Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បើ​អ្នក​ស៊ី​ និង​អ្នក​សូក​មាន​ទោស​ដូចគ្នា អ៊ីចឹង​មាន​​តែ​នាង​​ខុម​ ចាន់តារាទី ​ហៅ​​ស្រីមុំ ​ត្រូវ​ជាប់​ឃុំ​ដែរ

Content image - Phnom Penh Post
មន្ត្រី​អាដហុក​លោកស្រី លឹម មុនី និង​នាង​ ខុម ចាន់តារាទី ហៅ​ ស្រីមុំ ពេល​ទៅ​ប្ដឹង​កន្លង​មក​។ ផា លីណា

បើ​អ្នក​ស៊ី​ និង​អ្នក​សូក​មាន​ទោស​ដូចគ្នា អ៊ីចឹង​មាន​​តែ​នាង​​ខុម​ ចាន់តារាទី ​ហៅ​​ស្រីមុំ ​ត្រូវ​ជាប់​ឃុំ​ដែរ

ការ​ចោទប្រកាន់​ណា​មួយ​ថា​ខុស​នឹង​ច្បាប់​នេះ​ខុស​នឹង​មាត្រា​នោះ​ចោទ​ពី​បទ​នេះ​បទ​នោះ​នៅ​ស្រុក​ខ្មែរ​មើល​ទៅ​ប្រព័ន្ធ​តុលាការ​សឹង​តែ​មិន​ចាំបាច់​ទៅ​រៀន​សាលា​ច្បាប់​សាលា​ចៅក្រម និង​ព្រះរាជអាជ្ញា សាលា​មេធាវី និង​បណ្តុះបណ្តាល​មន្ត្រី​ប៉ូលិស​យុត្តិធម៌ ក៏​ធ្វើ​កិច្ចការ​នេះ​បាន​ដែរ​។

ជាទូទៅ​ឆន្ទានុសិទ្ធិ​របស់​ពួកគាត់​ហាក់បី​ដូចជា​ជាប់គាំង​ដោយសារ​ការ​ទទួល​រង​នូវ​សម្ពាធ​សឹង​តែ​គ្រប់​ទិស​ពី​នយោបាយ​ផង​ពី​អ្នក​មាន​អំណាច​ផង​ពី​បក្ខពួក​ផង ពី​លុយ​កាក់​គេ​សូកប៉ាន់​ផង​។

ទាល់​តែ​មាន​រឿង​ដូច​ករណី​អតីត​ទណ្ឌិត អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា​ពុករលួយ​ទើប​បាន​ដឹងថា​តុលាការ​ពុករលួយ​។

រីឯ​រឿង​ខ្លះ​ទាក់ទង​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ មិន​ចាំបាច់​ដោះស្រាយ​ដល់​តុលាការ​ទាន់​ទេ​គឺ​ដោះស្រាយ​ត្រឹម​ប៉ូលិស​យុត្តិធម៌​ ឬ​ក៏​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​ដូច​កាលពី​ថ្មី​នេះ​ករណី​មន្ត្រី​ប៉ូលិស​ដែល​ជា​កូន​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​លើក​កាំភ្លើង​បាញ់​សម្លុត​គំរាម​កំហែង​ភាគី​ម្ខាង​ទៀត​រឿង​ចរាចរណ៍​សោះ​តែ​ទាញ​មក​ត្រឹម​តែ​ឲ្យ​គាត់​ទទួល​ទោស​ត្រឹម​ពិន័យ​រដ្ឋបាល​។

ផ្ទុយ​ទៅ​វិញ​អតីត​សង្ឃ​គ្រាន់​តែ​លាក់ទុក​កាំភ្លើង​ជ័រ​សោះ បែរ​ជា​ត្រូវ​ជាប់​ឃុំ និង​យក​ទៅ​កាត់ទោស​ទៅ​វិញ​។

ករណី​ស្រដៀង​គ្នា​ដែល​គេ​មើល​ឃើញ​នៅ​លើ​គោក​នោះ​គឺ​ករណី​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​អាដហុក​ ៤ ​នាក់ និង​អគ្គលេខាធិការរង​ គ.ជ.ប ម្នាក់​អស់​រយៈ​ ១៤ ​ខែ​កន្លង​មក​ហើយ​ដោយ​រង​ការ​ចោទប្រកាន់​ពី​រឿង​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ស្នេហា​រវាង លោក កឹម សុខា មេបក្ស​សង្គ្រោះ​ជាតិ និង​នាង​ ស្រីមុំ (​ខុម ចាន់តារាទី​) ​ហើយ​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​គឺ​មាន​សាក្សី​តែ​មួយ​រូប​ប៉ុណ្ណោះ​ត្រូវ​បាន​ហៅ​មក​សាកសួរ​រហូត​ដល់​ការ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​កាលពី​សប្តាហ៍​មុន​ដែល​ភាសា​សាមញ្ញ​របស់​មហាជន​ថា​ជា​ការ​អូសបន្លាយ​ពេល​កាត់ក្ដី​ ឬ​ផ្អឹប​ទុក​ករណី​ហ្នឹង​ចោល​​ឲ្យ​បាន​យូរ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ជា​ប្រភព​នៃ​សំណុំ​រឿង​ទាំង​ ២ ​នាក់​បែរ​ជា​រួច​ខ្លួន​ហើយ​មាន​សេរីភាព​ដើរ​ហើរ និង​ធ្វើ​នយោបាយ​ទៀត​ផង​។

រីឯ​អ្នក​ជាប់​ដោយសារ​ករណី​ហ្នឹង​នៅ​តែ​បន្ត​ជាប់​ឃុំ​ដដែល​ដោយ​គ្រាន់​​តែ​ផ្តល់​សេវា​លុយ​ ២០៤ ​ដុល្លារ​ទៅ​ ស្រីមុំ ​តាម​គោលការណ៍​​ទូទៅ​របស់​អង្គការ​អាដហុក ក្នុង​ករណី​បទ​ចោទ​ខាង​លើ​។

ក្នុង​ករណី​នេះ​ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​តុលាការ​ចោទ​តែ​ភាគី​ខាង​ផ្តល់​សំណូក​ហើយ​ឃុំ​ខ្លួន​តែ​បុគ្គល​ពាក់ព័ន្ធ​ត្រឹម​ ៥ ​នាក់​នោះ​ចុះ​ហេតុអ្វី​បាន​ជា​មិន​ឃុំ​ខ្លួន​កញ្ញា​ ស្រីមុំ ដែល​ទទួល​សំណូក​លុយ​ ២០៤ ​ដុល្លារ​ដែរ​?

អ្នក​ទទួល​សំណូក​នេះ​ក៏​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ​ត្រង់​មាត្រា​ ៤ ​និយមន័យ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​​គឺ​ «​ចំណុច​ ១៥- ផល​នៃ​អំពើ​ពុករលួយ​: មាន​ន័យ​ថា​ទ្រព្យ​ណា​ក៏ដោយ​ដែល​មាន​មកពី​ ឬ​ទទួល​បាន​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​»​។

ហេតុ​អ្វី​បាន​ជា​អនុវត្ត​តែ​ម្ខាង​ឃុំ​ខ្លួន​មន្ត្រី​ ៥ ​នាក់​ហ្នឹង​ជិត​ដល់​ ១៨ ​ខែ​នៃ​អាជ្ញាយុកាល​ឃុំ​ខ្លួន អ៊ីចឹង​​ឯណា​ទៅ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ រវាង​អ្នក​ស៊ី និង​អ្នក​សូក​នោះ​? ​ករណី​នេះ​ដូចជា​មើល​ទៅ​ឃើញ​ភាព​អយុត្តិធម៌​នៅ​លើ​គោក​ពេក​ហើយ​។

ម្យ៉ាង​វិញ​ទៀត​បើ​ដោះលែង​ ស្រីមុំ ​អ្នក​ទទួល​សំណូក អ្នក​ផ្តល់​សំណូក​មន្ត្រី​ទាំង​ ៥ ​រូប​ហ្នឹង​ក៏​ត្រូវ​តែ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ​។ ចំណុច​ឃុំ​ខ្លួន​មន្ត្រី​រយៈពេល​យូរ​ហើយ​តុលាការ​មិន​ចាត់​វិធានការ​ផ្តល់​ភាព​យុត្តិធម៌​បែប​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​​របស់​អង្គការ​សហប្រជាជាតិ​ដែល​កម្ពុជា​ត្រូវ​តែ​អនុលោម​ទៅ​តាម​ច្បាប់​អន្តរជាតិ​គឺ​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​អំពី​ដំណើរការ​ឃុំ​ខ្លួន ជា​បន្ទាន់​នោះ​។ ​

ជាង​នេះ​ទៅ​ទៀត​បក្ស​កាន់​អំណាច​ក៏​មិន​បាន​ចំណេញ​ប្រជាប្រិយភាព​ក្នុង​ការ​រក​សំឡេង​បោះឆ្នោត​ពី​ការ​ឃុំ​ខ្លួន​នេះ​ដែរ​គឺ​មាន​តែ​ករណី​នេះ​ទាញ​ធ្លាក់​សន្លឹក​ឆ្នោត​ទៅ​វិញ​ទេ​។ ជាក់ស្តែង​ការ​បោះឆ្នោត​ឃុំ សង្កាត់​លើក​នេះ​បក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ ១ ​ភាគ​ ៣ នៃ​អាសនៈ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១២​។ ម្យ៉ាង​ទៀត​សកម្មជន​របស់​គណបក្ស​ប្រជាជន​ក៏​បាន​រិះគន់​រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង​ថា ការ​ធ្លាក់​ចុះ​សន្លឹក​ឆ្លោត​នេះ​ក៏​មាន​ហេតុផល​មកពី​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​រូប​នេះ​ដែរ​។

ជា​ការពិត​គោលបំណង​ធំ​នៃ​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​រូប​នេះ ​គឺ​រដ្ឋាភិបាល​ទំនង​ជា​ប្រើ​វិធីសាស្ត្រ​អារក​មាន់​ ១ ​គំរាម​ស្វា​ ១០០ ​ដើម្បី​បំបិទ​មាត់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំពោះ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

ការ​អនុវត្ត​ករណី​នេះ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបិទ​មាត់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មែន​គឺ​ពួកគាត់​ហាក់បី​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​ដោយ​មិន​បាន​ចេញ​មក​​រិះគន់​រដ្ឋាភិបាល​រប៉េះរប៉ោះ​ដូច​មុន​ទេ​។ តែ​ជា​ផលវិបាក​របស់​វិធីសាស្ត្រ​នេះ​គឺ​ខាតបង់​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​តែងតែ​លើក​ឡើង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​របស់​ខ្លួន​ការ​កសាង​សន្តិភាព​តែ​បែរ​ជា​ធ្វើ​បាប​ផ្លូវកាយ និង​ផ្លូវចិត្ត​ពលរដ្ឋ​ណា​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ខ្លួន​ទៅ​វិញ​។

រីឯ​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​ក៏​មិន​បាន​លូកដៃ​ចូលរួម​អន្តរាគមន៍​ស៊ីជម្រៅ​ដែរ​ព្រោះ​ខ្លាច​រដ្ឋាភិបាល​ចោទ​ថា​រំលោភ​នឹង​អធិបតេយ្យ​របស់​កម្ពុជា​។

តាមពិត​ទៅ​មន្ត្រី​ទាំង​នោះ​គឺ​គាត់​ធ្វើការ​ទៅ​តាម​គោលការណ៍​របស់​ស្ថាប័ន​ទេ តែ​បើ​មាន​បញ្ហា​ចោទប្រកាន់​កើត​ឡើង​​គឺ​អង្គការ​ជា​អ្នក​ដោះស្រាយ​មាន​ន័យ​ថា​ពួកគាត់​មិនមែន​អនុវត្ត​ទៅ​តាម​នីតិបុគ្គល​ធ្វើ​អ្វី​ក្រៅ​ក្របខ័ណ្ឌ​របស់​ពួកគាត់​នោះ​ទេ​។ តែ​មាន​ទៅ​អនុវត្ត​​អ៊ីចឹង​ឯណា​គឺ​គំនុំ​ចាប់​ឃុំ​បុគ្គល​យក​តែ​ម្តង​។

ហេតុ​ដូច្នេះ​ហើយ​បក្ស​កាន់​អំណាច​គួរ​តែ​ពិចារណា​រក​ដំណោះស្រាយ​ឡើង​វិញ​ឲ្យ​បាន​មុន​កាល​កំណត់​ពី​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​នាក់ បើ​មិន​ដូច្នេះ​ទេ មាន​តែ​ចាប់​កញ្ញា​ ស្រីមុំ ​ដែល​ទទួល​សំណូក​មក​ឃុំ​ខ្លួន​ឲ្យ​បាន​ ១៤ ​ខែ​ដូចគ្នា​ដែរ​គឺ​ខុស​ច្បាប់​ដូច​គ្នា​។

បើ​ធ្វើ​មិន​បាន​គួរ​ដោះលែង​ពួក​គាត់​ពី​ការ​ឃុំ​ខ្លួន​ហ្នឹង​ទៅ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ បើ​បក្ស​កាន់​អំណាច​គិត​ថា​មិន​ចំណេញ​ប្រជាប្រិយភាព​ទេ​នោះ​ហើយ​អ្នក​ដែល​ចំណេញ​ពី​ករណី​នេះ​គឺ​បក្ស​ប្រឆាំង​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ​ចំពោះ​ភាព​អយុត្តិធម៌​នេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ