Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វគ្គ​ ១៩៖ ​ឆ្មា​អុក​វិញ តែ​កណ្តុរ​រារែក​ក្នុង​ការ​វិល​ត្រឡប់​ចូល​ស្រុក

Content image - Phnom Penh Post
រូប តុក្កតា​ឆ្មា និង​កណ្ដុរ​នៅ​ក្នុង​រឿង​តុក្កតា​ឆ្មា​ និង​កណ្ដុរ Tom & Jerry​។ រូបថត Google

វគ្គ​ ១៩៖ ​ឆ្មា​អុក​វិញ តែ​កណ្តុរ​រារែក​ក្នុង​ការ​វិល​ត្រឡប់​ចូល​ស្រុក

ល្បែង​តុក្កតា​ឆ្មា និង​កណ្តុរ​ (Tom & Jerry) លេង​នយោបាយ​នៅ​ស្រុក​ខ្មែរ ស្មាន​តែ​ចប់​ត្រឹម​វគ្គ ១៨ កណ្តុរ​លាលែង​ចេញ​ពី​តំណែង​ពី​បក្ស​ហើយ តែ​ឥឡូវ​នេះ​ឆ្មា និង​កណ្តុរ នៅ​តែ​បន្ត​ប្រឡែង​លេង​ជាមួយ​គ្នា​ដដែល​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ដាក់​អន្ទាក់​គ្នា​ទៀត​។

នៅ​សុខៗ​កណ្តុរ​ឌឺ​ដៀមដាម​ចាក់​គូទ​ឆ្មា​លេង រឿង​ការ​វិល​ត្រឡប់​មក​ចូល​ស្រុក​ដើម្បី​ប្រកួត​ប្រជែង​តំណែង​នាយក​រដ្ឋមន្ត្រី​វិញ បើ​សិន​ជា​ឆ្មា​បើក​ច្រក​ចូល​រន្ធ​វិញ​ចូល​គុក​ក៏​ចូល​ដែរ ឯ​ឆ្មា​វិញ​គ្រាន់​តែ​កណ្តុរ​ចាក់​គូទ​បន្តិចបន្តួច​សោះ​លោតផ្លោត​កុំ​ឲ្យ​ចាញ់​ចិត្ត​នឹង​កណ្តុរ ព្រលឹម​ឡើង​មិន​ទាន់​ក៏​ដក​បម្រាម​ [​ស.ជ.ណ] ចេញ​ដើម្បី​បើក​ឲ្យ​កណ្តុរ​ចូល​វិញ​ភ្លាម​។

តែ​ឆ្មា​បើក​តែ​ផ្លូវ​យន្តហោះ ផ្លូវ​ជាតិ​ទេ​តែ​ផ្លូវ​ច្បាប់​ឆ្មា​មិន​បើក​ទេ​គឺ​នៅ​ជាប់​អន្ទាក់​ដដែល​ជាមួយ​នឹង​បណ្តឹង​ផង និង​ជាប់​ពិរុទ្ធ​មួយ​ចំនួន​ផង​ដែល​ឆ្មា​ដាក់​នោះ​ចុងក្រោយ​គឺ​ជាប់​ពិរុទ្ធ ២០ ខែ​រឿង​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម ឡី​។ តែ​កណ្តុរ​បោក​ឆ្មា​វិញ​ដោយ​បកស្រាយ​ថា​ចូល​បាន​លុះត្រា​តែ​ឧបសគ្គ​នានា​ដែល​ធានា​ដល់​សុវត្ថិភាព​ដល់​ខ្លួន​ត្រូវ​បាន​ដោះស្រាយ​រួច​ជា​មុន​សិន​ទើប​ត្រឡប់​ចូល​មក​វិញ​មុន​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​ក្រោយ​។

តាមពិត​ការ​បើក​ផ្លូវ​របស់​ឆ្មា​ឲ្យ​កណ្តុរ​ចូល​ហ្នឹង​គឺ​ឆ្មា​ដឹង​រួច​ស្រេច​ហើយ ចង​កណ្តុរ​គ្រប់​ទិសទី​តាំងពី​ការ​កែ​ច្បាប់​គណបក្ស​នយោបាយ​ដើម្បី​កុំ​ឲ្យ​ជន​ជាប់ពិរុទ្ធ​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​ពោល​គឺ​ឆ្មា​រុញ​កណ្តុរ​ឲ្យ​ទល់​នឹង​ជញ្ជាំង​តែ​ម្តង​។

តែ​កណ្តុរ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​គាត់​នៅ​តែ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដដែល​ក្នុង​ការ​ប្រកួតប្រជែង​នេះ បើ​ទោះបី​ជា​អត់​មាន​តំណែង​អ្វី​នៅ​ក្នុង​បក្ស​ក៏ដោយ​ព្រោះ​បើ​ចូលបក្ស​គឺ​ក្រសួង​មហាផ្ទៃ​រំលាយ​បក្ស​ចោល អ៊ីចឹង​នៅ​តែ​ខ្វិចខ្វិលៗ​ខាង​ក្រៅ​បោះ​សម្តី​ផា​លិច​កើត​ឲ្យ​ឆ្មា​ខឹង​លេង​។

មក​ទល់​ពេល​នេះ​ទាំង​ឆ្មា ទាំង​កណ្តុរ​ប្រមាណ​ជា​អាយុ​ក្បែរ​ ៧០ ​ឆ្នាំ​ម្នាក់ៗ​ទៅ​ហើយ​គឺ​ដល់​អាយុ​រំពឹង​ទុក​ជា​មធ្យម​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ​ ៦៨ ​ឆ្នាំ​។

រីឯ​អាកប្បកិរិយា​ក៏​ប្រែប្រួល​ដែរ​គឺ​ម្នាក់ៗ​ឆាប់​ខឹង និង​ពេល​ខ្លះ​មិន​អាច​គ្រប់គ្រង​ការ​និយាយ​របស់​ខ្លួន​បាន ភាសា​សាមញ្ញ​​គឺ​និយាយ​តាម​ចិត្ត​នឹក​ឃើញ​ហើយ​ក៏​ជា​ឱកាស​ចុងក្រោយ​ដែរ ថា​តើ​ឆ្មា និង​កណ្តុរ​កំណត់​ជោគវាសនា​ប្រទេស​ជាតិ​យ៉ាង​ដូចម្តេច​ទៅ​? បើ​ម្នាក់ៗ​នៅ​រឹងត្អឹង​រៀងៗ​ខ្លួន​នោះ បើ​កណ្តុរ​វិញ​រឹត​តែ​ចង្អៀត​គឺ​ក្នុង​បក្ស​របស់​ខ្លួន​កំណត់​ប្រធាន​បក្ស​តែ​ ២ ​អាណត្តិ​ទេ បើ​មិន​ចូល​គឺ​អស់​ក្រឡា​លេង​រលីង តែ​បើ​ចូល​ស្រុក​ជាប់​អន្ទាក់​ឆ្មា​ភ្លាម​។

កន្លង​មក​ កណ្តុរ​អះអាង​ថា​ខ្លួន​លេង​ល្បែង​នយោបាយ​ដើរ​តាម​លោក​ ណែលសិន ម៉ាន់ដឺឡា អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ធ្លាប់​ជាប់គុក​ ២៧ ​ឆ្នាំ​ដោយ​មិន​ខ្ចី​ទៅ​ណា​មក​ណា​តែ​ធាតុ​ពិត​មែនទែន​កណ្តុរ​លេង​ក្បាច់​តាម​លោក វីឡាឌឺមៀរ ឡេនីន អតីត​ប្រធានាធិបតី​សហភាព​សូវៀត​សោះ​ដែល​លោត​ផ្លោត​ចុះ​ឡើង​វាយប្រហារ​រដ្ឋាភិបាល​ពី​ខាង​ក្រៅ​ម្តង​នៅ​ប្រទេស​ស្វ៊ីស ម្តង​នៅ​អាល្លឺម៉ង់ ម្តង​នៅ​អង់គ្លេស​។

ចំណែកឯ​ឆ្មា​វិញ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​នៅ​ពេល​ក្តៅ​ដៃ​ត្រូវការ​កណ្តុរ​មក​ប្រឡែង​លេង​គឺ​បើក​ច្រក​ឲ្យ​ចូល​រន្ធ ហើយ​បន្ទន់​ខ្លួន​បត់បែន​ម៉ា​ស្អាត តែ​នៅ​ពេល​ដែល​លែង​ត្រូវការ​គឺ​ទាត់​ចោល​តែ​ម្តង​គឺ​យក​ស្ទីល​តាម​លោក មហាធា មហាម៉េត អតីត​ប្រធាន​ធិបតី​ម៉ាឡេស៊ី​បាន​លេង​តាម​ផ្លូវ​តុលាការ​គាប​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម អតីត​ប្រធាន​បក្ស​ប្រឆាំង​ឲ្យ​នៅជា​ប់​គុក​ចេញ​ពី​មួយ​ករណី ទៅ​មួយ​ករណី​មិន​ចេះ​ចប់​។

នេះ​គឺ​ចរិត​របស់​អ្នក​ដឹកនាំ​នៅ​បណ្តា​ប្រទេស​សមាជិក​សមាគម​អាស៊ាន​មួយ​ចំនួន​មិន​បាន​ជួយ​ដោះស្រាយ​គ្នា​ដូច​នៅ​សហគមន៍​អឺរ៉ុប​ទេ​ព្រោះ​ខ្លាច​ខុស​ទៅ​នឹង​គោលការណ៍​របស់​សហគមន៍ តែ​សមាជិក​អាស៊ាន​រៀន​តែ​ពី​អ្វីៗ​ដែល​អាក្រក់ៗ​ពី​គ្នា​ទេ ដូច​ការ​ដឹកនាំ​របស់​ប្រទេស​ភូមា​មក​កម្ពុជា​ពី​កម្ពុជា​ទៅ​ថៃ ឬ​ពី​ម៉ាឡេស៊ី មក​កម្ពុជា​ទេ​។

បើ​ប្រើ​ភាសា​ជា​ផ្លូវការ​វិញ​ការ​ដឹកនាំ​នីមួយៗ​នៅ​អាស៊ាន​គឺ​សុទ្ធ​តែ​ស្វែងរក​សន្តិភាព​ពេញៗ​មាត់​បោក​ភ្នែក​សហគមន៍​អន្តរជាតិ តែ​ដល់​ពេល​ជិត​បោះឆ្នោត​សម្លុត​គ្នា​ជា​សាធារណៈ​សុទ្ធតែ​សង្គ្រាម​។ នេះ​ជា​ចំណុច​ដែល​អ្នក​នយោបាយ​ប្រឈម​មុខ​ដែល​អ្នក​ធ្វើ​នយោបាយ​មាន​ការ​ភ័យខ្លាច​សម្លុត​គ្នា មិន​គួរ​ធ្វើ​នយោបាយ​ទេ​ទៅ​ធ្វើ​ស្រែ​វិញ​ល្អ​ជាង​។

ក្នុង​លោក​នេះ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​គឺ​គ្មាន​អំណាច​ណា​ដែល​កើតឡើង​បាន​ដោយ​ស្រួលៗ​នោះ​ទេ បើ​សិន​ជា​អ្នក​នយោបាយ​ខ្លួន​ហ្នឹង​មិន​ខំប្រឹង​ចងក្រង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​សិទ្ធិ​សេរីភាព និង​សន្តិភាព​ពិតប្រាកដ​នោះ​។ ដូច​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​បាន​អំណាច​ហើយ​គឺ​មិន​ងាយ​ឲ្យ​អ្នក​ផ្សេង​ដោយ​ស្រួលៗ​នោះ​ទេ​។

ដូច​ឆ្មា និង​កណ្តុរ​សុទ្ធ​តែ​ដឹង​ដូច​គ្នា​រួច​ហើយ​អំពី​បញ្ហា​នេះ​ម្នាក់ៗ​សុទ្ធ​តែ​អះអាង​ថា​ខ្លួន​ធ្វើ​ដើម្បី​ជាតិ​តែ​ធាតុពិត​គឺ​ដេក​គិត​ចាំ​តែ​ដាក់​អន្ទាក់​គ្នា​ទេ​ដោយ​យក​ពាក្យ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​មក​បំភាន់​ភ្នែក​ជាតិ និង​អន្តរជាតិ​។

លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់​នេះ​ក្រុម​បក្ខពួក​ឆ្មា​ធ្លាក់​ចុះ​កៅអី​ជិត​ ១ ​ភាគ​ ៣ នៃ​អាសនៈ​ប្រធាន​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ធ្វើឲ្យ​ឆ្មា​មាន​ការ​ភ័យខ្លាច​រង្គោះរង្គើ​តំណែង​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​បើ​ដូច​លទ្ធផល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨ ស៊ីដាច់​ផុយ​ដល់​ទៅ ៩០ កៅអី​នោះ​គឺ​ឆ្មា ដង្ហោយ​ហៅ​កណ្តុរ​មក​ប្រកួត​ប្រជែង​ហើយ​។ អ៊ីចឹង​ហើយ​ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្រពេចស្រពិល​បោះឆ្នោត​ជាតិ​ ២០១៨ នេះ​គឺ​ឆ្មា​មាន​តែ​គាប​ដាក់​អន្ទាក់​កណ្តុរ​មុន​ដាក់​ឲ្យ​ដល់​ជញ្ជាំង​ទៅ កុំ​ឲ្យ​អាប៉ោង​បើក​គម្រប​មក​ឃើញ​ចាញ់​កណ្តុរ​ហើយ​ដណ្តើម​អំណាច​ពី​កណ្តុរ​វិញ​វា​អាក្រក់​មើល​ពេក​។

រីឯ​សារធាតុ​កណ្តុរ​វិញ​ខំប្រឹង​បង្កើត​បក្ស​បាន​ជាង ២០ ​ឆ្នាំ​ហើយ​តាំងពី​គណបក្ស​ជាតិ​ខ្មែរ​ទម្រាំ​ឡើង​កូដ​បាន​ប៉ុណ្ណឹង​គេ​ស្គាល់​ប៉ុណ្ណឹង វា​ជា​មោទនភាព​មួយ​ទៅ​ហើយ តែ​កណ្តុរ​បាន​តែ​កោកកាកៗ​នៅ​តែ​ខ្វះ​ភាព​ក្លាហាន គ្រាន់​តែ​ឆ្មា​សម្លុត​តែ​បន្តិច​ដាក់​មេប្រូច​ទៅ​ក្រៅ​រន្ធ​បាត់​មិន​ដូច​ដៃគូ​របស់​ខ្លួន​ទេ​។

ឥឡូវ​នេះ ​ទឹក​ចុងក្រោយ​របស់​កណ្តុរ​មាន​ឱកាស​កាន់តែ​តូច​ទៅៗ​ហើយ​ជម្រើស​មាន​តែ​លើក​ហ្នឹង​ដដែល​ថា តើ​ចូល​រន្ធ ឬ​ក៏​នៅ​ក្រៅ​រន្ធ​? បើ​វិល​មក​ចូល​រន្ធ​គឺ​ឆ្មា​នាំ​ចូល​ទ្រុង​សារិកាកែវ​ហើយ​ប្រមូល​បទចោទ​ម្តង​មួយៗ​បូក​ជាមួយ​នឹង​ពិរុទ្ធ​ចាស់​ទៀត​តែ​អាច​អស់​ឱកាស​នឹង​រស់នៅ​ខាង​ក្រៅ​មាន​សេរីភាព​ដូច​ទណ្ឌិត​ ហេង ពៅ ​អ៊ីចឹង​ដាក់​ជាង ១០០ ឆ្នាំ​ឯណោះ​។

តែ​អ្នក​គាំទ្រ​របស់​អតីត​បក្ស​កណ្តុរ​មាន​ការ​កើនឡើង​យ៉ាង​គំហុក បើ​ទោះបី​ជា​សម្លុត​ថា​សង្គ្រាម​នឹង​កើត​មាន​ឡើង ឬ​ក៏​បង្ក្រាប​ក៏ដោយ​គឺ​អស់​ឱកាស​ដូច​គ្នា​ត្រូវ​តែ​ប្តូរ​កណ្តាប់ដៃ ព្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​មាន​មនោសញ្ចេតនា​ប្រសិន​បើ​មាន​អ្នក​ទន់ខ្សោយ​ត្រូវ​គេ​ធ្វើ​បាប​នោះ​គឺ​គាត់​អាណិត សន្លឹកឆ្នោត​មាន​កើន​ឡើង​អាច​ឈ្នះ​ក្នុង​ល្បែង​នៅ​ឆ្នាំ​ ២០១៨ ហើយ​អាច​ក្លាយ​ជា​វីរបុរស​ខ្មែរ​ហើយ​ករណី​នេះ​ដៃគូ​កណ្តុរ​​ជាប់​ឆ្នោត​អាច​ដោះស្រាយ​បាន​ពេល​បាន​ឡើង​កាន់​អំណាច​ចំណុច​ដែល​ចូល​រន្ធ ហើយ​ជាប់​ទ្រុង​សារិកា​ដោះដូរ​សមាសភាព​របស់​ខ្លួន​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​បាន​គឺ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​របស់​កណ្តុរ​អាយុ​ ៧០ ​ឆ្នាំ​ហើយ​រស់​យ៉ាង​ច្រើន​បាន​ ១០ ​ឆ្នាំ​ទៀត​ទេ​ទុរន់ទុរា​ធ្វើការ​លែង​កើត​ហើយ​។

តើ​បើ​កណ្តុរ​ខ្លាច​សម្រេច​នៅ​តែ​ខាង​ក្រៅ​ហ្នឹង​ទេ​គឺ​បាន​ត្រឹម​តែ​តាម​ចាក់​គូទ​ឆ្មា​ពី​ក្រៅ និង​ឆ្លេឆ្លាៗ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ម្តង​ជួប​សមាជិក​ព្រឹទ្ធសភា សភា និង​មន្ត្រី​ជាន់ខ្ពស់ ឬ​ក៏​រុកកួន​តាមរយៈ​តុលាការ​អន្តរជាតិ​ចោទ​ឆ្មា​ថា​បាន​ធ្វើ​ខុស​នេះ ខុស​នោះ​ដើម្បី​ឲ្យ​តុលាការ​នាំ​ឆ្មា​មក​កាត់​ទោស​នៅ​អន្តរជាតិ​។ តែ​សម្រាប់​សមិទ្ធផល​នៅ​ក្រៅ​វិញ​គឺ​កាន់តែ​យ៉ាប់​ក្នុង​ការ​ចូល​កាន់​តំណែង​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​បក្ស និង​នាយក​រដ្ឋមន្ត្រី​។

ឱកាស​របស់​កណ្តុរ​សឹង​តែ​គ្មាន​ព្រោះ​បើ​តាម​ទម្លាប់​ខ្មែរ​ឲ្យ​តែ​បាន​តំណែង​ហើយ​គឺ​មិន​ខ្ចី​ឲ្យ​នរណា​ទេ បើ​ទោះបី​ជា​ដៃគូ​កណ្តុរ​ឡើង​ជាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ​។ ជាង​នេះ​ទៅ​ទៀត​បើ​កណ្តុរ​នៅ​ក្រៅ​រន្ធ ការ​គាំទ្រ​ក៏​មិន​សូវ​ពុះកញ្ជ្រោល​ចង់​ប្តូរ​ផង​ដែរ​។

សរុប​មក​វិញ ឆ្មា និង​កណ្តុរ​គួរ​តែ​រក​ច្រក​ណា​មួយ​ផ្សេង​ទៀត​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ចង​ជា​ច្បាប់​បញ្ចប់​គំនុំ​សងសឹក​គ្នា​បើ​ឆ្មា ឬ​កណ្តុរ​ឈ្នះ​ឆ្នោត​នោះ ដើម្បី​ប្រកួត​ប្រជែង​គ្នា​ក្នុង​ភាពយុត្តិធម៌​។ ម្នាក់ៗ​ចាស់ទុំ​ជ្រេ​រៀងៗ​ខ្លួន​អស់​ហើយ គួរ​តែ​រួបរួម​មក​ជួបជុំ​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន​វិញ​ជា​ជាង​ចាំ​តែ​រករឿង​គ្នា​ដាក់​អន្ទាក់​គ្នា​ទៅវិញ​ទៅមក​ដូច​តុក្កតា​ឆ្មា និង​កណ្តុរ​នោះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ