Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ថវិកា​យេនឌ័រ​គួរ​បែង​ចែក​ទៅ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​បាន​ច្រើន

ស្រ្តី​ខ្មែរ​និង​កូនៗ​ពួក​គេ អង្គុយ​សុំ​ទាន នៅ​តាម​ផ្សារ​នៅ ក្រុង​បាងកក កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ស្រ្តី​ខ្មែរ​និង​កូនៗ​ពួក​គេ អង្គុយ​សុំ​ទាន នៅ​តាម​ផ្សារ​នៅ ក្រុង​បាងកក កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ រូបថត តុង សុប្រាជ្ញ

ថវិកា​យេនឌ័រ​គួរ​បែង​ចែក​ទៅ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​បាន​ច្រើន

យុទ្ធនាការ​បុរស ១៦​ថ្ងៃ លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ ទី១០ ធ្នូ ជា​រៀង​រាល់​ឆ្នាំ ប្រទេស​កម្ពុជា ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​មាន​ទាំង​ក្រសួង​កិច្ចការ​នារី និង​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​សិទ្ធិ​មនុស្ស​ចុះ​បំពាក់​បូ​ពណ៌​ស និង​ផ្សព្វ​ផ្សាយ​ពី​ការ​ទប់​ស្កាត់​រាល់​ទម្រង់​អំពើ​ហិង្សា​ប្រឆំាង​ស្ត្រី និង​កុមារ ដូច​ជា​ការ​វាយ​ដំ​ច្រំ​ធាក់​លើរូ​បរាង​កាយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ការ​ប្រើ​ពាក្យ​សម្តី​ហិង្សា​ដាក់​គ្នា​ហិង្សា​ផ្នែក​សេដ្ឋកិច្ច អំពើ​ជួញ​ដូរ​ស្រ្តី​និង​ផ្លូវ​ភេទ ជាដើម។

បើ​ទោះ​បី​ជា ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សមភាព​យេនឌ័រ មាន​តាំង​ពីការ​ផ្តល់​ភាព​អង់​អាច​ដល់​ស្ត្រី និង​ការ​ទប់​ស្កាត់​រាល់​ការ​រើស​អើង និង​អំពើ​ហិង្សា​ប្រឆំាង​នឹង​ស្ត្រី ដូច​លោក​ស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​អាស៊ី និង​ប៉ាស៊ីហ្វិក​ស្តីពី​ការ​ប្រមើល​មើល​ឡើង​វិញ អំពី​សមភាព​យេនឌ័រ និង​ការ​ផ្តល់​ភាព​អង់​អាច​ដល់​ស្ត្រី​នូវ​រយៈ​ពេល ២០ ឆ្នាំ​ពី ឆ្នាំ​១៩៩៤ នៅ ទីក្រុង​ប៉េកាំង (Beijing+20) បាន​ប្រារព្ធ​នៅ ទីក្រុង​បាងកក កាល​ពី​សប្តាហ៍​មុន​នេះ​ថា ចាប់​តាំង​ពី ឆ្នាំ​១៩៩៤ មក ប្រទេស​កម្ពុជា បាន​ជោគ​ជ័យ​នូវ​សមភាព​យេនឌ័រ​ដូច​ជា សមាជិក​សភា​ជា​ស្ត្រី​កើន​ឡើង​ពី ៥ ភាគរយ មក ២០ ភាគរយ និង​តំណែង​ស្រ្តី​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​តិច​ក៏​មាន​មួយ​រូប​ដែរ អត្រា​ស្លាប់​មាតា​ក៏​មាន​ការ​ធ្លាក់​ចុះ​ដែរ​ពី ៤៧២ នាក់​មក ២០៦ នាក់​ក្នុង​ចំណោម​ទារក​កើត​រស់ ១០ ម៉ឺន​នាក់​អំពើ​ហិង្សា​ប្រឆំាង​នឹង​ស្ត្រី​ក៏​មាន​ការ​ធ្លាក់​ចុះ ពី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៤ នាក់​មក​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៥ នាក់​ដែរ រីឯ​ការ​អប់រំ ការ​រក​ការងារ​ធ្វើ​ក៏​មាន​ការ​កើន​ឡើង​តាម​លំដាប់​លំដោយ​ផង​ដែរ។

ខណៈ​នោះ​ដែរ តំណាង​សង្គម​ស៊ីវិល​ថ្នាក់​អាស៊ី និង​ប៉ាស៊ីហ្វិក​វិញ ក៏​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ​ថា បញ្ហា​ដែល​នៅ​តែ​កើត​មាន​ច្រើន​នៅ​បណ្តា​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​ដូច​គ្នា ដូច​ជា​អំពើ​ហិង្សា​ប្រឆំាង​ស្ត្រី ចំពោះ​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ ការ​ចាប់​រំលោភ​សេព​សន្ថវៈ ការ​ជួញ​ដូរ​ជាដើម។ ពួក​គេ​ក៏​បាន​លើក​ឡើង​ករណី​ដាច់​ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​គឺ​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន និង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ពី​ការ​ច្បាម​យក​ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ដែល​ស្ត្រី​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាង​បុរស​ដោយ​សារ​កង​កម្លាំង​ប្រដាប់​អាវុធ មាន​តាំង​ពី​ការ​វាយ​ដំ​ចាប់​ចង ដាក់​គុក​ជាដើម ឥឡូវ​នេះ ស្ត្រី​សកម្មជន​សហគមន៍​បឹងកក់ និង​សកម្ម​ជន​ដទៃ​ទៀត​ចំនួន ១៧ នាក់​កំពុង​តែ​ជាប់​ឃុំ​នៅ​ឡើយ ដែល​អ្នក​តវ៉ា​ដទៃ​ទៀត កំពុង​ទាម​ទារ​ឲ្យ​ដោះ​លែង ហើយ​ករណី​នេះ គឺ​ហាក់​បី​ដូច​ជា​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​បទ​បង្ហាញ​នៅ​សាល​សនិ្នសីទ។

សំណួរ​សួរ​ថា តើ​ពេល​ដែល​ស្ត្រី​មក​តវ៉ា​រឿង​ដីធ្លី និង​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គាត់ ហើយ​ត្រូវ​សមត្ថកិច្ច​វាយ​ដំ និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​នោះ មាន​មន្ត្រី​ពី​ក្រសួង​កិច្ចការ​នារី​ណា​ខ្លះ​ដែល​ចុះ​មក​សួរ​សុខ​ទុក្ខ​ស្ត្រី​រងគ្រោះ​ទាំង​នោះ​ដែរ​ឬ​ទេ? ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​តំណាង​រាស្ត្រ​ស្ត្រី​បក្ស​ប្រឆាំង​តវ៉ា​ប្រឆាំង​លទ្ធផល​ការ​បោះ​ឆ្នោត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ឃាំង​នៅ​គុក​ព្រៃស​កន្លង​មក​ក៏​មិន​ដែល​ឃើញ​មាន​មន្ត្រី​កិច្ចការ​នារី​ណា​ហ៊ាន​មក​ចុះ​សួរ​សុខ​ទុក្ខ​ដែរ។

នេះ​ហើយ​បង្ហាញ​ពី​ការ​រើស​អើង​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​ស្ត្រី​គ្នា​ឯង​នោះ។ ភ្ជាប់​ជាមួយ​នឹង​បញ្ហា​នេះ ខ្ញុំ​ក៏​បាន​សួរ​លោក​ស្រី​រដ្ឋ​មន្ត្រី នៅ​សនិ្នសីទ​ផង​ដែរ អំពី​បញ្ហា​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី និង​កុមារី ដែល​បច្ចុប្បន្ន​នេះ កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍​ផ្ទាល់​តែ​ម្តង។ តើ​ក្រសួង​កិច្ចការ​នារី អាច​បែង​ចែក​ថវិកា​យេនឌ័រ​ឲ្យ​បាន​ច្រើន​ទៅ​រដ្ឋបាល​មូលដ្ឋាន​គឺ​ថ្នាក់​ស្រុក និង​ឃុំ​វិញ ដែល​មាន​មន្ត្រី​ជា​ជន​បង្គោល​ក្រុម​ការងារ​ជួយ​ស្ត្រី និង​កុមារ ដែល​ពួក​គាត់​ជា​ស្ត្រី​ធ្វើ​ការ​នៅ​សហគមន៍​ស្រាប់ តាម​រយៈ​ការ​ធ្វើ​វិមជ្ឈការ ទៅ​ថ្នាក់​ក្រោម​ជាតិ​បាន​ដែរ​ឬទេ? លោក​ស្រី​រដ្ឋ​មន្ត្រី​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​នោះ គឺជា​កិច្ចការ​របស់​ក្រសួង​មហា​ផ្ទៃ​ទេ។

ចំណុច​កន្លែង​នេះ​ក្រសួង​កិច្ចការ​នារី ហាក់​បី​ដូច​ជា​មិន​ទាន់​ច្បាស់​នូវ​តួនាទី​របស់​ខ្លួន​ឯង​នៅ​ឡើយ​ទេ។ ឧទាហរណ៍ នៅ​ពេល​ដែល​ក្រសួង​ឬ​ក៏​ស្ថាប័ន​ផ្សេងៗ​ជា​អ្នក​ធ្វើ​ដូច​ជា អប់រំ សុខភាព​ការងារ​ឲ្យ​ស្ត្រី​និង​ការ​ចុះ​បង្រ្កាប​ការ​ជួញ​ដូរ​ស្ត្រី និង​កុមារី​ជាដើម តែ​ក្រសួង​កិច្ចការ​នារី​បង្ហាញ​ហាក់​បី​ដូច​ជា​ខ្លួន​ជា​អ្នក​អនុវត្ត​អ៊ីចឹង ធាតុ​ពិត​នោះ​បញ្ហា​នេះ គឺ​ភាគ​ច្រើន​ស្ថាប័ន​នានា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​អ្នក​ធ្វើ​សោះ​ហ្នឹង​ណា។ តែ​នៅ​ពេល​ដែល​សំណើ​អនុវត្ត​កំណែ​ទម្រង់​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​វិមជ្ឈការ និង​វិសហម្ឈការ (D&D) ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​សហគមន៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ បែរ​ទៅ​ជា​ក្រសួង​កិច្ចការ​នារី​គិត​ថា រដ្ឋបាល​មូលដ្ឋាន​ជា​របស់​ក្រសួង​មហា​ផ្ទៃ​ទៅ​វិញ។ តាម​ពិត​ទៅ​ក្រសួង​មហាផ្ទៃ គ្រាន់​តែ​ជា​សមាសធាតុ​មួយ​ក្នុង​ចំណោម​សមាសធាតុ​ទាំង ៦ របស់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៃ​ស្ថាប័ន គ.ជ.អ.ប ទេ។ យ៉ាង​ណា​មិញ​ក្រសួង​កិច្ចការ​នារី​ក៏​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ​តាម​រយៈ​ការ​បញ្ជ្រាប​យេនឌ័រ និង​ការ​ផ្តល់​ភាព​អង់​អាច​ដល់​ស្ត្រី​ដែល​ជា​បញ្ហា​អន្តរ​វិស័យ (Cross-cutting)។

ក្រសួង​ទាំង​នេះ​សុទ្ធ​តែ​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​មាន​សមភាព​យេឌ័រ​ដូច​គ្នា មិន​គួរ​ប្រកាន់​បែង​ចែក​គ្នា​ថា ជា​របស់​ស្ថាប័ន​ណា​មួយ​នោះ​ទេ គឺ​ត្រូវ​តែ​សហការ​គ្នា រក​ដំណោះ​ស្រាយ​ជូន​ស្រ្តី និង​កុមារ តាម​រយៈ​ការ​ផ្ទេរ​ថវិកា​យេនឌ័រ​មក​រដ្ឋបាល​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ផ្ទាល់ ព្រោះ​កន្លង​មក​ស្ថាប័ន​ទាំង ២ នេះ​កំពុង​តែ​ខិតខំ​ប្រឹង​ប្រែង​ផ្តល់​អំណាច​ដល់​ស្ត្រី និង​ផ្ទេរ​មុខ​ងារ​ស្ត្រី និង​កុមារ​ដល់​ស្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ទៀត​ផង តែ​បើ​ថវិកា​យេនឌ័រ​មិន​បាន​ផ្ទេរ​ទៅ​ឲ្យ​ពួក​គាត់​ថ្នាក់​ក្រោម​ជាតិ​ផង​ថា តើ​ឲ្យ​ពួក​គាត់​អនុវត្ត​អ្វី បើ​ផ្ទេរ​បាន​តែ​តំណែង និង​មុខ​ងារ​ជួយ​ស្ត្រី និង​កុមារ តែ​អត់​មាន​ថវិកា​យេនឌ័រ​គ្រប់​គ្រាន់​ផង​នោះ?

ករណី​នេះ លោក​ស្រី MeherAfroze រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​នៃ​ប្រទេស​បង់ក្លាដែស ក៏​បាន​ចែក​រំលែក​បទ​ពិសោធ​ពី​ការ​អភិវឌ្ឍ​សមភាព​យេនឌ័រ​នៅ​ប្រទេស​របស់​លោក​ស្រី​នៅ​សនិ្នសីទ Beijing+20 ផង​ដែរ។ លោក​ស្រី​បាន​ថ្លែង​ថា ថវិកា​យេនឌ័រ​សម្រាប់​អភិវឌ្ឍ​សមភាព​យេនឌ័រ​គឺ​មាន​ច្រើន​គ្រប់​គ្រាន់​ក្នុង​មួយ​ឆ្នាំៗ គឺ​ការ​បែង​ចែក​ទៅ​តាម​ក្រសួង​ពាក់​ព័ន្ធ​នានា និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​អ្នក​អនុវត្ត។ នៅ​ពេល​សម្រាក​ពី​ប្រជុំ ខ្ញុំ​ក៏​បាន​សម្ភាស​លោក​ស្រី​រដ្ឋ​មន្ត្រី​ផ្ទាល់​បន្ថែម​ទៀត​ថា តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​បាន​ជា​ក្រសួង​លោក​ស្រី មាន​ថវិកា​គ្រប់​គ្រាន់​នោះ? លោក​ស្រី​រដ្ឋ​មន្ត្រី​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រសួង​លោក​ស្រី​មិន​មែន​ជា​ស្ថាប័ន​អនុវត្ត​សមភាព​យេនឌ័រ តែ​ជា​ភ្នាក់ងារ​ធ្វើ​ផែនការ​អនុវត្ត​យេនឌ័រ និង​ថវិកា​យេនឌ័រ​ទៅ​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​ជា​ស្ថាប័ន​អនុវត្ត ជា​ពិសេស​ថវិកា​ភាគ​ច្រើន​គឺ​ផ្តល់​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​អ្នក​អនុវត្ត។

លោក​ស្រី​បន្ត​ទៀត​ថា ក្រសួង​គាត់​មិន​ដឹង​ថា មាន​ថវិកា​ជាតិ​ចំណាយ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ថវិកា​ទាំង​នោះ គឺ​សាមី​ក្រសួង និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​អនុវត្ត ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ដែល​ថវិកា​យេនឌ័រ​មាន​ច្រើន ដោយ​សារ​តែ​នាយក​រដ្ឋ​មន្ត្រី​និង​រដ្ឋ​មន្ត្រី​ក្រសួង​សំខាន់​របស់ ប្រទេស​បង់ក្លាដែស គឺជា​ស្រ្តី។

នេះ​ជា​ករណី​សិក្សា​មួយ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រសួង​កិច្ចការ​នារី​នៅ​ស្រុក​ខ្មែរ ដែល​គួរ​តែ​គិត​គូរ​បញ្ហា​ថវិកា​យេនឌ័រ​បន្ថែម​ទៀត ក្នុង​ការ​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ មក​ទល់​ពេល​នេះ ក្រសួង​កិច្ចការ​នារី ដែល​មាន​ម្ចាស់​ជំនួយ​ទាំង​ថវិកា និង​បច្ចេក​ទេស​ផង ក្រសួង​បាន​ចូល​រួម​ចង​ក្រង​ច្បាប់​និង​ឯកសារ​ទាក់​ទង​ទៅ​នឹង​ទិន្នន័យ​ស្រាវ​ជ្រាវ​គោល​នយោបាយ និង​សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ ហើយ​ក្រសួង​ក៏​បាន​ថ្លែង​ពី​យុទ្ធសាស្ត្រ​ថ្មី ៣ ចំណុច​ទៀត​បន្ទាប់​ពី Beijing+20 នេះ គឺ​អន្តរាគមន៍​ជា​បឋម ការ​ផ្តល់​សេវា​ជួយ​ជន​រងគ្រោះ និង​រៀបចំ​ប្រព័ន្ធ​តាម​ដាន និង​វាយ​តម្លៃ។ តែ​កិច្ចការ​ទាំង​អស់​នេះ គឺ​ហាក់​បី​ដូច​ជា​គ្រប់​គ្រាន់​ហើយ សុទ្ធ​តែ​ជា​ទ្រឹស្តី​នៅ​លើ​ក្រដាស ដែល​ជា​ហេតុ​ធ្វើ​ក្រសួង​ហិរញ្ញវត្ថុ និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី រារែក​មិន​ចង់​ដំឡើង​ខ្ទង់​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​ជូន​ក្រសួង​កិច្ចការ​នារី ដែល​នៅ​ក្រិន​ប្រហែល​ជា ៩ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ សម្រាប់ ឆ្នាំ​២០១៥ ព្រោះ​កិច្ចការ​ទាំង​នេះ ត្រូវ​បាន​គេ​មើល​មិន​ឃើញ​សកម្មភាព​អន្តរាគមន៍​ជាក់​ស្តែង​ដែល​កើត​មាន​ឡើង។

រីឯ​តំណាង​រាស្ត្រ​ជា​ស្ត្រី​នៅ​សភាជាតិ​កន្លង​មក ក៏​មិន​បាន​ខិត​ខំ​ខ្នះ​ខ្នែង​តវ៉ា​នៅ​សភា​ដើម្បី​ដំឡើង​ខ្ទង់​ចំណាយ​ទៅ​លើ​វិស័យ​កិច្ចការ​នារី​ផង​ដែរ គឺ​បាន​ត្រឹម​តែ​លើក​ដៃ​អនុម័ត​តាម​គោល​ការណ៍​របស់​គណបក្ស​នយោបាយ​នីមួយៗ​ដដែល​ជា​ជាង​អភិវឌ្ឍ​សមភាព​យេនឌ័រ។

ជាក់​ស្តែង​បើ​ទោះ​បី​ជា​សង្គ្រាម​រ៉ាំរ៉ៃ​បាន​បញ្ចប់ ហើយ​ទិន្នន័យ​ក៏​ឃើញ​មាន​ការ​ប្រែ​ប្រួល​ខ្លះ​ដែរ ទាក់​ទង​ទៅ​នឹង​បញ្ហា​សមភាព​យេនឌ័រ​ក៏​ដោយ តែ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ធំ មើល​ទៅ​ហាក់​បី​ដូច​ជា​វេទនា​អាណោច​អាធ័ម​ណាស់​ត្រូវ​ទទួល​រង​អំពើ​ហិង្សា​ពី​បុរស ឬ​ក៏​បុរស​មាន​ស្រី​ស្នេហ៍​ថ្មី​ចាក​ចោល​ប្រពន្ធ​កូន​ទៅ​បាត់​ពី​ផ្ទះ​ទៅ។ ស្ត្រី​ខ្លះ​នៅ​ពេល​អ្វីៗ​អស់​ដូច​ជា ដី​ស្រែ ផ្ទះ​សម្បែង​គឺ​ដាច់​ចិត្ត​ចាក​ចោល​ភូមិ​ករ ទៅ​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ក្រីក្រ​តោកយាក ដើរ​សុំទាន​នៅ​ប្រទេស​ថៃ។ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ធ្វើ​ជា​មិន​ឃើញ​អ្នក​សុំទាន​នៅ ទីក្រុង​បាងកក នោះ​គឺ​មិន​ដឹង​ទេ តែ​បើ​ធ្វើ​ជា​ឃើញ​វិញ​គឺ​សួរ​ទៅ​មិន​ខុស​ទេ​ភាគ​ច្រើន​ជា​ស្ត្រី​ខ្មែរ ដែល​ខ្លះ​មាន​ផ្ទៃ​ពោះ និង​ស្ពាយ​កូន​ម្នាក់ ២ ហើយ​ស្រ្តី​ខ្លះ​ទៀត​ក៏​ងាយ​ធ្លាក់​ទៅ​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​បរទេស ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​អំពើ​ហិង្សា​គ្រប់​ប្រភេទ។

តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ធ្វើ​ឲ្យ​ថវិកា​យេនឌ័រ បាន​ធ្លាក់​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​លទ្ធផល​ក៏​បាន​ជួយ​សមភាព​យេនឌ័រ​ថ្នាក់​ជាតិ​ដដែល​នោះ?

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ