Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រុក​ខ្មែរ​សន្តិភាព​នៅ​តែ​ក្នុង​ក្តី​ប្រាថ្នា​តែ​កាយវិការ​មិន​ជ្រះ​ស្រឡះ​ពី​ហិង្សា

តៃកុង​ឡាន និងព្រូឡាន​ដឹក​ស្រូវ​ដែល​ត្រូវ​ប៉េអឹម​ខេត្ត​ព្រៃ​វែង​ ចាប់​​ចង​វ៉ៃធ្វើ​ទារុណកម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ រូបថត សហ​ការី
តៃកុង​ឡាន និងព្រូឡាន​ដឹក​ស្រូវ​ដែល​ត្រូវ​ប៉េអឹម​ខេត្ត​ព្រៃ​វែង​ ចាប់​​ចង​វ៉ៃធ្វើ​ទារុណកម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ រូបថត សហ​ការី

ស្រុក​ខ្មែរ​សន្តិភាព​នៅ​តែ​ក្នុង​ក្តី​ប្រាថ្នា​តែ​កាយវិការ​មិន​ជ្រះ​ស្រឡះ​ពី​ហិង្សា

ពាក្យ​ «សន្តិភាព» ​ត្រូវ​បាន​អ្នក​នយោបាយ ឬ​ថ្នាក់​ដឹក​នាំ​ស្រុក​ខ្មែរ​ជា​ច្រើន​ជំនាន់​មក​ហើយ​ យក​ពាក្យ​នេះ​មក​ប្រើ​ដើម្បី​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​ដូច​តែ​គ្នា គេ​ឲ្យ​យល់​តែ​មួយ​ពាក្យ​គត់​គឺ​សន្តិភាព​ប្រែ​ថា ​គ្មាន​សង្គ្រាម។ ឧ. សម្តេច ​ហ៊ុន សែន និង​សន្តិភាព​ គឺ​តែ​មួយ!។

តាម​ពិត​ទៅ​ពាក្យ​ថា​សន្តិភាព​នេះ​មាន​ន័យ​យ៉ាង​ទូលាយ​គឺ​សន្តិភាព​ទាំង​ផ្លូវ​កាយ​ ទាំង​ផ្លូវ​ចិត្ត​គ្មាន​សង្គ្រាម​គ្មាន​ហិង្សា​ដាក់​គ្នា​គ្មាន​កំហឹង​គុំកួន​គ្នា ប្រកប​ដោយ​ក្តី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​អ្នក​នយោ​បាយ និង​ថ្នាក់​ដឹក​នាំ​វិញ ដំបូង​មិន​ទាន់​មាន​អំណាច​ម្នាក់ៗ​ខំ​ធ្វើ​ប្រជាភិថុត និង​ខំ​កសាង​សន្តិភាព​ណាស់ តែ​នៅ​ពេល​បាន​អំណាច​វិញ គឺ​លែង​មាន​សន្តិភាព​ក្នុង​ខ្លួន​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ខំ​រៀន​ធ្វើ​ត្រាប់​តាម​បែប​គ្មាន​សន្តិភាព​ក្នុង​ចិត្ត​គឺឲ្យ​តែ​ភ្លែត​ឡើង​បញ្ចេញ​កំហឹង​ទល់​នឹង​​កំហល់​ទៅ​តាម​​មហិទ្ធិឫទ្ធិ​របស់​ពួក​គេ​រៀងៗ​ខ្លួន រហូត​ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា ឬ​ក៏អ្នក​ខ្លះ​ទៀត​ធ្វើអី​គេ​មិន​បាន​ក៏​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៅ។

ហេតុអ្វី​បាន​ជា​អំពើហិង្សា​ទាំង​នេះ និង​របៀប​ស្លាប់​ចេះ​តែ​ងាយ​ទៅៗ ហើយ​រូបភាព​ប្លែកៗ​ទៀត? បើ​គ្រាន់​តែ​រៀប​រាប់​ត្រួសៗ នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​សោះ​ឃើញ​ថា​មាន៖

- បទ​ឧក្រិដ្ឋ​ដោយ​ឃាតកម្ម​ និង​ការ​ធ្វើ​ទារុណកម្ម​មាន​តាំង​ពី​ក្រុម​​ចោរ​ប្លន់​ប្រដាប់​អាវុធ​ចូល​​ប្លន់​ទូមាស​ក្នុង​ផ្សារ ៥-៦ ​ខេត្ត​ផ្ទួនៗ មាន​តាំង​ពី​ការ​បាញ់​សម្លាប់​ផង​ដែរ។ ករណី​ប្លន់​កាប់​​ជន​បរទេស​ដែល​ជា​អ្នក​វិនិយោគ​ទុន និង​ភ្ញៀវ​ទេសចរ​នៅ​ក្រុង​ព្រះ​សីហនុ។ ករណី​ខឹង​​សុំ​ប្រពន្ធ​ជា​នា​ជាមួយ​​គ្នា​ឡើង​វិញ​មិន​​បាន​ បុរសជា​ប្តី​អតីត​យោធា បាន​បាញ់​ប្រពន្ធ ៥ គ្រាប់​ស្លាប់​​នៅ​លើ​អង្រឹង​ក្នុង​ផ្សារ​ខេត្ត​ស្ទឹងត្រែង។ ករណី​យក​ខ្សែ​រឹត ក.សម្លាប់​កុមារា​យក​ប្លាទីន ​៣​ជី នៅ​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់ចាម។ ករណី​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​កម្មការិនី​រោង​ចក្រ​ រឿង​សហាយស្មន់ ក្រោយ​មក​នារី​នោះ ក៏​បាន​ស្លាប់​​យ៉ាង​អាណោច​​អាធ័ម។ ការ​ធ្វើ​ទារុណ​កម្ម​មក​លើ​កុមារ​តូច​វ៉ៃ​ឡើង​រាក​នោម​ និង​ចង​ផ្អោប​នឹង​សសរ​ផ្ទះ​ហើយ​ថត​រូប​បង្ហោះ​តាម​ហ្វេស​ប៊ុក​ឲ្យ​គេ​មើល​ទៀត។ រឿង​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ធ្ងន់​ធ្ងរព្រៃ​ផ្សៃ​​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ស្រូវ​នៅ​ខេត្ត​ព្រៃវែង។

- ក្រុម​ក្មេង​ទំនើង​កាប់​ចាក់​គ្នា​ពេញ​បន្ទុក​ បន្ទាប់​ពី​ការ​គ្រប់គ្រង​​អាវុធជាតិ​ផ្ទុះ​បាន​ប្រសើរ​ឡើង​ជាង​មុន ក្នុង​ចំណោម​យុវជន​ទំនើង ​តែ​យុវជន​ស្ទាវ​ឥឡូវ​ កាប់​សម្លាប់​គ្នា​កាន់​តែ​សាហាវ​ទៅៗ​មិន​ថា​តែ​នៅ​រាជធានី​ភ្នំពេញ​ នៅ​តាម​បណ្តា​ខេត្ត​នានា​ទេ គឺ​លេង​សុទ្ធ​តែ​សាមូរ៉ៃ កាំបិត​ប៉័ងតោ ​និង​ពូថៅ​ដៃ។ ឪពុក​​ម្តាយ​ណា​ក៏​ដូច​ជា​ឪពុក​ម្តាយ​ណា​ដែរ​ មាន​ការ​ខ្លោច​ចិត្ត សោក​ស្តាយ​​ណាស់​​នៅ​ពេល​ដែល​ឃើញ​គេ​កាប់​កូន​ឲ្យ​របួស​ធ្ងន់ ឬ​ក៏​កាប់​សម្លាប់​កូន​ខ្លួន​ឯង​នោះ ​ដោយ​សារ​តែ​មាន​ទំនាស់​គ្នា​បន្តិច​បន្តួច​មួយ​ម៉ាត់​មួយក​ រវាង​យុវជន​ និង​យុវជន​​សោះ គឺមិន​​ត្រឹម​តែ​វ៉ៃគ្នា​នឹង​ដៃ ​​ជើង​ទេ​ គឺលេង​សុទ្ធ​តែ​ដាវ​សាមូរ៉ៃ។ ដូច​ករណី​ក្រុម​ស្ទាវ​ហក់​កាប់​គ្នា​សម្លាប់​យុវជន​កំពុង​តែ​ជិះ​លើម៉ូតូ​ធ្លាក់​ពី​លើ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ទាំង​ព្រឹក​នៅ​កណ្តាល​រាជធានី​ រីឯ​ករណី​មួយ​ទៀត​គឺ​ដូចគុំ​គ្នា​ពី​ណា​មក​កំពុង​តែ​អង្គុយ​ហូប​មីឆា​ នៅ​ជិត​ពោធិ៍ចិន​តុង​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ផ្សេង​ទៀត​កាប់​មួយ​ពូថៅ​រយះ​ក្បាល​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ គឺ​កូន​សិស្ស​សាលា​ពោធិ៍ចិន​តុង​ ប្រទះ​ឃើញ​ដាវ​សាមូ​រ៉ៃ ​និង​ប៉័ងតោ​​នៅ​ក្នុង​សាលារៀន។ បន្ទាប់​ពី​មាន​ករណី​ក្រុមស្ទាវ​កាប់​គ្នា​នៅ​ខេត្ត​ព្រះសីហនុ​ពី​យប់ ព្រឹក​ឡើង​ឃើញ​យុវជន​ ២ ​នាក់​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​របស់​ពួកគេ គឺមិន​មែន​ជា​ករណី​ប្លន់ ឬ​ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ។ រីឯ​នៅ​ខេត្ត​កំពង់ឆ្នាំង​ឯណោះ ​ករណី​ក្រុមស្ទាវ​ដេញ​កាប់​សិស្ស​សាលា​របួស។

- ការ​កាត់​ទោស​ដោយ​ហ្វូង​មហាជន (mob killings) មក​ទល់​ពេលនេះ​ នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​មាន​ភាព​ជឿ​ជាក់​ទៅ​នឹង​សមត្ថកិច្ច​និង​តុលាការ​នៅ​ឡើយ​ទេ​។​ ហេតុដូច​នេះ​ហើយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ការ​កាត់​សេចក្តី​ដោយ​ការ​វាយ​ដំ​ដោយ​ហ្វូង​មហាជន​ជួន​កាល​នៅ​សល់​ត្រឹម​តែ​ដង្ហើម​ចង្រិត ​ពេល​ខ្លះ​ជា​ការ​សង​សឹក​ក៏​ឈាន​ដល់​ការ​ស្លាប់​របស់​ជន​ជាប់​ចោទ​នោះ ហើយ​ម្តង​ម្កាល​មាន​ការ​ស៊ើប​អង្កេត​ចំពោះការ​កាត់​ទោស​ដោយ​ហ្វូង​មហាជន​ដែល​ប្រព្រឹត្ត​ហិង្សា​មក​កាត់​ទោស ​ដែល​​ជា​ទូទៅ​គឺគ្មាន។ ​ដូច​ករណី​យុវជន​លួចកាបូប​លុយ​​និង​ទូរស័ព្ទ​សោះ​ត្រូវ​គេ​វាយ​មួយ​ដៃ​មួយ​ជើងៗ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​មហា​ជន​ត្រូវ​បាន​យក​មក​កាត់​ទោស​នោះ​ទេ។ នេះ​គឺ​ជា​និទ្ទណ្ឌ​ភាព​មួយ​ ដែល​មនុស្ស​ទូទៅ​យល់​ឃើញ​ថា​ ការ​សង​សឹក​បែប​ហិង្សា​​ដូចនេះ ​គឺ​ជា​ការ​ត្រឹម​ត្រូវ​បាន​ជា​គ្មាន​នរណា​ទៅ​ឈឺ​ក្បាល​វិល​មុខ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ករណី​បែប​នេះ​ទេ។​

- គ្រឿង​ញៀន ប្រទេស​កម្ពុជា​អាច​ក្លាយ​ទៅ​ជា​ប្រទេស​ម៉ិកស៊ិក​ទី២ ចំពោះ​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​ចូល​ភ្នែក​ចូល​ច្រមុះ ​ទៅ​ទីណា​ក៏មាន​ដែរ ហើយ​បង្កភាព​ហិង្សា និង​បាញ់​សម្លាប់​គ្នា​រីករាល​ដាល​ពេញ​ប្រទេស។ បើ​មើល​ទៅ​លើ​ទំព័រ​កាសែត​ក្នុង​ស្រុក​មួយ​លេខ​គឺ​យ៉ាង​តិច​ណាស់​ក៏​មាន​ ៥ ករណី​ដែរ ចំពោះ​ករណី​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ និង​អំពើ​ហិង្សា​ទាំង​ខ្មែរ ទាំង​ជន​បរទេស។

- គ្រោះ​ថ្នាក់​ចរាចរណ៍​ ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​ចេតនា ទាំង​អចេតនា​​ គឺ​លំដាប់​លេខ ១ ហើយ។ ករណី​នេះ ​នៅ​ទំព័រ​កាសែត​មិន​ក្រោម​ ១០ អត្ថបទ​ទេ មិន​​ចេះ​ខ្វះ​ទេ ហើយ​ឲ្យ​តែ​មានការ​ប៉ះពារ​គ្នាគឺ​មិនរក​ខុស​រក​ត្រូវ​ទេ គឺ​ភ្លែត​ឡើង​ទាញ​ទូរស័ព្ទ​ហៅ​រក​គ្នីគ្នា ពេល​ខ្លះ​ដំឡើង​សរសៃក.ដាក់​គ្នា​វ៉ៃគ្នា​ក៏​មាន អ្នក​បើកបរ​ខ្លះមាន​ចេតនា​ធ្វើ​បាប​គេ​តែ​ម្តង​អាង​តែ​បើ​រថយន្ត​ធំៗ​ឬ​ក៏មន្ត្រី​ប្រដាប់​អាវុធ​គឺ​ចុះមក​ការ៉េ​ការ៉ា​រករឿង​គេ​តែ​ម្តង។ ដូច​ករណី​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ​បើក​បែប​មាន​កំហឹង​កៀរ​ម៉ូតូ​រួចចុះរត់។ ករណី​ចរាចរណ៍​នេះ​នៅ​តែ​គ្មាន​យន្តការ​ដោះ​​ស្រាយ​ជាក់​លាក់​សោះ។

- ករណី​អត្តឃាត ​ចំពោះ​ករណី​អត្តឃាត​នេះ​គឺរឹត​តែ​ងាយ​ស្រួល​ទៀត​ឲ្យ​តែ​ទាស់​ចិត្ត​តែ​បន្តិច​ ឬ​ក៏ការ​​ធ្វើ​បាប​ដល់​កម្រិត​គឺ​លែង​​ចង់​រស់​បន្ត​ទៅ​​ទៀត ​មានតែ​រកវិធី​សម្លាប់​ខ្លួន​​ភ្លាម​ៗ​តាម​វិធី​ខុសគ្នា ​ខ្លះ​លោត​ទឹក​ ខ្លះ​លេប​ថ្នាំ ​ខ្លះ​ចង​ក.​​ជាដើម។ ករណី​នៅ​ខេត្ត ​ប៉ៃលិន​​ប្រពន្ធ​តូច​ចិត្ត​ប្តី​ប្រមឹក​​វាយ​ធ្វើ​បាប​ខ្លំាង​ពេក ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន។ ​ករណី​នៅ​ខេត្ត​ប៉ៃលិន​ដដែល​ស្រឡាញ់​គ្នា​ពេក ម៉ែ​ឪ​បំបែក​គូសង្សារ​ផឹក​ថ្នាំ​សម្លាប់​ខ្លួន។ ស្ត្រី​ម្នាក់​តូច​ចិត្ត​គេស្តី​បន្ទោស​រឿង​ដើរលេង​យប់​ ក៏​ចង​ក.សម្លាប់​ខ្លួននៅ​សៀមរាប។

- ក្រៅ​ពីនោះ​ក៏មាន​ការ​ស្លាប់​តាម​របៀប​ផ្សេង​ទៀត​ផង​ដែរ​ ដូច​ជា​បុរស​ផឹក​ស្រា​ដេក​ស្លាប់​ ការ​ស្លាប់​ពុល​ចំណី​អាហារ​ជា​ដើម​។ ទាំង​នេះ​គឺជា​បញ្ហា​កើត​ឡើង​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃនេះ​ រីឯ​ចំនួន​ករណី​ព្រហ្ម​ទណ្ឌ​ក៏ចេះ​តែ​កើន​ឡើង​ តែ​ប៉ូលិស​ ប៉េអឹម​នៅ​តែ​ឡើង​ស័ក្តិ ឡើង​ផ្កាយ​ព្រោង​ព្រាត​ដដែល។

បើតាម​រយៈ​របាយការណ៍​បូក​សរុប​របស់​ក្រសួង​​មហាផ្ទៃ​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា៖ «បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មាន​ចំនួន​ ២៨១៤ ករណីកើន​ឡើង ៤ ភាគរយ​ប្រៀបធៀប​ឆ្នាំ​ ២០១៣»។ លោក នេត សាវឿន​ អគ្គស្នង​ការ​នគរបាល​ជាតិ​​ក៏បាន​ព្រមាន​ដក​ស្នងការ​និង​អធិការ​ប្រសិន​បើ​ដោះ​ស្រាយ​មិន​បាន​ករណី​ប្លន់​ប្រដាប់​អាវុធនៅ​តំបន់​របស់​ខ្លួន។ សូម្បី​តែ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ក៏​ទទួល​ស្គាល់​ថា​ ចោរកម្ម​នៅ​ភ្នំពេញ​គឺ​ដូច​​នៅ​ហូជីមិញ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អ៊ីចឹង។ ការ​លើក​ឡើង​របស់​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​នេះ​ហាក់បី​ដូចជា​ទទួល​ស្គាល់​ភាព​អសមត្ថ​ភាព​របស់​សមត្ថកិច្ច​របស់​លោក ក្នុងការ​​គ្រប់​គ្រង​​បទ​ឧក្រិដ្ឋ​ទាំង​ឡាយ។

ចំណែក​ឯរឿង​ក្រុម​ក្មេង​ទំនើង​វិញ​ មក​ទល់​ពេល​នេះ​គ្មាន​មន្ត្រី​ជាន់​ខ្ពស់​ណាម្នាក់​ ឬ​មួយ​ក៏​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ខ្លួន​លោក​ផ្ទាល់​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​ការ​ព្រមាន​ថា​ បើ​បង្ក្រាប​ក្រុម​បង​ធំ​បង​តូច​នេះ​មិន​បាន​នោះ​ទេ។ ដូច្នេះ គួរ​តែអនុវត្ត​ច្បាប់ ជា​ជាង​ធ្វើ​​ប្រសាសន៍​របស់​ថ្នាក់​ដឹក​នាំ។ ម្យ៉ាង​ទៀត​បញ្ហា​អត្ត​ឃាត​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ គឺ​ស្រុកខ្មែរ​ខ្វះអ្នក​ចិត្ត​សាស្រ្ត​ ដើម្បី​សម្រប​សម្រួល​បញ្ហា​អត្តឃាត​នេះ​ គឺនៅ​មាន​ហិង្សា​ដោយ​ពាក្យ​សម្តី ឬក៏​កាយវិការ​ ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​ខ្លួនឯង​បាន។

បើ​យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១១ ចំនួន​អ្នក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​គឺ​មាន​ ៤២ ​នាក់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ចំនួន ១ សែន​នាក់​បាន​ធ្លាប់​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

ហេតុ​ដូច្នេះ​ហើយ ​អ្វី​ដែល​អាច​ដោះ​ស្រាយ​ជា​ចម្បងៗ​នោះ​គឺទី១, ភាសា ​និង​កាយវិការ​បែប​ហិង្សា​របស់​អ្នក​នយោបាយ និង​ថ្នាក់​ដឹក​នាំ​គួរ​តែ​កាត់​បន្ថយ​ឲ្យ​ខាង​តែ​បាន​ដើម្បី​ជា​គំរូ​ដល់​ពលរដ្ឋ​ទូទៅ ព្រោះ​ម្នាក់ៗ​ សុទ្ធតែ​និយាយ​ថា ការ​កសាង​សន្តិភាព តែ​ផ្ទុយ​ទៅ​វិញ​ឲ្យ​តែបាន​ក្បាល​មេក្រូគឺ​លេង​ម៉ា​ទំហឹង​តែ​ម្តង ពូកែ​ខាង​ដៀម​ដាម​ហិង្សា​ដាក់​គ្នា។ ទី២, ប្រជា​ពលរដ្ឋ​ទូទៅ​វិញ​ក៏គួរ​តែ​ចាប់​ផ្តើម​បង្ហាញ​ពី​សន្តិភាព​ក្នុង​ចិត្ត​របស់​ខ្លួន​ដែរ ជា​ពិសេស​អ្នក​លេង​ហ្វេស​ប៊ុក​ខ្លះ​ក៏​បញ្ឈប់​ការ​ជេរ​បញ្ចោ​រគ្នា ខ្លះ​ទៀត​ប្រើ​ពាក្យ​អសុរោះ (Bully) ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តូច​ចិត្ត​អាច​សម្លាប់​ខ្លួន​បាន។ ទី៣, ​អ្នក​សារ​ព័ត៌មាន​ក៏​គួរ​តែ​បង្ហាញ​ពី​សន្តិភាព​ក្នុង​ចិត្ត​ផង​ កុំ​បន្ថែម​បន្ថយ​ចំអក ឬក៏​ពន្យុះ​បញ្ឆេះ​បញ្ហាប​ន្ថែម៕

សូម​ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment