Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតផល​លក់​តាម​អនឡាញ ​អនាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ

Content image - Phnom Penh Post
ការ​ដាក់​លក់​កាបូប​​ស្ត្រី លើ​បណ្តាញ​សង្គម​មួយ។ រូបថត ហ្វេសប៊ុក

ផលិតផល​លក់​តាម​អនឡាញ ​អនាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ

មក​ដល់​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ទំនើប ការ​រៀនសូត្រ ការ​រក​ទិញ​របស់របរ​ប្រើប្រាស់ ការ​បញ្ជា​ទិញ​សំបុត្រ​យន្តហោះ ការ​លក់ដូរ និង​ការ​ទូទាត់​សាច់ប្រាក់​ទៅ​តាម​តម្លៃ​ទំនិញ​ក៏​ប្រែប្រួល​ទៅ​តាម​ប្រព័ន្ធ​អនឡាញ​ (Online) ផង​ដែរ​ដើម្បី​បង្ក​ភាព​ងាយស្រួល​។

តាមរយៈ​ទិន្នន័យ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នេះ​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កើនឡើង​ដល់ ៧ លាន​នាក់​ហើយ​។

បើ​ទោះបី​ជា​សេចក្តី​ព្រាង​ច្បាប់ e-commerce មិន​ទាន់​អនុម័ត​ក៏ដោយ​ក៏​មាន​ចំនួន​ក្រុមហ៊ុន និង​អ្នក​លក់​តាម​អនឡាញ e-shopping ទាំង​ស្រប​ច្បាប់​អន្តរជាតិ​ដែល​សហគ្រាស​រដ្ឋ​បាន​អនុញ្ញាត​ដូចជា ក្រុមហ៊ុន​ធំ​របស់​លោក ជែក ម៉ា ពី​ប្រទេស​ចិន Alibaba និង​ក្រុមហ៊ុន eBay និង​ការ​លក់​ខុសច្បាប់​មាន​ការ​កើនឡើង​យ៉ាង​សន្ធឹកសន្ធាប់​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ការ​លក់​របស់របរ​ប្រើប្រាស់​មួយ​ទឹកៗ​ដាក់​លក់​ជា​លក្ខណៈ​ឯកជន​ក៏​មាន​ផង​ដែរ​។

តែ​ការ​លក់​ផលិតផល ឬ​ក៏​ទំនិញ​ដែល​ដាក់​លក់​តាម​អនឡាញ ជាពិសេស​លក់​តាម​ហ្វេសប៊ុក​ខុស​ច្បាប់​ដោយ​មិន​បាន​ចុះ​បញ្ជី​ទៅ​តាម​ក្រសួង​ពាណិជ្ជកម្ម ឬ​ក៏​ក្រសួង​ពាក់ព័ន្ធ​មាន​លក្ខណៈ​ប្រសេច​ប្រសាច​។

ការ​ចរចា​តាម​ទូរស័ព្ទ​ណាត់​រក​កន្លែង​ជួប​គ្នា​រវាង​អ្នក​លក់ និង​អ្នក​ទិញ ឬ​ក៏​យក​មក​ឲ្យ​ដល់​ផ្ទះ​ក៏ដោយ ក៏​មាន​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ដូចជា​គុណភាព​ទំនិញ ទំនិញ​ក្លែងក្លាយ​ និង​បញ្ហា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ធ្វើឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​គ្រប់គ្រង លុះត្រា​តែ​មាន​បញ្ហា​កើតឡើង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ក៏​ធ្លាក់​ខ្លួន​ដល់​ស្លាប់​បាន​ស៊ើបអង្កេត​រក​ចំណាត់ការ​។

ម្យ៉ាង​វិញ​ទៀត​សមត្ថកិច្ច​កម្រ​បង្ក្រាប​ទៅ​លើ​ផលិតផល​ក្លែងក្លាយ ឬ​ក៏​ផលិតផល​ហួស​កាលកំណត់​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ឬ​ក៏​សារព័ត៌មាន​តាម​អនឡាញ​ដែល​មាន​ផ្សាយ​ពាណិជ្ជកម្ម​បែប​អាជីព​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​របស់​ខ្លួន​ក៏ដោយ​គឺ​ភាគច្រើន​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ​។

តែ​បើ​ការ​ផ្សព្វផ្សាយ​ធ្វើឲ្យ​ប៉ះពាល់​នយោបាយ និង​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​វិញ​គឺ​តាម​រក​ឫស​រក​គល់​តាម​ចាប់​ទាល់​តែ​បាន​នៅ​ទី​ណា​ក៏​រកឃើញ​ដែរ​ដូច​កាលពី​ថ្មីៗ​នេះ​អតីត​បុគ្គលិក​អាស៊ី​សេរី​ចំនួន​ ២ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លូន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ថា​បាន​បញ្ជូន​ព័ត៌មាន​តាម​អនឡាញ​ចេញ​ខុស​ច្បាប់​។

ជាង​នេះ​ទៅ​ទៀត​ការ​លក់​តាម​អនឡាញ​ខ្លះ​គឺ​មាន​លក្ខណៈ​ភូតកុហក​តែ​ម្តង ដែល​អ្នក​បញ្ជា​ទិញ​តែងតែ​មាន​ជំនឿ​តៗ​គ្នា​ថា​ឲ្យ​តែ​ប្រើ​ថ្នាំ​ដែល​គេ​លក់​ហ្នឹង​មាន​កម្លាំង​ខ្លាំង ប៉ូវ​លិង្គ​បាន​ធំ​ជាង​មុន ហើយ​វែង​ជាង​មុន រួមភេទ​បាន​យូរ​គឺ​បុរសៗ​នាំ​គ្នា​ផ្អើល​ភ្លូកទឹក​ភ្លូកដី នាំ​គ្នា​ទិញ​ប្រើ​ស្ងាត់ៗ តែ​មិន​បាន​គិត​ពី​ផលប៉ះពាល់​សុខភាព​នៅ​ពេល​អនាគត​នោះ​ទេ​។

នៅ​ពេល​ដែល​លិង្គ​ងាប់​លែង​ដំណើរការ​រួម​ភេទ​លែង​កើត​បាន​ភ្ញាក់​ខ្លួន បន្ទាប់ពី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សុខភាព​បន្ត​ពូជ​។

រីឯ​ស្ត្រី​វិញ​ក៏​ដូច​គ្នា​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ និង​លាប​ថ្នាំ​ទៅ​លើ​ពោះ​ដើម្បី​សម្រក​ទម្ងន់ ឬ​ក៏​លាប​ទៅ​លើ​សុដន់​ឲ្យ​ធំ​ជាង​មុន​គឺ​​នាំ​គ្នា​ផ្អើល​រក​ទិញ​ថ្នាំ​តាម​ហ្វេសប៊ុក​មក​លេប ឬ​លាប​ស្ងាត់ៗ​ហើយ​ដោយ​មិន​ចាំបាច់​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​នោះ​ទេ​។

ថ្មីៗ​នារីៗ​ទាំង​អ្នក​មាន​គ្រួសារ ទាំង​អ្នក​រកស៊ី​ផ្លូវ​ភេទ​កំពុង​តែ​ចាប់ផ្តើម​ផ្អើល​ស្ងាត់ៗ​នាំ​គ្នា​ទិញ​ថ្នាំ​ផលិតផល​មកពី​ឥណ្ឌា​ឈ្មោះ​ថា ឈុត​ក្រមុំ​ព្រហ្មចារី ដែល​លាប​ទៅ​លើ​ប្រដាប់​ភេទ​ស្ត្រី​ដើម្បី​រួម​តូច​ណែន​ល្អ​ជាង​មុន​ដើម្បី​បំពេញ​ចិត្ត​បុរសៗ​ជា​ប្តី ឬ​ក៏​បុរស​ទៅ​រក​សេវា​ផ្លូវភេទ​។ ការ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក ដែល​មាន​តារា​នារីៗ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ផង​ដែរ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​។

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ជំនាញ​អប់រំ និង​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ករណី​យក​ថ្នាំ​មក​លាប​ឲ្យ​ប្រដាប់​ភេទស្ត្រី​រួម​ពី​ធំ​មក​ឲ្យ​តូច​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ បើ​គ្រាន់​តែ​យក​ថ្នាំ​ទៅ​លាប​ហើយ​ធ្វើឲ្យ​សាច់ដុំ​កន្ត្រាក់​រួម​បាន​ដូច​ការ​ផ្សព្វផ្សាយ​នោះ នេះ​គឺជា​ការ​ផ្សព្វផ្សាយ​បែប​ភូតកុហក​តាម​អនឡាញ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​នោះ​ទេ​។

ការ​ដែល​ស្ត្រី​នាំ​គ្នា​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស​ផ្អើល​តាម​គ្នា​គ្មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​បែប​នេះ​ហើយ​បាន​ជា​ម្តង​ឮ​ថា​អ្នក​នេះ​រលាក​ប្រដាប់​ភេទ ឬ​ក៏​ធ្លាក់ស​ខុស​ពី​ធម្មតា ខ្លះ​ស្ងាត់ៗ​ឈាន​ដល់​មហារីក​ស្បូន​ស្លាប់​បាត់​ទៅ​។ នេះ​ដោយសារ​តែ​ជឿ​ទៅ​លើ​ការ​ឃោសនា​តៗ​គ្នា និង​តាម​អនឡាញ ធ្វើ​យ៉ាង​ណា​ផ្គាប់​ចិត្ត​បុរស​ជា​ប្តី ឬ​ក៏​ប្រុស​ស្នេហ៍ ចង់​ឲ្យ​ស្ត្រី​ខ្លួន​ឯង​ទៅ​ជា​អ្វី​ក៏​សុខចិត្ត​ដែរ​នេះ​ហើយ​គឺជា​បញ្ហា​លម្អៀង​ផ្នែក​យេនឌ័រ រវាង​បុរស និង​ស្ត្រី និង​អំពើ​ហិង្សា​ផ្នែក​យេនឌ័រ​ (Gender-based violence) គឺ​មាន​លក្ខណៈ​បង្ខំ​ស្ត្រី​ដោយ​ប្រយោល​។

ជា​ផលវិបាក​ពី​ការ​ប្រើប្រាស់​ផលិតផល​តាម​អនឡាញ​ខុស​ច្បាប់​ត្រឹមត្រូវ​គឺ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ផង សង្គម​ផង និង​យេនឌ័រ​។ បើ​និយាយ​អំពី​ផលិតផល​វិញ​គឺ​យីហោ​សុទ្ធ​តែ​ផលិតផល​មកពី​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី កូរ៉េ ឬ​ក៏​ឥណ្ឌា​ជាដើម​។ តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​បង្ក្រាប​រឹបអូស​ផលិតផល​សម្អាង​បាន​កាលពី​ថ្មីៗ​ដូច​កន្លែង​ផលិត​នៅ​សង្កាត់​ទួលស្វាយព្រៃ​កន្លង​ទៅ​នេះ​មាន​តាំងពី​ឡេលាប​ឲ្យ​ស ម្សៅ និង​គ្រឿងសម្អាង​ផ្សេងៗ​ទៀត​សុទ្ធ​តែ​យីហោ​នាំ​ចូល​ពី​បរទេស​។

ហេតុ​ដូច្នេះ​សេចក្តី​ព្រាង​ច្បាប់​ e-commerce គួរ​តែ​ត្រូវ​បាន​អនុម័ត​ដើម្បី​ឲ្យ​ការ​ដាក់​លក់​តាម​អនឡាញ​កាន់តែ​ស្របច្បាប់ និង​សមត្ថកិច្ច​ពង្រឹង​ការ​ចុះ​បង្ក្រាប​បន្ថែម​ទៀត​ទៅ​លើ​ការ​រកស៊ី​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​នៅ​តាម​អនឡាញ​នេះ វិធី​ងាយស្រួល​បង្ក្រាប និង​រឹបអូស​ទំនិញ​ទាំង​នោះ​ទេ​គឺ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​ស្រាប់​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment