ខណៈ​ដែល​ឆ្នាំ​ ២០១៨ ទើប​តែ​បាន​ចាប់ផ្តើម​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​មាន​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​ហើយ​បើ​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​មាន​ហេតុការណ៍​ជាច្រើន​បាន​លេច​ឡើង​នៅ​លើ​បណា្ដញ​សង្គម​ដូចជា​ហ្វេសប៊ុក និង​ធ្វីធើរ​ជាដើម​ដែល​បាន​កើតឡើង​នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១៧ ​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​។

រឿងរ៉ាវ​គួរ​ឲ្យ​កត់សម្គាល់​ទាំង​នោះ​រួម​មាន​ការ​ធ្វើ​ឃាត​បងប្រុស​របស់​លោក​ គីម ជុងអ៊ុន ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅឯ​អាកាសយានដ្ឋាន​ប្រទេស​ម៉ាឡេស៊ី​រហូត​ដល់​រឿងរ៉ាវ​ផ្សែង​អ័ព្ទ​ក្រាស់ឃ្មឹក​គ្រប​ដណ្តប់​ដែន​អាកាស​របស់​ប្រទេស​ឥណ្ឌា​ និង​រឿងរ៉ាវ​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ចុង​ឆ្នាំ​នោះ​អម​ទាំង​មាន​រូបភាព​ និង​រឿងរ៉ាវ​សំខាន់ៗ​ជាច្រើន​ទៀត​។

ការ​ជ្រើសរើស​រឿងរ៉ាវ​ជាច្រើន​ពី​ឆ្នាំ​មុន​គឺ​ទាញ​ចេញ​ពី​គំនិត​បែប​ទស្សនវិជ្ជា​របស់​ចិន​ដែល​ហាក់​ដូចជា​មាន​ភាព​ផ្ទុយ​គ្នា​ ប៉ុន្តែ​វា​ជា​កម្លាំង​ដែល​ជា​ចំណុះ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​ដែល​យើង​បង្កើន​ការ​ចូលរួម​ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​ជាមួយ​គ្នា​នឹង​កែប្រែ​រឿង​អាក្រក់​ឲ្យ​ទៅ​ជា​រឿង​ល្អ​សម្រាប់​ទ្វីប​អាស៊ី​នេះ​។

នៅ​ក្នុង​ឆ្នាំ​ ២០១៦ ជា​ឆ្នាំ​អាក្រក់​ដោយសារ​តែ​ «​នយោបាយ​ងាក​ទៅ​រក​ទ្វីប​អាស៊ី​របស់​អាមេរិក​» ​ចាប់​ផ្តើម​មាន​បញ្ហា​នៅ​ពេល​ដែល​លោក​ ដូណាល់ត្រាំ បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ហ៊ីឡារី គ្លីនតុន ដែល​បាន​ធ្វើឲ្យ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក (TPP) របស់​លោក​ បារ៉ាក់ អូបាម៉ា ​ត្រូវ​បាន​បញ្ចប់​។

ប៉ុន្តែ​វា​ជា​ឆ្នាំ​ល្អ​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដោយ​លោក​បាន​កែ​ស្ថានភាព​កិច្ចការ​ជាច្រើន​មាន​ទាំង​ល្អ​ និង​អាក្រក់​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​។

នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​តើ​នរណា​ខ្លះ​ងើប​ឡើង​ហើយ​អ្នក​ណា​ខ្លះ​ធ្លាក់​ចុះ​? យើង​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រឿងរ៉ាវ​ទាំង​នោះ​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧​។

ឆ្នាំ​អាក្រក់​: លោកស្រី​ អ៊ុងសានស៊ូជី និង​ជនជាតិ​មូស្លីម រ៉ូហ៊ីងយ៉ា តារា​ដែល​ធ្លាក់​ចុះ និង​បរាជ័យ​ក្នុង​ការ​ឆ្លើយតប

​ឆ្នាំ​ ២០១៣ ​ពេល​នោះ​លោកស្រី​ អ៊ុងសានស៊ូជី គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។ ​ជយលាភី​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​ធ្វើ​កិច្ចការ​បាន​តិច​បំផុត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជនជាតិ​ភាគតិច​មូស្លីមរ៉ូហ៊ីងយ៉ា​ខណៈ​ដែល​ការ​ផ្តោត​របស់​លោកស្រី​គឺ​ផ្តោត​ទៅ​លើ​តម្លៃ​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​លោកស្រី​ដែល​មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ភាគច្រើន​បំផុត​នោះ​។

មក​ដល់​ដំណាច់​ឆ្នាំ​ ២០១៧ នេះ​បរាជ័យ​របស់​លោកស្រី​អាច​បង្ហាញ​កាន់តែ​ច្បាស់​ដោយសារ​តែ​មាន​ជនជាតិ​មូស្លីមរ៉ូហ៊ីងយ៉ា​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​បន្ទាប់ពី​មាន​ការ​ចាប់​រំលោភ​អំពើ​ឃាតកម្ម​ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សំបែង​ភូមិ​ស្រុក​របស់​ពួកគេ​។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ពិពណ៌នា​ថា​វា​ជា​ «​សុបិន​អាក្រក់​នៃ​អំពើ​មនុស្សធម៌​ និង​សិទ្ធិ​មនុស្ស​» ​ឬ​ជា​ករណី​ជាក់ស្តែង​នៃ​ «​ការ​បោសសម្អាត​ជនជាតិ​ភាគតិច​» ​នេះ​ដែល​ពិភពលោក​បរាជ័យ​ក្នុង​ការ​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ដ៏ឃោរឃៅ​របស់​មីយ៉ាន់ម៉ា​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ​។

ជា​អកុសល​ឆ្នាំ​ខាង​មុខ​មើល​ទៅ​ហាក់​នៅ​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ​សម្រាប់​លោកស្រី​ អ៊ុងសានស៊ូជី ឬ​ជនជាតិ​រ៉ូហ៊ីងយ៉ា​។ វា​គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​ឆ្នាំ​រួម​គ្នា​ «​ឈ្នះ​» ​ជា​ឆ្នាំ​ដ៏អាក្រក់​នៅ​ក្នុង​ទ្វីប​អាស៊ី​នា​ឆ្នាំ​ ២០១៧ ​នេះ​។

ឆ្នាំ​អាក្រក់:​ គណបក្ស​ប្រឆាំង​បាន​ធ្លាក់​ចុះ​អន់​ថយ​យ៉ាង​លឿន​

នៅ​ទូទាំង​ទ្វីប​អាស៊ី​ទាំង​មូល​ឆ្នាំ​ ២០១៧ វា​មិនមែន​ជា​ឆ្នាំ​ «​និទាឃ​រដូវ​អាស៊ី​» ​ទេ នៅពេល​ដែល​មេដឹកនាំ​ដែល​កំពុង​កាន់​តំណែង​ និង​គណបក្ស​នានា​នៅ​អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាង​កើត​បាន​ពង្រឹង​ការ​ក្តោប​ក្តាប់​អំណាច​របស់​ពួកគេ​ដោយ​រាប់​ចាប់​ពី​ប្រទេស​ឥណ្ឌា​រហូត​ដល់​ប្រទេស​ជប៉ុន​។

ដោយសារ​តែ​រឿង​អាស្រូវ​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ទើប​អាច​ជួយ​ឲ្យ​លោក Moon Jae-in ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាលពី​ខែ​ឧសភា​បាន​ ប៉ុន្តែ​បើ​យើង​សម្លឹង​មើល​ទៅ​ភាគច្រើន​នៅ​ក្នុង​តំបន់​នេះ​វិញ​គឺ​គណបក្ស​ប្រឆាំង​ជួប​រឿងរ៉ាវ​អាក្រក់​ច្រើន​ក្នុង​ឆ្នាំ ​២០១៧​។

ការ​គ្រប់គ្រង​ដោយ​បក្ស​តែ​មួយ​បាន​បន្ត​នៅ​ក្នុង​ប្រទេស​ចិន​ដូច​នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​ដែរ ហើយ​បើ​ក្រឡេក​មើល​ទៅ​ប្រទេស​កម្ពុជា​វិញ ការ​រំលាយ​គណបក្ស​ប្រឆាំង​កាលពី​ខែ​វិច្ឆិកា​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​នេះ​គឺ​វា​ជា​សញ្ញា​មួយ​ដែល​អាច​ជួយ​ឱ្យ​លោក​ ហ៊ុន សែន ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នេះ​។

ងាក​ទៅ​មើល​នៅ​កន្លែង​ផ្សេង​ទៀត​ការ​វិល​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ​របស់​ប្រទេស​ថៃ​នៅ​មិន​ទាន់​កើត​មាន​ឡើង​នៅ​ឡើយ​ទេ​គឺ​វា​មាន​រយៈពេល​ជាង​​ ៣ ​ឆ្នាំ​ទៅ​ហើយ បន្ទាប់ពី​មាន​រដ្ឋប្រហារ​មួយ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៤ ហើយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ស៊ីនហ្សូអាបេ បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​គណបក្ស​លោក​ឈ្នះ​លើ​គណបក្ស​របស់​លោកស្រី Yuriko Koike ចៅហ្វាយ​ក្រុង​តូក្យូ​ដ៏​មាន​ប្រជាប្រិយភាព​។

ឆ្នាំ​ចម្រុះ: អាស៊ាន លាតត្រដាង​ពី​រឿងរ៉ាវ​ជាច្រើន

​ឆ្នាំ ២០១៧ វា​បាន​បង្ហាញ​ទាំង​រឿង​ល្អ និង​រឿង​អាក្រក់​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​ ១០ ​ប្រទេស​ដែល​ពួកគេ​ទើប​តែ​បាន​ប្រារព្ធ​ខួប​ទី​ ៥០ ​របស់​ខ្លួន​កាលពី​ខែ​​វិច្ឆិកា​ក្នុង​ទីក្រុង​ម៉ានីល​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក​​ ដូណាល់ ត្រាំ ហើយ​វា​ទំនង​ដូចជា​ការ​ចាប់ផ្តើម​ដ៏សំខាន់​រវាង​ប្រធានាធិបតី​អាមេរិក និង​ហ្វីលីពីន​។

តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន GDP សរុប​ចំនួន​ ២,៤ ទ្រីលាន​ដុល្លារ​នោះ​ឥឡូវនេះ​គឺជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទី​ ៧ នៅ​ក្នុង​ពិភពលោក​ហើយ​នឹង​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​បួន​នៅ​ត្រឹម​ឆ្នាំ ២០៥០​។ នេះ​គឺជា​ដំណឹង​ល្អ​។

ប៉ុន្តែ​ឆ្នាំ ២០១៧ ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​វិធីសាស្ត្រ​សម្រប​សម្រួល និង​ការ​មូលមតិ​គ្នា​ដែល​គេ​ចាត់​ទុក​ថា​ជា​ «​វិថី​អាស៊ាន​» ​ដោយ​សំដៅ​ទៅ​លើ​វិធីសាស្ត្រ​ ឬ​ដំណោះស្រាយ​បញ្ហា​ដែល​គោរព​បទដ្ឋាន​វប្បធម៌​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​វា​អាច​ប្រឈម​នឹង​វិបត្តិ ខណៈ​ដែល​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​របស់​ចិន​កំពុង​បន្ត​កើនឡើង​នៅ​ក្នុង​តំបន់​នេះ​។

អាស៊ាន​មាន​សមិទ្ធផល​ដ៏គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ប៉ុន្តែ​បញ្ហា​បន្ទាន់​បំផុត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ក៏​នៅ​តែ​មាន​ច្រើន​ដែរ​ដូចជា​វិបត្តិ​ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម​ហើយ​ប្រសិន​បើ​គេ​មិន​ស្វែងរក​ដំណោះស្រាយ​ទេ​នោះ​វា​នឹង​នៅ​តែ​បន្ត​ដដែល​។

ឆ្នាំ​ល្អ: អ្នក​ត្រួសត្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​អាស៊ី ​

មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជា​លោក Jack Ma ដែល​ជា​មហាសេដ្ឋី​ចិន​ដ៏ល្បីល្បាញ​ និង​ជា​សហស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba Group នោះ​ទេ​ហើយ​មិនមែន​គ្រប់​ក្រុមហ៊ុន​ទាំងអស់​សុទ្ធ​តែ​អាច​ក្លាយ​ជា​ក្រុមហ៊ុន Ant Financial Services Group ដែល​ជា​ក្រុមហ៊ុន​ទូទាត់​សាច់​ប្រាក់​តាម​អនឡាញ​ជាមួយ​ក្រុមហ៊ុន Alibaba ដែល​ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​ពិពណ៌នា​ថា​ជា​ «​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏មាន​តម្លៃ​បំផុត​របស់​ពិភពលោក​» ​នោះ​ដែរ​។

ប៉ុន្តែ​ឆ្នាំ ២០១៧ ​បាន​បង្ហាញ​ថា ជា​ឆ្នាំ​ដ៏ល្អ​សម្រាប់​អ្នក​ត្រួសត្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​អាស៊ី​ដែល​វា​ក្លាយ​ជា​រឿង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ​ចំពោះ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​ជួប​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដូចជា​ការ​កែលម្អ​ឡើង​វិញ​នូវ​សក្តានុពល​ធនាគារ​និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សំខាន់ៗ​ខណៈ​ពេល​ដែល​វិស័យ​ពាណិជ្ជកម្ម​កំពុង​កើនឡើង​គឺ​វា​បាន​ទាក់ទាញ​ទាំង​អ្នក​ប្រើប្រាស់​ និង​វិនិយោគិន​។

យោង​តាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ KPMG បាន​ឲ្យ​ដឹង​ថា​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៧ ទ្វីប​អាស៊ី​គឺ​ឈាន​មុខ​គេ​ក្នុង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺ​មាន​ល្បឿន​លឿន​ជាង​ទ្វីប​អឺរ៉ុប​ និង​អាមេរិក​ដោយ​បាន​កើនឡើង​ជាង ១,២១ ​ពាន់​លាន​ដុល្លារ​។

ភាគច្រើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​គឺ​ប្រទេស​ចិន ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ទឹកប្រាក់​ចំនួន​ ២២០ ​លាន​ដុល្លារ​ដែល​ចិន​អនុវត្ត​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​បុគ្គល​ ឬ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​តាមរយៈ​ក្រុមហ៊ុន Dianrong ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​។

លើស​ពី​នេះ​នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​ក្រុមហ៊ុន Alibaba, JD Finance, Tencent និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​កំពុង​ស្វែងរក​ការ​អនុវត្ត​សេវាកម្ម​បែប​នេះ​សម្រាប់​អ្នក​ដែល​គ្មាន​គណនី​ធនាគារ​។ ក្នុង​ចំណោម​ប្រជាជន​ប្រមាណ​ ៦០០ លាន​នាក់​ដែល​រស់នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​មាន​តែ​ ២៧ ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​គណនី​ធនាគារ ដូច្នេះ​ហើយ​នេះ​គឺជា​ឆ្នាំ​ល្អ​សម្រាប់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ទំនង​ជា​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​។

ឆ្នាំ​ល្អ: ការ​វិវឌ្ឍ​ទំនាក់​ទំនង​រវាង​លោក ស៊ី ជីនភីង និង លោក គីម ជុងអ៊ុន

«​ឆ្នាំ​ល្អ​បំផុត​» ​នៅ​ក្នុង​ទ្វីប​អាស៊ី​បាន​ធ្លាក់​ទៅ​លើ​មេដឹកនាំ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​លោក​គឺ​ប្រទេស​ចិន​ហើយ​វា​ក៏​ប្រហែល​ជា​តំបន់​ដ៏គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​ផង​ដែរ​ដោយសារ​តែ​ប្រទេស​កូរ៉េ​ខាង​ជើង​។

នៅ​ក្នុង​ប្រទេស​ចិន​លោក​ ស៊ី ជីនភីង ​បាន​ពង្រឹង​ការ​គ្រប់គ្រង​របស់​លោក​ជា​មេដឹកនាំ​ដ៏មាន​ឥទ្ធិពល​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីអំពី​ការ​បញ្ចូល​គោល​គំនិត​នយោបាយ​បែប​ស៊ី ជីនភីង ពោល​គឺ​ការ​លើក​កិត្តិយស​ឱ្យ​លោក​ ស៊ីជីនភីង ឱ្យ​ស្មើ​នឹង​ប្រមុខ​ម៉ៅ សេទុង ដែល​ពុំ​ធ្លាប់​ផ្តល់​ឱ្យ​ប្រធានាធិបតី​ចិន​ណា​ផ្សេង​ទៀត​ឡើយ​។

ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​អំពី​ភាព​ជឿនលឿន​នៃ​គំនិត​ផ្តួចផ្តើម​បង្កើត​ផ្លូវ​មួយ​ និង​ខ្សែក្រវាត់​មួយ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង ដែល​ជា​យុទ្ធសាស្ត្រ​ដ៏សំខាន់​សម្រាប់​ពង្រីក​ពាណិជ្ជកម្ម និង​គម្រោង​អភិវឌ្ឍន៍ ​«​គម្រោង​ផ្លូវ​សូត​» ​ថ្មី​ដើម្បី​ភ្ជាប់​ការ​វិនិយោគ​ និង​ផលិតផល​របស់​ចិន​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។

ភាព​មិន​ច្បាស់លាស់​តែ​មួយ​គត់​នៅ​ក្នុង​ឆ្នាំ ២០១៧ ​សម្រាប់​លោក​ ស៊ី ជីនភីង គឺជា​អាកប្បកិរិយា​របស់​បុរស​ម្នាក់​ដែល​លោក​ ត្រាំ ហៅថា បុរស​រ៉ុក្កែត​ «Little Rocket Man» គឺ​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន​។

ដោយសារ​តែ​ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​ដ៏ចម្បង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ជើង ដូច្នេះ​ហើយ​ការ​បន្ត​ពឹងពាក់​របស់​លោក​ គឹម ជុងអ៊ុន ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ចិន​អាច​នៅ​តែ​មាន​។ លោក​ គីម ហាក់ ​បាន​ដឹង​ថា​ភាព​មិន​ទៀងទាត់​របស់​កូរ៉េ​ខាង​ជើង​គឺជា​តម្លៃ​មួយ​ដែល​ប្រទេស​ចិន​ទទួល​យក​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នូវ​បញ្ហា​មួយ​ចំនួន​នៅ​តាម​ព្រំដែន​របស់​ខ្លួន​។

ដូច្នេះ​ហើយ​ក្នុង​ឆ្នាំ​នោះ​គេ​មើល​ឃើញ​ថា​លោក​ ស៊ី ជីនភីង ​បាន​លើក​ឡើង​អំពី​សកល​ភាវូបនីយកម្ម​តាម​បែប​ប្រទេស​ចិន​ហើយ​លោក​ គីម ជុងអ៊ុន ហាក់​នៅ​ប្រកាន់​ជំហរ​រឹងមាំ​នៅ​ឡើយ​។ បើ​មិន​មាន​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស​ទេ នោះ​យើង​អាច​និយាយ​បាន​ថា​វា​ «​ជា​ឆ្នាំ​ល្អ​បំផុត​នៅ​ទ្វីប​អាស៊ី​» ​ចំពោះ​បុរស​ដ៏មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​ទាំង​ ២ ​គឺ​លោក​ ស៊ី និង​លោក​ គីម ក្នុង​ឆ្នាំ​ ២០១៧៕ NS

ដោយ​លោក Curtis S Chin ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ RiverPeak Group LLC ។ លោក Jose B Collazo គឺជា​អ្នក​វិភាគ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​សហការី​នៅ​ក្រុមហ៊ុន RiverPeak Group​។ ទំនាក់ទំនង​តាម Twitter: @CurtisSChin និង Jose: @JoseCollazo ។