Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ម្នាក់ៗ​ចាំបាច់​ត្រូវ​ស្ដារ​មុខមាត់​កម្ពុជា​ ​លើ​ឆាក​អន្តរជាតិ​?

Content image - Phnom Penh Post
ជំនួប​ប្រជុំ​រវាង​មេដឹកនាំ​ប្រទេស​ក្នុង​អាស៊ាន​ +៣ នៅ​ហ្វីលីពីន​នាពេល​កន្លង​មក​។ រូបថត AFP

ម្នាក់ៗ​ចាំបាច់​ត្រូវ​ស្ដារ​មុខមាត់​កម្ពុជា​ ​លើ​ឆាក​អន្តរជាតិ​?

ផ្អែក​តាម​កង់​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ការ​រីកចម្រើន​ខ្លាំង​ដល់​កម្រិត​កំពូល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​វិញ​ដល់​កម្រិត​សូន្យ​នៅ​សម័យ​របប​ខ្មែរក្រហម​ដែល​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត​ ២ ​លាន​នាក់​។

ដោយសារ​ស្លាកស្នាម​ទុរគត​ដែល​បាន​បន្សល់​ទុក​ពី​របប​​ឃោរឃៅ​បាន​ធ្វើឲ្យ​ពិភពលោក​ទាំង​មូល​មើល​មក​ពលរដ្ឋ​ និង​ប្រទេស​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់​​ និង​ជា​រដ្ឋ​ដែល​ដិតដាម​ដោយ​ហិង្សា​នៅ​ជាប់​នឹង​ខ្លួន​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​រហូត​មក​ទល់​ពេល​នេះ​ ស្លាកស្នាម​នោះ​ក៏​នៅ​មិន​ទាន់​បាន​រសាយ​ពី​ចិត្ត​នៅ​ឡើយ​ដែរ​ចំពោះ​ការ​ដោះស្រាយ​ទំនាស់​ផ្ទៃក្នុង និង​ទំនាក់​ទំនង​ការទូត​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​ពោល​គឺ​នៅ​មិន​ទាន់​ធ្វើឲ្យ​ប្រសើរ​ស្រប​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ដែល​ធ្លាប់​មាន​អរិយធម៌​ខ្ពង់ខ្ពស់​ឡើយ​។

ផ្ទុយ​ទៅ​វិញ​កិត្តិយស និង​ភាព​អាប់ឱន​ហាក់​បាន​ផ្លាស់​វេន​គ្នា​សម្រាប់​ជាតិ​សាសន៍​នេះ​ដោយ​​មិន​មាន​សញ្ញា​ច្បាស់លាស់​ពី​ចីរភាព​នៃ​កិត្តិនាម​ដែល​បុព្វបុរស​យើង​ផ្ដល់​ដើមទុន​ទុក​ឲ្យ​តាមរយៈ​ស្នាដៃ​អមតៈ​នានា​ដូចជា​ប្រាង្គ​ប្រាសាទ​រាប់ពាន់​ជាដើម​។​ល​។

ក្នុង​បរិបទ​ថ្មី​នេះ​ផលប៉ះពាល់​ក៏​កំពុង​មាន​ឥទ្ធិពល​មក​​លើ​កិតិ្តយស​ប្រជាជាតិ​ខ្លួនឯង​ផង​ដែរ​ពោល​គឺ​នៅ​ពេល​ចេញ​​ទៅ​ក្រៅ​ប្រទេស​ប្រជុំ​ក្តី និង​ការងារ​រកស៊ី​ក្តី​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​មិន​ល្អ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ​។ ​

ស្ថិត​ក្នុង​កាលៈទេសៈ​​បែប​នេះ​ការ​ស្តារ​មុខមាត់​កម្ពុជា​​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​​តែ​ជា​កត្តា​ចាំបាច់​ហើយ​ក៏​មិនមែន​មាន​ន័យ​ដូច​មតិ​មួយ​ចំនួន​ដែល​ខំ​ប្រកាស​ថា​មោទន​ជាតិ​​ខ្មែរ​ពី​ក្នុង​ស្រុក​ដែល​ប្រៀបបី​​ដូចជា​កង្កែប​ក្នុង​អណ្តូង​ដើម្បី​ពិភពលោក​ខាង​ក្រៅ​គេ​ទទួល​ស្គាល់​ថា​យ៉ាង​ណា​នោះ​ទេ​។

ការពិត​ជាក់ស្តែង​រឿង​មុខមាត់​ជាតិសាសន៍​នេះ បើ​ទោះបី​ពិភព​ខាង​ក្រៅ​គេ​មិន​បង្ហាញ​ថា​ គេ​រើសអើង​ក៏​គេ​ហាក់​មិន​ឲ្យ​តម្លៃ​យើង​ដែរ​ពោល​គឺ​បើ​គេ​សួរ​យើង​ថា​អ្នក​មកពី​ប្រទេស​ណា យើង​ថា​មកពី​ Cambodia គេ​និយាយ​ ១ ​ម៉ាត់​ទៅ​ ២ ​ម៉ាត់​រួច​​ក៏​ដើរ​ចេញ​ទៅ​រក​អ្នក​ផ្សេង​ទៀត​​ ឬ​ក៏​មិន​ចង់​រាប់​រក​តែ​ម្តង​។ ​នេះ​គឺជា​អ្វី​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ ​ដើម្បី​ចូលរួម​សនិ្នសីទ​ក្តី ប្រជុំ​ក្តី​នៅ​ថ្នាក់​តំបន់ និង​នៅ​អន្តរជាតិ ហើយ​ខ្លះ​ក៏​បាន​ត្អូញត្អែរ និង​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ជួប​ប្រទះ​នូវ​ការ​ឲ្យ​តម្លៃ​បែប​នេះ​មែន​។

រីឯ​ ​អ្នក​ខ្លះ​ទៀត​មិន​បាន​បារម្ភ​ពី​ការ​ឲ្យ​តម្លៃ​នេះ​ទេ​គឺ​ខំ​ធ្វើ​មិន​ដឹង​មិន​ឮ​ហើយ​ដើរ​ពើងទ្រូង​ថា ខ្លួនឯង​គ្រាន់​បើ នរណា​គេ​ទៅ​ដឹង​? ​ចំពោះ​មន្ត្រី​ខ្លះ​វិញ​គឺ​ទៅ​ប្រជុំ​ស្តាប់​គេ​ជជែក​គ្នា​មិន​បាន​ហើយ​មិន​ខ្វល់​រឿង​មុខមាត់​នោះ​ទេ​គឺ​ដឹង​តែ​ទៅ​ប្រជុំ​បន់​ឲ្យ​តែ​ដល់​ម៉ោង ន្អាល​នឹង​នាំ​ប្រពន្ធ​កូន​ដើរ​លេង​ស្រុក​គេ​ជាដើម​។

បញ្ហា​មុខមាត់​ជាតិសាសន៍​ខ្មែរ​យើង​នេះ ប្រសិន​បើ​ជួប​ប្រជុំ​ត្រឹម​ថ្នាក់​អាស៊ាន​គឺ​ពុំ​សូវ​មាន​បញ្ហា​រើសអើង​ធំដុំ​ទេ ព្រោះ​កម្រិត​សមាសភាព​ចូលរួម​ពី​ប្រទេស​ជាង​ពាក់​កណ្តាល​អាស៊ាន​ប្រហាក់​ប្រហែល​គ្នា​។

តែ​ប្រសិន​បើ​ចូល​ក្នុង​អាស៊ី និង​អន្តរជាតិ​ គឺ​យើង​មាន​ការ​លំបាក​ច្រើន​ចំពោះ​ការ​មិន​សូវ​បាន​ទទួល​​ការ​រាប់អាន​ ឬ​ក៏​ការ​ចែករំលែក​បទពិសោធ​ពី​អ្នក​ចូលរួម​មកពី​ប្រទេស​ផ្សេង​ខណៈ​ដែល​គេ​មាន​កម្រិត​នយោបាយ និង​សេដ្ឋកិច្ច​ខ្ពស់​ជាង​។ ករណី​នេះ​ខ្ញុំ​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ​ពេល​ជជែក​គ្នា​ក្នុង​​ម៉ោង​ចេញ​លេង​សោះ ដោយ​​គ្រាន់​តែ​ប្រាប់​ពួកគេ​ថា​មកពី ​Cambodia គេ​សួរ​ខ្ញុំ​វិញ​ថា​ប្រទេស​អ្នក​ឯង​នៅ​ម្តុំ​ណា​? ​ខ្ញុំ​ថា​នៅ​ជាប់​ប្រទេស​ថៃ វៀតណាម និង​ឡាវ​។ ​គេ​ថា​គេ​ស្គាល់​ប្រទេស​ថៃ​ និង​ទីក្រុង​បាងកក​ទៅ​វិញ​។

ខ្ញុំ​ក៏​បាន​ស្គាល់​ប្រទេស​ថៃ​តាមរយៈ​អ្វី​ដែល​គេ​ថា​ស្គាល់​តាមរយៈ​ព័ត៌មាន​សេដ្ឋកិច្ច ការ​ផ្សាយ​ពាណិជ្ជកម្ម កន្លែង​ទេសចរណ៍​ និង​ធ្លាប់​ទិញ​ផលិតផល​មកពី​ថៃ​ផង​ដែរ​។ ​ខ្ញុំ​សួរ​គេ​បន្ត​ទៀត​អ្នក​ស្គាល់​អង្គរវត្ត​ទេ​? ​គេ​ថា​គេ​ស្គាល់ បន្ថែម​លើស​ពី​នោះ​ទៀត​គឺ​គេ​ចាំ ប៉ុល ពត សម្លាប់​មនុស្ស​ខ្មែរ​គ្នា​ឯង​ទៅ​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ​ សូម្បី​តែ​ករណី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រជុំ​អាស៊ាន​ +៣ កាលពី​ដើម​ខែ​នេះ​ក៏​មាន​ការ​ជជែក​ និង​ឲ្យ​តម្លៃ​ខុសៗ​គ្នា​ដែរ នៅ​ពេល​ដែល​ឃើញ​លោក​ក្នុង​រូប​​ថត គេ​ងាក​និយាយ​ចេញ​ពី​លោក និង​ពេល​លោក​ឡើង​លើ​ឆាក​នៅ​ចំហៀង​គម្លាត​ពី​គេ​បន្តិច​ក៏​មាន​អ្នក​ខ្លះ​បកស្រាយ​ថា​អ្នក​​ចូលរួម​ប្រជុំ​មិន​ចង់​និយាយ​ជាមួយ​លោក​ដែល​ជា​ការ​សម្តែង​​ការ​មិន​ចូលចិត្ត​។ ប៉ុន្តែ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថត​​ចាប់​ដៃ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​វិញ​​បែរ​ជា​មាន​អ្នក​បកស្រាយ​ថា​​លោក​មាន​ឱកាស​ជួប​ជាមួយ​លោក ​ត្រាំ ជជែក​គ្នា​ទៅ​វិញ​។

ម្យ៉ាង​វិញ​ទៀត​ការ​ឲ្យ​តម្លៃ​មុខមាត់​ប្រទេស​ជាតិ​ក៏​អាស្រ័យ​លើ​ខ្លួនឯង​ដែល​ជា​ជនជាតិ​ខ្មែរ​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ប្រទេស​ចូលរួម​កម្មវិធី​អ្វី​មួយ ទោះបី​តំណាង​ពី​រាជរដ្ឋាភិបាល​ក្តី​ ពី​អង្គការ​សហប្រជាជាតិ​ក្តី​ ពី​អង្គការ​សង្គម​ស៊ីវិល​ក្តី ពី​ពាណិជ្ជកម្ម​ក្តី ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត និស្សិត ពី​សាសនា​ក្តី ឬ​ក៏​ពី​បុគ្គល​ផ្ទាល់​ខ្លួន​ក្តី គឺ​ហាក់បី​ដូចជា​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន​ផង​ដែរ​។

ប្រសិន​បើ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ល្អ​ទៅ​ក៏​មុខមាត់​ប្រទេស​ឡើង​មួយ​កម្រិត​ដែរ​តែ​នៅ​ពេល​ដែល​ធ្វើឲ្យ​ខុស​នឹង​ច្បាប់​ ឬ​ក៏​ប្រពៃណី​របស់​ប្រទេស​គេ​ក៏​ជា​បញ្ហា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ និង​ជនជាតិ​របស់​ខ្លួន​ផង​ដែរ​។

ឧទាហរណ៍​កន្លង​មក​ថ្មីៗ​នេះ​លោក​​អតីត​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ ​ធ្លាប់​ជាប់​ចោទ​ពី​បទ​លូកលាន់​ស្ត្រី​ជនជាតិ​កូរ៉េ​ដែល​ជា​អ្នក​បកប្រែ​ក្នុង​អំឡុង​ពេល​​លោក​ចូលរួម​ប្រជុំ​នៅ​ប្រទេស​កូរ៉េ​នោះ​។ ករណី​នេះ​គឺ​ប៉ះពាល់​ដល់​ជាតិ និង​ជនជាតិ​ខ្មែរ​ផ្សេង​ទៀត​ដែល​ទៅ​ចូលរួម​លើក​ក្រោយ​ ឬ​ក៏​ជនជាតិ​ផ្សេងៗ​ទៀត​គេ​ដឹង​អាច​ធ្វើ​បុរេវិនិច្ឆ័យ​អ្នក​ចូលរួម​ប្រជុំជន​ជាតិ​ខ្មែរ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ទាក់ទង​នឹង​ផ្លូវ​​ភេទ​។ ​នេះ​គឺជា​បញ្ហា​ដែល​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​មុខមាត់​ខ្មែរ​ដែល​ត្រូវ​តែ​កែប្រែ​ឲ្យ​ប្រសើរ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​បញ្ហា​ដែល​ថា តើ​គួរ​ធ្វើ​យ៉ាង​ណា​?

ទោះ​ជា​យ៉ាង​ណា​ក៏​មាន​ចំណុច​ល្អៗ​ពី​អ្នក​មាន​បទពិសោធ​ខ្ពស់​ក្នុង​ការ​ចូលរួម​ប្រជុំ​ទាំង​​សន្និសីទ​ថ្នាក់​តំបន់​ក្តី និង​អន្តរជាតិ​ក្តី​ដែល​ខិតខំ​លើក​កម្ពស់​មុខមាត់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ដូចជា បណ្ឌិត សុក ស៊ីផាន់ណា អតីត​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ប្រតិភូ​អម​រាជរដ្ឋាភិបាល​​បាន​ខិតខំ​ប្រឹងប្រែង​នាំ​កម្ពុជា​ទៅ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ​នៅ​ឆ្នាំ​ ២០០៣ ​។

ឯកអគ្គរាជទូត ពូ សុធីរៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អតីត​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ជប៉ុន សេដ្ឋវិទូ​ប្រចាំ​អាស៊ាន និង​បច្ចុប្បន្ន​​នេះ​ជា​នាយក​អង្គការ​ CICP ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​ពី​លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មីៗ​នេះ​។

រីឯ​លោកស្រី ចក់ សុភាព នាយិកា​អង្គការ​ CCHR ក៏​ត្រូវ​បាន​លោក​ បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​លោកស្រី ចំពោះ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៤​។

សរុបមក​វិញ​ការ​ស្តារ​មុខមាត់​នៅ​ឆាក​អន្តរជាតិ​នេះ​គឺ​តម្រូវ​ឲ្យ​បំពេញ​ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន​មាន​តាំង​ពី​រាជរដ្ឋាភិបាល គណបក្សនយោបាយ សង្គម​ស៊ីវិល និង​បុគ្គល​ផ្ទាល់ ខិតខំ​ប្រឹងប្រែង​ដែល​អាច​ធ្វើ​ទៅ​បាន​។ ធ្វើ​ដូចម្តេច​ឲ្យ​ដូច​ជាតិ​សាសន៍​មកពី​ប្រទេស​រីកចម្រើន គ្រាន់​ឮ​ឈ្មោះ Jonh, William, Pierre, Margaret or Mary ជាដើម​គឺ​មិន​ទាន់​បាន​ធ្វើ​បទបង្ហាញ​ក្នុង​ប្រជុំ​ផង​ក៏​អ្នក​ចូលរួម​ចង់​ចូលរួម​មើល និង​ស្តាប់​ដែរ​។ ​នេះ​ហើយ​គឺជា​ការ​ឲ្យ​តម្លៃ និង​មុខមាត់​របស់​ជាតិ​សាសន៍​គេ​អ៊ីចឹង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ