ការ​ទម្លាប់​ទម្លាក់​កំហុស ឬ​ក៏​ត្អូញត្អែរ​ថា​ការ​សិក្សា​រៀនសូត្រ​ខ្វះ​សៀវភៅ​ខ្វះ​​ឯកសារ ខ្វះ​កន្លែង​សិក្សា​ ឬ​ក៏​ខ្វះ​ឧបករណ៍​សម្រាប់​ជួយ​បង្រៀន​បន្ថែម​ជាដើម​គឺ​លែង​សមហេតុ​សមផល​ហើយ​មក​ទល់​ពេល​នេះ​។

ប៉ុន្តែ​អ្វី​ដែល​នៅ​ជា​បញ្ហា​​គឺ​ត្រង់​ថា​កូន​សិស្ស​ខ្លួនឯង​ខ្ជិល ខ្វះ​ភាព​ជឿជាក់​ ឬ​ក៏​ឪពុកម្តាយ​មិន​ជួយ​ជំរុញ​បន្ថែម​នៅ​ផ្ទះ បន្ទាប់ពី​កុមារ​បាន​រៀន​ពី​សាលា​។ ​

បើ​ថា​កាលពី​មុនៗ​បន្ទាប់ពី​បែក​របប​ខ្មែរក្រហម​ឆ្នាំ​ ១៩៧៩ ​មក​យើង​ជួប​ការ​លំបាក​មែន​ព្រះសង្ឃ​ខ្វះ​ដីស​សរសេរ​គឺ​យក​ធ្យូង​ធ្វើ​ជា​ឧបករណ៍​មក​សរសេរ​ជំនួស​ក្នុង​ការ​ជួយ​បង្រៀន​កុមារ​នៅ​តាម​វត្តអារាម​។ រីឯ​កុមារ​ខ្លះ​ទៀត​រៀន​សរសេរ​នៅ​លើ​ដី​ដោយ​ប្រើ​ចង្អុល​ដៃ ខ្លះ​សរសេរ​នៅ​លើ​កម្រាល​ថ្ម​ដោយ​យក​ដុំ​ឥដ្ឋ​ពណ៌​ក្រហម ខ្លះ​ទៀត​សរសេរ​លើ​ជញ្ជាំង និង​លើ​តុ​ជាដើម​។

ប៉ុន្តែ​មក​ទល់​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​ (ICT) ​នេះ​វិញ​គឺ​អ្វីៗ​លែង​លំបាក​ទៀត​ហើយ ការ​វិវត្ត​ឈាន​ដល់​កម្រិត​ការ​សរសេរ​ហើយ​លុប​ចេញ​ដោយ​មិន​ប្រឡាក់​ដៃ​កុមារ​ទៀត​គឺ​ការ​រៀន​សេរសេរ​ភាសា​ខ្មែរ​នៅ​ទូរស័ព្ទ​ស្មាតហ្វូន​ និង​ប្រភេទ​ Tablet ដែល​ប្រើ​ប្រព័ន្ធ​ Android ដោយ​គ្រាន់​តែ​បញ្ចូល​កម្មវិធី​ App «​សរសេរ​ខ្មែរ​» ​ឬ​ក៏​ទាញ​ចេញ​ពី​ PlayStore ​វាយ​ឈ្មោះ​ «​សរសេរ​ខ្មែរ​» ​គឺ​វា​បង្កើត​ App ​សរសេរ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ​ ឬ​ក៏​ទាញ​ចេញ​​ពី​វេបសាយ​ឈ្មោះ https://goo.gl/bGCUHC ដើម្បី​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ស្មាតហ្វូន​ ឬ​ក៏​ប្រភេទ​ Tablet​។

កម្មវិធី​ App «​សរសេរ​ខ្មែរ​» ​គឺ​ទើប​តែ​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​អនុវត្ត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នៅ​តាម​សាលារៀន​បឋម​សិក្សា​នៃ​ខេត្ត​គោលដៅ​មួយ​ចំនួន​របស់​អង្គការ KAPE សិន​។

កម្មវិធី ​App «​សរសេរ​ខ្មែរ​»​ ​រៀបចំ​ឡើង​ដោយ​អង្គការ​ KAPE និង​សហការ​ផ្តល់​ជំនួយ​បច្ចេកវិទ្យា​ឌីជីថល​ផ្ទាល់​ពី​អង្គការ​ InSTEDD ​នៃ​គម្រោង​ SPIDER ​នៃ​ប្រទេស​ស៊ុយអែត​ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​ចេញ​ជា​កម្មវិធី​នេះ​ឡើង​។

កម្មវិធី​ App «​សរសេរ​ខ្មែរ​» រៀបចំ​ផ្តើម​ចេញ​ពី​កម្មវិធី​សិក្សា​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៣ ​របស់​ក្រសួង​អប់រំ​ទាំង​ស្រុង​ហើយ​​ក៏​ដាក់​ឲ្យ​ដំណើរ​សម្រាប់​ថ្នាក់​ទី​ ១ ​និង​ទី​ ៣ ​រួម​ផ្សំ​នឹង​សំណួរ​ និង​ចម្លើយ​សម្រាប់​កុមារ​ផង​ដែរ​។ ​

ក្នុង​អំឡុង​ពេល​ដាក់​ឲ្យ​​ដំណើរការ​កម្មវិធី​ App «​សរសេរ​ខ្មែរ​» ​នេះ​ដែរ​អង្គការ​ KAPE ​ក៏​បាន​ដាក់​ឲ្យ​ប្រើ​កម្មវិធី​ App «​សៀវភៅ​​ឆ្លាត​» ​ឧបត្ថម្ភ​ដោយ​ USAID គឺ​សម្រាប់​អាន ស្តាប់ និង​និយាយ​ផង​ដែរ​ដោយ​សាលា​បឋមសិក្សា​ ១ ​ទទួល​បាន​ Tablets ចំនួន​ ២០ ​ហើយ​ជួយ​បញ្ចូល​កម្មវិធី​ App «​សរសេរ​ខ្មែរ​» និង​ «​សៀវភៅ​ឆ្លាត​» ដល់​ស្មាតហ្វូន​របស់​មាតាបិតា​សិស្ស​ដែល​បាន​ចូលរួម​ផង​ដែរ​ដើម្បី​ឲ្យ​ជួយ​បង្ហាត់​បង្ហាញ​កូនៗ​របស់​ពួកគាត់​នៅ​​ផ្ទះ​បន្ថែម​ទៀត​។

តាមរយៈ​វេបសាយ​ http://www.kapekh.org របស់​អង្គការ​ KAPE ​នេះ​កន្លង​មក ​អង្គការ​បាន​អនុវត្ត​កម្មវិធី​អំណាន​តាម​កម្មវិធី​ App «​អាន​ខ្មែរ​» ​តាម​ស្មាតហ្វូន និង​ Tablets នៅ​តាម​សាលា​បឋមសិក្សា​គោលដៅ​ផង​ដែរ​។

ដោយ​ផ្អែក​ទៅ​របាយការណ៍​របស់​អង្គការ​ USAID ​ឆ្នាំ​ ២០១៥ ​លទ្ធផល​​ទំនាក់​ទំនង​គ្នា​រវាង​ការ​ដាក់​កម្មវិធី ICT ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដោយ​កត់សម្គាល់​ឃើញ​ថា​អត្រា​បោះបង់​ការ​សិក្សា​មាន​ការ​ធ្លាក់​ចុះ​។ ​តាម​គម្រោង​សាកល្បង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ដែល​អនុវត្ត​ការ​ទប់ស្កាត់​ចំពោះ​ការ​បោះបង់​ការសិក្សា​ (SDPP-USAID) ​របស់​សិស្ស​ថ្នាក់​ទី​ ៧ ដល់​ទី​ ៩ ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ៦ ​ពី​ឆ្នាំ​ ២០១២ ​ដល់​ឆ្នាំ​ ២០១៤ ​​គឺ​មាន​​ដាក់​បញ្ចូល​កម្មវិធី​កុំព្យូទ័រ​​ និង​ ICT ​ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ​។

ជា​លទ្ធផល​ឃើញ​ថា​អាច​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​ដល់​ទៅ​ ២,៥ ​ភាគរយ​ក្នុង​ចំណោម​កុមារ​ ៦ ​ម៉ឺន​នាក់​។

តាមរយៈ​លទ្ធផល​រីកចម្រើន​បង្ហាញ​ពី​ទំនាក់ទំនង​គ្នា​រវាង​ការ​ដាក់​កម្មវិធី​ ICT ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ថ្នាក់​ទី​ ៧ ​ដល់​ទី​ ៩ ​នេះ​ហើយ​បាន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ជួយ​បំពេញ​បន្ថែម​ស្ថាប័ន​រដ្ឋ​ក្នុង​វិស័យ​អប់រំ​នេះ​មាន​កិច្ចខិតខំ​ប្រឹងប្រែង បង្កើត​ឲ្យ​មាន​កម្មវិធី​ App «​សរសេរ​ខ្មែរ​» ​និង​ «​សៀវភៅ​ឆ្លាត​» ​សម្រាប់​កុមារ​រៀន​អាន ស្តាប់ និយាយ និង​សរសេរ​ភាសា​ខ្មែរ​ទៅ​តាម​មេរៀន​នីមួយៗ​ និង​សំណួរ​ចម្លើយ​នៅ​ថ្នាក់​ទី​ ១ ​និង​ទី​ ៣ ​ដោយ​ខ្លួនឯង រីឯ​ថ្នាក់​មត្តេយ្យ​ក៏​អាច​ចាប់ផ្តើម​រៀន​តាម​កម្មវិធី​ App ទាំង​ ២ ​នេះ​បណ្តើរៗ​ដោយ​ខ្លួនឯង​ក៏​បាន​ដែរ​។

ម្យ៉ាង​វិញ​ទៀត​បញ្ចូល​កម្មវិធី​ការសិក្សា​តាម​ឌីជីថល​ App នេះ​គឺ​ជួយ​កុមារ​ដែល​រៀន​មាន​ការ​យឺតយ៉ាវ​ហើយ​ក៏​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​រៀន​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​អំពី​ការ​វិវត្ត​របស់​កុមារ​នៅ​ថ្នាក់​ទី​ ៣ ​របស់​ក្រសួង​អប់រំ​នៅ​ឆ្នាំ​ ២០១៥ ​ឃើញ​ថា កុមារ​នៅ​មាន​រៀន​ភាសា​ខ្មែរ​នៅ​ខ្សោយ​ណាស់​។

ជា​លទ្ធផល​បង្ហាញ​ថា​មាន​កុមារ​​នៅ​ថ្នាក់​ទី​ ៣ ត្រឹម​តែ​ ៣០ ​ភាគរយ​ទេ​សរសេរ​ភាសា​ខ្មែរ​ទូទៅ​បាន​ត្រឹមត្រូវ​។

វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ឌីជីថល​ថ្មីៗ​តែងតែ​​មាន​ការ​លំបាក​ហើយ​ព្រោះ​មិន​ទាន់​មាន​ចំណេះដឹង​នៅ​ពេល​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​ណែនាំ​របស់​កម្មវិធី​ App ​នីមួយៗ​គឺ​ធ្វើឲ្យ​កុមារ​កាន់តែ​រីករាយ​ចូលចិត្ត​ក្នុង​ការ​លេង​ជា​ល្បែង​សិក្សា​តាម​បែប​ទំនើប​នេះ​។

សារៈសំខាន់​នៃ​ការ​សិក្សា​តាម​បច្ចេកវិទ្យា​ឌីជីថល​នេះ​គឺ​មាន​លក្ខណៈ​ស្តង់ដារ​ជា​សកល​ទៅ​ហើយ នៅ​ពេល​ប្រឡង​តាម​ប្រព័ន្ធ​អន្តរជាតិ​គឺ​តម្រូវ​ឲ្យ​បំពេញ​ ឬ​​ក៏​សរសេរ​តាម​ប្រព័ន្ធ​ ICT ​តាម​អនឡាញ​ (Online) ​ហើយ​ដូចជា​ការ​ប្រឡង​កម្រិត​ភាសា​អង់គ្លេស​ TOEFL ​ក៏​លែង​សរសេរ​តាម​ក្រដាស​រួច​ផ្ញើ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​កែ​ដូច​មុន​ទៀត​ដែរ​គឺ​ប្រឡង​តាម Online តែ​ម្តង​។

អ៊ីចឹង​បើ​កុមារ​រៀន​ទម្លាប់​ប្រើ​បចេ្ចកវិទ្យា​ឌីជីថល​ទំនើប​ដូច​កម្មវិធី​ App «​សរសេរ​ខ្មែរ​» ​និង ​«​សៀវភៅ​ឆ្លាត​» ​គឺ​បន្ទាប់​មក​កុមារ​អាច​ទាញ​យក​ App ​ការ​គណនា​តាម​បែប​គណិតវិទ្យា​ស្តង់ដារ​អន្តរជាតិ​ដែល​ធ្វើ​ជា​លេខ​ឡាតាំង​ទូទៅ​បាន​ព្រោះ​នៅ​សាលា​ក៏​រៀន​បែប​ស្តង់ដារ​នេះ​ដែរ និង​សៀវភៅ​រឿង​និទាន​ជា​ភាសា​ខ្មែរ​យក​មក​មើល​បាន​​ពោល​គឺ​លែង​ឲ្យ​ចាស់ៗ​ ឬ​ក៏​ឪពុកម្តាយ​អាន​ឲ្យ​ស្តាប់​ដូច​មុន​ទៀត​ហើយ​។

នៅ​ពេល​ដែល​កុមារ​ចេះ​កម្មវិធី​ App ទាំង​ ២ ​នេះ​ច្បាស់​ហើយ​គឺ​លែង​ឆ្ងល់​ថា​ ​ហេតុអ្វី​បាន​ជា​កុមារ​ចូលចិត្ត​រៀន​ភាសា​បរទេស​ជាង​ភាសា​ខ្មែរ​ទៀត​ហើយ​គឺ​មក​ភាសា​អង់គ្លេស​មាន​គ្រប់​បច្ចេកវិទ្យា​ឌីជីថល​មាន​តុក្កតា​មាន​រឿង​ព្រេង របៀប​ច្នៃប្រឌិត​គ្រប់​ប្រភេទ​មាន​នៅ​អនឡាញ​។

ហេតុ​ដូច្នេះ​ស្រប​ទៅ​នឹង​ការ​ប្រើប្រាស់​របស់របរ​បច្ចេកវិទ្យា​ទំនើបៗ​ហ៊ឺហា​ និង​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ប្រចាំ​ថ្ងៃ​នេះ លោកគ្រូ-​អ្នកគ្រូ និង​មាតាបិតា​កុមារ​ដែល​មាន​ទូរស័ព្ទ និង​ Tablets ដែល​ប្រើ​ប្រព័ន្ធ​ Android គួរ​តែ​ទាញ​យក​កម្មវិធី​ App «​សរសេរ​ខ្មែរ​» និង «​សៀវភៅ​វៃឆ្លាត​» ​តាម​អនឡាញ​ដើម្បី​យក​មក​ប្រើប្រាស់​ឲ្យ​កុមារ​រៀន​ភាសា​កំណើត​ខ្លួនឯង​ឆាប់​ចេះ​ជា​ជាង​បណ្ដែត​​បណ្តោយ​ឲ្យ​កុមារ​លេង​ហ្គេម​យូរៗ និង​ដើរលេង​អត់​ប្រយោជន៍​។ ​

ជាង​នេះ​ទៅ​ទៀត​កូន​ខ្មែរ​នៅ​បរទេស​ ឬ​ក៏​ជនបរទេស​ចង់​រៀន​ភាសា​ខ្មែរ​ក៏​អាច​ទាញ​យក​ពី​អនឡាញ​មក​រៀន​បាន​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com