Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ខិលខូច​ខ្លះ​ អាច​គាប​ស៊ី​ដោយសារ​គ្រឿងញៀន

Content image - Phnom Penh Post
គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន និង​រៀបចំ​ដុត​កម្ទេច​ចោល​កាលពី​ពេល​កន្លង​មក​។ ហេង ជីវ័ន

សមត្ថកិច្ច​ខិលខូច​ខ្លះ​ អាច​គាប​ស៊ី​ដោយសារ​គ្រឿងញៀន

អ្នក​ដែល​តែង​ពោល​ថា​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​មេខ្លោង​រត់ពន្ធ​ ឬ​ផលិត​គ្រឿងញៀន​មិន​ជា​ការ​ត្រឹមត្រូវ​ឯណា បើ​កាលពី​សប្តាហ៍​មុន​នេះ​លោក ញឹក ប៊ុនឆៃ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​សម​គំនិត​ផលិត​គ្រឿងញៀន​ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ ១០ ​ឆ្នាំ​មុន​នៅ​ឃុំ​ត្រែងត្រយឹង ខេត្ត​កំពង់ស្ពឺ​នោះ​។

ឥឡូវ​នេះ​តុលាការ​ឈាន​ដល់​ការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ទៅ​ហើយ ប៉ុន្តែ​រឿង​ដែល​ត្រូវ​ឆ្ងល់​នៅ​ត្រង់​ថា​តើ​ហេតុអ្វី​បាន​ជា​ករណី​បទល្មើស​ជាក់ស្តែង​ម្លឹងៗ​ទៅ​ហើយ​បែរ​ជា​ផ្អឹប​ទុក​រហូត​ ១០ ​ឆ្នាំ​ទើប​នឹក​ឃើញ​ចាប់​ខ្លួន​ ខណៈ​អ្នក​ធំ​រូប​នេះ​ចង់​បែក​ចិត្ត​?

គាប់​ជួន​នឹង​រាជរដ្ឋាភិបាល​កំពុង​បន្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ផង​នោះ​អ៊ីចឹង​មាន​តែ​ចាប់​ខ្លួន​គាត់​តែ​ម្តង​ទៅ​មិន​ថា​តំណែង​ធំ​តូច​នោះ​ទេ​គឺជា​គោលការណ៍​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទី​មួយ​ដក​ចេញ​ពី​តំណែង​ឲ្យ​អស់​អំណាច​ជា​មុន​សិន​រួច​សឹម​ក្របួច​យក​ជា​​ក្រោយ​ដោយ​យក​បញ្ហា​គ្រឿងញៀន​នេះ​ធ្វើ​ជា​លេស​ដើម្បី​ឲ្យ​ស្រប​នឹង​ចរន្ត​សកល​។

លើសពី​នេះ​ទៀត​គឺ​កាលពី​ថ្មីៗ​​នេះ​រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​ចាប់​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងឡាយ​ពី​​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​តែ​ម្តង​ហើយ​នេះ​គឺជា​បញ្ហា​ដែល​អាច​បង្ក​គ្រោះថ្នាក់​មួយ​ក្នុង​ករណី​ដែល​មាន​សមត្ថកិច្ច​ខិលខូច​ខ្លះ​អាច​ប្រព្រឹត្ត​បទល្មើស​គាបស៊ី តាមរយៈ​ការ​ផ្តល់​អំណាច​ឲ្យ​រឹបអូស​យក​ទ្រព្យសម្បតិ្ត​គ្រួសារ​ជនល្មើស​ ឬ​ក៏​ម្ចាស់​ផ្ទះ​ជួល​ឲ្យ​អ្នក​ជួញដូរ​ ឬ ក៏​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នោះ​។

មាន​ករណី​ជាក់ស្តែង​យ៉ាង​​តិច​ ២ បាន​កើតឡើង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​គឺ ករណី​ទី​ ១ មាន​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ទៅ​លើ​ប្តី​ប្រពន្ធ​ដែល​បាន​ជួល​ផ្ទះ​មួយ​ល្វែង ហើយ​អ្នក​ជួល​​រត់ពន្ធ​គ្រឿងញៀន​ប្រព្រឹត្ត​នៅ​​ផ្ទះ​ជួល​នោះ​។

នៅ​ពេល​សមត្ថកិច្ច​ចុះ​ចាប់​ខ្លួន​ជនល្មើស​គឺ​បាន​​រឹបអូស​យក​ទាំង​គ្រឿងញៀន​ទាំង​ទ្រព្យសម្បត្តិ​ម្ចាស់​ផ្ទះ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​ផ្ទះ​នោះ​ហើយ​ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​មួយ​បិទ​នៅ​លើ​ទ្វារ​ផ្ទះ​ដោយ​​ហាម​ចូល​ទៅ​រស់នៅ​ព្រោះ​ផ្ទះ​ហ្នឹង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

តាម​ពិត​ជាក់ស្តែង​ទ្រព្យសម្បត្តិ ទូទឹកកក តុ ទូ កៅអី និង​គ្រែ​ជា​ទ្រព្យ​របស់​ម្ចាស់​ផ្ទះ​សោះ តែ​រឹបអូស​យក​ខ្ទេចខ្ទី​គ្មាន​សល់​ហើយ​នៅ​ពេល​ដែល​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​មក​ដល់​គឺ​បាន​ត្រឹម​តែ​សោកស្តាយ​ហើយ​ត្រូវ​បាន​ព្រះរាជអាជ្ញា​បញ្ជាក់​ថា​មិន​អាច​ឲ្យ​ចូល​នៅ​ផ្ទះ​ហ្នឹង​បាន​ទេ ព្រោះ​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ហើយ​​ផ្ទះ​នេះ​អាច​ប្រើប្រាស់​បាន​លុះត្រា​តែ​តុលាការ​ចេញ​សាលក្រម​លើ​ករណី​គ្រឿងញៀន​ហ្នឹង​។

ការ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ហើយ​រឹបអូស​ដូចនេះ​គឺ​​ត្រូវ​បាន​អ្នកភូមិ​នៅ​ក្បែរ​ផ្ទះ​នោះ​​សម្ដែង​ការ​សោកស្តាយ ហើយ​ថា​ការ​រឹប​ទ្រព្យសម្បត្តិ​ម្ចាស់​ផ្ទះ​បែប​នេះ​ហាក់បី​ដូចជា​ប្លន់​យក​របស់របរ​គាត់​ទាំង​ស្រុង​ដោយ​មិន​បាន​សួរនាំ​រក​ឫសគល់​ថា​អ្វី​ជា​របស់​ជនល្មើស ហើយ​អ្វី​ជា​របស់​ម្ចាស់​ផ្ទះ​នោះ​?

ករណី​ទី​ ១ ​នេះ​គឺជា​ការ​ផ្ញើសារ​ទៅ​អ្នក​ដែល​មាន​ផ្ទះ​ជួល​គឺ​ត្រូវ​​តែ​ចុះ​បញ្ជី​ ឬ​ក៏​មាន​លិខិត​ដឹងឮ​នៃ​កិច្ចសន្យា​ជួល​ផ្ទះ​នោះ​ពោល​គឺ​ម្ចាស់ផ្ទះ​ត្រូវ​រៀបរាប់​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​ផ្ទះ តែ​នៅ​ពេល​អ្វីៗ​ត្រូវ​បាន​អ្នក​ជួល​ប្រព្រឹត្ត​ជាក់ស្តែង​គឺ​ម្ចាស់ផ្ទះ​មិន​ទទួល​ស្គាល់​ឡើយ​។ ​អ៊ីចឹង​ករណី​នេះ​ទាំង​អាជ្ញាធរ ទាំង​សមត្ថកិច្ច​ត្រូវ​ទទួល​ស្គាល់​ និង​ដឹងឮ​ក្នុង​​កិច្ចសន្យា​ដ៏សំខាន់​នេះ​។

ករណី​គ្រឿងញៀន​ទី​ ២ បាន​កើតឡើង​នៅ​ខណ្ឌ​មានជ័យ​គឺ​សមត្ថកិច្ច​ចម្រុះ​ហាក់បី​ដូចជា​​បាន​ដឹង​ពី​កម្រិត​ជីវភាព​របស់​យុវជន​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជា​មុន​អ៊ីចឹង ព្រោះ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​បាន​គេ​កំណត់​ថា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែរ​។

វិធីសាស្ត្រ​របស់​ក្រុម​ចម្រុះ​គឺ​ចាប់​បាន​មិត្តភក្ដិ​ ២ ​នាក់​របស់​យុវជន​នោះ​ហើយ​ដឹក​មក​ដល់​មុខ​ផ្ទះ​របស់​គេ ហើយ​ចាប់​យុវជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​​នៅ​ក្នុង​ផ្ទះ​បាន​ ២ ​កញ្ចប់​តូចៗ​ ខណៈ​ឪពុកម្តាយ​គេ​មិន​នៅ​ផ្ទះ​។

លុះ​ពេល​ឪពុកម្ដាយ​មក​ដល់​ផ្ទះ​ឃើញ​ដីកា​បិទ​នៅ​មុខ​ផ្ទះ​មិន​ឲ្យ​ចូល​ទេ ព្រោះ​ផ្ទះ​ហ្នឹង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ពេល​ឃើញ​ដូច្នេះ​ឪពុកម្តាយ​ចង់​ធ្លាក់​ថ្លើម​ក្ឌុក​តែ​ម្តង​ដោយ​ពួកគាត់​ត្រូវ​រងគ្រោះ​ដល់​ទៅ​ ២ ​ជាន់​គឺ​ទី​ ១ ​កូន​ដែល​ញៀន​គ្រឿងញៀន​ត្រូវ​គេ​ចាប់​ទៅ​បាត់ ទី​ ២ ​ផ្ទះ​ក៏​ត្រូវ​គេ​ដាក់​បម្រាម​មិន​ឲ្យ​ចូល​ទៀត ខណៈ​សំណុំ​រឿង​នៅ​ក្នុង​ដៃ​សមត្ថកិច្ច​ប៉ូលិស​នៅ​ការិយាល័យ​ប៉ូលិស ការិយាល័យ​ប៉េអឹម និង​មួយ​ផ្នែក​ទៀត​នៅ​តុលាការ​។

បន្ទាប់​មក​មាន​ទូរស័ព្ទ​ពី​ខាង​ប៉ូលិស​មុន​គឺ​ទារ​ ៣០០០ ​ដុល្លារ​ឆៅៗ​តែ​ម្តង​ទើប​​បាន​ចែក​គ្នា​គ្រប់ បើ​មិន​ដូច្នេះ​ទេ​គឺ​មិន​អាច​ចូល​នៅ​ផ្ទះ​បាន​ឡើយ ហើយ​ចុង​ក្រោយ​ក៏​សម្រួល​​គ្នា​បាន​ត្រឹម​ ១៥០០ ​ដុល្លារ​ដើម្បី​ដោះ​បាន​ផ្ទះ​មក​នៅ​វិញ រីឯ​ករណី​កូនប្រុស​នោះ​គឺ​នៅ​តែ​ជាប់ឃុំ​ដដែល​។

ការ​ដែល​ទារ​លុយ​ស្រស់ៗ​បែប​នេះ​ហាក់បី​ដូចជា​ចាប់​ជំរិត​គ្នា​អ៊ីចឹង​គឺ​យក​កូន​ដែល​ប្រព្រឹត្ត​គ្រឿងញៀន​ធ្វើ​ជា​ធ្នាក់​ហើយ​ការ​ដែល​ឲ្យ​លុយ​ក្រៅ​បែប​នេះ​គឺ​មិន​ធានា​ថា​ចប់​នោះ​ទេ ជួន​កាល​អាច​មាន​អ្នក​ផ្សេង​ទៅ​គោះ​​រក​លុយ​បន្ថែម​ក៏​ថា​បាន​។ ដូច​ករណី​ទី​ ២ ​នេះ​គឺ​ឪពុកម្តាយ ស៊យ ទទួល​រងគ្រោះ​ត្រួត​គ្នា​តែ​តាមពិត​កូន​របស់​ពួកគាត់​ទទួល​រងគ្រោះ​ដោយសារ​ការ​បំពុល​សង្គម​ជាក់ស្តែង​ពី​ករណី​ជួញដូរ​គ្រឿងញៀន​សោះ​។

មួយ​ថ្ងៃៗ​ឃើញ​តែ​ឪពុកម្តាយ​​ ឬ​បងប្អូន​របស់​យុវជន​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​​ចំណាយ​ពេល​ទៅ​មកៗ​កន្លែង​ស្នងការដ្ឋាន​ប៉ូលិស​ ឬ​នៅ​អគ្គស្នងការ​ប៉ូលិស ឬ​ក៏​នៅ​តុលាការ​ជាដើម ដោយ​ខ្លះ​យក​បាយ​ឲ្យ​ពួកគេ​ហូប ខ្លះ​ទៅ​ទិញ​របស់របរ​មើល​ទៅ​គួរ​ឲ្យ​អាណោច​អាធ័ម​ណាស់​នៅពេល​ដែល​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​គ្រួសារ​ដើរ​ផ្លូវ​ខុស​រងគ្រោះ​ដោយសារ​តែ​គ្រឿងញៀន​ដូច​នេះ​។

ចំពោះ​ករណី​ទារ​លុយ​ពី​សំណាក់​សមត្ថកិច្ច​ចម្រុះ​ដូចនេះ​គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ទាន់​បាន​ធ្វើការ​ស៊ើបអង្កេត និង​មាន​ចំណាត់ការ​លើ​សមត្ថកិច្ច​ខិលខូច​ដូច​នេះ​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​មិញ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​រឹបអូស​ទ្រព្យសម្បតិ្ត​ពី​ជនល្មើស​គ្រឿងញៀន​ទាំងអស់​នេះ​គឺ​គួរ​តែ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​ចាំ​តាមដាន​មើល​ការ​អនុវត្ត​ការ​បង្ក្រាប​ និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ទ្រព្យសម្បត្តិ​ណា​ដែល​បាន​មក​ពី​ការ​ជួញដូរ​គ្រឿងញៀន ទ្រព្យសម្បត្តិ​ណា​ជា​របស់​ឪពុកម្តាយ ឬ​ក៏​ជា​ម្ចាស់​ផ្ទះ​ដែល​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ទៅ​វិញ​នោះ​។

ជា​ការពិត​ណាស់​យុទ្ធនាការ​​បង្ក្រាប​គ្រឿងញៀន​នេះ​ត្រូវ​បាន​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​​ដែល​ករណី​បទល្មើស​លួច​ឆក់ ប្លន់​និង​ឧក្រិដ្ឋកម្ម​ក៏​មាន​ការ​ស្ងប់ស្ងាត់​បាន​មួយ​ចំនួន​ផង​ដែរ​។

ទោះបី​ជា​យ៉ាង​ណា​ក៏​យុទ្ធនាការ​បង្គ្រាប​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​មិន​បាន​ដល់​ថ្នាក់​បាញ់​សម្លាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​ដោយសារ​គ្រឿងញៀន​មិន​ថា​អ្នក​ធំ អ្នកតូច​ដូច​នៅ​ប្រទេស​ហ្វីលីពីន​របស់​លោក ឌូតឺតេ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោលទោស​នោះ​ទេ​។

តែ​អ្វី​ដែល​មហាជន​ចង់​បាន​នោះ​គឺ​សមត្ថកិច្ច​ស្វែងរក​ចាប់​​ខ្លួន​មេខ្លោង​នៅ​ពី​ក្រោយ​ការ​រកស៊ី​គ្រឿងញៀន​នោះ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ជា​ជាង​ចាំ​ចាប់​តែ​អ្នក​ណា​ដែល​ចង់​ងាករេ​ចេញ​ពី​រដ្ឋាភិបាល​នោះ ហើយ​​ក៏​កុំ​ចាប់​បាន​តែ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ទាញ​យក​ប្រយោជន៍​ក្រុម​គ្រួសារ​ពួកគេ​បន្ថែម​ទៀត​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ