បច្ចុប្បន្ននេះប្រជាជនកម្ពុជាដែលមានស្នាមញញឹមដ៏ស្រស់ស្អាតគឺកំពុងរីករាយជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាជនកម្ពុជាពិតជាមានទំនុកចិត្តខ្ពស់ និងសេចក្តីសង្ឃឹមយូរអង្វែងចំពោះអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិរបស់ខ្លួន។ មិនគួរនរណាម្នាក់ ពុតសម្តែងធ្វើជាមានការភ័យខ្លាចនៅក្នុងប្រទេសមួយដែលបានផ្លាស់ប្តូរដ៏ប្រសើរ និងកំពុងរីកចម្រើនលើគ្រប់វិស័យនោះទេ។
ឥឡូវនេះមនុស្សគ្រប់ៗរូបមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិតាមគ្រប់មធ្យោបាយ ហើយយើងក៏បានឆ្លងផុតការភ័យខ្លាចគួរឲ្យរន្ធត់ក្នុងរបបខ្មែរក្រហមយូរមកហើយដែរ។ អ្វីដែលគួរឲ្យបារម្ភដោយហួសចិត្ត នោះគឺនៅត្រង់អ្នកគ្មានភាពស្មោះត្រង់ក្នុងការធ្វើកិច្ចការតាមតួនាទី រួមចំណែកឲ្យប្រទេសជាតិបានរីកចម្រើន ហើយផ្ទុយទៅវិញអ្នកបែរជាបំភ័យខ្លួនឯង និងបន្តធ្វើតែសកម្មភាពដែលបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទៅវិញទេ។
ជាការច្បាស់ណាស់ថា សេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យគឺនឹងមិនដំណើរការនៅក្នុងសង្គមដែលគ្មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏សម្បូរបែបនោះទេ។ ខ្ញុំធ្លាប់បាននិយាយរួចហើយថា៖ «ប្រសិនបើប្រទេសជាតិមួយ គ្មានការរីកចម្រើនខាងសេដ្ឋកិច្ចនោះវោហារស័ព្ទ ប្រជាធិបតេយ្យ ប្រែថាគ្មានន័យអ្វីទាំងអស់»។
ខ្ញុំគិតថាយើងទាំងអស់គ្នាអាចយល់ស្របថា ប្រសិនបើយើងមើលលើទិដ្ឋភាពទូលាយ ប្រជាធិបតេយ្យ មិនមែនសំដៅតែលើការបោះឆ្នោត និងសេរីភាពនយោបាយនោះទេ ក៏ប៉ុន្តែសុខុមាលភាព និងគុណភាពរបស់ប្រជាធិបតេយ្យ គឺត្រូវតែអាស្រ័យលើភាពរុងរឿងរបស់ប្រទេសជាតិតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងប្រទេសមានសន្តិភាពរឹងមាំយូរអង្វែងសិន។
ក្នុងប្រជាធិបតេយ្យយើងត្រូវបង្កើតជម្រើសឲ្យបានច្រើនមានន័យថា ក្នុងពេលដែលយើងទាមទារសេរីភាពនយោបាយ ក៏កុំភ្លេចថាដៃម្ខាងទៀតនោះយើងក៏ត្រូវតែចូលរួមចំណែកជំរុញឱ្យមានវិបុលភាព និងការរីកចម្រើនខាងសេដ្ឋកិច្ចផងដែរ។ ចំណុចនេះបរទេសខ្លះ និងបក្សប្រឆាំងខ្លះបានមើលរំលងហើយកំពុងព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ និងសេដ្ឋកិច្ចកម្ពុជា។ នេះជាការខុសឆ្គងដ៏អសីលធម៌ និងគ្មានការទទួលខុសត្រូវ។
ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាពិតជារីកលូតលាស់យ៉ាងឆាប់រហ័សប្រៀបបានជាមនុស្សពេញវ័យ ហើយក៏កំពុងរីកលូតលាស់តាមស្មារតីនីតិរដ្ឋ និងរដ្ឋធម្មនុញ្ញនៃកម្ពុជា។
មាត្រា ៥១ ថ្មីជំពូកទី ៤ នៃរដ្ឋធម្មនុញ្ញកម្ពុជាស្តីពីរបបនយោបាយបានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ ប្រជាពលរដ្ឋខ្មែរគឺជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន»។ ចំណុចពិសេសរបស់រដ្ឋធម្មនុញ្ញកម្ពុជា គឺបានហាមឃាត់មិនឲ្យផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើចំណុចសំខាន់ ២ គឺ៖ ទី ១- របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ទី ២- ប្រជាធិបតេយ្យ សេរីពហុបក្សនៅប្រទេសកម្ពុជា។
វាជាការសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំង និងរំលេចឲ្យឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនត្រឹមតែចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែកម្ពុជាក៏កំពុងជំរុញប្រជាធិបតេយ្យលើការអនុវត្តជាក់ស្តែងផងដែរ ពីព្រោះយើងឱ្យតម្លៃតួនាទីក្នុងប្រជាធិបតេយ្យគឺមិនមែនសម្រាប់តែសំឡេងរបស់គណបក្សប្រឆាំងដែលចាំតែជំទាស់ បន្ទុចបង្អាក់ ឬប្រមាថប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់ឱកាស និងតម្លៃដល់សំឡេងដែលសមហេតុសមផល និងមានភាពប្រាកដនិយមរបស់ប្រជាជនយើងគ្រប់ៗរូប ទាំង យុវជន ស្ត្រី ជនជាតិដើមភាគតិច សាសនា និងគំនិតស្ថាបនាជាវិជ្ជមានទាំងឡាយក្នុងការផ្តល់ធាតុចូលរួមចំណែកស្ថាបនាសង្គមជាតិយើងផងដែរ។
ទន្ទឹមនឹងនេះដែរកម្ពុជាក៏កំពុងខិតខំយ៉ាងខ្លាំងកសាងនូវមូលដ្ឋានសង្គមដើម្បីគាំទ្រដល់សេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យ ឲ្យមានសុខភាពល្អ ពីព្រោះសេរីភាពនយោបាយគឺសម្រាប់មនុស្សគ្រប់ៗរូប និងសម្រាប់ទាំងអស់គ្នា។ វាមិនមែនគ្រាន់តែសម្រាប់គណបក្សមួយ ឬក្រុមណាមួយទេគឺសម្រាប់ផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមដូចជា ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ ស្ពាន ខ្សែកាប និងបច្ចេកវិទ្យា ដើម្បីគាំទ្រការតភ្ជាប់ និងការសមាហរណកម្មលើគ្រប់វិស័យទាំងអស់។ តាមរយៈការធ្វើដូច្នេះយើងជឿជាក់ថា ដរាបណាសង្គមជាតិមានភាពរុងរឿងខាងសេដ្ឋកិច្ច នោះទើបសេរីភាពនយោបាយដ៏ត្រឹមត្រូវ និងដោយសីលធម៌កាន់តែបន្តរីកចម្រើន។
ជីវភាពប្រជាជនគឺជាកត្តាសំខាន់ណាស់ដើម្បីបង្កើតលទ្ធភាព និងឱកាសដល់ប្រជាជនឲ្យចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាបានបង្កើនប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំដល់មន្ដ្រីរាជការក្នុងសេវាសាធារណៈ ក៏ដូចជាការបង្កើនប្រាក់បៀវត្សរ៍ដល់កម្មករនិយោជិតនៅក្នុងវិស័យឯកជន។ គុណភាពជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសូចនាករសេដ្ឋកិច្ច ជាពិសេសការកើនឡើងជាលំដាប់នូវផលិតផលក្នុងស្រុកសរុប។ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង និងសម្រេចបានលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៀតផង។ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងជាមួយការវិនិយោគផ្ទាល់ពីបរទេស។
សេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សដោយរក្សាអត្រាកំណើន ៧ ភាគរយក្នុងរយៈពេលជិត ២០ ឆ្នាំចុងក្រោយនេះប្រកបដោយនិរន្តរភាព និងសមធម៌។ ជាងនេះទៀតសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ី។
ជាមួយនឹងសមិទ្ធផលខាងលើកម្ពុជាក៏ប្រឈមបញ្ហាដ៏ធំមួយនៅត្រង់ថា តើត្រូវបង្រៀនពួកប្រឆាំងឲ្យធ្វើសកម្មភាពនយោបាយដោយថ្លៃថ្នូរ និងដោយការទទួលខុសត្រូវដោយរបៀបណា? ពីព្រោះពួកគេប្រើប្រាស់សេរីភាពនយោបាយហួសហេតុ ដើរចេញពីការអភិវឌ្ឍជាតិ និងថែមទាំងបំផ្លាញកិត្តិយស និងផលប្រយោជន៍ជាតិផងដែរ។ ពួកគេទាមទារចង់បានការបោះឆ្នោត ក៏ប៉ុន្តែពួកគេតែងតែបដិសេធលទ្ធផលនៃការបោះឆ្នោត។
ពួកគេនិយាយថា ពួកគេចង់បានសង្គមមួយមាននីតិរដ្ឋ ក៏ប៉ុន្តែពួកគេបែរជារំលោភច្បាប់ ហើយប្រមាថតួនាទីរបស់ព្រះមហាក្សត្រ។ ពួកគេចង់ឱ្យសំឡេងរបស់ពួកគេបានឮ ក៏ប៉ុន្ដែពួកគេបែរជាបដិសេធឆន្ទៈសិទ្ធិរបស់ប្រជាជនភាគច្រើនលើសលប់ដែលនេះផ្ទុយពីស្មារតីប្រជាធិបតេយ្យដែលនិយាយថា សំឡេងភាគច្រើនដឹកនាំ។
បច្ចុប្បន្ននេះនៅកម្ពុជាមានគណបក្សនយោបាយចំនួន ៣៦ កំពុងធ្វើសកម្មភាពនយោបាយ បន្ទាប់ពីគណបក្សចំនួន ២០ ត្រូវបានលុបចេញពីបញ្ជីគណបក្សនយោបាយដោយសារគេបានរំលោភបំពានលើច្បាប់ស្តីពីគណបក្សនយោបាយ។ សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាង ៥ ពាន់អង្គភាព ត្រូវបានចុះបញ្ជី និងកំពុងដំណើរការ។ នៅក្នុងវិស័យសារព័ត៌មានមានអង្គការព័ត៌មានជាង ៦០០ ស្ថាប័នដែលរួមមានកាសែតភាសាបរទេសផងដែរ។
ស្រដៀងគ្នាទៅនឹងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀតនៅជុំវិញពិភពលោកដែរ ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋនៅកម្ពុជាត្រូវបានបន្តពង្រឹងតាមរយៈយន្តការច្បាប់ ហើយនៅទីណាក៏ដោយ ប្រទេសណាក៏ដោយគឺមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើសកម្មភាពខុសច្បាប់ បង្កអស្ថិរភាពសង្គមដែលឈានដល់បង្កើតឱ្យមានអស្ថិរភាពនយោបាយ ប៉ះពាល់សុវត្ថិភាព បំពានសណ្តាប់ធ្នាប់សាធារណៈ ប្រមាថសេចក្តីថ្លៃថ្នូរ ប្រមាថកេរ្តិ៍ឈ្មោះរបស់ជាតិ និងបំពានអធិបតេយ្យជាតិនោះទេ។
បរទេសទាំងឡាយក៏មិនគួរធ្វើមិនដឹងមិនយល់នោះដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តច្បាប់ដោយប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋថ្មីៗនេះទៅលើបក្សសង្គ្រោះជាតិគឺដើម្បីរារាំងការវិលត្រឡប់វិញនៃអតីតកាលឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលខ្មែរក្រហមបានញែកប្រជាជន និងបំផ្លាញសង្គមកម្ពុជាឲ្យក្លាយជាផេះផង់ ពោលគឺបានបំផ្លាញចោលទាំងស្រុងនូវរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច រដ្ឋបាល និងសង្គមកម្ពុជាទាំងស្រុង។ ទន្ទឹមនឹងនេះដែរកម្ពុជាក៏បាននិងកំពុងមើលឃើញពីសោកនាដកម្មរបស់ប្រជាជននៅប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ។ ការបំផ្លាញជីវិត និងទុក្ខវេទនារបស់ជនភៀសខ្លួននៅតែជាបញ្ហាដ៏ឃោរឃៅនៅចំពោះភ្នែករបស់យើង។ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចនូវមេរៀនបែបនេះ។
យើងគប្បីទទួលស្គាល់ថា ប្រជាធិបតេយ្យគឺជាដំណើរដ៏វែងឆ្ងាយ មិនមែនដើរដល់នៅត្រឹមថ្ងៃស្អែក ឬឆ្នាំក្រោយនោះទេ ពីព្រោះនយោបាយគឺគ្មានក្បួន ហើយប្រជាធិបតេយ្យក៏គ្មានស្តង់ដារដែរ។ ក្នុងបរិបទកម្ពុជាគឺពិតជាមានតម្រូវការអប់រំប្រជាពលរដ្ឋអំពីសិទ្ធិ និងសេរីភាព ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិបានដោយត្រឹមត្រូវដោយសីលធម៌ និងដោយការទទួលខុសត្រូវ។ វាប្រហែលតម្រូវឱ្យមានដំណើរដ៏វែងឆ្ងាយសម្រាប់ប្រទេសកម្ពុជា ដើម្បីកសាងអាកប្បកិរិយានយោបាយចាស់ទុំ ជាពិសេសក្នុងចំណោមសកម្មជនប្រឆាំង ពីព្រោះយើងមិនចង់ឱ្យមនុស្សទាំងអស់ចូលរួមតែនៅក្នុងជីវភាពនយោបាយ ធ្វើនយោបាយពិសពុល ប៉ុន្តែភ្លេចគិតថា ជីវភាព សេដ្ឋកិច្ចសង្គម និងតម្លៃវប្បធម៌នៃប្រទេសជាតិក៏ជាកត្តាសំខាន់ដូចគ្នា។
ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា ដើម្បីធ្វើឱ្យសេរីភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្តមានវិសាលភាពកាន់តែធំទូលាយ គឺចាំបាច់ណាស់ត្រូវការអប់រំផ្សព្វផ្សាយឲ្យមានការយល់ដឹងដល់ប្រជាជនរបស់យើងថា យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមការពារសន្តិភាព ស្ថិរភាព លើកកម្ពស់ និងគោរពនីតិរដ្ឋ ការពារឯករាជភាព និងអធិបតេយ្យភាពរបស់ជាតិយើងឲ្យរឹងមាំ ពោលគឺការពារផលប្រយោជន៍កម្ពុជាមុនគេបង្អស់ "Cambodia First" នោះសង្គមជាតិយើងនឹងបន្តដើរទៅមុខព្រមគ្នាលើគ្រប់វិស័យ ប្រកបដោយសុខដុមរមនា និងកិត្តិយស៕
ហ៊ុយ វណ្ណៈ
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ