Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ល្មម​បញ្ឈប់​ទម្លាប់​អាក្រក់ ​បើ​ស្រឡាញ់​នារី​ណា​មិន​បាន ​នារី​នោះ​ក៏​គ្មាន​បាន​ទៅ​អ្នក​ណា​ដែរ!

Content image - Phnom Penh Post
សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​ករណី​បាញ់​សម្លាប់​មួយ​ផ្ទះ​នៅ​ស្រុក​ម៉ាឡៃ​កាលពី​សប្តាហ៍​មុន។ រូបថត សហការី

បុរស​ល្មម​បញ្ឈប់​ទម្លាប់​អាក្រក់ ​បើ​ស្រឡាញ់​នារី​ណា​មិន​បាន ​នារី​នោះ​ក៏​គ្មាន​បាន​ទៅ​អ្នក​ណា​ដែរ!

មាន​ហេតុការណ៍​ផ្សេងៗ​គ្នា​កើតឡើង​នៅ​អំឡុង​ចូល​ឆ្នាំ​នេះ ដូចជា​ករណី​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រាំ​ធុង​បាស់​វ៉ៃ​កាប់​ចាក់​គ្នា ផឹក​ស៊ី​វ៉ៃ​គ្នា និង​ករណី​បាញ់​សម្លាប់​មនុស្ស​មួយ​ផ្ទះ​តែ​ម្តង គួរ​ឲ្យ​តក់ស្លុត​បំផុត​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ដោយ​មន្ត្រី​យោធា​មួយ​រូប​មាន​អាយុ ២៦ ឆ្នាំ ដែល​បាន​បោះ​សម្តី​មុន​បាញ់រះ​ថា​ខឹង​ផ្ញើសារ​ទៅ​នារី​ដែល​ខ្លួន​ស្រឡាញ់​នោះ​ថា​នឹង​សម្លាប់​នាង ព្រោះ​ឪពុក​ម្តាយ​នារី​នោះ​លើក​កូនស្រី​ទៅ​ឲ្យ​បុរស​ផ្សេង។

ចំពោះ​ករណី​ដូច​គ្នា និង​ប្រហាក់ប្រហែល​គ្នា​នេះ មិនមែន​ជា​លើក​ទី ១ ទេ​គឺ​កើតឡើង​សឹង​តែ​រាល់​សប្តាហ៍​ទៅ​ហើយ​ដោយសារ​តែ​បុរស​ស្រឡាញ់​នារី​មិន​បាន ឬ​ក៏​ចូល​ដណ្តឹង​ខាង​ស្រី​មិន​ឲ្យ ក៏​កើត​ចេញ​មាន​រូបភាព​ហិង្សា​ផ្សេងៗ​គ្នា បើ​មិន​ប្រើ​អំពើ​ហិង្សា​ទេ យ៉ាង​សម្អុយ​ណាស់​ក៏​បុរស​ខ្លះ​នោះ​ទៅ​ប្រើ​ផ្លូវ​ងងឹត តាមរយៈ​គ្រូទាយ ឬ​ក៏​គ្រូ​ចេះ​ដាក់​ប្រខ្នាយ​ឲ្យ​នារី​ដែល​ខ្លួន​ស្រឡាញ់​មិន​បាន​ជា​គូ​នោះ​មិន​ឲ្យ​អ្នក​ផ្សេង​ទៀត​ចូល​ដណ្តឹង​បាន​ដែរ។

ចំពោះ​ករណី​កើតឡើង​ជា​ហូរហែ​ដដែលៗ​មាន​តាំង​ពី​ការ​យក​កាំភ្លើង​សម្លុត​គំរាម​កំហែង​បើ​មិន​បាន​ទេ​នឹង​សម្លាប់​ចោល ឃាតកម្ម​សម្លាប់​ បាញ់​សម្លាប់​គ្រួសារ​ខាង​ស្រី​មួយ​ពូជ​តែ​ម្តង ឬ​ក៏​ចាំ​ដល់​ថ្ងៃ​រៀបការ​បោក​គ្រាប់បែក​ក្នុង​រោងការ​ក៏​មាន ដែល​បុរស​ជា​អ្នក​ប្រព្រឹត្ត​មើល​ទៅ​គួរ​ឲ្យ​ភ័យខ្លាច​ជួនកាល​ឪពុក​ម្តាយ​ខាងស្រី​ដែល​រៀបការ​ឲ្យ​កូនស្រី​ទៅ​បុរស​ចិត្ត​អប្រិយ​នោះ​រួច​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​ត្រឹម​តែ​ខក​ចិត្ត និង​មិន​ពេញចិត្ត​ការ​ស្រឡាញ់​បែប​នេះ​ទេ​បាន​ប្រាប់​ទៅ​អ្នក​ជិត​ខាង ឬ​ក៏​បងប្អូន​ដែល​ស្គាល់​ជិតដិត​តែ​ប៉ុណ្ណឹង។

ឧទាហរណ៍​ត្រួសៗ​ករណី​ដូច​គ្នា​នេះ​ដែល​បាន​កើតឡើង​កន្លង​មក​នៅ​ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​ឪពុកម្តាយ​ខាង​ស្រី​ដោយ​បុរស​ធ្លាប់​មាន​ប្រពន្ធ​បី​រួច​មក​ហើយ ខឹង​មិន​ឲ្យ​កូន ក៏​ទាញ​កាំភ្លើង​អាកា​បាញ់​រះ​ទៅ​លើ​ឪពុកម្តាយ​ខាងស្រី​យក​តែ​ម្តង​ធ្វើ​ឲ្យ​របួស​ជា​ទម្ងន់។

រីឯ​នៅ​ខេត្ត​កំពត ជនសង្ស័យ​គប់​គ្រាប់បែក​ចូល​ក្នុង​រោង​ពិធី​អាពាហ៍​ពិពាហ៍​មួយ​នៅ​ក្នុង​ស្រុក​អង្គរជ័យ​ដែល​បណ្តាល​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្លាប់ និង​រងរបួស ៨ នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន​បាន ហើយ​សួរ​ជនសង្ស័យ​ទៅ​ឆ្លើយ​ថា​ដោយសារ​ជន​សង្ស័យ​ខឹង​នឹង​បងស្រី​ជីដូន​មួយ​របស់​កូន​ក្រមុំ​មិន​ព្រម​រួមរស់​ជាមួយ​ខ្លួន​ឡើង​វិញ ក្រោយពី​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ។

មាន​រឿង​តាម​ស្រឡាញ់​កូនស្រី​ថៅកែ​មិន​បាន យុវជន​អាយុ ២៣ ឆ្នាំ​ទាញ​គ្រាប់បែក​បោក​មុខ​ផ្ទះ​ខាង​ស្រី នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ក៏​មាន។

នៅ​ខេត្ត​ស្ទឹងត្រែង​វិញ​មាន​ករណី​បាន​គ្នា​ជា​ប្តីប្រពន្ធ​ហើយ​ក៏​បែក​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​ក៏ដោយ ក៏​បុរស​អតីត​ទាហាន​មាន​កាំភ្លើង​យក​មក​តាម​សងសឹក​អតីត​ប្រពន្ធ​កំពុង​ដេក​នៅ​លើ​អង្រឹង​បាញ់​រះ​សុសសាច់​ដោយសារ​តែ​សុំ​ជានា​នឹង​គ្នា​វិញ​មិន​បាន និង​មាន​ករណី​អំពើ​ព្រៃផ្សៃ​ជាច្រើន​ផ្សេង​ទៀត។

សំណួរ​សួរ​ថា​សង្គ្រាម​សម្លាប់​ខ្មែរ​គ្នា​ឯង​ជិត ៤០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ហេតុអ្វី​បាន​ជា​ការ​អនុវត្ត​ច្បាប់​ព្រៃ​នៅ​តែ​បន្ត​តាម​លង​ខ្មែរ​បែប​នេះ​ទៀត? តើ​ពេល​ណា​បាន​បញ្ចប់​វា?

តាមពិត​ទៅ​អំពើ​ហិង្សា​បែប​ស្រឡាញ់​មិន​បាន​អ្នក​ណា​ក៏​មិន​បាន​ដែរ​នោះ​គឺ​កើត​មាន​មែន តាមរយៈ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ការ​អប់រំ​ថ្មី​កន្លង​មក​ដែល​ខ្ញុំ​បាន​ទៅ​គោលដៅ​ដូច​នៅ​ខេត្ត​សៀមរាប​ទល់​ដែន​ខេត្ត​ព្រះវិហារ​អតីត​តំបន់​អសន្តិសុខ​ប្រទាញ​ប្រទង់​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ទ័ព​ខ្មែរ​ក្រហម​ទសវត្សរ៍​ឆ្នាំ ៨០។ ខ្ញុំ​ឮ​ពី​ការ​រៀបរាប់​ពី​អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​តំបន់​នោះ​គឺ​អ្នកភូមិ​ដែល​មាន​កូនស្រី​នៅ​ទី​នោះ​មាន​ការ​លំបាក និង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្ពស់​ណាស់​នៅ​ពេល​មាន​បុរស​ណា​ដែល​ស្រឡាញ់​នារី​ម្នាក់​នោះ​ហើយ បើ​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ឲ្យ ឬ​ក៏​ឲ្យ​កូន​ទៅ​បុរស​ផ្សេង​គឺ​យប់​ឡើង​បុរស​នោះ​មក​បាញ់​នារី​នោះ​ចោល​ហើយ​រត់​ចូល​ព្រៃ​បាត់។

ជួនកាល​សម្លាប់​ទាំង​ឪពុក​ម្តាយ​ខាងស្រី​ទៀត អ៊ីចឹង​ឥរិយាបថ​ឃោរឃៅ​របស់​បុរស​មក​លើ​ស្ត្រី​ចេះ​តែ​ដិតដាម​អាក្រក់ៗ​តៗ​គ្នា​មក ចេះ​តែ​ធ្វើ​តាម​គ្នា​មក​ដល់​សម័យ​បច្ចុប្បន្ន​នៅ​តែ​កើត​មាន​ដដែល។

នេះ​គឺជា​រឿង​មួយ​អាក្រក់​បំផុត​ក្នុង​ឆាក​ជីវិត​បុរស​ដែល​ខ្វះ​វិចារណញ្ញាណ​ក្នុង​ការ​មើល​ឃើញ​តែ​អ្វី​ដែល​ជា​អំណាច​មហិច្ឆតា​ដើម្បី​បំពេញ​កាមតណ្ហា​របស់​ខ្លួន និង​ជា​សោកនាដកម្ម​មួយ​រវាង​បុរស និង​ស្រ្តី​ដែល​ក្តីស្រឡាញ់​មិន​មាន​តុល្យភាព​នឹង​គ្នា។

សោកនាដកម្ម​នៃ​ក្តីស្រឡាញ់​ដោយ​បង្ខំ​ក៏​កំពុង​តែ​លើក​ឡើង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​ករណី​លេខ ០០២ ដំណាក់កាល​ទី ២ ជាមួយ​នឹង​បទចោទ​មេដឹកនាំ​ខ្មែរ​ក្រហម​ការ​បង្ខំ​ឲ្យ​រៀបការ​នូវ​មនុស្ស​ដែល​ជនរងគ្រោះ​មិន​ស្រឡាញ់​ហើយ​សវនាការ​ក៏​បាន​បិទ​បញ្ចប់​បទចោទ​នេះ​ដែរ តែ​នៅ​ចាំ​អ៊ុត​ការ​ប្រកាស​សាលក្រម​ករណី ០០២ នៅ​ពេល​ខាង​មុខ។

ករណី​ស្វែងរក​យុត្តិធម៌​ក្នុង​របប​ខ្មែរ​ក្រហម​នេះ​ក៏​ជា​សក្ខីកម្ម​មួយ​ប្រាប់​សង្គម​បច្ចុប្បន្ន​នេះ​ថា មិន​គួរ​ចាប់​បង្ខំ​មនុស្ស​ដែល​ខ្លួន​មិន​ពេញចិត្ត​មក​រៀបការ​ទេ វា​គឺជា​ការ​ប្រឆាំង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ​ទូទៅ បើ​ទោះបី​ជា​បុរស​ខំ​សម្លាប់​ស្ត្រី​ដែល​ត្រូវ​គេ​បង្ខំ​មក​រួមរស់​ជាមួយ​ក៏​គ្មាន​ន័យ​ដែរ។

បញ្ហា​អំពើ​ហិង្សា​ផ្នែក​យេនឌ័រ​នេះ​គឺ​បណ្តាល​មកពី​ស្នាម​ទុរគត​ដែល​កើត​មាន​ឡើង​ចំពោះ​បុរស​ខ្មែរ ដែល​មើល​ឃើញ​នូវ​ទង្វើ​ហិង្សា កាប់​សម្លាប់​គ្នា បាញ់​សម្លាប់​គ្នា​អ្វី​អាក្រក់ៗ ងាយ​នឹង​ចាប់​យក​ដើម្បី​បំផ្លាញ​សេចក្តី​សុខសាន្ត​ដែល​ស្រ្តី​ចង់​បាន។

ករណី​នេះ​បើ​នៅ​ប្រទេស​ដែល​មាន​វប្បធម៌​ខ្ពង់ខ្ពស់​វិញ​គឺ​បើ​ដៃគូ​គេ​មិន​ពេញ​ចិត្ត​នឹង​គ្នា​ពិបាក​រស់នៅ​ជាមួយ​គ្នា​ហើយ​គឺ​មាន​តែ​សុំ​បែក​គ្នា ឬ​ក៏​បើ​រៀបការ​ហើយ​សុំ​លែងលះ​គ្នា​ទៅ​តាម​ច្បាប់ សឹង​តែ​ជា​រឿង​ទូទៅ​ទៅ​ហើយ​នៅ​សហរដ្ឋ​អាមេរិក គឺ​ជិត​ ៥០ ភាគរយ​ដៃគូ​ដែល​រៀបការ​ហើយ​បាន​លែងលះ​គ្នា​ជា​រឿង​ធម្មតា គ្មាន​ការ​គុំកួន​គ្នា ចង​អាឃាត​គ្នា​ទេ​គឺ​មាន​តែ​ការ​ផ្តល់​សិទ្ធិ ផ្តល់​ឱកាស​ទៅ​រក​អ្នក​ថ្មី​រៀងៗ​ខ្លួន។

ដូច​ករណី​ថ្មីៗ​បែកបាក់​គ្នា​រវាង តារា​ហូលីវូដ អេនជេលីណា ជោលី និង​ប្រេត ភីត ទាំង​មាន​កូន​ខ្លួនឯង​ផង កូន​ចិញ្ចឹម​ផង តែ​គេ​មិន​ប្រើ​ហិង្សា​ដាក់​គ្នា​ទេ ឬ​ក៏​គំនុំ​សងសឹក​គ្នា​ដែរ​ជួនកាល​គេ​ឃើញ ប្រេត ភីត ស្កាត់​មក​ជួប​កូនៗ និង​អេនជេលីណា​នៅ​ស្រុក​ខ្មែរ​ដែរ​វា​ជា​រឿង​ធម្មតា។ ចុះ​ហេតុអ្វី​បុរស​ខ្មែរ​មួយ​ចំនួន​ធ្វើ​ដូចនេះ​មិន​បាន?

ដោយ​ឡែក​សម្រាប់​បុរស​ខ្មែរ​សម័យ​បច្ចុប្បន្ន​វិញ​គឺ​អ្នក​ខ្លះ​គួរ​ឲ្យ​គ្រោះថ្នាក់​មែនទែន​ចំពោះ​ស្រ្តី ប្រសិន​បុរស​លួងលោម​នារី​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​រួមភេទ​នៅ​ពេល​នាង​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ទៅ​បាន​សប្បាយ​ចិត្ត មិន​យូរ​ប៉ុន្មាន​ដាក់​មេផាយ នារី​ហ្នឹង​ចោល​ហើយ​ទៅ​រក​ថ្មី​បញ្ឈឺ​ចិត្ត​នាង​វិញ​ទៀត។ តែ​បើ​នារី​មិន​យល់​ព្រម​រួមភេទ​វិញ ចាប់ផ្តើម​ចូល​ក្រឡា​បង្ខំ ឬ​ក៏​គំរាម​កំហែង​គេ​ហើយ​បើ​គេ​យល់​ព្រម​រៀបការ​បាន​កូន​ហើយ​បុរស​នោះ​ចាប់ផ្តើម​ទៅ​មាន​ស្រី​ថ្មី​បញ្ឈឺ​ចិត្ត​ទៀត​ហើយ។ ម្យ៉ាងវិញ​ទៀត ប្រសិន​បើ​ខាង​ស្រី​បដិសេធ​គឺ​បុរស​នោះ​ចាប់ផ្តើម​រក​វិធី​សងសឹក​គ្រប់​សកម្មភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ដូច​ករណី​ឧទាហរណ៍​ខាង​លើ។

ជា​ផលវិបាក​ជួនកាល​ទៅ​អ្នក​ខ្លះ​ស្លាប់​ដោយ​អត់​ដឹង​រឿង​ហេតុផល​អ្វី​ផង ដូច​សាច់​ថ្លៃ​គ្នា​មក​នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្មេក បុរស​ដែល​ខឹង​សម្បា​ទាំង​នោះ​មិន​ខ្វល់​ថា​នរណា​ជា​នរណា​ទេ ឲ្យ​តែ​នៅ​ក្នុង​ផ្ទះ​បាញ់​ចោល​ដូច​សត្វ​ធាតុ​តែ​ទាំងអស់​ហ្នឹង។

ឥឡូវ​ហ្នឹង​ដល់​ពេល​ខ្លាច​រឿង​សុវត្ថិភាព​ពេក អ្នក​ខ្លះ​ទៅ​ហូបការ​ល្មមៗ​ភ្នែក​នៅ​កញ្ចឹង​ក ចេះ​តែ​ស៊ើប​មើល​ថា តើ​កូន​កំលោះ កូនក្រមុំ​មាន​ស្នេហ៍​ត្រីកោណ​ដែរ​ឬ​អត់​ព្រោះ​ស្រួល​មិន​ស្រួល គ្រាប់បែក​ចូល​វង់​រាំ​ពេល​ការ​ឥឡូវ​ហ្នឹង។ នេះ​គឺជា​វិបត្តិ​សង្គម​ដ៏រុំារ៉ៃ​មួយ ឯណា​ទៅ​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព?

កត្តា​ដែល​បណ្តាល​ឲ្យ​ករណី​នេះ​នៅ​តែ​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ មិនមែន​អាជ្ញាធរ​ព្រងើយ​កន្តើយ​ក្នុង​ចំណាត់ការ​នោះ​ទេ ហើយ​បើ​ទម្លាក់​កំហុស​តែ​ទៅ​ខ្មែរ​ក្រហម ឬ​ក៏​សង្គ្រាម​យូរ​ឆ្នាំ​ក៏​មិន​គ្រប់គ្រាន់​ដែរ គឺ​មក​ពី​ខ្វះខាត​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អប់រំ​ផ្នែក​ផ្លូវចិត្ត និង​ភាព​ងាយ​ទទួល​យក​បាន​នូវ​រូបភាព​ហិង្សា​ប្លែកៗ​ទាំង​នៅ​លើ​ទំព័រ​កាសែត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ បើ​មន្ត្រី​ជាន់​ខ្ពស់​ចុះ​មូលដ្ឋាន​ម្តងៗ​បាន​ត្រឹម​តែ​សួរ​សុខទុក្ខ បន្លំ​រក​តែ​សំឡេង​ឆ្នោត​ទេ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​កាន់​អំណាច និង​តំណែង​បាន​យូរ​ឆ្នាំ មិន​សូវ​គិតគូរ​រឿង​អប់រំ​ចិត្ត និង​សង្គម​ឲ្យ​ដើរ​ផ្លូវ​ល្អ​នោះ​ទេ ឬ​ក៏​ទប់ស្កាត់​ចំណាក​ស្រុក​ខុស​ច្បាប់​ដែរ។

ហេតុ​ដូច្នេះ​ហើយ​ដំណោះស្រាយ​បញ្ហា​ហិង្សា​យេនឌ័រ​នេះ​ដែល​អាច​ធ្វើ​ទៅ​បាន​គឺ​មាន​តែ​ផ្តល់​ការ​អប់រំ​ផ្នែក​យេនឌ័រ​ទៅ​បុរស តើ​បុរស​ដើមទ្រូង​ប្រាំហត្ថ​មាន​ន័យ​ថា​យ៉ាង​ដូចម្តេច? ហើយ​ផ្តល់​ថវិកា​បណ្តុះបណ្តាល​បន្ត​ទៅ​លើ​សមភាព​យេនឌ័រ​តាមរយៈ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បន្ថែម​ក្នុង​ការ​ចូលរួម​របស់​បុរស​ឲ្យ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​នោះ។

រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​ក៏​ត្រូវ​ចូលរួម​ចំណែក​ទប់ស្កាត់​ផ្ញើ​សារ​ល្អៗ​ទៅ​បុរស​ទូទៅ​ផង​ដែរ​ជា​ជាង​ដណ្តើម​គ្នា​រាយការណ៍​តែ​ហេតុការណ៍​ហិង្សា​កើតឡើង​រួច​ហើយ​នោះ។ បើ​និយាយ​ពី​លក្ខណៈ​ប្រជាសាស្ត្រ​ជំរឿន​ឆ្នាំ ២០០៨ វិញ​បុរស​មាន​ឱកាស​ច្រើន​ជាង​ស្ត្រី​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ដោយសារ​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​ជាង ៣៦ ម៉ឺន​នាក់​ឯណោះ។

ចំពោះ​អ្នក​លេង​ហ្វេសប៊ុក​វិញ​មិន​គួរ​បង្ហោះ ឬ​ក៏​ចែករំលែក​រូបភាព​ណា​ដែល​ហិង្សា​បែប​ឃោរឃៅ​របស់​បុរស​មក​លើ​ស្ត្រី​នោះ​ទេ កុំ​ឲ្យ​មើល​ទៅ​សង្គម​ខ្មែរ​ពោរពេញ​ទៅ​ដោយ​ហិង្សា និង​ជេរ​បញ្ចោរ​គ្នា​ម៉ា​សេរី​ខ្លាំង​ពេក៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ