Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​សារធាតុ​គីមី​ យ៉ាង​ដូចម្តេច​ បើ​គ្មាន​ក្លិន​គ្មាន​ពណ៌​លើ​បន្លែ​?

Content image - Phnom Penh Post
អ្នក​លក់​បន្លែ ផ្លែឈើ នៅ​ផ្សារ​ដើមគ​នៅ​ពេល​យប់​។ រូបថត SAHIBA CHAWDHARY

តើ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​សារធាតុ​គីមី​ យ៉ាង​ដូចម្តេច​ បើ​គ្មាន​ក្លិន​គ្មាន​ពណ៌​លើ​បន្លែ​?

សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​មិន​ដឹង​ថា​ តើ​គួរ​ហូប​បន្លែ​ត្រី​សាច់​ណា ដែល​គ្មាន​ជាតិ​គីមី​នោះ​ទេ តើ​ធ្វើ​ម៉េច​ទើប​គាត់​ដឹង​ថា បន្លែ​ត្រី​សាច់​ដែល​ដាក់​លក់​នោះ​គ្មាន​ជាតិ​គីមី បើ​នៅ​តាម​ផ្សារ​ទូទៅ ឬ​ក៏​ហាង​លក់​មួយ​ចំនួន​ធំ​សុទ្ធ​តែ​ទិញ​បន្លែ​មាន​ជាតិ​គីមី​ដែរ​នោះ​?

ដោយសារ​តែ​សារជាតិ​គីមី​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​កម្ចាត់​សត្វ​ល្អិត​ ឬ​ក៏​ឲ្យ​រុក្ខជាតិ​ឆាប់​ធំ​គឺ​មាន​កិ្លន​ពុល​តែ​ ១ ​ថ្ងៃ ឬ​ក៏​ ២ ​ថ្ងៃ​តែ​ជាតិ​ពុល​ដែល​នៅ​ជាប់​នឹង​បន្លែ​មាន​រយៈពេល​វែង​អាច​ ២ ​សប្តាហ៍ ឬ​ក៏​លើស​ហ្នឹង​ទៀត​។

នៅ​ពេល​ដែល​កសិករ​កាត់​បន្លែ ឬ​ក៏​ផ្លែឈើ​មក​លក់​មុន​កាល​កំណត់​សារជាតិ​គីមី​ដែល​ដាក់​លើ​បន្លែ​ត្រី​សាច់ និង​ចំណី​ខ្លះ​នោះ ឬ​ក៏​ការ​ប្រើ​សារធាតុ​គីមី​ដែល​ប្រើ​ឲ្យ​ទុក​បាន​យូរ​ថ្ងៃ ឬ​ក៏​មាន​សម្រស់​ល្អ​ទាក់​ភ្នែក សុទ្ធ​តែ​ជា​សារធាតុ​ដែល​មាន​ដាក់​នៅ​លើ​ទីផ្សារ​គ្មាន​ក្លិន គ្មាន​ពណ៌ តែ​សុទ្ធ​មាន​កំហាប់​ពុល​ទាំងអស់​គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ​ដូចជា បូរ៉ាក់ (Dried Borax) ​សារធាតុ​ដែល​គេ​ប្រើ​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​។

ក្រៅពី​បន្លែ​ដែល​ផលិត​ក្នុង​ស្រុក​ក៏​មាន​បន្លែ​ផ្លែឈើ​នាំ​ចូល​ផ្ទាល់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេស​ជិត​ខាង​រាល់​រាត្រី​នៅ​ជុំវិញ​ផ្សារ​ដើមគ និង​ផ្សារ​នាគ​មាស​នៅ​រាជធានី​ភ្នំពេញ ឬ​ក៏​ហៅ​កាត់​ថា​ផ្សារ​បន្លែ​រាត្រី សុទ្ធ​តែ​គ្មាន​ប័ណ្ណ​បញ្ជាក់​ពី​មន្ត្រី​បចេ្ចកទេស​កាំកុងត្រូល​ថា​បាន​ពិនិត្យ​បន្លែ ផ្លែឈើ ត្រី​សាច់​ទាំង​នោះ​ថា​គ្មាន​សារធាតុ​គីមី​នោះ​ទេ​។

ទន្ទឹម​គ្នា​នេះ​ដែរ​កាល​ពី​សប្តាហ៍​មុន​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​កុំ​ឲ្យ​ប្រើប្រាស់ ឬ​ក៏​ទិញ​បន្លែ​ដែល​មាន​ជាតិ​គីមី​នៅ​ទីផ្សារ​ទៅ គេ​លែង​លក់​ទៅ​ហើយ​។

សំណួរ​សួរ​ថា តើ​ធ្វើ​ម៉េច​បាន​ប្រជាពលរដ្ឋ​ដឹង​ថា​បន្លែ​ត្រី​សាច់​មាន​ជាតិ​គីមី បើ​វា​គ្មាន​ក្លិន គ្មាន​ពណ៌ និង​គ្មាន​ផ្សែង​ផង​ហ្នឹង​? ម្យ៉ាង​វិញ​ទៀត​បើ​ទោះបី​ជា​ពលរដ្ឋ​ដឹង​ក៏ដោយ ក៏​គាត់​គ្មាន​ជម្រើស​ដែរ​ព្រោះ​គាត់​គ្មាន​លទ្ធភាព​​ទិញ​បន្លែ​ត្រី​សាច់​ដែល​ដាក់​លក់​មាន​សារធាតុ​គីមី​តិចតួច​នៅ​តាម​បណ្តា​ហាង​ដែល​មាន​ស្តង់ដារ​នោះ​ទេ​។

តាមពិត​ទៅ​ដើម្បី​កាត់បន្ថយ ឬ​លុប​បំបាត់​បន្លែ​មាន​ជាតិ​គីមី​នៅ​តាម​ទីផ្សារ ដែល​កំពុង​តែ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​គួរ​តែ​ពង្រឹង​សមត្ថភាព​របស់​សមត្ថកិច្ច​នៅ​តាម​ច្រក​ព្រំដែន​ដែល​ធ្វើ​កិច្ចការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នាំ​ចូល​មាន​ដូចជា មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ឡើយ ចំពោះ​ទំនិញ ឬ​បន្លែ​ផ្លែឈើ​ទាំងឡាយ​ណា​ដែល​ពិនិត្យ​ទៅ​ឃើញ​មាន​ជាតិ​គីមី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​។

រីឯ​មន្ត្រី​កសិកម្ម​ក៏​ដើរ​តួនាទី​ក្នុង​ការ​អប់រំ និង​ផ្សព្វផ្សាយ​ទៅ​លើ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ឲ្យ​បាន​តិចតួច​បំផុត និង​ទៅ​តាម​កាលកំណត់​បរិច្ឆេទ​ពេល​ដែល​ប្រើប្រាស់​ហើយ​រាល់​សម្បក​កំប៉ុង ឬ​ក៏​កញ្ចប់​របស់​ជីគីមី​ និង​សារធាតុ​គីមី ត្រូវ​តែ​ជា​ភាសា​ខ្មែរ​ទាំងអស់​ទៅ​តាម​ច្បាប់​ដែល​មាន​ស្រាប់​ហើយ​អ្នក​លក់​ត្រូវ​តែ​ឲ្យ​ដំបូន្មាន​ពី​របៀប​ប្រើប្រាស់​ទៅ​កសិករ​ទាំងអស់​មុន​នឹង​លក់​ឲ្យ​ពួកគាត់​។

បញ្ហា​នេះ​កន្លង​មក​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មាន​ករណី​ស្លាប់​ជា​ហូរហែ​នូវ​កម្មករ​ស៊ីឈ្នួល​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​រង​បន្លែ និង​ជី​សម្រាប់​ទទួលទាន​ឬ​ក៏​ធ្វើ​ទុក្ខ​ទោស​ដល់​សួត និង​ផ្លូវដង្ហើម​របស់​ពួកគាត់​ផង​ដែរ​ដោយសារ​សារធាតុ​គីមី​ពុល​សម្លាប់​សត្វ​ល្អិត​ទាំង​នោះ​។

ជា​ផលវិបាក​មួយ​ដល់​ប្រជាពលរដ្ឋ​ដោយសារ​តែ​ការ​ទទួលទាន​ផ្លែឈើ បន្លែ ត្រី សាច់ និង​ម្ហូបអាហារ​ដែល​ធ្វើ​មិន​ស្អាត ឬ​ក៏​ធ្វើ​ស្អាត​ហើយ តែ​ជាតិ​គីមី​ពិបាក​នឹង​បំបែក​នោះ​ធ្វើ​ពលរដ្ឋ​មាន​ជំងឺ​មិន​ឆ្លង និង​ជំងឺ​រ៉ាំរ៉ៃ​ចេះ​តែ​កើនឡើង​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រទេស​ដូចជា ជំងឺ​មហារីក ជំងឺ​លើសឈាម ជំងឺ​លើស​ជាតិ​ស្ករ ឬ​ខ្លាញ់ ជំងឺ​ថ្លើម ជំងឺ​បេះដូង ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​សួត ជំងឺ​ទឹកនោមផ្អែម ជាដើម​។

ឧទាហរណ៍​តាមរយៈ​របាយការណ៍​បូក​សរុប​របស់​ក្រសួង​សុខាភិបាល​ប្រចាំ​ឆ្នាំ​ ២០១៦ ​បាន​បង្ហាញ​ថា​និន្នាការ​នៃ​ចំនួន​អ្នក​ជំងឺ​ទឹកនោមផ្អែម​មក​ពិនិត្យ​ជំងឺ​នៅ​តាម​សេវា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​រយៈពេល​តែ​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​កើនឡើង​ជិត​ ២ ​ដង​បើ​ធ្វើការ​ប្រៀបធៀប​ចំនួន​ករណី​អ្នក​ជំងឺ​មក​ពិនិត្យ​ចំនួន​ ៤២ ០០០ នាក់​នៅ​ឆ្នាំ​ ២០១៦ ធៀប​ទៅ​នឹង​ចំនួន ២៤ ០០០ នាក់​នៅ​ឆ្នាំ​ ២០១៤​។

ផ្អែក​លើ​ហេតុផល​ខាង​លើ​នេះ​រាជរដ្ឋាភិបាល​មិន​គួរ​បន្ទោស​ទៅ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បន្លែ​ត្រី​សាច់​នោះ​កុំ​ឲ្យ​ទិញ​ទំនិញ​ដែល​មាន​សារធាតុ​គីមី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រាជរដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​មាន​ស្រាប់​វិញ​ប្រសើរ​ជាង​ដូចជា​សម្រាប់​ការ​អនុវត្ត​ផ្ទៃក្នុង​ប្រទេស​មាន​ស្ថាប័ន​កាំកុងត្រូល បរិស្ថាន សិប្បកម្ម កសិកម្ម និង​សុខាភិបាល​ជាដើម ហើយ​ពិសេស​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​ថ្មីៗ​នេះ​ទើប​តែ​ចាប់​បាន​ទំនិញ​គ្រឿងសម្អាង​ខុស​ច្បាប់​ និង​ក្លែងក្លាយ​ប្រមាណ​ជាង ៨១ តោន​បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ ៧ លាន​ដុល្លារ​។

ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញ ឬ​ក៏​បន្លែ​ត្រី​សាច់ ផ្លែឈើ​ដែល​មាន​សារធាតុ​គីមី ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ ហើយ​មន្ត្រី​ដែល​ទទួល​រង​ថ្មបាក់​គឺ​គ្រូពេទ្យ និង​ក្រសួង​សុខាភិបាល​ដូចជា​ការ​ផលិត​ស្រាស​ផឹក​ពុល​ស្លាប់​ជាដើម​។ តែ​មន្ត្រី​ដែល​រួច​ខ្លួន​គឺ​មន្ត្រី​តាម​ព្រំដែន​មាន​ស្ថាប័ន គយ កាំកុងត្រូល និង​ប៉ូលិស​សេដ្ឋកិច្ច ធ្វើ​ការងារ​ជាន់​គ្នា​ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នាំ​ចូល​តែ​បាន​លទ្ធផល​តិចតួច​ជាង បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​អាស៊ាន​វិញ គេ​គ្មាន​ស្ថាប័ន​កាំកុងត្រូល ឬ​ក៏​ប៉ូលិស​សេដ្ឋកិច្ច​នោះ​ទេ​គឺ​គេ​មាន​តែ​ស្ថាប័ន​គយ​ទេ​។

ជាង​នេះ​ទៅ​ទៀត​បណ្តា​ប្រទេស​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នាំ​ចេញ-នាំចូល​នៅ​អាស៊ាន​គឺ​គេ​ថាំ​ចិត្ត​នៅ​ស្រុក​ខ្មែរ​មាន​ស្ថាប័ន​កាំកុងត្រូល​ណាស់​។ អ៊ីចឹង​ដើម្បី​កុំ​ឲ្យ​គ្នា​ច្រើន​ហើយ​អន្សម​ខ្លោច​ទៀត​គឺ​គួរ​តែ​បំបាត់​ស្ថាប័ន​កាំកុងត្រូល​ហ្នឹង​ចេញ​ទៅ​នៅ​តាម​ព្រំដែន​នោះ​។

តែ​ទោះ​យ៉ាង​ណា​ក៏​មាន​ដំណោះស្រាយ​សម្រាប់​អ្នក​មាន​ធូរធារ​ប្រើ​សារធាតុ​គីមី​មក​បន្សាប​ទៅ​នឹង​សារធាតុ​គីមី​នៅ​លើ​បន្លែ​ត្រី​សាច់​នោះ​ដែរ​មាន​ន័យ​ថា មាន​តែ​យក​ពិស​បន្សាប​ពិស​គឺ​យក​ សូលុយស្យុង​ប៉ូតាស្យូម​ពែរម៉ង់​កាណាត ​យក​មក​ប្រើ​ដោយ​យក​បន្លែ​ដាក់​ត្រាំ​ជាមួយ​សូលុយស្យុង​នេះ​រយៈពេល​ខ្លី​ដើម្បី​បំបែក​សារធាតុ​គីមី​ដែល​នៅ​ជាប់​បន្លែ​បាន​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​។ នេះ​គឺ​អ្វី​ដែល​ជា​បទពិសោធ​ខ្ញុំ​ធ្លាប់​រៀន​អតីត​និស្សិត​បរិញ្ញាបត្រ​គីមីវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាន់​ទី​ ១៤ ​។

ការ​ដែល​ធ្វើ​ដូចនេះ​វា​ល្អ​ហើយ​សម្រាប់​សុខភាព​តែ​អស់​លុយ​ច្រើន មិន​ឆ្លើយតប​ទៅ​នឹង​សុខភាព​ប្រជាពលរដ្ឋ​ទេ​។ ចំពោះ​ហាង​ល្បីៗ និង​សណ្ឋាគារ​លំដាប់​ល្អៗ​គឺ​គេ​កំពុង​ប្រើ​វិធី​នេះ​ ឬ​ក៏​បញ្ជា​ទិញ​បន្លែ​សរីរាង្គ​មក​ផ្គត់ផ្គង់​តែ​ម្តង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment