Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ចាស់​ស្រុក​ខ្មែរ ​កម្រ​ទទួល​បាន​គុណភាព​នៃ​ជីវិត​ណាស់

Content image - Phnom Penh Post
មន្ត្រី​ដែល​ចូល​និវត្តន៍​នៅ​ក្នុង​ពិធី​ជួបជុំ​នៅ​ខេត្ត​ត្បូងឃ្មុំ​កន្លង​ទៅ។ រូបថត ហ្វេសប៊ុក

មនុស្ស​ចាស់​ស្រុក​ខ្មែរ ​កម្រ​ទទួល​បាន​គុណភាព​នៃ​ជីវិត​ណាស់

ក្នុង​ន័យ​ទូទៅ​នៃ​ពាក្យ​ថា​ «គុណភាព​នៃ​ជីវិត» របស់​នរណា​ម្នាក់​គឺ​និយាយ​យោង​ទៅ​រក​ជីវិត​របស់​ពួកគេ​មាន​ភាព​សុខស្រួល និង​សប្បាយចិត្ត (Collins Dict.)។

នៅ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃនេះ​មនុស្ស​ចាស់​សុទ្ធ​តែ​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ដោយ​ម្នាក់ៗ​ឡើង​ឆ្អែត​ជាង​ហូបបាយ​ទៅ​ទៀត ហើយ​បើ​អ្នក​រស់នៅ​តំបន់​អសន្តិសុខ​វិញ​បាយ​ល្ងាច​ហើយ​នាំ​គ្នា​រត់​ចូល​ត្រង់សេ រីឯ​អ្នក​រស់នៅ​កន្លែង​សុវត្ថិភាព​គឺ​បាន​សប្បាយ​តែ​ពី​ក្មេង​ទេ លុះ​ចាស់​ទៅ​ក្រៅ​តែ​ពី​កូន​គឺ​រដ្ឋ​មិន​បាន​យក​ចិត្ត​ទុកដាក់​ឡើយ។

ហេតុ​អ្វី​បាន​ជា​រហូត​មក​ទល់​ពេល​នេះ មនុស្ស​ចាស់​ភាគច្រើន​ហាក់បី​ដូចជា​នៅ​តែ​មិន​មាន​គុណភាព​នៃ​ជីវិត​ទៀត? តើ​រដ្ឋាភិបាល​បាន​គិតគូរ​អ្វី​ខ្លះ​ដល់​ពួកគាត់​ក្រៅ​ពី​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​សោធននិវត្តន៍​នោះ?

ទោះបី​ជា​មាន​ការ​កើនឡើង​នូវ​អាយុ​រំពឹង​ទុក​ជា​មធ្យម​នៃ​ពលរដ្ឋ​កម្ពុជា​គឺ ៦៨ ឆ្នាំ ចំណាត់​ថា្នក់​លេខ ១២០ នៅ​លើ​ពិភពលោក និង​លេខ ៨ នៅ​អាស៊ាន (World Life Expectancy, 2014) ក៏​ប៉ុន្តែ​គុណភាព​នៃ​ជីវិត​សឹង​តែ​គ្មាន​គឺ​មាន​ន័យ​ថា៖

១) អ្នក​ក្រ និង​អ្នក​មធ្យម៖ មើល​ទៅ​ហាក់បី​ដូចជា​មាន​ជំងឺ​អស់​សង្ឃឹម​ក្នុង​ជីវិត​ច្រើន ហើយ​ប្រសិន​បើ​មាន​អ្នក​ថែទាំ ចាស់ៗ​ទាំង​នោះ​អាច​នៅ​ផ្ទះ​លេង​ជាមួយ​ចៅៗ​ដូច​គ្រាន់​បើ​បន្តិច។ តែ​បើ​កូនៗ​មិន​យក​ចិត្ត​ទុក​ដាក់​ទុក​ចោល​វិញ​គឺ​តែលតោល​ខ្លាំង​មែនទែន ហើយ​បើ​ពិការ​ទៀត​គឺ​បាន​ត្រឹម​តែ​ដើរ​សុំទាន​គេ​ប៉ុណ្ណោះ។

ជាធម្មតា ​មនុស្ស​ចាស់​អាច​រស់​បាន​យូរ​ពី​ ៥ ទៅ ១០ ឆ្នាំ​ទៀត តែ​ដល់​ពេល​ទម្លាប់​ផ្អើល​តាម​គ្នា​ដោយ​គ្រួសារ​ខ្លះ​រៀបចំ​ទិញ​ក្តារមឈូស ចេតិយ ឬ​ក៏​ម៉ុង​ទុក​មុន​ឲ្យ​ហើយ គួបផ្សំ​នឹង​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ពពាយនាយ​លក់​ដី​ធ្វើ​ចេតិយ និង​ម៉ុង​ខ្មោច​ដើម្បី​រក​បច្ច័យ​ដាក់​វត្ត​បន្ថែម​ផង​នោះ កូនៗ​ខ្លះ​ក៏​ទិញ​ដី​ធ្វើ​ចេតិយ​ទុក​ឲ្យ​ហើយ​ទៅ។

តាមពិត​ទង្វើ​បែប​នេះ​គឺ​មិន​ខុស​ពី​ការ​ប្រមាថ​ជីវិត​ខ្លួនឯង​ទេ ដោយសារ​ពួកគាត់​មិន​មាន​គុណភាព​នៃ​ជីវិត មិន​បាន​កែប្រែ​គំនិត​ថ្មី​របស់​ពួកគាត់​គឺ​មាន​ជំនឿ​លើ​ជំនឿ​កម្មផល​ដែល​កាលពី​ក្មេង​គាត់​ខំប្រឹង​រក​លុយ​ដល់​ចាស់​ឡើង​សង្ឃឹម​តៗ​គ្នា​តកូន ត​ចៅ​ថា កូន​នឹង​ចិញ្ចឹម​មើល​ថែទាំ​ពួកគាត់ រួច​ហើយ​នាំ​គ្នា​ទៅ​វត្ត​រក​សីលទាន។

ខ្លះ​គាត់​រិះគន់​ថា​កាល​ពី​ក្មេង​ខំប្រឹង​បង់​ពន្ធ​ប្រាក់ខែ​ជូន​រដ្ឋ តែ​ដល់​ពេល​ចាស់​ទៅ​បែរ​ជា​អត់​ទទួល​បាន​អី្វ​រលីង។ ជួនកាល​ រដ្ឋាភិបាល​ចំអក​ឲ្យ​ពួកគាត់​ថា បើ​ចង់​បាន​លុយ ១០ ដុល្លារ​មាន​តែ​ទៅ​យក​ពី​បក្ស​ប្រឆាំង​ណា​ដែល​សន្យា​លើ​គោលនយោបាយ​ឃោសនា​បោះឆ្នោត​ជូន​ចាស់ៗ​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ។

នៅ​ពេល​ពួកគាត់​ខ្សត់ខ្សោយ​អ៊ីចឹង បើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ទៀត​គឺ​កាន់​តែ​ដុនដាប​ឡើងៗ​ទៅ​ហើយ។

២) សម្រាប់​អ្នក​មាន​វិញ៖ ពួកគាត់​មាន​លុយ​គ្រប់គ្រាន់​ដូចជា​គ្រាន់​បើ ដោយ​គាត់​អាច​បំពេញ​តម្រូវការ​បាន​គ្រប់គ្រាន់ ជួនកាល​គាត់​អាច​ដើរ​កម្សាន្ត​នៅ​បរទេស​បាន លម្ហែកាយ ឬ​ក៏​ការ​ដាក់​ទាន​ជូន​ជន​ទីទាល់​ក្រ ការ​ហាត់ប្រាណ និង​ធ្វើ​ចម្ការ​របស់​ខ្លួន​ដើម្បី​សុខភាព​ជាដើម។ រីឯ​មនុស្ស​ចាស់​ខ្លះ​ទៀត សំណាង​បាន​កូនៗ​បញ្ជូន​ឲ្យ​ទៅ​នៅ​ស្រុក​គេ​ដើម្បី​ចូល​សញ្ជាតិ និង​ដើម្បី​ឲ្យ​គេ​ជួយ​មើល​ជំងឺ​មិន​អស់​លុយ ហើយ​និង​ទទួល​បាន​ប្រាក់ខែ​ចូល​និវត្តន៍​ទៀត។

ពួក​ទាំងនេះ​មាន​គុណភាព​នៃ​ជីវិត​ហើយ តែ​ផ្ទុយ​ទៅ​វិញ​មាន​អ្នក​មាន ឧកញ៉ា​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ​គឺ​មាន​លុយ​ហើយ​បាន​ត្រឹម​តែ​ដេក​មើល​លុយ មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា ក្រពះ ពោះវៀន ថ្លើម អេដស៍ លើសឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន ស្ត្រូក​ខួរ​ក្បាល និង​ទឹកនោម​ផ្អែម​ជាដើម។ ជំងឺ​ទាំង​នេះ​គឺ​សល់​ពី​សង្គ្រាម​ផង ជំងឺ​ឆ្លង​ផង ការ​ដើរ​ហើរ​ហូបចុក និង​ផឹកស៊ី​ពេល​មាន​ចំណូល​ច្រើន​នោះ​ផង។

៣) សម្រាប់​មន្ត្រី​រាជការ​សាមញ្ញ៖ គាត់​មាន​ប្រាក់ខែ​តិច​ទេ តែ​នៅ​ពេល​ចូល​និវត្តន៍​អាយុ ៦០ ឆ្នាំ​ចំពោះ​អ្នក​ធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង ឬ​រដ្ឋបាល និង​ចំពោះ​មន្ត្រី​អាយុ ៥៥ ឆ្នាំ​សម្រាប់​អ្នក​ប្រើ​កម្លាំង​គឺ​គាត់​បាន​ប្រាក់​បៀវត្សរ៍ ៨០ ភាគរយ​នៃ​ប្រាក់​ខែ​គាត់​គឺ​អាស្រ័យ​លើ​រយៈពេល​នៃ​អតីតភាព​ការងារ​នោះ​ដែរ។

ថវិកា​នេះ​បាន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​អាហារ ទឹក និង​ភ្លើង​របស់​គាត់​ទេ តែ​ប្រសិន​បើ​មាន​ជំងឺ ចូលរួម​មង្គលការ និង​បុណ្យ​ទៀត​គឺ​មាន​តែ​រក​លុយ​ក្រៅ​មក​ផ្សែផ្សំ ហើយ​នេះ​មិន​គិត​រឿង​ដើរកម្សាន្ត​ក្នុង​ស្រុក​ផង​កុំ​ថា​ឡើយ​ដល់​ក្រៅ​ប្រទេស​នោះ។ ជីវិត​គឺ​ដឹង​តែ​គ្មាន​គុណភាព​នៃ​ជីវិត​តែ​ម្តង។

៤) សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ស្ថាប័ន និង​ជួរ​ថ្នាក់ដឹកនាំ​វិញ​ម្តង៖ ខណៈ​ដែល​គាត់​កំពុង​មាន​អំណាច រឿង​ប្រាក់ខែ​មិន​ច្រើន​ប៉ុន្មាន​ទេ តែ​ប្រាក់​ចំណូល​ដែល​បាន​មកពី​ការ​រក​កម្រៃ​ជើងសា​ផ្សេងៗ​គឺ​ចាយ​ម៉ាសប្បាយ​ហ៊ឺហារី ឯ​ខ្លះ​ទៀត​មិន​ត្រឹម​តែ​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​ទេ​គឺ​ចាយ​តកូន​តចៅ​រាប់​តំណ​ទៀត​ក៏​មិន​អស់​ផង ព្រោះ​មាន​ឱកាស​បួង​គឺ​បួង​យក​ឲ្យ​បាន​តែ​ម្តង។

ប៉ុន្តែ​ក្រោយ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដូចជា​ស្ងប់​បន្តិច​ដែរ។ មូលហេតុ​គឺ​ដើម្បី​ដល់​ពេល​ចាស់​ចូលនិវត្តន៍​ទៅ​មាន​លុយ​ចាយ​ស្រាប់ មាន​ភូមិគ្រឹះ​ស្រាប់ មាន​ខុនដូ​ជួល​ស្រាប់ ដេកស៊ី​ដើរ​លេង​តែ​ម្តង ហើយ​ពួកគាត់​ជួយ​គ្នា​ណាស់​ឲ្យ​តែ​មាន​ឱកាស​គឺ​គាត់​ដាក់​បញ្ចូល​គ្នា​គាត់​ដែល​ចូលនិវត្តន៍​បាន​ប្រាក់ខែ​ឌុប​ទៀត​គឺ​បាន​ទាំង​ប្រាក់​ចូល​និវត្តន៍ បាន​ទាំង​ប្រាក់ខែ​តួនាទី​ជា​ទីប្រឹក្សា​ស្ថាប័ន​ ឬ​ក៏​អនុរដ្ឋលេខាធិការ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​បង្ខំ​ឲ្យ​ធ្វើ​ទាំង​ចាស់ជរា​បែប​នេះ ធ្វើឲ្យ​មួយ​ជីវិត​របស់​គាត់​គិត​តែ​ការងារ​គ្មាន​ពេល​សម្រាក​សោះ តើ​ករណី​នេះ​បណ្តាល​មកពី​រាជរដ្ឋាភិបាល​នៅ​តែ​បង្ខំ​ពួកគាត់​ឲ្យ​បន្ត​កិច្ចការងារ​រហូត ឬ​ក៏​គាត់​ចង់​កាន់​តួនាទី​ឲ្យ​បាន​យូរ​ខ្លួន​គាត់ ជា​ហេតុ​បណ្តាល​ប៉ះពាល់​ទៅ​នឹង​សុខភាព និង​ឆាប់​ចាស់​ទ្រុឌទ្រោម​មុន​អាយុ?

រីឯ​មន្ត្រី​ជាន់​ខ្ពស់​ចាស់ៗ​ខ្លះ​ទៀត​គាត់​ឈឺ​ដេក​នៅ​កន្ទេល​ហើយ​ក៏​មិន​ឲ្យ​គាត់​ឈប់​សម្រាក​ដែរ​គឺ​នៅ​ចាំ​សុំ​យោបល់​សម្រេច ឬ​ក៏​ចាប់​ដៃ​ឲ្យ​ចុះហត្ថលេខា​នៅ​លើ​ឯកសារ​ទៀត​ខ្លះ​ក៏​បាន​ស្លាប់​ដោយសារ​រោគាពាធ​នៅ​អំឡុង​ពេល​កាន់​តំណែង ដូច​សព​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​សព​លោក​អតីត​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ទើប​តែ​មរណកាល​ថ្មី​នេះ​ជាដើម។

ខ្លះ​ទៀត ​ដែល​នៅ​មាន​តួនាទី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ តែ​គាត់​កាន់​ក្រដាស​អាន​ឡើង​ញ័រ​ដៃ​ទទ្រើត និង​ហៀរ​ទឹកមាត់​ទប់​លែង​ជាប់​ហើយ​ហេតុ​អ្វី​មិន​បាន​ឲ្យ​ពួកគាត់​សម្រាក​បើ​គាត់​បាន​បំពេញ​ភារកិច្ច​ដ៏ធំធេង​ជូន​ជាតិ​សឹង​តែ​មួយ​ជីវិត​ទៅ​ហើយ​នោះ? ឬ​មួយ​ក៏​មកពី​ពួកគាត់​មិន​ទុក​ចិត្ត​គ្នា​ក្នុង​បក្ស​កាន់​អំណាច? បើ​ទោះបី​ជា​គាត់​មាន​អ្វី​សព្វ​បែប​យ៉ាង​ទាំង​អំណាច ទាំង​ទ្រព្យសម្បត្តិ តែ​ពួកគាត់​គ្មាន​គុណភាព​នៃ​ជីវិត​នោះ​ទេ ដោយសារ​តែ​ធ្វើការ​រហូត​ដល់​ទុំជោរ​ពេក អត់​មាន​ភាព​សប្បាយ និង​ខ្វះ​ការ​ចូលរួម​ចែករំលែក​ក្នុង​សង្គម។

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​រីកចម្រើន​វិញ​គឺ​រដ្ឋាភិបាល​គេ​បង្កើត​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​មាន​គុណភាព​នៃ​ជីវិត​នៅ​ពេល​ចាស់​ទៅ​គឺ​ពី​ក្មេង​មាន​កម្លាំង មាន​ប្រាក់​ខែ ខិតខំ​ធ្វើការ​កសាង​ប្រទេស តែ​ដល់​អាយុ​ចូលនិវត្តន៍​បាន​សម្រាក ទទួល​បាន​ប្រាក់​បៀវត្សរ៍​គ្រប់ៗ​គ្នា។

មនុស្ស​ចាស់​ស្រុកគេ សល់​ពេល​ដើរកម្សាន្ត ចូលរួម​ចំណែក​ជួយ​អ្នក​ក្រីក្រ និង​ជន​ភៀសខ្លួន​តាមរយៈ​មូលនិធិ​វិហារកាតូលិក​របស់​ពួកគេ។ ដូច​បុរស​បរទេស​គំរូ លោក​វេជ្ជបណ្ឌិត ប៊ីត រីច្ឆន័រ មក​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​សព​លោកតា គ្រីស្ទៀន ដេប៉ាលីយ៉េ អតីត​អ្នក​បង្កើត​មូលនិធិ​ភាព​ញញឹម​នៃ​កុមារ​ជាដើម។

តើ​ពេល​ណា​ទើប​រដ្ឋាភិបាល​បង្កើត​គុណភាព​នៃ​ជីវិត​សម្រាប់​មនុស្ស​ចាស់? ឬ​ក៏​មកពី​មន្ត្រី​ធំៗ​ចាស់ៗ​គាត់​មិន​ទាន់​ចូលនិវត្តន៍​ទើប​មិន​ទាន់​នឹក​ឃើញ​ពី​ភាព​លំបាក​រួច​ងាក​មក​តាក់តែង​ច្បាប់​ដើម្បី​លើក​កម្ពស់​មនុស្ស​ចាស់? បើ​បក្សប្រឆាំង CNRP គេ​មាន​គោលនយោបាយ​ឲ្យ​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ ១០ ដុល្លារ បក្ស​កាន់​អំណាច CPP អាច​ចាប់ផ្តើម​ដំបូង​ដំឡើង​បាន​ ២០ ដុល្លារ​សម្រាប់​មនុស្ស​ចាស់​វិញ និង​ធ្វើ​ឲ្យ​បាន​មុន​បោះឆ្នោត​ជាតិ ២០១៨ ជា​ការ​ប្រសើរ។

បើ​ផ្អែក​តាម​ពាក់កណ្តាល​ជំរឿន​ជាតិ​ឆ្នាំ ២០១៣ គឺ​គណនា​ចំនួន​ប្រជាសាស្ត្រ​សម្រាប់​មនុស្ស​ចាស់​អាយុ​ពី ៦០ ឡើង​មាន​ចំនួន ៧,៦ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប ១៤,៧ លាន​នាក់​គឺ​មាន​ប្រមាណ​ជាង ១,១ លាន​នាក់​តែ​ប៉ុណ្ណោះ។

សព្វ​ថ្ងៃនេះ​រាជរដ្ឋាភិបាល​មាន​តែ​គោលការណ៍​ណែនាំ​សម្រាប់​អនុវត្ត​កម្មវិធី​មនុស្ស​ចាស់​ទេ តែ​គោលនយោបាយ​មិន​ទាន់​ចេញ​រួច​ឡើយ ចំពោះ​សកម្មភាព​ដែល​អនុវត្ត​កម្មវិធី​គឺ​មាន​តែ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ទេ ដែល​អនុវត្ត​ជា​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​នោះ។

ម្យ៉ាង​វិញ​ទៀត​កម្មវិធី​ផ្ទះ​អ្នកតា​របស់​មូលនិធិ​ទូរទស្សន៍​បាយ័ន​ដែល​ជួយ​មនុស្ស​ចាស់​ជរាៗ​នោះ​គឺ​ល្អ​ហើយ តែ​ជួយ​បាន​តែ​មួយ​ផ្នែក​តូច​នៃ​ពួកគាត់​ទេ ដូច្នេះ​គួរ​តែ​បង្កើត​ឲ្យ​ចេញ​ជា​ការ​ជួយ​មាន​លក្ខណៈ​ប្រព័ន្ធ​ពី​ថ្នាក់ជាតិ មក​ដល់​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​លើក​កម្ពស់​មនុស្ស​ចាស់​នោះ។

ជាង​នេះ​ទៅ​ទៀត ​គឺ​ត្រូវ​ពង្រឹង​កម្មវិធី​បេឡា​ជាតិ​របប​សនិ្តសុខ​សង្គម​ដើម្បី​អនុវត្ត​ដំណើរការ​នៃ​ការ​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​សម្រាប់​មនុស្ស​ចាស់​ទាំង​នោះ។ សម្រាប់​ជួរ​ថ្នាក់ដឹកនាំ និង​ក្រុម​ប្រឹក្សា​ខេត្ត និង​ក្រុម​ប្រឹក្សា​ស្រុក ដែល​មាន​វ័យ​ចំណាស់​ពេក​គួរ​តែ​ឲ្យ​សម្រាក​ហើយ ដើម្បី​ទុក​កន្លែង​ឲ្យ​អ្នក​ដឹកនាំ​វ័យក្មេង​មក​ជំនួស​វិញ​ម្តង៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment