Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទម្រង់​លេង​បាល់ទាត់​ធ្លាក់​ចុះ​ ព្រោះ​តែ​ប្រព័ន្ធ​ Leagues ​និង​វិន័យ

Content image - Phnom Penh Post
សម្ទុះ​អ្នក​គាំទ្រ​បាល់ទាត់​កាលពី​កម្ពុជា​ប្រកួត​ជាមួយ​សិង្ហបុរី​ក្នុង​ឆ្នាំ​ ២០១៥ កន្លង​ទៅ​។ ស្រេង ម៉េងស្រ៊ុន

ទម្រង់​លេង​បាល់ទាត់​ធ្លាក់​ចុះ​ ព្រោះ​តែ​ប្រព័ន្ធ​ Leagues ​និង​វិន័យ

ថ្ងៃ​នេះ​គឺជា​ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​អន្តរជាតិ​ដ៏មាន​សារៈសំខាន់​សម្រាប់​ជម្រុះ​ក្នុង​ជុំ​ដើម្បី​ដណ្តើម​ពាន​រង្វាន់​ប្រចាំ​អាស៊ី AFC-UAE 2019 រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​វៀតណាម​។

មុន​នឹង​ចាប់ផ្តើម​ការ​ប្រកួត ខ្ញុំ​សូម​រំឭក​ពី​បញ្ហា​ខ្លះៗ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រហូត​មាន​ការ​ធ្លាក់​ចុះ ដូចជា​ករណី​ការ​កាត់​ឈ្មោះ​កីឡាករ​ ២ ​រូប​គឺ ជ្រឹង ពលរដ្ឋ និង​ សំអឿន ពិដោរ ភ្លាមៗ​ចេញ​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ (U22) ​ខណៈ​ការ​ប្រកួត​នៅ​ស៊ីហ្គេម​កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​សល់​មួយ​ប្រកួត​ទៀត​ហើយ​​នៅ​ពេល​អត្តពលិក​កម្ពុជា​វិញ្ញាសា​ផ្សេង​មួយ​ចំនួន​ត្រឡប់​មក​វិញ​បាន​ស្ពាយ​មេដាយ​ជូន​ជាតិ​មាន​មាស​ចំនួន​ ៣ ប្រាក់​ ២ និង​សំរឹទ្ធ​ ១២។

ការ​ដក​ឈ្មោះ​ចេញ​យ៉ាង​តក់ក្រហល់​ដោយ​គ្រូ​ជម្រើស​ជាតិ​ជនជាតិ​ប្រេស៊ីល​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពី​អ្នក​និយម​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​​ ដែល​ហាក់​បី​ដូចជា​មាន​ការ​បន្ទោស​គ្នា​ទៅវិញ​ទៅមក​រវាង​កីឡាករ​ និង​គ្រូបង្វឹក​។

ជាទូទៅ ​គ្រូបង្វឹក​មើល​ឃើញ​ច្បាស់​ថា​មាន​កីឡាករ​ណា​លេង​អស់​ពី​សមត្ថភាព កីឡាករ​ណា​លេង​មិន​អស់​ពី​សមត្ថភាព​នោះ ហេតុ​ដូច្នេះ​ហើយ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀបចំ​ទម្រង់​ប្រកួត​ជាក់ស្តែង​បន្ត​ទៅ​ទៀត​ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រកួត​ចាញ់​ ៤ ​ប្រកួត​រួច​ហើយ គ្រូ​មាន​សិទ្ធិ​វាយតម្លៃ​ទៅ​លើ​កម្រិត​នៃ​ការ​លេង​របស់​កូនសិស្ស​។

តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្មាសអៀន​នោះ​គឺ​សូម្បី​តែ​ក្រុម​ប្រទេស ​ហ្វីលីពីន​ និង​ប្រទេស​​ទីម័រ​លេង​យុវជន​ U22 ឬ​ក៏​ U23 ​ដែល​ធ្លាប់​តែ​ចាញ់​ជម្រើស​ជាតិ​កម្ពុជា​សោះ ក៏​ឈ្នះ​ដែរ​គឺ​ហ្វីលីពីន​ស៊ី​កម្ពុជា 2-0 ​និង​ទីម័រ​​ឈ្នះ​ 1-0 បើ​ប្រៀបធៀប​កាលពី​ការ​ប្រកួត​ជម្រុះ​យុវជន​អាស៊ី​ AFC-U22 ឆ្នាំ​ ២០១៥ និង​ ASEAN game-U22 គឺ​ហ្វីលីពីន​ចាញ់​កម្ពុជា 3-1 ​ទាំង​ ២ ​ប្រកួត រីឯ​ក្រុម​ប្រទេស​ទីម័រ​វិញ​តាំងពី​ទើប​តែ​ចេះ​ទាត់​បាល់​មិន​​ដែល​ឈ្នះ​កម្ពុជា​ទេ​។

បើ​និយាយ​ពី​គ្រូ​ Leonado ​ជម្រើស​ជាតិ​ប្រេស៊ីល​វិញ​គឺ​​មាន​ទម្រង់​ប្លែក​ពី​គ្រូ​ Lee ​ជនជាតិ​កូរ៉េ​ និង​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា បើ​ទោះបី​ជា​សាច់​បាល់​អន់​ជាង​គូ​ប្រកួត​ក៏ដោយ ក៏​មិន​ព្យាយាម​ឲ្យ​កូនសិស្ស​លេង​របៀប​ទប់​ហើយ​លួច​វ៉ៃ​បក​នោះ​ដែរ ពោល​គឺ​គាត់​រៀប​លេង​ស្មើ​លើ​ស្មើ​ក្រោម​មាន​ន័យ​ថា បើ​លេង​នៅ​ខាង​លើ​កូនសិស្ស​អាច​មាន​ឱកាស​ស៊ី​វិញ​បាន​ភ្លាម ហើយ​មិន​ធ្លាក់​ទឹកចិត្ត ។

សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​សរសើរ​លោកគ្រូ​ជនជាតិ​ប្រេស៊ីល​នេះ​ដែរ​មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ​ស៊ីហ្គេម​​ប្រទេស​ម៉ាឡេស៊ី​នោះ​។ តែ​អ្វី​​ដែល​ធ្វើឲ្យ​លោក​ Leonardo ខក​ចិត្ត​នោះ​គឺ​កូន​ក្រុម​ខ្លះ​លេង​មិន​អស់​ពី​សមត្ថភាព និង​លេង​មិន​ស័ក្តិសម​នឹង​ទម្រង់​លេង​របស់​លោកគ្រូ​ធ្វើឲ្យ​មាន​ការ​សម្រេចចិត្ត​កាត់​ឈ្មោះ​កីឡាករ​ ២ ​នោះ​ចេញ​ទាក់ទង​ទៅ​នឹង​ការ​​គោរព​វិន័យ​ជា​កីឡាករ​។

មាន​មតិ​រិះគន់​ថា បើ​កីឡាករ​ម្នាក់ៗ​មិន​មាន​ទឹកចិត្ត​លេង​ឲ្យ​ប្រទេស​ជាតិ​ផង តើ​យក​គ្រូបង្វឹក​ល្បី​ពី​ណា​មក​ក៏​ដឹកនាំ​មិន​លើស​ហ្នឹង​ដែរ​? ទោះបី​ជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា ខិតខំ​បណ្តុះបណ្តាល​ថ្នាល​កីឡាករ​តាំងពី​កុមារ​ក៏ដោយ​។

បញ្ហា​វិន័យ​ និង​ឥរិយាបថ​របស់​កីឡាករ​នេះ​ធ្វើ​ប៉ះពាល់​ដល់​ទម្រង់​នៃ​ការ​ប្រកួត​ធ្លាក់​ចុះ​ផង និង​ការ​គាំទ្រ​ក៏​មាន​និន្ននាការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ផង​ដែរ តាំងពី​ឡើង​ដល់​កំពូល​លំដាប់​លេខ​ ២ ​ប្រចាំ​អាស៊ី​ដែល​ចំនួន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ជាង​ ៥៤០០០ ​នាក់ បន្ទាប់ពី​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ ២០១៥(the-afc.com)​។

ការ​ធ្លាក់​ចុះ​នៃ​អ្នក​ទស្សនា​កម្រិត​ថ្នាក់​ជាតិ​នេះ​ក៏​មក​ពី​ការ​មិន​ចាប់​អារម្មណ៍​ការ​លេង​ក្នុង​លីក​ក្នុង​ស្រុក​ (Cambodian Metphone Leagues) ​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា​ (CNCC) ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ប្រកួត​ញឹកញាប់​ពេក​។

គណៈកម្មការ​នេះ​ម្តង​រៀប​លេង​របៀប​នៅ​អឺរ៉ុប​គឺ​លីក​លេង​បូក​ពិន្ទុ​បន្ត​រហូត​ដល់​ចប់​ដោយ​ការ​ប្រកួត​គឺ​ក្រុម​ណា​បាន​ពិន្ទុ​ច្រើន​ជាង​គេ​គឺ​លេខ​ ១ យក​ពាន​តែ​ម្តង​ដល់​ពេល​រដូវកាល​ក្រោយ​ដូរ​ទៅ​ប្រព័ន្ធ​បែប​ Play-off ដូច​នៅ​សហរដ្ឋ​អាមេរិក​គឺ​យក​ពិន្ទុ​ ៤ ​ក្រុម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លីក​ (Top 4) មក​ប្រកួត​គ្នា​គឺ​យក​ក្រុម​លេខ​ ១ ជួប​ជាមួយ​ក្រុម​លេខ​ ៤ រីឯ​លេខ​ ២ ​ជួប​លេខ​ ៣ ​។

ដល់​ពេល​រដូវកាល​ក្រោយ​មក​ទៀត​ដូរ​ប្រព័ន្ធ​លេង​ Play-off បែប​ជប៉ុន​ម្តង​គឺ​យក​ពិន្ទុ​ ៤ ​ក្រុម​ដែល​ខ្ពស់​ជាងគេ​ក្នុង​លីក​មក​ប្រកួត​គ្នា​គឺ​យក​ក្រុម​លេខ​​ ៤ ជួប​ជាមួយ​ក្រុម​លេខ​ ៣ បើ​ក្រុម​ណា​ឈ្នះ​ទៅ​ជួប​ក្រុម​លេខ​ ២ បើ​ក្រុម​ណា​ឈ្នះ​ទៅ​លេង​ជាមួយ​ក្រុម​លេខ​ ១ ដើម្បី​ផ្តាច់ព្រ័ត្រ​​យក​ពាន​។

ការ​ប្តូរ​ត្រឡប់​ត្រឡិន​បែប​នេះ​ធ្វើ​ខូច​ប្រព័ន្ធ​លេង​លីក និង​ធ្វើឲ្យ​ប៉ះពាល់​យុទ្ធសាស្ត្រ​ក្លិប​នីមួយៗ​ផង​ដែរ​ព្រោះ​ប្រសិន​បើ​លេង​របៀប​ Play-off គឺ​ក្លិប និង​កីឡាករ​លេង​យក​តែ​លេខ​ ៤(Top 4) ​ទៅ​គឺ​បាន​ទៅ​លេង​វគ្គ​ Play-off ហើយ​មាន​ន័យ​ថា​ធ្វើឲ្យ​កីឡាករ​ និង​ក្លិប​លេង​របៀប​ខ្ជិលៗ​ និង​ការ​ប្រកួត​លក្ខណៈ​យឺតៗ​មិន​ទាក់​ទាញ​អ្នក​ទស្សនា​ចូល​មើល​ទេ​។

ជាង​នេះ​ទៅ​ទៀត​គឺ​ការ​ប្រកួត​​ម្តងៗ​មាន​ភាព​រញ៉េរញ៉ៃ​ និង​មាន​ទំនាស់​គ្នា​ដូច​ឆ្នាំ​នេះ​លេង​របៀប​ Play-off ជប៉ុន​គឺ​ថ្មីៗ​នេះ​មាន​វិវាទ​គ្នា​រវាង​គ្រូបង្វឹក​ និង​អ្នក​ចាត់ការ​របស់​ក្លិប​ទាស់​គ្នា​ជាមួយ​នឹង​ក្លិប​ប្រកួត​គ្នា​នោះ រីឯ​កីឡាករ​ក៏​លេង​របៀប​កុងកាច់​គ្នា ព្យាយាម​ធាក់​គ្នា​ច្រើន​ជាង​លេង​បាល់​គឺ​គណៈកម្មការ​មិន​អាច​គ្រប់គ្រង​បាន​ល្អ​ទាំង​វិន័យ​ក្នុង​ការ​ប្រកួត​ជេរ​គ្នា​ ឬ​ក៏​ប្រើ​ពាក្យ​ចំអក​ឡកឡាយ​ដាក់​គ្នា​នៅ​ក្នុង​ពហុកីឡដ្ឋាន​មិន​អស់​ចិត្ត​ថែម​ទាំង​ចំ​អក​គ្នា​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៀត​។

ជា​ផលវិបាក​មកពី​ប្រព័ន្ធ​ប្រកួត និង​វិន័យ​ការប្រកួត​ឥត​សណ្តាប់ធ្នាប់​បណ្តាល​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​សោះ​អង្គើយ​ក្នុង​ការ​ទស្សនាការ​ប្រកួត​នោះ​។

ហេតុ​ដូចនេះ​ហើយ​ដើម្បី​ឲ្យ​វិស័យ​បាល់ទាត់​រីកចម្រើន​ថេរ​ទាំង​ថ្នាក់​ជាតិ​ទាំង​ថ្នាក់​អន្តរជាតិ​គឺ​ទាំង​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា ទាំង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា គួរ​តែ​គិតគូរ​វិន័យ​តាម​ក្លិប​នីមួយៗ និង​ប្រព័ន្ធ​ប្រកួត​ដោយ​ជ្រើសរើស​ប្រព័ន្ធ​លេង​ណា​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​ដូច​លីក​នៅ​អឺរ៉ុប​ដូច​នៅ​ English Premier Leagues, De la Liga, Bundesliga, France Ligue 1 and Calcio Serie A ជាដើម ដែល​មាន​អ្នក​ទស្សនា​ច្រើន​គគ្រឹក​គគ្រេង​ភ្លូកទឹក​ភ្លូកដី ជាង​ការ​ប្រកួត​បែប​ Play-off អាមេរិក​ ឬ​ក៏​ជប៉ុន​នោះ​ហើយ​បើ​ចង់​ដូរ​ប្រព័ន្ធ​កុំ​ដូរ​តាម​ចិត្ត​ពេក ឡើង​អ្នក​លេង និង​អ្នក​គ្រប់គ្រង​ក្លិប​ចង់​ពុល​តាម​ហើយ​គឺ​បើ​ចង់​ដូរ​យ៉ាង​ហោច​ណាស់​ ៥ ​ឆ្នាំ​ម្តង​ទៅ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment