Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះឆាយា​ល័ក្ខណ៍​ មិន​ត្រូវ​បាន​ខ្វល់​ខ្វាយ​ដូច​ស្លាក​គណបក្ស

Content image - Phnom Penh Post
ស្លាក CPP ដែល​គេ​ផ្ដួល​រំលំ​និង​ស្លាក CNRP ដែល​គេ​ទម្លាក់​ចោល​កន្លង​មក។ រូបថត FB

ព្រះឆាយា​ល័ក្ខណ៍​ មិន​ត្រូវ​បាន​ខ្វល់​ខ្វាយ​ដូច​ស្លាក​គណបក្ស

បាវចនា​«​ជាតិ សាសនា ព្រះមហាក្សត្រ​» ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​តម្រូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​គោរព​។ តែ​ការ​អនុវត្ត​ជាក់ស្តែង​ឃើញ​ទង់ជាតិ និង​ទង់​សាសនា មាន​ជា​ហូរហែ ពេល​មាន​កម្មវិធី​បុណ្យជាតិ​ធំៗ ដូចជា ចូលឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​ឯករាជ​ជាតិ បុណ្យ​ឡើង​គ្រងរាជ្យ បុណ្យ​វិសាខ​បូជា​មាឃបូជា បុណ្យ​ច្រត់​ព្រះនង្គ័ល បុណ្យអុំទូក និង​បុណ្យ​ចម្រើន​ព្រះជន្ម ជាដើម​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់​ព្រះឆាយា​ល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​មិន​សូវ​មាន​គេ​យក​មក​តុប​តែង​ដាក់​តាំង​នៅ​តាម​ដង​វិថី​សាធារណៈ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​កំពូល​របស់​រដ្ឋ​នោះទេ ដូចជា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ថ្មី​កន្លង​មក​នេះ ព្រះ​ឆាយ​ល័ក្ខណ៍​ព្រះករុណា​ព្រះបាទ នរោត្ដម សីហមុនី​មិន​ត្រូវ​បាន​គេ​លើក​តុបតែង​នៅ​តាម​ដង​វិថី​នៅ​រាជធានី​ភ្នំពេញ​ឡើយ ហើយ​តាម​ស្ថាប័ន​រដ្ឋ​ខ្លះ​នៅ​បន្ត​ដាក់​តាំង​ព្រះ​ឆាយ​ល័ក្ខណ៍​ចាស់ៗ​ហាក់​មិន​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​សោះ​ឡើយ ដោយ​ម្នាក់ៗ​ផ្ដោត​តែ​ទៅលើ​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ដែល​មើល​ទៅ​សឹង​តែ​ដូច​នឹង​ជំនឿ​ដែល​ព្យាករ​ពី​ការ​រៀវ​ចុះ​ការ​គោរព​ចាប់ពី​ពាក់​កណ្តាល​សាសនា​២៥០០​ព្រះវស្សា​ឬក៏​ថា​៖ «...​ភ្នំពេញ​ខ្ចាត់ខ្ចាយ នាំគ្នា​ទៅ​សប្បាយ​សៀមរាប​»​។

ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​មិន​យក​ចិត្ត​ទុកដាក់​នឹង​ការ​គោរព​ចំពោះ​ជាតិ​និង​ព្រះករុណា​ទៅ​តាម​ច្បាប់​កំពូល​ទៀត​នោះ​គឺ​ឲ្យ​តែ​ចប់​ពិធី​ទទួល​គណៈប្រតិភូ​អន្តរជាតិ​ម្តងៗ ទាំង​ទង់ជាតិ ទាំង​ព្រះឆាយា​ល័ក្ខណ៍​ព្រះ​មហាក្សត្រ ត្រូវ​បាន​គេ​បោះចោល​រាយ​ពេញ​ផ្លូវ​និង​ខ្លះ​យក​ទៅ​ញាត់​ក្នុង​ធុង​សំរាម​ប្រឡាក់​ប្រឡូស មើល​ទៅ​អាក្រក់​មើល​ណាស់​។

ករណីនេះ បើ​ប្រៀបធៀប​ជាមួយ​ព្រះ​មហាក្សត្រ​ថៃ​វិញ​គឺ​ខុសគ្នា​ស្រឡះ ដោយ​ព្រះអង្គ​មាន​អំណាច ហើយ​ត្រូវ​បាន​គោរព​និង​ឲ្យ​តម្លៃ ហើយ​សូម្បី​តែ​យក​លុយ​បាត​ថៃ​មក​ដាក់​ហោប៉ៅ​ក្រោយ​ក៏​មិន​បាន​ផង​កុំ​ថា​ដល់​យក​ព្រះឆាយា​ល័ក្ខណ៍​មក​លេង​សើច​ឬក៏​បោះចោល​ពាស​វាល​ពាស​កាល​នោះ​។

ផ្ទុយ​ទៅ​វិញ បើ​មើល​ទៅ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ស្លាក​គណបក្ស​នយោបាយ​វិញ​ពិសេស​ស្លាក​CPP ដែល​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​តែ​ជា​របស់​ឯកជន​សុទ្ធសាធ ដោយ​ផ្អែក​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣៥​បាន​ចែង​ថា​៖«​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ​។​...»​វិញ​នោះ គឺ​ប៉ះ​មិន​បាន​ទេ គឺ​អាជ្ញាធរ​ហាក់​យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់​។

ជាក់​ស្តែង​ កាលពី​សប្តាហ៍​មុន គ្រាន់​តែ​យុវជន​ម្នាក់​កាប់​ស្លាក​គណបក្ស​ប្រជាជន​នៅ​ខេត្ត​បាត់ដំបង​គឺ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យ៉ាង​រហ័ស ហើយ​តុលាការ​ក៏បាន​ចេញ​ដីកា​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​ផ្តន្ទាទោស ស្រប​ពេល​ដែល​ស្ត្រី​ម្នាក់​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​នៅ​ខេត្ត​កំពង់ស្ពឺ​និង​បង្ហោះ​លើ​ហ្វេសប៊ុក​ក៏​មាន​ដីកា​ដែរ​។

ករណី​មាន​សកម្មភាព​ប៉ះ​លើ​បក្ស​កាន់​អំណាច​គឺ​ប្តឹង​តុលាការ​បាន​ទាន់​ចិត្ត បើ​ធៀប​នឹង​បក្ស​ប្រឆាំង​វិញ​គឺ​ស្លាក​បក្ស​ត្រូវ​បាន​គេ​កាប់​ផ្តួល​រាល់​ដង តែ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​។ នេះ​បង្ហាញ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ក៏​ខុស​គ្នា សូម្បី​តែ​បក្ស​ខុសគ្នា​ឬក៏​ព្រះមហាក្សត្រ​ក៏ដោយ ក៏​ការ​រក​ដំណោះស្រាយ​របស់​សមត្ថកិច្ច និង​តុលាការ​ក៏​ខុស​គ្នា​ដែរ​។

ចំពោះ​ករណី​យុវជន​និង​ស្ត្រី​ដែល​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​ស្លាក​គណបក្ស​ប្រជាជន​គឺ​អាជ្ញាធរ​មិនគួរ​ភ្លែត​ឡើង​រុញ​ទៅ​តុលាការ​នាំ​តែ​រវល់​ទេ​គឺ​ធ្វើតាម​របៀប​អប់រំ​សាមញ្ញ​វិញ​ប្រសើរ​ជាង ព្រោះ​ការអប់រំ​នៅ​ជនបទ​ខុសគ្នា​នឹង​ទីក្រុង​។ ការ​សួររក​មូលហេតុ​ពិត​និង​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​និង​តម្រូវ​ឲ្យ​គាត់​ដក​ចេញពី​ហ្វេសប៊ុក​ទៅ​ចប់​ហើយ ព្រោះ​ករណីនេះ វា​មិនមែន​ធំដុំ​ពាក់ព័ន្ធ​នឹង​ហិង្សា​ឬក៏​ឃាតកម្ម​ទេ ហើយ​ពេលខ្លះ​វា​គ្រាន់តែ​បញ្ចេញ​កំហឹង​ប៉ុណ្ណោះ ដូច​ករណី សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ធ្លាប់​បាន​បង្កើត​ការបញ្ចេញ​កំហឹង​ប្រឆាំងនឹង​អតីត​មេដឹកនាំ​របប​នោះ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​តាម​រយៈ​ការយក​រូបថត​ពួកគាត់​ធ្វើ​ផ្ទាំង​ស៊ីប​ឲ្យ​ជនរងគ្រោះ​គប់​ព្រួញ​ឲ្យ​ចំ​មុខ​ក្នុង​រូបថត​ពួក​គេ​ជាដើម​។

បើ​គ្រាន់​តែ​យុវជន​និង​ស្ត្រី​ធ្វើ​ខុស​ប៉ុណ្ណឹង​ក៏មាន​ទោស​ដែរ វា​អាច​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ ព្រោះ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវ​ដោះស្រាយ​មាន​ច្រើន ដូចជា គ្រឿង​ញៀន ចោរលួច ឆក់​ប្លន់ ការ​ស្វែង​រក​ឃាតករ ជាដើម ហើយ​ករណី​នេះ​អាច​ធ្វើ​ឲ្យ​យុវជន​ដទៃ​ទៀត​មាន​ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន​មក​វិញ​ឬក៏​ធ្វើ​ប៉ះពាល់​គណបក្ស​កាន់​អំណាច​។ ប៉ុន្តែ​បើ​គ្រាន់​តែ​កោះ​ហៅ​គាត់​មក​អប់រំ​តាម​សម្រួល ហើយ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​វិនិច្ឆ័យ​វិញ ជាការ​ល្អ​ជាង ដោយ​កុំ​ឲ្យ​យក​ករណី​នេះ​ធ្វើ​ជា​រឿង​ធំដុំ​ពេក​។

ម្យ៉ាង​ទៀត​បើ​ប្រកាន់​ដូច​គណបក្ស​ប្រជាជន​វិញ​នោះ នៅ​សហរដ្ឋ​អាមេរិក​ច្បាស់​ជា​រក​គុក​ដាក់​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​លោក ដូណាល់ ត្រាំ មិន​បាន​ផង តាម​រយៈ​ការ​ដុត​រូបថត​លោក​ឬក៏​យក​ជើង​ជាន់​រូបថត​លោក​ត្រាំ​ឬក៏​ដុត​ទង់បក្ស​សាធារណរដ្ឋ​​នោះ​។ តែបើ​មើលទៅ​វប្បធម៌​គេ​ក៏​កាន់​តែ​ទូលំទូលាយ​ជាង គេ​យក​ទង់ជាតិ​អាមេរិក​ធ្វើ​ជា​ខោ​លី​អូ ដូច​កីឡាកាស​វ៉ៃ​គ្នា​ឬក៏​ធ្វើ​ទ្រនាប់​ជើង​ពាក់​ទៀត​ក៏​មិន​អី​ដែរ តែ​ខ្មែរ​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ចាប់តាំងពី​ចាប់ផ្តើម​មានការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​មកទល់​បច្ចុប្បន្ន​ករ​ណី​ហិង្សា​ដោយសារ​នយោបាយ​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ អ្នក​នយោបាយ​ហាក់​បី​ដូច​ជាមាន​ភាព​ចាស់​ទំ​រៀងៗ​ខ្លួន ក្នុង​ការ​បញ្ចៀស​អំពើហិង្សា​នយោបាយ​។

សរុប​មក​វិញ​តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​ចំពោះ​ករណី​យុវជន​ដែល​កាប់​ផ្តួល​ស្លាក ​CPP​ ទៅជា​ការ​ពិន័យ​ជា​សំណង​ទៅវិញ ហើយ​អប់រំ​គាត់​នូវ​អ្វីដែល​ល្អៗ​ជាជាង​កាត់ទោស​ដាក់​ពន្ធនាគារ​។

ដូចគ្នា​នោះដែរ​សម្រាប់​ស្ត្រី​យក​ស្បែក​ជើង​គប់​ស្លាក​CPP​ដោយ​បង្វែរ​មក​ត្រឹម​ដក​រូប​ចេញពី​ហ្វេ​ស​ប៊ុ​ក និង​អប់រំ​ធ្វើ​កិច្ចសន្យា​ជាការ​គ្រប់គ្រាន់​ហើយ​។

តែ​រាជរដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ទុក​ដាក់​ភក្តីភាព​ចំពោះ​ព្រះមហាក្សត្រ​ឡើង​វិញ​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្ម​ញ្ញ ជាជាង​ត្រឹមតែ​សម្តែង​ចេញ​ម្តងៗ​សុទ្ធតែ​ការពារ​របប​រាជា​និយម​និង​គោរព​ព្រះករុណា ដែល​ហាក់ដូចជា​បង្ហាញ​ចេញមក​គ្រាន់​តែ​ល្អ​មើល ខណៈដែល​ការអនុវត្ត​ជាក់ស្តែង​មិន​អនុលោម​តាម​ច្បាប់ ដូចជា ការតុបតែង​ព្រះឆាយា​ល័ក្ខណ៍​ព្រះអង្គ​ពេល​មាន​ពិធី​បុណ្យជាតិ​និង​ការទទួល​គណៈប្រតិភូ​អន្តរជាតិ​ហើយ​រូប​ទង់ជាតិ​និង​រូប​ព្រះឆាយាល័ក្ខណ៍​គួរតែ​ត្រូវបាន​ប្រមូល​រៀបចំ​ទុក​ឲ្យ​បាន​ស្អាត បន្ទាប់ពី​ព្រឹត្តិការណ៍​ចប់​សព្វ​គ្រប់​៕

ចូលរួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment