ឬក៏អនុញ្ញាតដល់ប្រវែង ១៨ ម៉ែត្រតែម្តងទៅឲ្យដូចរថយន្តសណ្តោងរ៉ឺម៉កក្នុងច្បាប់ចរាចរណ៍តែម្តងទៅ ព្រោះសម័យឥឡូវដូចជាគេលែងប្រើរថយន្តតកន្ទុយរ៉ឺម៉ក ដូចរថយន្តកាម៉ាស់តកន្ទុយសណ្តោង ១ ទៀតហ្នឹងផង និងទី ២) មធ្យោបាយដឹកជញ្ជូនទំនិញតាមរថភ្លើងដែលមាន ២ ខ្សែស្រាប់ភ្នំពេញ-កំពង់សោម និងប៉ោយប៉ែត៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com