Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​យុទ្ធនាការ​រៀបចំ​សណ្ដាប់ធ្នាប់ ​ជា​ផ្គរលាន់​ដាស់​អ្នក​ភ្នំពេញ​?

Content image - Phnom Penh Post
អាជ្ញាធរខណ្ឌដង្កោក្នុងពេលចុះយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នាពេលថ្មីកន្លងទៅនេះ។ រូបថត ហ្វេសប៊ុក

តើ​យុទ្ធនាការ​រៀបចំ​សណ្ដាប់ធ្នាប់ ​ជា​ផ្គរលាន់​ដាស់​អ្នក​ភ្នំពេញ​?

សឹង​តែ​ជាទូទៅ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ទៅ​​ហើយ​ឲ្យ​តែ​បាន​ផ្ទេរ​មក​កាន់​តំណែង​នេះ​គឺ​ភ្លែត​ឡើង​ហាក់​ដូចជា​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​ថា​គាត់​បាន​មក​កាន់​កន្លែង​ថ្មី និង​មាន​របៀប​ធ្វើការ​ប្លែក​ពី​អ្នក​កាន់​មុនៗ​តាមរយៈ​ចាប់​យក​ចំណុច​អាទិភាព​មក​ដោះស្រាយ​។

កាលពី​សព​លោក​ ហុក ឡងឌី ​ឡើង​កាន់​តំណែង​ចៅ​ហ្វាយក្រុង​ភ្នំពេញ មិន​ទាន់​ក្តៅ​គូទ​ផង​ចំណុច​អាទិភាព​របស់​គាត់​គឺ​វ៉ៃ​ចោល​ផ្ទះ​ណា​ដែល​សង់​លយ​ចូល​ផ្លូវ ឧទាហរណ៍​ដូច​នៅ​ផ្ទះ​ ៣ ​ល្វែង​ក្បែរ​សហគ្រាស​ថតរូប​អេសស្ប៉េកា​ជិត​វត្ត​កោះ​ផ្លូវ​ព្រះមុនីវង្ស​ត្រូវ​លោក​ ហុក ឡងឌី បញ្ជា​ឲ្យ​វ៉ៃ​ចោល​ខ្ទេច​ត្រង់​កន្លែង​ដែល​លៀន​ចេញ​មក​នោះ​ហើយ​​ឲ្យ​ម្ចាស់​ផ្ទះ​ចេញ​ថ្លៃ​ទៅ​ជាង​ទៅ​។ បន្ទាប់​មក​លោក ជា សុផារ៉ា វិញ បាន​ដូរ​ស្ទីល​ដោយ​យក​ការ​ធ្វើ​លូ​នៅ​រដូវវស្សា​ និង​ធ្វើ​សួនច្បារ​សាធារណៈ​ជា​អាទិភាព​។

លុះ​ចូល​មក​ដល់​សម័យកាល​លោក កែប ជុតិមា ចំណាត់ការ​ជា​អាទិភាព​របស់​គាត់​គឺ​បោសសម្អាត​អាចម៍​ឆ្កែ​តាម​សួនច្បារ​សាធារណៈ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ហូប​សាច់​ឆ្កែ​អនាថា​តាម​ផ្លូវ​ផង​ដែរ​។ ចំណែកឯ​លោក ប៉ា សុជាតិវង្ស ​វិញ​គ្រាន់​តែ​ឮល្ហិច​ល្ហៀងៗ​ថា​ឈ្មោះ​លោក​​នឹង​មក​ជំនួស​លោក ជុតិមា ភ្លាម​គាត់​ឆ្លេឆ្លា​ម្ដង​ទៅ​បាយាប​បន្តិច​ម្ដង​ទៅ​បឹងទំពុន​បន្តិច​ដើម្បី​រក​កន្លែង​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​កុំ​ឲ្យ​លិច​ទៀត​ព្រោះ​អ្នក​ភ្នំពេញ​តែងតែ​រអ៊ូរទាំ​រឿង​ក្រោយ​ភ្លៀង​លិច​ទឹក​រយៈពេល​យូរ​នោះ តែ​ក្រោយ​មក​ទឹក​នៅ​តែ​លិច​ក្រុង​ក្រោយ​ពេល​ភ្លៀង​ដដែល​។

ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​ទំនង​ជា​កុំ​ឲ្យ​គេ​ថា​អន់​ជាង​អភិបាល​រាជធានី​មុនៗ​ឬ​យក​ស្ទីល​តាម​គ្នា​ដដែលៗ​លោក ឃួង ស្រេង ដែល​ទើប​បាន​ត្រា​អភិបាល​រាជធានី​ថ្មី​ក៏​ចាប់ផ្ដើម​ផ្ដោត​ចក្ខុវិស័យ​មុន​គេ​លើ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដោយសារ​តែ​ការ​​ចត​យានយន្ត​លើ​ផ្លូវ ការ​សង់​លយ​ចូល​ផ្លូវ និង​លក់​អីវ៉ាន់​នៅ​​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​មុខ​ផ្ទះ​ពលរដ្ឋ​។ ​អ៊ីចឹង​ហើយ​ចំណុច​អាទិភាព​ចម្បង​របស់​លោក​គឺ​ចាត់​វិធានការ​បោស​សម្អាត​បញ្ហា​អត់​សណ្តាប់ធ្នាប់​ទាំង​នេះ​ដើម្បី​រំលេច​ស្នាដៃ​ដែល​ទើប​ឡើង​តំណែង​ថ្មី​ឲ្យ​គេ​ស្គាល់​តាមរយៈ​ដាក់​បញ្ជា​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​ ១២ ​ចាត់​វិធានការ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើម​ថ្នល់​។

តាមពិត​ទៅ​យុទ្ធនាការ​នេះ​ហាក់​ដូចជា​មិនមែន​ថ្មី​ទេ​ពោល​គឺ​ដូច​តែ​លោក​អភិបាល​មុនៗ​ដែរ​ដោយ​ម្នាក់ៗ​ សុទ្ធ​តែ​ចង់​តែ​ធ្វើ​មិន​បាន​ដោយសារ​កិច្ចការ​នេះ​ប្រៀប​ដូច​វែក​ចក​ក្នុង​ទឹក​អ៊ីចឹង​គឺ​ទៅ​មុខ​មិន​រួច​ទេ ព្រោះ​គ្មាន​យុទ្ធសាស្ត្រ​ជាក់លាក់​គួបផ្សំ​នឹង​កំសួល​នៃ​និន្នាការ​ ឬ​វប្បធម៌​អន្តរាគមន៍​មិន​ទាន់​សាប​រលាប​គាប់​ជួន​នឹង​រាជរដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​បរិបទ​យក​ចិត្ត​ពលរដ្ឋ​ដើម្បី​សន្សំ​សន្លឹក​ឆ្នោត​ផង​នោះ​អីចឹង​ទៅ​ល្មមៗ​អាច​ជា​ការ​ធ្វើ​គ ធ្វើ​ថ្លង់​ខ្លះ​ទៅ ចង់​នរណា​ត្អូញត្អែរ​​អី​ក៏​ត្អូញ​ទៅ​មាន​តែ​បណ្តោយៗ​តៗ​គ្នា ហើយ​ពេល​ឃើញ​បញ្ហា​គរ​ដូច​ភ្នំ​ទើប​ដោះស្រាយ​ម្តង​។

ជាក់ស្តែង​តាំងពី​ភាព​រញ៉េរញ៉ៃ​ពី​បោះឆ្នោត​ឆ្នាំ​ ២០១៣ មក​ទល់​បច្ចុប្បន្ន​នេះ​គឺ​ប៉ូលិស​ចរាចរណ៍​លែង​ខ្វល់​រឿង​ផាក​ពិន័យ​អី​ហើយ ចង់​បើកបរ​បញ្ច្រាស​ទិស​ ឬ​មិន​គោរព​ភ្លើងស្តុប​ ឬ​ក៏​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព ឬ​ក៏​បើក​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់ ចង់​ឈប់​ចត​ទី​ណា​ក៏​បាន ក៏​ប៉ូលិស​មិន​ផាក​ដែរ លើកលែង​តែ​ករណី​បុក​គ្នា​ទេ​។ អ៊ីចឹង​មើល​ទៅ​ចរាចរណ៍​កាន់តែ​រញ៉េរញ៉ៃ​មិន​ដឹង​នរណា​ស្តាប់​នរណា​ទេ រីឯ​ប៉ូលិស​រក​លុយ​ចាយ​ក្រៅ​បាន​ពី​ឡាន​ដឹក​ទំនិញ​សំពីង​សំពោង​ ឬ​ក៏​អ្នក​មាន​លុយ​គេ​ហុច​ឲ្យ​ខ្លះ​ទៅ​។

នៅ​ពេល​ប៉ូលិស​ចរាចរណ៍​រក​លុយ​មិន​សូវ​បាន​អ៊ីចឹង​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ​ទៅ​។ ​បើ​មើល​ទៅ​​កន្លែង​ដែល​មាន​បេនឡាន​តាក់ស៊ី​​គឺ​មាន​ភាព​រញ៉េរញ៉ៃ​ពេញ​ថ្នល់ និង​ស្ពាន​តែ​ម្តង​ដោយ​ពួកគេ​មិន​ចូល​ចាំ​ដឹក​ភ្ញៀវ​ក្នុង​បេន​តែ​ម្តង​នោះ​ទេ​គឺ​ចត​សុទ្ធតែ​ ២ ​ជួរ​នៅ​ផ្លូវ​ហើយ​ជួនកាល​ទៅ​ធ្វើ​ជា​បើក​​ដែរ តែ​ល្បឿន​ដូច​ក្តាម​វារ​អ៊ីចឹង ត្រឹកៗ​នៅ​លើ​ស្ពាន​ច្បារ​អំពៅ និង​ស្ពាន​ជ្រោយ​ចង្វារ អ្នក​បើក​ពី​ក្រោយ​ទើស​ចិត្ត​ណាស់​។ ហេតុអ្វី​បាន​ជា​មិន​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​បេនឡាន​ឈ្នួល​ទៅ​?

បើ​នៅ​ផ្សារ​ដើមគ​វិញ​គឺ​ព្រលប់​មិន​ទាន់​ទេ​បន្លែ​ត្រី​សាច់​យក​ពី​ប្រទេស​វៀតណាម​ផ្ទាល់ៗ​មក​ចែកចាយ​លក់​បន្ត​ពេញ​លើ​ថ្នល់​តែ​ម្តង​។

កន្លង​មក​លោក គួច ចំរើន អតីត​អភិបាល​ខណ្ឌ​ដូនពេញ​ក៏​ធ្លាប់​សាកល្បង​បោសសម្អាត​បង្គោល​ផ្សាយ​ពាណិជ្ជកម្ម​ និង​ហាង​លក់​លយ​ចូល​ចិញ្ចើម​ថ្នល់​​ដែរ តែ​បាន​តែ​ ១ ​អាទិត្យ​ក៏​ស្ងប់​បាត់​ទៅ​វិញ​គឺ​ទៅ​មិន​រួច​ទេ​បាន​តែ​ល្អ​មើល​ ឬ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​។

បើ​ចង់​អនុវត្ត​យុទ្ធនាការ​នេះ​ឲ្យ​បាន​ជោគជ័យ​ទាំង​លោក​អភិបាល​រាជធានី ទាំង​លោក​អភិបាល​ខណ្ឌ​ទាំង​ ១២ ​ទាល់​តែ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ​សិន​ថា តើ​​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ធ្វើ​ដែរ​ឬ​អត់​? បើ​ថ្នាក់​លើ​ខ្លាច​ប៉ះពាល់​សន្លឹក​ឆ្នោត​នៅ​តែ​យក​ចិត្ត​ពលរដ្ឋ​ទេ​​គឺ​មិន​បាច់​ធ្វើ​ទេ​នាំ​ខាត​ពេល​អត់​ប្រយោជន៍​គឺ​នៅ​តែ​ដូច​វែក​ចក​ដដែល​ដេញ​ពី​មុខ​ទៅ​ក្រោយ​​ដេញ​ពី​ក្រោយ​ទៅ​មុខ​។ តែ​បើ​ថ្នាក់​លើ យល់​ឃើញ​ថា​ល្អ​បើក​ភ្លើង​ខៀវ​ឲ្យ​ហើយ​ត្រូវ​តែ​រៀបចំ​យុទ្ធសាស្ត្រ​ជាក់លាក់​ជាមុន​សិន​ដោយ​មាន​ចំណាត់ការ​ម្ដង​មួយៗ​ដោយ​ទុក​ពេល​ឲ្យ​អ្នក​ដែល​ប៉ះពាល់​រក​កន្លែង​សមរម្យ ហើយ​បើ​ធ្វើ​គឺ​ទាំងអស់​គ្នា​កុំ​ឲ្យ​ច្រណែន​គ្នា​ ឬ​ក៏​អន្តរាគមន៍​សែស្រឡាយ​អ្នក​នេះ អ្នក​នោះ​។

បើ​និយាយ​ពី​បេនឡាន​តាក់ស៊ី​គឺ​កំណត់​ឲ្យ​គាត់​ទៅ​កន្លែង​របស់​គាត់​ទៅ​នៅ​ខាង​កើត​ស្ពាន​ច្បារអំពៅ​មាន​បេនឡាន​នៅ​ក្តី​តាកុយ​កន្លែង​ធំ​ទូលាយ​ស្រួល ឲ្យ​ទម្លាក់​អ្នក​ដំណើរ​នៅ​ទី​នោះ​ទៅ​គឺ​លែង​ស្ទះ​ខ្លះ​ហើយ​។

រីឯ​អ្នក​បើកបរ​ធម្មតា​ចំណត​គឺ​សាលា​រាជធានី​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ឯកជន​សង់​អគារ​ក្រោម​ដី​​ និង​លើ​ដី​ទៅ​តាម​ប្លុក​ទីប្រជុំជន​មួយៗ​ទៅ​សម្រាប់​តែ​ទទួល​ចំណត​បង់​តាម​ម៉ោង​ ឬ​ក៏​យក​ប្រចាំ​ថ្ងៃ​ ឬ​ក៏​ខែ​ទៅ​គឺ​អ្នក​មាន​យានយន្ត​គាត់​មិន​ខ្លាច​បង់​ទេ​ព្រោះ​មាន​សុវត្ថិភាព​សម្រាប់​យានយន្ត​គាត់​។

ឧទារណ៍​កន្លែង​​ទទួល​ចំណត​បង់​លុយ​ដូច​នៅ​ទីតាំង​ភ្នំពេញ​សិន​ធើរ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​តាម​ផ្សារ​នានា​គឺ​សុទ្ធ​តែ​ទទួល​ផ្ញើ​បង់លុយ​តែ​នៅ​មិន​គ្រប់គ្រាន់​នោះ​ទេ កន្លែង​ចំណត​បង់​លុយ​នេះ​តម្រូវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​ដោយ​ឲ្យ​មាន​កន្លែង​ច្រើន ហើយ​ផ្សាយ​ពាណិជ្ជកម្ម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ថោក​សមរម្យ​ទៅ​។ ​

បើ​មាន​កន្លែង​ហើយ​អ្នក​បើកបរ​នោះ​មិន​គោរព​ទៀត​គឺ​សមត្ថកិច្ច​ផាក​ទៅ​តាម​ច្បាប់​។ ​ម្យ៉ាង​បញ្ហា​ធំ​ដែល​ពិបាក​ដោះស្រាយ​នោះ​គឺ​ការ​លក់​តាម​ថ្នល់ អាជ្ញាធរ​កំណត់​ឲ្យ​ប៉ុន្មាន​ម៉ែត្រ​ពី​មុខ​ផ្ទះ ឬ​ក៏​ចិញ្ចើម​ផ្លូវ បើ​លើស​គឺ​ចាប់ផ្តើម​ផាក​ឲ្យ​ស្មើភាព​គ្នា​។

យ៉ាង​ណា​​មិញ​ការ​សង់​បន្ថែម​លយ​ចូល​សាច់​ផ្លូវ​ដើរ​ និង​ចិញ្ចើម​ផ្លូវ​នោះ​ក៏​ត្រូវ​រក​ដំណោះស្រាយ​ដែរ​ព្រោះ​វា​ជា​ឫសគល់​នៃ​បញ្ហា​នាំ​​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។

ករណី​នេះ​បើ​លោក​អភិបាល​ថ្មី​អាច​ដោះស្រាយ​បាន​គឺជា​ស្នាដៃ​មួយ​របស់​លោក​ហើយ​​គឺ​ក្នុង​ន័យ​សេដ្ឋកិច្ច​អាច​ចូលរួម​កាត់​បន្ថយ​ការ​ខាតបង់​ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ដែល​សាលា​រាជធានី​បាន​រកឃើញ​កន្លង​មក​ខាត​អស់​ទឹកប្រាក់​ចំនួន​ ៦ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ​។

ជាង​នេះ​ទៅ​ទៀត​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ស្រេ្តស​ និង​ការ​មិន​សប្បាយ​ចិត្ត​របស់​អ្នក​បើកបរ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ផង​ដែរ និយាយ​រួម​ការងារ​នេះ​មិនមែន​គ្រាន់​តែ​ធ្វើ​របៀប​ផ្គរលាន់​ដើម​ឆ្នាំ​ដែល​ដាស់​អារម្មណ៍​ថា​រដូវវស្សា​ចូល​មក​ដល់​ហើយ​នោះ​ទេ តែ​វា​សំដៅ​ដល់​​លទ្ធផល​នៅ​ចុង​រដូវ​ថា​តើ​បាន​ផ្លែផ្កា​ល្អ​ឬ​មួយ​យ៉ាង​ណា​?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment