Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ទះ​ដោយសារ​ អ្នក​បើកបរ​មិន​ចូលរួម​​គោរព​សញ្ញា​ចរាចរណ៍

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ល្ងាច​នៅ​ផ្លូវ​ ២០០៤ ​ថ្មី​ពុំ​មាន​សមត្ថកិច្ច​ដោះស្រាយ​។ រូបថត តុង សុប្រាជ្ញ

ស្ទះ​ដោយសារ​ អ្នក​បើកបរ​មិន​ចូលរួម​​គោរព​សញ្ញា​ចរាចរណ៍

ម្នាក់ៗ​ឲ្យ​តែ​បើក​ភ្នែក​ឡើង​គឺ​រអ៊ូរទាំ​ធុញទ្រាន់​រឿង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ជូន​កូន​ទៅ​រៀន និង​ដឹក​ទំនិញ​យឺត​ពេល​ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដង​វិថី​រៀងរាល់​ថ្ងៃ​។

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ៗ​មាន​អារម្មណ៍​មួម៉ៅ​នៅ​ពេល​មក​ដល់​កន្លែង​ធ្វើការ​យឺត​ ​ឬ​ក៏​ណាត់​ជួប​ក៏​ទៅ​មិន​ទាន់​។

ជាពិសេស​ឲ្យ​តែ​មាន​ស្ថានការណ៍​នយោបាយ​ដូចជា​រាង​តានតឹង​ផង​ហ្នឹង​គឺ​ចរាចរណ៍​ក៏​ឆ្វេចឆ្វាច​លែង​មាន​សណ្តាប់​ធ្នាប់​ដែរ​ដូចជា​ការ​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ម្តង​អ្នក​បើក​ឡាន​ថា​ម៉ូតូ​ជិះ​ចូល​ខ្សែ​បន្ទាត់​ខាង​ឡាន​ ម្តង​អ្នក​បើក​ម៉ូតូ​ថា​ឡាន​ក៏​មក​បើក​ចូល​ខាង​ម៉ូតូ​ដែរ​ ហើយ​រ៉ឺម៉ក​កង់បី​វិញ​ឲ្យ​តែ​មាន​ប្រឡោះ​ចូល​បាន​គឺ​ចូល​ហើយ​។

តាមពិត​ទៅ​បើ​តាម​ទំហំ​ថ្នល់​ ​និង​​ចំនួន​អ្នក​បើកបរ​សព្វ​ថ្ងៃ​មិន​ទាន់​ចង្អៀត​នៅ​ឡើយ​ទេ តែ​មកពី​ឥរិយាបថ​អ្នក​បើកបរ​ផង និង​ការ​ចត​គ្មាន​របៀប​រៀបរយ​ផង​ជាង​នេះ​ទៅ​ទៀត​គឺ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​លក់ដូរ ហាង​គុយទាវ ចត​បង្ហៀរ​ចូល​សាច់​ថ្នល់ នាំ​គ្នា​ជិះ​គេច​ពួកគេ​ធ្វើ​មើល​ទៅ​ឃើញ​ទ្រូង​ផ្លូវ​នីមួយៗ​ឃើញ​ចេះ​តែ​តូចៗ​ទៅ​។​ ​

បើ​អ្នក​បើកបរ​ចាំ​តែ​បន្ទោស​រឿង​ផ្លូវ​វិញ​ក៏​មិន​ទំនង​ដែរ​ ផ្លូវ​ឥឡូវ​ល្អ ​ស្អាត​ច្រើន​យូរៗ​ជិះ​ប៉ះ​ផ្លូវ​ក្រហេង​ក្រហូង​ដូច​នៅ​ផ្សារ​ដីហុយ​ដែល​កំពុង​តែ​ជួសជុល​នោះ។ ​​

សម្រាប់​រាជរដ្ឋាភិបាល​វិញ​រឿង​កកស្ទះ​ចរាចរណ៍​មិន​ហ៊ាន​​អនុវត្ត​ធ្វើ​ខ្លាំង​ទេ​ព្រោះ​ខ្លាច​បាត់​​​ប្រជាប្រិយភាព​ បាត់​សន្លឹកឆ្នោត​ពេល​បោះឆ្នោត​ដោយ​តែងតែ​លើក​ឡើង​ថា​បាត​ដៃ​ក៏​សាច់​​ ខ្នង​ដៃ​ក៏​សាច់​នោះ​ហើយ​ ​ដោយ​មិន​យក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​គោល​នោះ​ទេ​ អ៊ីចឹង​មាន​តែ​បណ្តោយ​ទៅ​ ស្ទះ​ក៏​ស្ទះ​ទៅ​។​

​បើ​ទោះបី​ជា​ថ្មីៗ​នេះ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចេញ​កាត់​ស្លាក​ផ្សព្វផ្សាយ​ដែល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើការ​រុះរើ​ដើម្បី​ទុក​កន្លែង​ឲ្យ​កន្លែង​ថ្មើរ​ជើង កុំ​ឲ្យ​ដើរ​លើ​ផ្លូវ​។​ ​

ម្យ៉ាង​វិញ​​ទៀត​សាលា​រាជធានី​ក៏​ចេញ​សេចក្តី​ប្រកាស​ថា​នឹង​ធ្វើការ​រុះរើ​ការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ធំ​មួយ​ចំនួន​ដែល​ខូច​​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ និង​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​ផង​។​ ​តែ​ផែនការ​នេះ​ក្លាយ​ទៅ​ជា​ផែន​ស្ករ​ទៅវិញ​មិន​បាន​អនុវត្ត ​រីឯ​ឡាន​ធំ​ដឹក​ដី​ដឹក​ខ្សាច់​លាយ​ស៊ីម៉ង់ត៍ ​ដឹក​សម្ភារ​សំណង់​ក៏​នៅ​ឆ្លៀត​​ឲ្យ​ចូល​ពេល​ថ្ងៃ​ដែរ​។​ ​

កន្លង​មក ​សាលា​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​​បាន​សិក្សា​ពី​ការ​ខាតបង់​ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ហ្នឹង​ដែរ​គឺ​រកឃើញ​​ថា ១ ខែៗ​​អស់​ទឹក​ប្រាក់​ចំនួន​ ៦​ លាន​ដុល្លារ​ដោយសារ​តែ​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។ នេះ​មិន​គិត​ពី​តម្លៃ​នៃ​ពេលវេលា​ដែល​ខាត​នោះ​យក​ធ្វើ​អ្វី​ផ្សេងៗ​ផង​ដូចជា​យក​ពេល​អាន​កាសែត ​អាន​សៀវភៅ​សម្រាក​លំហែកាយ​ ហាត់​ប្រាណ ​មើល​ថែទាំ​កូនចៅ​យ៉ាង​ហោច​ណាស់​ក៏​បាន​បោស​ជូត​ផ្ទះ​ដែរ​។

បើ​ផ្អែក​ទៅ​តាម​ទ្រឹស្តី​សេដ្ឋកិច្ច​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​រង្វង់​ ៧ ​ភាគរយ​របស់​កម្ពុជា​នោះ​មិន​មាន​ន័យ​ថា​មាន​សុខុមាលភាព​សេដ្ឋកិច្ច​ (​Economic Healthy) ​នោះ​ទេ​បើ​ចរាចរណ៍​នៅ​តែ​ស្ទះ​ដូច​សព្វ​ថ្ងៃ​នេះ​អ្នក​​បើកបរ​ពោរពេញ​ទៅ​ដោយ​ស្រេ្តស ​និង​ការ​ធុញទ្រាន់​។ នៅ​ពេល​ដែល​ផ្លូវ​កំពុង​តែ​ស្ទះ​ពេល​ខ្លះ​​មាន​ឡាន​ស៊ីរ៉ែន​មិន​ដឹង​ជា​ខាង​ណា​ខាង​ណី​ទេ ​គ្រាន់​ដឹក​ភ្ញៀវ​ចិន​ ភ្ញៀវ​វៀតណាម​មក​ទស្សនកិច្ច​សោះ​ហ្នឹង​ក៏​មាន​ឡាន​ស៊ីរ៉ែន ឬ​ក៏​ម៉ូតូ​ស៊ីរ៉ែន​ដែរ​។​ ​

ម៉្យាង​វិញ​ទៀត​បើ​មើល​ទៅ​ចំនួន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​នៅ​តាម​ផ្លូវ​មិន​សូវ​ឃើញ​​មាន​ទេ​តែ​ទៅ​កក​​ជុំ​គ្នា​ជុំៗ​នៅ​កន្លែង​មាន​ពិធីការ បុណ្យ ឬ​កម្មវិធី​​ដែល​គេ​ជួល​ទៅ​ធ្វើ​ចរាចរណ៍​ឲ្យ​ទៅ​វិញ​។​

បើ​និយាយ​ពី​កន្លែង​ទីតាំង​ដែល​ត្រូវ​ឈរ​​ជើង​វិញ​ជា​ច្រើន​ដល់​ម៉ោង​ចប់​ការងារ​គាត់​ចប់​ទៅ​ផ្ទះ​ដូច​គេ​ ​ដូច​ឯង​ដែរ​ចង់​អ្នក​ណា​ស្ទះ​អី​ក៏​ស្ទះ​ទៅ​បណ្តោយ​ឲ្យ​ទៅ​តាម​ដំណើរ​ទៅ​។​

ទីតាំង​កន្លែង​ខ្លះ​មាន​ក្រុម​សណ្តាប់ធ្នាប់​ ​ឬ​ក៏​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន ឬ​ក៏​តាម​សាលារៀន​ចេញ​មក​ផ្លុំ​កញ្ចែ​ឆ្វេចឆ្វាច​ជួយ​សម្រួល​បាន​ខ្លះ​ទៅ​នៅ​ពេល​ល្ងាច​ដូច​នៅ​ស្ពាន​ព្រះមុនីវង្ស​ ម្នាក់ៗ​ឲ្យ​តែ​បាន​ឆ្លង​ផុត​ស្ពាន​ហ្នឹង​គឺ​ដូច​ដក​បន្លា​ពី​ទ្រូង​អ៊ីចឹង​។​​

ដោយសារ​ការ​ស្ទះ​ចរាចរណ៍​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ​គឺ​ដាក់​តែ​ឡាន​ស៊ីរ៉ែន​ ​ឬ​ក៏​ម៉ូតូ​ស៊ីរ៉ែន​ទៅ​ប៉ូលិស​ចរាចរណ៍​បោះ​ចោល​​កិច្ចការ​ផ្សេង​ហើយ​រត់​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​គាត់​បាន​ចេញ​ផុត​ពី​កន្លែង​កកស្ទះ​ចរាចរណ៍​ហ្នឹង​ជួនកាល​បើក​បញ្ច្រាស់​ទិស​ច្បាប់​ក៏​ប៉ូលិស​ខំ​ផ្លុំ​កញ្ចែ​ឲ្យ​ទៅ​ដែរ​ព្រោះ​ខ្លាច​ត្រូវ​មាត់​ ឬ​ក៏​បាត់​ប៉ុស្តិ៍​។

អ៊ីចឹង​អ្នក​ធំៗ​មិន​ខ្វល់​ពី​ការ​លំបាក​​របស់​អ្នក​បើកបរ​ទូទៅ​ទេ​ ​តែ​បើ​មិន​ជឿ​ឲ្យ​គាត់​បើកបរ​ឈប់​ស្ទះ​ចរាចរណ៍​ថាំ​ចិត្ត​ដូច​គេ​ដូច​ឯង​មើល​បើ​មិន​ចាត់​ការ​ដោះស្រាយ​រឿង​ស្ទះ​ចរាចរណ៍​ហ្នឹង​មុន​គេ​ឥឡូវ​ហ្នឹង​។​ ​អ៊ីចឹង​ហើយ​បាន​ជា​គាត់​គ្មាន​ឆន្ទៈ​គោលនយោបាយ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ​ហើយ​លើក​ឡើង​យ៉ាង​សាមញ្ញ​ថា​ប្រទេស​ណា​ក៏​មាន​ការ​កកស្ទះ​ចរាចរណ៍​ដែរ​។

បើ​តាម​ប្រសាសន៍​លោក ប៉ែន ឃុន នាយរង​​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ថា​៖ ​«​សម្រាប់​ចំនួន​ប្រជាពលរដ្ឋ​សព្វ​ថ្ងៃ និង​ឥរិយាបថ​បើកបរ​របស់​គាត់​គឺ​ចំនួន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ជាង​​ ៥០០ ​នាក់​មិន​គ្រប់គ្រាន់​នៅ​ឡើយ​​ទេ​ព្រោះ​ឲ្យ​តែ​មន្ត្រី​ប៉ូលិស​ដក​ឃ្លា​តែ​បន្តិច​​គឺ​ការ​កកស្ទះ​កើត​មាន​ឡើង​ភ្លាម​»​។

លោក​បាន​បន្ត​ទៀត​ថា ៖ «​ពេល​ខ្លះ​កម្លាំង​យើង​បែងចែក​ទៅ​ដោះស្រាយ​លើ​ករណី​បទល្មើស​បើកបរ​យានយន្ត​រក​តែ​កន្លែង​ទុក​មិន​លើស​ ៣ ​ថ្ងៃ​ក៏​មិន​បាន​ផង​ ​អ៊ីចឹង​គឺ​ដោះស្រាយ​ផាក​ពិន័យ​ភ្លាមៗ​ធ្វើឲ្យ​អ្នក​បើកបរ​មិន​រាង​ចាល​ទេ​។​ ​ចុះ​នៅ​ករណី​គ្រោះថ្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​តុលាការ​ស៊ើបអង្កេត​ស៊ី​ពេល​យូរ​ទៀត​រឹត​តែ​យ៉ាប់​កន្លែង​ដាក់​រថយន្ត​ទាំង​​នោះ​ទៀត​ផង​»​​។

ម្យ៉ាង​ទៀត​ការ​កកស្ទះ​ក៏​ដោយសារ​​កំណើន​នូវ​យានយន្ត​ជាង​រៀងរាល់​ឆ្នាំ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​នៅ​ដំណាច់​ឆ្នាំ​ ២០១៦ ​កន្លង​ទៅ​នេះ​មាន​រថយន្ត​ចំនួន​ជាង​ ៤៤ ​ម៉ឺន​គ្រឿង និង​​ម៉ូតូ​ជាង​ ១ ​លាន​ ៦ ​សែន​ដែល​ចុះ​បញ្ជី​រួច​ហើយ​ចុះ​នៅ​យានយន្ត​ដែល​នៅ​មិន​បាន​ចុះ​បញ្ចី​ទៀត​នោះ ​តើ​ប៉ុន្មាន​ទៀត​ទៅ​? ចំនួន​យាន​ជំនិះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​នេះ​ហើយ​បាន​ជា​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើ​បញ្ឈប់​ការ​នាំ​ចូល​រថយន្ត​ជជុះ​តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ​។

ហេតុ​ដូច្នេះ​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​បាន​ទាល់តែ​ចូលរួម​ទាំងអស់​គ្នា​ច្បាប់​មាន​ហើយ​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ក៏​មាន តែ​អ្វី​ជា​គោលការណ៍​នោះ​គឺ​ថ្នាក់​ដឹកនាំ​គួរ​តែ​ធ្វើ​ជា​គំរូ​ក្នុង​ការ​បើកបរ​។​ ​បើ​គ្មាន​ការ​ចាំបាច់​ទេ​កុំ​បើក​ស៊ីរ៉ែន​សុំ​វ៉ា​គេ​ឯង​នៅ​ពេល​កំពុង​មាន​ការ​កកស្ទះ​ចរាចរណ៍​ ​បើ​គ្រាន់​តែ​ជូន​ភ្ញៀវ​មក​ទស្សនកិច្ច​សោះ​ ​ករណី​លើកលែង​ប្រើ​ឡាន​ស៊ីរ៉ែន​មាន​តែ​ថ្នាក់ដឹកនាំ​កំពូល​តែ​ ៣ ​រូប​ទេ​។

បើ​តាម​ស្ថានភាព​ចរាចរណ៍​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​គួរ​តែ​បង្កើន​ចំនួន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​បន្ថែម​ទៀត​ហើយ​គួរ​តែ​បែងចែក​វេន​គ្នា​ឲ្យ​បាន​ជាក់លាក់​ទៅ​តាម​​ម៉ោង ​ថ្ងៃ ល្ងាច និង​យប់ ចៀសវាង​ការ​កកស្ទះ​ហើយ​ដោយ​គ្មាន​​មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ទី​នោះ​ការ​ធ្វើ​ដូចនេះ​ដើម្បី​ឲ្យ​គាត់​មាន​ពេល​សម្រាក​ជួបជុំ​គ្រួសារ​កូនចៅ​គាត់​ផង​។ ​

ទូរទស្សន៍​ក៏​ចាំបាច់​ពន្យល់​បន្ថែម​ពី​ច្បាប់ ឬ​ក៏​រូបភាព​នៅ​លើ​កញ្ចក់​អ្វី​ដែល​បើក​ខុស និង​ការ​បើកបរ​ដែល​ត្រឹមត្រូវ​ផង​ដែរ​ជា​ជាង​​ផ្សព្វផ្សាយ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដដែលៗ​ហើយ​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ល្បោយ​ទៅ​តាម​រូបភាព​នោះ​។

បើ​និយាយ​ពី​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ខណ្ឌ​នៅ​ខណ្ឌ​មានជ័យ​ឃើញ​ថា​បាន​ជួយ​ធ្វើ​ចរាចរណ៍​បញ្ចៀស​រថយន្ត​ពី​ការ​កកស្ទះ​នៅ​គល់​ស្ពាន​ព្រះមុនីវង្ស និង​ផ្លូវ​ជាតិ​លេខ​ ១ ​ដែល​កំពុង​តែ​ជួសជុល​ថ្មី​នោះ​។

តែ​បើ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន​វិញ​មិន​បាន​ជួយ​ការ​កកស្ទះ​ចរាចរណ៍​ទេ​តែ​ជំនាញ​ខាង​បង្ក្រាប​បាតុកម្ម​ទៅ​វិញ​ឲ្យ​តែ​អើត​ក​ចេញ​មក​គឺ​បង្ក្រាប​យ៉ាង​លឿន​ណាស់​ដូច​កាលពី​ថ្ងៃ​ ១៤ កុម្ភៈ​កន្លង​ទៅ​នេះ​មាន​ការ​បង្ក្រាប​បាតុកម្ម​មាន​គ្នា​ជាង​ ១០០ ​នាក់​មក​ពី​ខេត្ត​កោះកុង​ដែល​​ហែ​មក​ដល់​មុខ​វត្ត​លង្កា​ឆ្ពោះ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​តែ​បើ​អ្នក​លក់​ផ្កា​នៅ​មុខ​វត្តលង្កា​ដែល​ឈរ​លក់​នៅ​លើ​ផ្លូវ និង​ចាក់​ធុងបាស់​ឮៗ​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់​នៅ​ក្បែរ​ផ្ទះ​គាត់​ដូច​គ្នា​ថ្ងៃ​ដូច​គ្នា​តែ​បែរ​សន្តិសុខ​សណ្តាប់ធ្នាប់​នោះ​ធ្វើ​មិន​ឮ​ទៅ​វិញ។

រីឯ​អ្នក​បើកបរ​ក៏​ត្រូវ​គិតគូរ​ពី​ខ្លួនឯង​ឡើង​វិញ​ផង​ថា​តើ​ខ្លួន​ឯង​បើកបរ​សព្វ​ថ្ងៃ​ត្រឹមត្រូវ​តាម​ច្បាប់​បាន​កម្រិត​ណា? កុំ​ចេះ​តែ​ថា​ឲ្យ​គេ​នោះ​ហើយ​ចង្អុល​តែ​គេ​នោះ​។ ចំណុច​ដែល​ចម្បង​នោះ​គឺ​មាន​សេចក្តី​ណែនាំ​ឲ្យ​បញ្ឈប់​ការ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជា​កន្លែង​របរ​រកស៊ី​នោះ​ដែល​ជា​ឫសគល់​ស្ទះ​ចរាចរណ៍​។

រដ្ឋ​ក៏​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​អគារ​ចត​រថយន្ត​គិត​តម្លៃ​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment