ប្រធានាធិបតីសហរដ្ឋអាមេរិកទី ១៦ លោក អាប្រាហាម លីនខុន (១៨៦១-១៨៦៥) បានលើកពីគោលគំនិតនៃរដ្ឋាភិបាលប្រជាធិបតេយ្យថា កើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ។ ក្នុងន័យនេះ ប្រជាពលរដ្ឋគឺជាធាតុដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការកសាងប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋនោះទៀតសោត មិនមែនគ្រាន់តែជាប្រជាពលរដ្ឋទូទៅដែលមិនចូលរួមដឹងឮរឿងនយោបាយឡើយ តែជាប្រជាពលរដ្ឋយល់ដឹង។ ប៉ុន្ដែនៅស្រុកខ្មែរ ពេលដែលឮពាក្យថាប្រជាពលរដ្ឋយល់ដឹង (Informed citizen) គេក៏សួរថា តើយល់ដឹងអំពីរឿងអ្វី? ដូចគ្នាពេលដែលនិយាយដល់ការចូលរួមរបស់ប្រជាពលរដ្ឋ (Citizen participation) គេក៏សួរថា តើចូលរួមអ្វី?
ជាធម្មតាខ្មែរយើងតែងតែហៅមនុស្សគ្រប់គ្នាថាជាប្រជាពលរដ្ឋ/ពលរដ្ឋ/ប្រជាជន/ប្រជារាស្ដ្រ/រាស្ដ្រ/ប្រជានុរាស្ដ្រ។ ពាក្យទាំងនេះមានអត្ថន័យមិនជាខុសគ្នាទេជាភាសារខ្មែរគឺសំដៅគ្របដណ្ដប់មនុស្សទាំងឡាយណាដែលមានដើមកំណើតតែមួយ និងនិយាយភាសាតែមួយជាមួយគ្នា។ ប៉ុន្ដែអត្ថន័យនៃពាក្យប្រជាពលរដ្ឋ (Citizen) មានន័យខុសពីពាក្យប្រជាជន (People) ក្នុងគំនិតលោកខាងលិច។
កាលណានិយាយដល់ប្រជាពលរដ្ឋ គេសំដៅដល់ជនទាំងឡាយណាដែលមានសិទ្ធិ និងកាតព្វកិច្ចព្រមទាំងការទទួលខុសត្រូវក្នុងការមានទំនាក់ទំនងជាមួយតួអង្គសង្គមដទៃទៀតក៏ដូចជា ជាមួយរដ្ឋនៅពេលដែលប្រជាជនសំដៅដល់ជនទាំងឡាយណាដែលធ្វើការងារ និងរកចំណូលពីប្រទេសមួយ ប៉ុន្ដែពេលខ្លះពួកគេមិនបានបំពេញនូវកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋឡើយ។ មានន័យថា បុគ្គលដែលជាប្រជាពលរដ្ឋមានសិទ្ធិមួយចំនួនលើសពីសិទ្ធិដែលបុគ្គលជាប្រជាជនមាន ព្រោះប្រជាពលរដ្ឋមានកាតព្វកិច្ចមួយចំនួនដែលត្រូវបំពេញក្នុងនាមជាប្រជាពលរដ្ឋ ច្រើនជាងបុគ្គលដែលជាប្រជាជនត្រូវបំពេញ។ ដូច្នេះដើម្បីទទួលបាននូវសិទ្ធិពេញលេញក្នុងនាមជាប្រជាពលរដ្ឋដែលសិទ្ធិទាំងនោះផ្ដល់នូវអត្ថប្រយោជន៍ចំពោះប្រជាពលរដ្ឋ បុគ្គលនោះចាំបាច់ត្រូវតែបំពេញនូវកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋ។
ក្រៅពីមានប្រជាពលរដ្ឋធម្មតាៗក្នុងការកសាងសង្គមប្រជាធិបតេយ្យ គេត្រូវការប្រជាពលរដ្ឋដែលយល់ដឹងពីសិទ្ធិ និងទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពសង្គមនានា ដើម្បីទទួលបាននូវអំណាចស្របច្បាប់ក្នុងការអនុវត្ដសិទ្ធិរបស់ខ្លួន។ យ៉ាងណាក៏ដោយមានការលើកជារឿយៗថា ប្រទេសខុសគ្នាមានប្រជាធិបតេយ្យក្នុងទម្រង់ខុសៗពីគ្នា។
ពិតណាស់ថា បរិបទប្រទេសខុសគ្នា ទស្សនាទានចំពោះរឿងនេះអាចខុសគ្នា ប៉ុន្ដែកាលណានិយាយដល់ប្រជាធិបតេយ្យ ទោះបីជាមានគំនិតខ្វែងគ្នាពីរបៀបកសាងក៏ដោយ ក៏វាត្រូវតែមានគោលរួមមួយគឺឈរលើការមានប្រជាពលរដ្ឋជាអធិបតី។ កាលណាបើគ្មានប្រព័ន្ធធានាតុល្យភាពអំណាចរវាងប្រជាពលរដ្ឋ និងរដ្ឋជាអចិន្រៃ្តយ៍ទេនោះ គេមិនគួរហៅខ្លួនឯងថាជារដ្ឋប្រជាធិបតេយ្យឡើយ។
អំណាចប្រជាពលរដ្ឋនាថ្ងៃបោះឆ្នោតតែមួយថ្ងៃ មិនបានឆ្លុះបញ្ចាំងពីអំណាចប្រជាពលរដ្ឋជាអចិន្រៃ្តយ៍ទេ។ មានតែប្រជាពលរដ្ឋយល់ដឹងទេ ដែលចេះទាមទារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការឲ្យរដ្ឋាភិបាលមានតុល្យភាពអំណាច មានគណនេយ្យភាព និងតម្លាភាពចំពោះមុខប្រជាពលរដ្ឋជាអចិន្រៃ្តយ៍។ នោះហើយគឺភាពជាធំនៃប្រជាពលរដ្ឋដែលមានសិទ្ធិ និងអំណាចស្របច្បាប់ទៅតាមដានការដឹកនាំប្រទេស។
លើសពីនេះ ប្រជាពលរដ្ឋយល់ដឹងតែងតែទទួលខុសត្រូវចូលរួមសកម្មភាពសង្គមនានាដែលឈានទៅរកដំណោះស្រាយបញ្ហាជាតិថែមទៀត មិនមែនដេកចាំឲ្យគេធ្វើឲ្យខ្លួនឡើយ ព្រោះវាជាកាតព្វកិច្ច។ ដូច្នេះកាលណានិយាយដល់ការចូលរួមគឺសំដៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសង្គម ពិសេសការចូលរួមដឹងឮរឿងនយោបាយ។
ដោយសារតែទស្សនាទាននៃប្រជាពលរដ្ឋយល់ដឹងជារឿងថ្មី និយាយចំពោះប្រជាពលរដ្ឋខ្មែរ វាពិតជាមានការលំបាកណាស់ក្នុងការទាញភ្ជាប់ឲ្យយល់ពីទំនាក់ទំនងនៃប្រជាពលរដ្ឋយល់ដឹង និងដំណើរការនៃការកសាងប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋយល់ដឹងត្រូវតែមានទាំងជំនាញរឹង (ជំនាញផ្នែកបច្ចេកទេស) ទាំងជំនាញទន់ ពិសេសគឺជំនាញគិតត្រិះរិះពិចារណា។ ដើម្បីបណ្ដុះនូវជំនាញគិតពិចារណា ប្រជាពលរដ្ឋគួរតែចាប់ផ្ដើមចេញពី៖
ក) ចូលរួមក្នុងទំនាក់ទំនងសង្គមនានាតាមរយៈការក្លាយជាសមាជិកនៃអង្គការចាត់តាំង ឬក្រុមស្របច្បាប់ណាមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ តាមរយៈទំនាក់ទំនងសង្គមទាំងនោះ សមាជិកនៃក្រុមទាំងនោះអាចទទួលបានព័ត៌មាន អាចផ្លាស់ប្ដូរគំនិតទស្សនៈរវាងគ្នានឹងគ្នា។
ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគួរតែប្រែក្លាយខ្លួនជាប្រជាពលរដ្ឋយល់ដឹង មិនត្រឹមតែទៅលើរឿងរ៉ាវទូទៅដែលកើតឡើងក្នុងជីវភាពប្រចាំថ្ងៃរបស់គេប៉ុណ្ណោះទេ លើសពីនេះគេត្រូវតែមានការយល់ដឹងអំពីរឿងនយោបាយដែលទោះដោយផ្ទាល់ ឬដោយប្រយោល វាបានជះឥទ្ធិពលមកលើសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសង្គម។ ពួកគេត្រូវតែចូលរួមយ៉ាងសកម្មដោយឆន្ទៈ ដោយត្រឹមត្រូវស្របច្បាប់ និងដោយការទទួលខុសត្រូវជាមួយរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍជាតិ។
ខ) ចង់ចេះ ចង់ដឹងពីបញ្ហានានាដែលកើតមានក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដោយការអាន ស្ដាប់និងពិភាក្សា។ ប្រជាពលរដ្ឋខ្មែរភាគច្រើនហាក់ដូចជា កាន់ជាប់នូវគំនិតអសកម្មនានាថា រឿងនយោបាយទុកឲ្យអ្នកនយោបាយដោះស្រាយចុះ,មិនបាច់ធ្វើដឹងឮរឿងអ្នកដទៃទេ,សក់នរណាក្បាលអ្នកនោះ, គេរំលោភបំពានយកដីធ្លីផ្ទះនរណាក៏យកចុះ កុំឲ្យតែយកជណ្ដើរផ្ទះខ្លួនជាដើម ដែលវាសុទ្ធតែជាគំនិតដែលនាំដល់ការមិនខ្វល់គិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋរួមសង្គមដទៃជាហេតុនាំឲ្យសង្គមខ្មែរកាន់តែរហែកចេញពីគ្នា។ ខ្មែរច្រើនណាស់ដែលមិនចូលចិត្ដអានមិនចូលចិត្ដស្ដាប់ តែឱបជាប់គំនិតថាចូលស្ទឹងតាមបត់,ខុសពីគេគឺមិនដែលល្អ,ទូលផែនដីម្នាក់ឯងមិនរួចទេ,ដាំដើមគទើបរស់បានជាដើមដែលយូរៗទៅបង្កើតកាន់តែច្រើនឡើងៗនូវប្រភេទមនុស្សដែលឈឺខ្នងចុកពោះដើរ ឱនត្រុនៗ ចាំតែបាទមេៗ! និងខ្លះទៀតបែរជាកើតអាការឡើងបូសក្លៀក ក្អេងក្អាង ទាំងប្រជាពលរដ្ឋធម្មតាក៏មានព្រះសង្ឃក៏មាន និងមិនលើកលែងទាំងបណ្ឌិតមួយចំនួន។
គ) ចេះគិតត្រិះរិះពិចារណាក្រៅពីការទទួលបានព័ត៌មាននានា ប្រជាពលរដ្ឋត្រូវតែយល់ពីអត្ថន័យវាពីព្រោះថាការទទួលបានព័ត៌មាននៅមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាពលរដ្ឋយល់ដឹងចេះវិភាគ ចេះបូកហេតុបូកផល ចេះធ្វើការសម្រេចចិត្ដយ៉ាងល្អិតល្អន់ដោយការទទួលខុសត្រូវចំពោះព័ត៌មានដែលបានទទួលដែលលទ្ធផលនៃការសម្រេចចិត្ដនោះបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋយល់ដឹងដែលមានចំណង់ធ្វើសកម្មភាពចូលរួមក្នុងសកម្មភាពសង្គម ហើយមានទំនោរទទួលខុសត្រូវចំពោះកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋមិនត្រូវបានចាប់បង្ខំដោយច្បាប់ឲ្យចូលរួមឡើយ ប៉ុន្ដែអាស្រ័យលើមនសិការទទួលខុសត្រូវផ្ទាល់របស់បុគ្គល។
បើខ្វះការចូលរួម ខ្វះការសហការពីប្រជាពលរដ្ឋដោយការយល់ដឹងនោះនឹងនាំឲ្យរដ្ឋាភិបាលលំបាកអនុវត្ដដោយមានប្រសិទ្ធភាពនូវគោលនយោបាយរបស់ខ្លួន ហើយប្រជាធិបតេយ្យនឹងប្រែទៅជាលំបាកក្នុងការគ្រប់គ្រង លើសពីនេះវាអាចគ្មានស្ថិរភាពថែមទៀតព្រោះប្រជាពលរដ្ឋប្រើសិទ្ធិលើសព្រំដែន (អនាធិបតេយ្យ) ដែលកាលណាមានកម្លាំងប្រឆាំងណាមកអុជអាល ប្រជាពលរដ្ឋមុខជាងាយផ្ទុះកំហឹងណាស់។ ស្ថានភាពបែបនោះប្រៀបដូចជា ចាប់ក្ដាមដាក់ចង្អេរដែលបើទោះបីរដ្ឋាភិបាលមានបំណងល្អក៏ប្រជាពលរដ្ឋមិនខ្ចីជឿដែរ។
ដោយសារតែខ្វះការចូលរួមយល់ដឹងរឿងនយោបាយដោយត្រឹមត្រូវនេះហើយ ទើបខ្មែរទូទៅហាក់ដូចជា ខ្លាចពាក្យនយោបាយយ៉ាងខ្លាំង។ រឿងអ្វីក៏ត្រូវបានទាញភ្ជាប់នឹងរឿងនយោបាយតែទាំងអស់ ហើយគេក៏ដោះស្រាយតាមតែយន្ដការនយោបាយដែលកាន់តែយូរវាកាន់តែបង្កើតអរិយភាព និងការភាន់ច្រឡំកាន់តែខ្លាំងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
នៅពេលដែលប្រជាពលរដ្ឋ និងរដ្ឋាភិបាលសម្លឹងមើលគ្នាដោយក្រសែភ្នែកជាសត្រូវបែបនេះ នោះវិបត្ដិសង្គមគ្មានថ្ងៃដោះស្រាយចប់ដោយសន្ដិវិធីឡើយ។ បើមិនយល់ចិត្ដគ្នាផង តើឲ្យប្រជាពលរដ្ឋសហការដោយស្រុះស្រួលពេញដៃពេញជើងក្នុងការអភិវឌ្ឍសង្គមជាមួយរដ្ឋាភិបាលដោយរបៀបណាទៅរួច?
ដូច្នេះ ការបណ្ដុះជំនាញគិតពិចារណាបែបហេតុផលដល់ប្រជាពលរដ្ឋគឺជារឿងសំខាន់ចាំបាច់ដែលមិនគួរទុកចោលក្រោយខ្នងឡើយ។ វៀរលែងតែគេមិនមានបំណងពិតប្រាកដក្នុងការកសាងសង្គមប្រជាធិបតេយ្យ ទើបគេមិនអើពើជំរុញឲ្យមានយន្ដការបណ្ដុះឲ្យកាន់តែច្រើននូវប្រជាពលរដ្ឋដែលមានការយល់ដឹង។
ជារួមដើម្បីទទួលបាននូវអំណាចក្នុងការប្រើសិទ្ធិដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើសកម្មភាពស្របច្បាប់ជាក់លាក់ណាមួយដោយសេរីទៅបានប្រជាពលរដ្ឋត្រូវតែបំពេញនូវកាតព្វកិច្ចនានាក្នុងនាមជាប្រជាពលរដ្ឋជាមុនសិន។ ជាជាងគ្រាន់តែសប្បាយរីករាយក្នុងការប្រើប្រាស់សិទ្ធិដែលរួមមានសិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្មអហិង្សាជាដើម ប្រជាពលរដ្ឋគួរតែទទួលខុសត្រូវក្នុងការយល់ដឹងឲ្យបានច្បាស់ និងចូលរួមយ៉ាងសកម្មក្នុងរឿងនយោបាយក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ប្រទេស។
ប្រជាពលរដ្ឋយល់ដឹងមិនត្រូវបានវាស់ដោយកម្រិតនៃការសិក្សានៅសាលាឡើយ តែជាប្រជាពលរដ្ឋដែលដឹងយ៉ាងច្បាស់ថាប្រជាពលរដ្ឋម្នាក់ៗនៃប្រទេសមួយអាចទទួលផលទាំងផលឯកជន និងផលចំពោះសង្គមជាតិទាំងមូលពីប្រជាធិបតេយ្យទៅបាន លុះត្រាតែប្រជាពលរដ្ឋម្នាក់ៗគឺជាម្ចាស់នៃការរីកចម្រើន និងការអភិវឌ្ឍនៃប្រទេសខ្លួនតាមរយៈដំណើរការនៃការចូលរួមដឹងឮពីរឿងនយោបាយរបស់ប្រជាពលរដ្ឋ។ បែបនោះទើបយើងអាចរួមគ្នាកសាងបាននូវមាតុភូមិមួយដែលប្រជាពលរដ្ឋទាំងអស់អាចរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេសទៅបាន៕
ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com