Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សុខៗ​មន្ត្រី​ប្រគល់​តំណែង​ជាន់ខ្ពស់​​ ដល់​កូនៗ​ ទៀត​ហើយ

Content image - Phnom Penh Post
លោក ទៀ ទីហា អភិបាលរងខេត្តសៀមរាប និងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង ទើបឡើងថ្មី។ រូបថត ហ្វេសប៊ុក

សុខៗ​មន្ត្រី​ប្រគល់​តំណែង​ជាន់ខ្ពស់​​ ដល់​កូនៗ​ ទៀត​ហើយ

«​មិន​បាច់​ខំរៀន​ទេ បើ​ទោះបី​ជា​ខំរៀន​ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​តំណែង​មន្ត្រី​ជាន់ខ្ពស់​គឺ​អ្នកធំៗ​គេ​រៀបចំ​ដាក់​កូន​គេ​អស់​ហើយ​!» នេះ​គឺជា​ការ​ថ្លែង​ក្តី​អស់​សង្ឃឹម​របស់​ពលរដ្ឋ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០​។

ហេតុអ្វី​បាន​ជា​គំនិត​បែប​នេះ​នៅ​តែ​មាន​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ទៀត​បើ​រដ្ឋាភិបាល​ ឬ​តំណាងរាស្ត្រ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ទៅ​ហើយ​នោះ​?

សព្វ​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ ឬ​​មាន​ការ​ឆ្គាំឆ្គង​អ្វី​ល្មមៗ​គឺ​សមត្ថកិច្ច​ហាក់​ដូចជា​ថ្នាក់ថ្នម​ចិត្ត​ពលរដ្ឋ​ខ្លាំង​ណាស់​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ស្វែងរក​សន្លឹក​ឆ្នោត​។ ​

ប៉ុន្តែ​ ពេល​ខ្លះ​សកម្មភាព​នោះ​ហាក់​ដូចជា​ចង់​ក្លាយ​ជា​អនាធិបតេយ្យ​ទៅ​វិញ​នៅពេល​សមត្ថកិច្ច​លែង​ចាប់ លែង​ផាក លែង​ពិន័យ លើ​បទល្មើស​នឹង​ច្បាប់​ដូចជា ការ​បើកបរ​តាម​ផ្លូវ​សាធារណៈ ការ​ចោល​សំរាម​តាម​ទីសាធារណៈ ការ​ចូល​ថត​អ្នក​ជំងឺ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក និង​សម្លុត​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ស្រេច​នឹង​ចិត្ត​...​ជាដើម​។

ប៉ុន្តែ​សម្រាប់​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​វិញ​គឺ​មិន​ត្រូវ​បាន​គិតគូរ​តាម​តម្រូវការ​ ឬ​​តាម​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ដែល​មាន​កូនៗ​ចេញ​ពី​សាកលវិទ្យាល័យ​ និង​មាន​បទពិសោធ​មក​កាន់​តំណែង​មន្ត្រី​ជាន់​ខ្ពស់​នោះ​ទេ​។

សម្រាប់​គណបក្ស​កាន់​អំណាច​គឺ​មន្ត្រី​កំពូល​បាន​ដាក់​​បញ្ចូល​កូនៗ​របស់​ពួកគាត់​ទៅ​ក្នុង​ប្រធាន​ និង​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (UYFC) ​នៅ​ខេត្ត រាជធានី ដល់​ស្រុក-ខណ្ឌ គឺ​សហភាព​នេះ​ដឹកនាំ​រួម​ដោយ​លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​។ បើ​សួរ​ថា តើ​ប្រភេទ​សហភាព​សហព័ន្ធ​នេះ​ជា​អ្វី​? ​ពួកគេ​អាច​នឹង​ឆ្លើយ​ថា​សហព័ន្ធ​ជា​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទេ តែ​បើ​សួរ​ថា​សហព័ន្ធ​សហភាព​ជា​ប្រភេទ​អង្គការ​ ឬ​ក៏​សមាគម​?

ចម្លើយ​នៅ​តែ​អេះអុញៗ​ ឬ​ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​ទៅ​។ តាមពិត​ឈ្មោះ​សហភាព​សហព័ន្ធ​នេះ​នៅ​ក្នុង​វេបសាយ​របស់​ខ្លួន ​http://www.uyfc.org គឺជា​ការ​ប្រមូល​ផ្តុំ​យុវជន​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ហើយ​ធ្វើការ​បន្ត​ពី​សមាគម​យុវជន​ដែល​កើតឡើង​តាំង​ថ្ងៃ​ ២ ខែ​ធ្នូ​ឆ្នាំ​ ១៩៧៨​។ អ៊ីចឹង​សហភាព​សហព័ន្ធ​នេះ​ជា​ប្រភេទ​សមាគម​ ឬ​ក៏​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ​អាច​ធ្វើ​នយោបាយ​បាន​ដែល​មាន​ប្រធាន​ជា​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ហើយ​ប្រធាន​សាខា​ខេត្ត​រាជធានី​វិញ​សមាជិក​សភា​​ក៏​មាន​រដ្ឋមន្ត្រី​ក៏​មាន និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ស្ថាប័នរដ្ឋ​ក៏​មាន​។

ផ្ទុយ​ទៅ​វិញ​ សហភាព​កម្មករ​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងៗ​មិន​អាច​ធ្វើ​នយោបាយ​បាន​ទេ ព្រោះ​ផ្ទុយ​ទៅ​នឹង​ពាក្យ​ស្នើសុំ​ក្នុង​ការ​បង្កើត​អង្គភាព​របស់​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​ដែល​​ថា​មិន​ចូលរួម​វិស័យ​នយោបាយ​។​ នេះ​គឺជា​អ្វី​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​ខ្មែរ​ដូច​ភាសា​អង់គ្លេស​ថា «Same same but different!»​។

ជាធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​កំពូលៗ​របស់​បក្ស​កាន់​អំណាច​បើ​មាន​ឪពុក​ ឬ​ក៏​ម្តាយ​ជា​តំណាងរាស្ត្រ​ ឬ​ក៏​ប្រធាន​ស្ថាប័ន​ ឬ​ក៏​មន្ត្រី​ជាន់​ខ្ពស់​នៅ​កន្លែង​ណា​មួយ​គឺ​យក​កូន​ ឬ​ក៏​ក្មួយ​មក​ដាក់​ឲ្យ​កាន់​តំណែង​ក្រោម​ឱវាទ​របស់​ខ្លួន​ ឬ​ក៏​កន្លែង​ខ្លាញ់​ណា​មួយ​ដែរ​។ ឧទាហរណ៍​កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​ ៣ ​គឺ​មាន​សមាជិក​សភា​ ១ ​រូប មន្ត្រី​ជាន់ខ្ពស់​កងទ័ព​ ២ ​រូប​។

លោក ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ​មាន​កូន​តំណាងរាស្ត្រ​ផង ក្មួយៗ​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស​។ លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មាន​កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រីឯ​កូនប្រសា​របស់​លោក ហេង សំរិន ប្រធាន​សភាជាតិ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល​មាន​ក្មួយ​មាន​មេភ្លើង​ EDC ដែរ​ស្រប​ពេល​ដែល​កូនប្រុស​ ២ ​នាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ទី​នោះ​ដែរ​។​

ដោយឡែក​ថ្មីៗ​នេះ​កូនប្រុស​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​គឺ​លោក ទៀ ទីហា ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​សៀមរាប ខណៈ​លោកស្រី មិថុនា ភូថង ជា​កូនស្រី​លោក យុទ្ធ ភូថង ក្លាយ​ជា​អភិបាល​ខេត្ត​កោះកុង​ដោយ​ពួកគាត់​សុទ្ធ​តែ​បម្រើការ​ក្នុង​សហភាព​សហព័ន្ធ​យុវជន​។

ការ​ដំឡើង​តំណែង​ដល់​កូន​ ឬ​សែស្រឡាយ​អ្នក​ធំៗ​នេះ​គឺ​គ្មាន​ប្រតិកម្ម​ពី​គណបក្ស​ប្រឆាំង​ (CNRP) ​រឿង​របប​គ្រួសារ​និយម​នេះ​ទៀត​ទេ ព្រោះ​បក្ស​របស់​ខ្លួន​ក៏​លាង​គូទ​មិន​ទាន់​ជ្រះ​ដែរ​គឺ​ដូច​តែ​គ្នា គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណឹង​។ បើ​ទោះបី​ជា​កូនស្រី​របស់​លោក កឹម សុខា មេបក្ស​សង្គ្រោះ​ជាតិ​លែង​ចេញ​មុខ​ចេញ​មាត់​នៅ​តាម​សារព័ត៌មាន​ក្តី​ក៏​តំណែង​នៅ​តែ​មាន​ក្នុង​បក្ស​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​សាធារណៈ និង​កូនប្រុស​ ២ ​នាក់​របស់​លោក គង់ គាំ មន្ត្រី​កំពូល​របស់​បក្ស​នេះ​ក៏​នៅ​តែ​ជា​តំណាងរាស្ត្រ​ដដែល​។

យ៉ាង​ណា​មិញ​ករណី​រិះគន់​ចំពោះ​គ្រួសារ​និយម​របស់​បក្ស​កាន់​អំណាច​នេះ​ត្រូវ​បាន​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ធ្លាប់​មាន​ប្រតិកម្ម​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ថា​៖ «​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​គ្មាន​ជន​ណា​​ ឬ​គណបក្ស​ណា​មាន​សិទ្ធិ​លូកដៃ​បាន​ឡើយ​ពោល​គឺ​មិន​អាច​តែងតាំង​កូន​លោក សម រង្ស៊ី ឬ​ក៏​កូន​លោក កឹម សុខា ឬ​ក៏​កូនចៅ​អ្នក​នេះ អ្នកនោះ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​ពី​គណបក្ស​ផ្សេង​ ឬ​ក៏​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា​មួយ​ឡើយ ហើយ​រឹត​តែ​មិន​អាច​ធ្វើ​ដន្លង​នឹង​គ្នា​ដែរ​ព្រោះ​ដើរ​ផ្លូវ​ខុស​គ្នា​។ គឺ​ដើម្បី​ធានា​រ៉ាប់រង​ការងារ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​យូរអង្វែង​តកូន​តចៅ​មិន​អាច​ឲ្យ​គណបក្ស​ណា​មក​ដណ្តើម​យក​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ដាច់​ខាត​»​។ ​

ជាង​នេះ​ទៅ​ទៀត​ការ​ឆ្លើយតប​របស់​លោក​ សុខ ឥសាន នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​លើ​យុវជន​គណបក្ស​នយោបាយ​ធំៗ​គឺ​ CPP និង​ CNRP របស់​អង្គការ​អាល្លឺម៉ង់ Konrad Adenauer Stiftung កាលពី​ឆ្នាំ​មុន​ដែល​រកឃើញ​ថា​យុវជន​នៃ​គណបក្ស​ទាំង​ពីរ​នេះ​គឺ​គ្រាន់​តែ​ជា​អ្នក​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​បក្ស​ប៉ុណ្ណោះ និង​ពុំ​មាន​ការ​ទទួល​ខុសត្រូវ​ធំដុំ​ ឬ​អំណាច​ក្នុង​ការ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​តាក់តែង​គោលនយោបាយ​ទាំង​នោះ​ឡើយ​។

បើ​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ និង​ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ចំពោះ​ការ​រិះគន់​ការ​តែងតាំង​កូនៗ​របស់​មន្ត្រី​កំពូលៗ​វិញ​គឺ​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹក​ឆ្នោត​​ដែល​មាន​កូនៗ​កំពុង​សិក្សា​ និង​យុវជន​ខ្លួនឯង​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​គឺ​ត្រូវ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៦ ​ឆ្នាំ​ក្រោយ​នេះ​ថា​តើ​គណបក្ស​ណា​ដែល​ចេះ​គិតគូរ​ពី​អនាគត​របស់​ខ្លួន ជាពិសេស​គឺ​ការ​បង្កើត​ការងារ​ និង​ការ​ស្វែងរក​ការងារ​ឲ្យ​ខ្លួន​ធ្វើ​ ឬ​ក៏​អាច​បើក​ឱកាស​ឲ្យ​កាន់​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ដែរ​ ឬ​ទេ​ក្នុង​ករណី​មាន​ចំណេះដឹង​ខ្ពស់​ និង​​បទពិសោធ​គ្រប់គ្រាន់​នោះ​?

ទោះ​យ៉ាង​ណា​ក៏ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មុន​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្តើម​កែទម្រង់ និង​អនុវត្ត​ដាក់​សកម្មជន​ដែល​ជា​យុវជន​របស់​បក្ស​ធ្វើ​ជា​តំណាង​មូលដ្ឋាន​បាន​មួយ​ចំនួន​​ហើយ​បាន​ជាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ​ដូច​កញ្ញា រ៉ូហ្សេត ជាប់​មេឃុំ អូចារ ខេត្ត​បាត់ដំបង និង​លោក​ ជិន សុខង៉េង ចៅសង្កាត់​សាលា​កំរើក ខេត្ត​សៀមរាប​។ ហេតុ​អ្វី​បាន​គណបក្ស​ប្រជាជន​នៅ​តែ​ប្រកាន់​យុវជន​ក្រៅ​ពី​កូន ក្មួយ សែស្រឡាយ​របស់​ថ្នាក់ដឹកនាំ​ដែល​មាន​និន្នាការ​បក្សនយោបាយ​ ឬ​ក៏​គ្មាន​និន្នាការ​គណបក្ស​នយោបាយ​ដូច​កាលពី​សម័យ​ទសវត្សរ៍​​ឆ្នាំ​ ៨០ នៃ​របប​កុម្មុយនីស្ត​ទៅ​ទៀត​?

ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​នេះ​ហាក់បី​ដូចជា​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​រួម​របស់​គណបក្ស​ប្រជាជន​ដែល​តែងតែ​លើក​ឡើង​នៅ​ពេល​រក​សំឡេង​ឆ្នោត​ម្តង​ ឬ​ក៏​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ផ្សេងៗ​ចូលរួម​ជាមួយ​នោះ​ថា​គ្មាន​ការ​រើសអើង​គ្រប់​រូបភាព​ ឬ​ក៏​និន្នាការ​នយោបាយ​ទេ​នោះ​។ ជាង​នេះ​ទៅ​ទៀត​ការ​លើក​ឡើង​នេះ​មើល​ទៅ​កូន​របស់​អ្នកធំៗ​ហាក់បី​ដូចជា​អត់​ចេះ​ការងារ​ធ្វើ​អ្វី​ក្រៅ​ពី​មន្ត្រី​ជាន់ខ្ពស់​សោះ​ចាំ​តែ​ឪពុកម្តាយ​​រក​ការងារ​ឲ្យ​លើក​បន្តុប​ឲ្យ​។

មាន​មតិ​រិះគន់​ចំអក​មក​វិញ​ថា​ចុះ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ការ​ដាក់​សមាជិក​គ្រួសារ​ទៅ​ក្នុង​កិច្ចការ​សាធារណៈ​នេះ​ដែរ​? ​ដូច​ករណី​កូនប្រសា​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ឈ្មោះ Jared Kushner ចូល​ធ្វើការ​នៅ​សេតវិមាន​ធ្វើ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ដែល​គ្មាន​តួនាទី​សម្រេច​ចិត្ត​នោះ​ទេ​។ តែ​បើ​មាន​តំណែង​ក្នុង​ការ​សម្រេចចិត្ត​គឺ​ប្រឆាំង​នឹង​ច្បាប់​សហព័ន្ធ​ប្រឆាំង​នឹង​របប​គ្រួសារ​និយម​ដែល​អនុម័ត​តាំងពី​ឆ្នាំ​ ១៩៦៧ មក​ម្ល៉េះ​។

រីឯ​ករណី​លោក ចច ប៊ូស អតីត​ប្រធានាធិបតី​គឺ​កូនប្រុស​របស់​គាត់​លោក ចច ដាប់បែលយូប៊ូស ធ្លាប់​ឡើង​ជា​ប្រធានាធិបតី​ដែរ​តែ​អាណត្តិ​ខុស​គ្នា​។

ដោយសារ​ច្បាប់​អាមេរិក​តឹងរ៉ឹង​ដូច​ហ្នឹង​ហើយ​ទើប​កូនស្រី​ច្បង បារ៉ាក់ អូបាម៉ា មិន​បាន​ធ្វើការ​ក្នុង​សេតវិមាន​គឺ​ពេល​វ៉ាកង​ទៅ​សុំ​ការងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន​យក​បទពិសោធ​ទៅ​វិញ​។ ​រីឯ​កូនស្រី​លោក ចូកូវី ដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​វិញ​គឺ​ដាក់​ពាក្យ​ប្រឡង​ចូល​មន្ត្រី​រាជការ​ដូច​គេ​ឯង​ដែរ​គឺ​លោក​មិន​បាន​តែងតាំង​កូន​ឲ្យ​កាន់​តំណែង​ធំដុំ​ក្នុង​មុខងារ​សារធារណៈ​នោះ​ទេ​។

សរុប​មក​វិញ​បើ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​នយោបាយ​នៅ​តែ​ចិញ្ចឹម​ចិត្ត​បែងចែក​កូន​គេ កូន​ឯង​នោះ​ទេ​គឺ​អនាគត​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​បាត់បង់​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ​ព្រោះ​អ្នក​បោះឆ្នោត​ឥឡូវ​ម្នាក់ៗ​គឺ​គេ​គិត​ពី​ជីវភាព និង​អនាគត​របស់​គេ​ដែរ​មិន​មែន​គិត​តែ​ជាតិ​ ខណៈ​​មន្ត្រី​កំពុង​គិត​បក្ខពួក​ខ្លួន​នោះ​ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment