Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហេតុ​អ្វី​បាន​ជា​ថវិកា​ក្រុង-ស្រុក​ប្រមាណ $១៧ លាន​ចាយ​មិន​អស់?

កញ្ញា តឹក នីម មេឃុំ អមលាំង និង​សាលា ឃុំ​អមលាំង ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។
កញ្ញា តឹក នីម មេឃុំ អមលាំង និង​សាលា ឃុំ​អមលាំង ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ហេង ជីវ័ន

ហេតុ​អ្វី​បាន​ជា​ថវិកា​ក្រុង-ស្រុក​ប្រមាណ $១៧ លាន​ចាយ​មិន​អស់?

កាល​ពី​សប្តាហ៍​មុន មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​មាន​ភាព​រីក​រាយ​យ៉ាង​ហ៊ឺហា នៅ​ពេល​ដែល​ប្រាក់​បំណាច់​ផ្សេងៗ​ដូច​ជា ប្រាក់​បំណាច់​តំណាង ប្រាក់​បំណាច់​បដិសណ្ឋារ​កិច្ច ប្រាក់​បំណាច់​បេសកកម្ម និង​ប្រាក់​ឈ្នួល​ផ្ទះ ទឹក និង​ភ្លើង​ជាដើម។ ប្រាក់​នោះ ត្រូវ​ដាក់​បញ្ចូល​ជា​កញ្ចប់​តែ​មួយ ដូច​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ចុះ​ថ្ងៃ ទី១៣ តុលា កន្លង​ទៅ​នេះ​ស្តីពី​ការ​កែប្រែ​ប្រាក់​បំណាច់​របស់​សមាជិក​រាជ​រដ្ឋាភិបាល ទីប្រឹក្សា​ដែល​មាន​ថ្នាក់​ស្មើ ព្រម​ទាំង​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ពី​ថ្នាក់​អនុ​រដ្ឋលេខាធិការ​ឡើង​ទៅ ឲ្យ​ទៅ​ជា​ប្រាក់​បំណាច់​មុខ​ងារ ហើយ​ប្រាក់​បំណាច់​ទាំង​នេះ គឺ​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​គ្រាន់​តែ​ចុះ​ហត្ថលេខា​បាន​ហើយ មិន​ចាំបាច់​ធ្វើ​អ្វី​ទៀត​ទេ។

ខណៈ​ដែល​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ កំពុង​តែ​មាន​ការ​ត្អូញ​ត្អែរ​អំពី​ការ​លំបាក​ដក​ថវិកា​មក​ចាយ និង​ធ្វើ​សេចក្តី​រាយការណ៍​ថវិកា ដែល​បាន​ចំណាយ​ហើយ​នោះ​ត្រឡប់​ទៅ​វិញ ជា​ពិសេស​គឺ​ថ្នាក់​ក្រុង-ស្រុក​តែ​ម្តង ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ជាង​គេ។ ខ្ញុំ​បាន​ធ្វើ​ការ​សាក​សួរ​នាំ​ខ្លះៗ ពី​ថ្នាក់​ស្រុក​មួយ​ចំនួន​តូច​ដើម្បី​ប្រមើល​មើល​ពីការ​វិវត្ត​នៃ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ (D&D) តាម​រយៈ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។ ពួក​គាត់​បាន​ប្រាប់​ថា រឿង​សកម្មភាព​អភិវឌ្ឍន៍​ទៅ​តាម​ផែនការ​មិន​ជា​ការ​លំបាក​ណាស់​ណា​ទេ តែ​រឿង​ដែល​ស្មុគ​ស្មាញ​នោះ​គឺ​ការ​ដក​ថវិកា​នោះ យក​មក​ចាយ ហើយ​ចាយ​ធ្វើ​របាយ​ការណ៍​ត្រឡប់​ទៅ​តាម​នីតិវិធី​ថ្មី​នោះ ដែល​កាល​ពី​មុន​ពួក​គាត់​ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ គឺ​គ្រាន់​តែ​ឲ្យ​មន្ត្រី​ហិរញ្ញវត្ថុ​ទៅ​ចុះ​ហត្ថលេខា​នៅ​សាលា​ខេត្ត​ទៅ​អាច​ដក​ថវិកា​បាន​ហើយ។

តែ​ចាប់​តាំង​ពី​ការ​អនុវត្ត​អនុក្រឹត្យ​លេខ ៣៦ ឆ្នាំ​២០១៣ មក​ដែល​មាន​ថវិកា​ក្រុង-ស្រុក​ចំនួន ០,៨ ភាគរយ​នៃ​ចំណូល​ចរន្ត​ឆ្នាំ​មុន (នៅ ឆ្នាំ​២០១២) គឺ​ប្រហែល​ជា ១៧ លាន​ដុល្លារ តែ​ការ​បែង​ចែក​ច្រើន​តិច​ទៅ​តាម​ទំហំ​ស្រុក​ដែល​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ឬ​តិច ដោយ​ក្រុង-ស្រុក​ខ្លះ​បាន​ជាង ២ ម៉ឺន​ដុល្លារ ខ្លះ​ទៅ ៥ ម៉ឺន​ដុល្លារ។ ថវិកា​ទាំង​នោះ បែង​ចែក​ចេញ​ជា​ប្រាក់​ខែ​មន្ត្រី​ក្រុង-ស្រុក និង​ជា​ប្រាក់​ឧបត្ថម្ភ សម្រាប់​ក្រុម​ប្រឹក្សា​ក្រុង-ស្រុក ជា​ផែនការ​អភិវឌ្ឍន៍​ទៅ​តាម​ខ្ទង់​ចំណាយ ជា​ការ​ចំណាយ​ទិញ​សម្ភារ និង​ការ​ជួស​ជុល​ការិយាល័យ និង​ចំណាយ​លើ​ការ​អភិវឌ្ឍ​សង្គម ដែល​មាន​តិច​ជាង​គេ​ប្រមាណ​ជា ១ ភាគ​រយ​នៃ​ថវិកា​ក្រុង-ស្រុក។

បញ្ហា​មាន​ការ​លំបាក​ក្នុង​ពេល​ឡើង​ទៅ​រត់​ការ​ឯកសារ ដើម្បី​បើក​ថវិកា​នៅ​ខេត្ត បើ​រត់​ឯកសារ​សម្រាប់​បើក​ថវិកា​យក​មក​អភិវឌ្ឍ​គឺ​ឆ្លង​តែ ២ ស្ថាប័ន​ទេ តែ​បើ​សម្រាប់​ប្រាក់​ខែ​វិញ​រត់​ដល់​ទៅ​មាន ៣ ស្ថាប័ន​គឺ​មាន​មន្ទីរ​មុខងារ​ខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ទៅ​ដល់​ចុង​ក្រោយ គឺ​រតនាគារ​ខេត្ត​ដើម្បី​បើក និង​ទូទាត់​ថវិកា គឺ​មាន​ការ​លំបាក​ច្រើន​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ឃុំ-សង្កាត់​វិញ គឺ​គេ​ទៅ​រត់​ឯកសារ​បើក​ផ្ទាល់​ជាមួយ​នឹង​រតនាគារ​ខេត្ត។

ម្យ៉ាង​វិញ​ទៀត ការ​រត់​ឯកសារ​ថ្មី​នេះ សម្រាប់​ប្រាក់​ខែ​វិញ ស៊ី​ពេល យូរ​ណាស់ យ៉ាង​ហោច​ណាស់​ក៏ ២ សប្តាហ៍​ដែរ ទម្រាំ​តែ​បើក​ថវិកា​បាន​ចូល​ក្នុង​គណនី​របស់​មន្ត្រី​ក្រុង-ស្រុក​ម្នាក់ៗ​ពេល​ដែល​ឡើង​មក​រត់​ឯកសារ​ពី​ស្រុក​មក​ខេត្ត គឺ​មក​ឆ្លង​ស្ថាប័ន​ទាំង ៣ នេះ ហើយ​យ៉ាង​តិច​គឺ​ឆ្លង​ពី ៣ ទៅ ៤ ការិយាល័យ​ទម្រាំ​មក​ដល់​ប្រធាន​មន្ទីរ​ឬ​ក៏​ប្រធាន​រតនាគារ ហើយ​ការិយាល័យ​ខ្លះ មាន​អ្នក​ត្រួត​ពិនិត្យ និង «គ្រីស» លើ​ឯកសារ​បញ្ជាក់​ថា បាន​ពិនិត្យ​ត្រឹម​ត្រូវ ២ ទៅ ៣ នាក់​ទៀត។ សរុប​ទៅ​ឆ្លង​ប្រហែល​ពី ១៥ នាក់​ដើម្បី​បញ្ចប់​ហើយ​អស់​លុយ​ក្រោម​តុ​ទៀត​ផង​ដែល​ភាសា​សាមញ្ញ​គេ​ថា៖ «មនោសញ្ចេតនា» នោះ មួយ​កន្លែង​យ៉ាង​ហោច​ណាស់​ក៏ ៥ ដុល្លារ​ដែរ​បើ​ទៅ​ដល់​មេ​ធំៗ​វិញ គឺ​អាច​ឡើង​ដល់ ១០ ដុល្លារ​សរុប​ទៅ​គឺ​អស់​ប្រហែល​ពី ៩០ ទៅ ១០០ ដុល្លារ​គ្រាន់​តែ​រត់​ការ​ឡើង​មក​ខេត្ត​បើក​ប្រាក់​ខែ​ម្តងៗ។

កន្លែង​ដែល​ស្មុគ​ស្មាញ​ជាង​គេ គឺ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត គឺ​ខុស​រហូត ខុស​នោះ​ធ្វើ​កម្រ​ត្រូវ​ណាស់​កាល​ណា​ខុស​ខ្លាំង​ទៅ​គឺ​ត្រឡប់​ពី​ខេត្ត​មក​ស្រុក​រៀបចំ​ឯកសារ​ឡើង​វិញ ដាក់​ទៅ​ម្តង​ទៀត។ បើ​សួរ​ទៅ​មន្ត្រី​ទាំង​នោះ គាត់​នឹង​ប្រាប់ តែ​មន្ទីរ​ខេត្ត​ពាក់​ព័ន្ធ​ទាំង​នេះ​មិន​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ទៅ​មន្ត្រី​គណនេយ្យ​ស្រុក​ត្រឹម​ត្រូវ​លើ​បញ្ហា​របៀប​ធ្វើ​ទម្រង់​ថ្មី​នេះ​ទេ។ នេះ​ក៏​ជា​ល្បិច​រក​លុយ​របស់​មន្ទីរ​ខេត្ត​មួយ​ដែរ ប្រសិន​បើ​អត់​មាន​លុយ​ក្រោម​តុ «មនោសញ្ចេតនា» នោះ​ទេ គឺ​ផ្អឹប​ទុក​ឯកសារ​ចោល យក​លេស​ថា ចាំ​ថ្ងៃ​រសៀល​ចាំ​មក​ទៀត​ទៅ ហើយ​រាល់​ការ​រត់​ការ​ឡើង​ចុះ ពី​ស្រុក​មក​ខេត្ត គឺ​ថ្នាក់​ស្រុក ចេញ​លុយ​ហោប៉ៅ​ខ្លួន​ឯង ពេល​ខ្លះ ឯកសារ​ខុស​ទៅ​មក ៣ ទៅ ៤ ជើង​ទម្រាំ​តែ​ត្រូ​ ហើយ​មួយ​ជើងៗ​អស់​សោហ៊ុយ សាំង ហូប​ចុក ថត​ចម្លង​ឯកសារ​ផ្សេងៗ យ៉ាង​ហោច​ណាស់​ក៏​អស់​ពី ២៥ ដុល្លារ​ទៅ ៣០ ដុល្លារ​ដែរ ហើយ​នេះ​គិត​តែ​ស្រុក​ដែល​នៅ​មិន​សូវ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​ផង។ ចុះ​បើ​ដូច​នៅ ស្រុក​វាលវែង មាន​ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ​ពី​ទីរួម ខេត្ត​ពោធិ៍សាត់ ហើយ​ឡើង​ភ្នំ​ចុះ​ភ្នំ​ទៀត ឬ​ក៏ ស្រុក​សំពៅលូន ជាង ១០០ គីឡូម៉ែត្រ​ពីទី​រួម ខេត្ត​បាត់ដំបង គឺ​រឹត​តែ​យ៉ាប់។

ថ្នាក់​ស្រុក​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ចំណាយ​ពេល​ច្រើន​ពេក ១ ខែៗ​ឃើញ​តែ​ឡើង​ចុះៗ ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ច្រើន​ទៀត​ផង ធ្វើ​ឲ្យ​មាន​មន្ត្រី​គណនេយ្យ​ខ្លះ​ចង់​សុំ​ឈប់​ធ្វើ​ការ​តែ​ម្តង។ ហេតុ​អ្វី​បាន​ជា​ការ​កំណែ​ទម្រង់​ថ្មី​នេះ ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​យ៉ាប់​ជាង​មុន​អ៊ីចឹង? ហេតុ​អ្វី​បាន​ជា​ថ្នាក់​ខេត្ត​មិន​អនុវត្ត​គោល​នយោបាយ​ច្រក​ចេញ​ចូល​តែ​មួយ​ទៅ​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ​ផង​នោះ? ឬ​មួយ​ក៏​ដោយ​សារ​តែ​ការ​ដែល​ចេះ​តែ​តែង​តាំង​មន្ត្រី​គណនេយ្យ​បង​ប្អូន សែ​ស្រឡាយ​ចៅ​ហ្វាយ​ស្រុក​យក​មក​ធ្វើការ ដោយ​មិន​មាន​ជំនាញ​ខាង​គណនេយ្យ​ផង យក​ធ្វើ​កិច្ច​ការងារ​កំណែ​ទម្រង់​ថ្មី​នេះ ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ជា​ហេតុ​ធ្វើ​ឲ្យ​កាន់​តែ​លំបាក​បន្ថែម​ទៀត ព្រោះ​មាន​មន្ត្រី​គណនេយ្យ​ខ្លះ បាន​លើក​ឡើង​ថា មាន​ការ​លំបាក​ពី​ដំបូង តែ​ទាល់​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ក្រោយ​មក​មាន​ការ​ងាយ​ស្រួល​វិញ?

នៅ​ពេល​ដែល​បាន​ថវិកា​ក្រុង-ស្រុក​មក​អភិវឌ្ឍ​វិញ​ម្តង​នោះ គឺ​ប្រព័ន្ធ​ថ្មី​មាន​លក្ខណៈ​សាំញ៉ាំ​ទៅ​លើ​ការ​ចំណាយ​ដែល​មាន​កំណត់​តម្លៃ​ដេញ​ថ្លៃ និង​ការ​ចាយ​វាយ ត្រូវ​ធ្វើ​របាយ​ការណ៍​ត្រឡប់​ទៅ​មន្ទីរ​ពាក់ព័ន្ធ​នៅ​ថ្នាក់​ខេត្ត​វិញ ព្រោះ​ចៅ​ហ្វាយ​ស្រុក ជា​អាណា​ព្យាបាល​ត្រូវ​បាន​ប្រគល់​សិទ្ធិ និង​អំណាច​ក្នុង​ការ​សម្រេច​ចាយ​វាយ​ថវិកា​ក្រុង-ស្រុក​ទាំង​នេះ ហើយ​ថ្នាក់​ស្រុក​ស្វយ័ត​ទៀត​ផង។ កាល​ពី ឆ្នាំ​២០១៣ មាន​ស្រុក​ខ្លះ ចាយ​ថវិកា​ខ្លួន​ឯង​នៅ​សល់​តិច​តួច​ទៅ​តាម​ផែនការ​តែ​មាន​ស្រុក​មួយ​ចំនួន​ធំ ចាយ​មិន​អស់​សល់​ថវិកា​ជាង ១០ ភាគ​រយ​នៃ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក៏​មាន បើ​គិត​ជា​ទឹក​ប្រាក់​គឺ​សល់​ពី ២០ ទៅ ៣០ លាន​រៀល ហើយ​ថវិកា​ដែល​ចាយ​មិន​អស់​កាល​ពី​ឆ្នាំ​ទៅ ត្រូវ​បង្វិល​យក​ចូល​រដ្ឋ​វិញ តែ​ត្រូវ​លើក​យក​ថវិកា​ទាំង​នោះ​មក​ចាយ​នៅ​ឆ្នាំ​នេះ​ទៀត។ ការ​ដែល​ចាយ​សល់​គឺ​មាន​មូល​ហេតុ​របស់​ពួក​គាត់​ខុសៗ​គ្នា ខ្លះ​ថា មក​ពី​នីតិវិធី​ថ្មី​ហ្នឹង​វែង​អន្លាយ និង​មាន​ភាព​សាំញ៉ាំ​ហើយ​ឆ្លង​កាត់​ច្រើន​គន្លាក់​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លះ​ទៀត​ថា មក​ពី​មាន​ការ​យឺត​យ៉ាវ ចំពោះ​ការ​ដេញ​ថ្លៃ​ធ្វើ​សកម្មភាព​អភិវឌ្ឍ ខ្លះ​ថា បាន​យក​ថវិកា​មក​ចាយ​វាយ​អស់​ហើយ​តាម​ផែន​ការ​ចំណាយ តែ​សល់​ធ្វើ​របាយ​ការណ៍​ទៅ​តាម​ដំណាក់​នីមួយៗ​ទៅ (clear) បញ្ជាក់​នៅ​មន្ទីរ​ហិរញ្ញវត្ថុ និង​រតនាគារ​ខេត្ត ទៅ​មិន​អស់ អ៊ីចឹង​បាន​ជា​ចាត់​ថា ការ​ចំណាយ​នោះ​នៅ​សល់​គឺ​ចាត់​ទុក​ថា ជា​ថវិកា​ដែល​នៅ​សល់។

ជា​សរុប​មក​វិញ​ការ​ចាយ​ថវិកា​ក្រុង-ស្រុក​មិន​អស់​ទាំង​នេះ​ហើយ​គឺ​បង្ហាញ​ពីភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំពោះ​កំណែ​ទម្រង់​ថ្មី​នេះ ហើយ​ចំណុច​មួយ​ទៀត​ក្រសួង​ក៏​មិន​ទាន់​បាន​បង្ហាញ​នូវ​តម្លាភាព និង​គណនេយ្យភាព​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ក្រោម​ជាតិ​ចំពោះ​សាធារណ​ជន​នៅ​ឡើយ​ទេ សម្រាប់​ថវិកា​ក្រុង-ស្រុក​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១៧ លាន​ដុល្លារ​ប៉ុណ្ណោះ​ចាយ​មិន​អស់? ហើយ​ចាយ​សល់​ប៉ុន្មាន? ឯ​មូល​ហេតុ​អ្វី​ក៏​មិន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ថ្មី​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅ​មិន​ទាន់​មាន​ឆន្ទៈ​ពិត​ប្រាកដ ចំពោះ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ គឺ​មាន​តែ​នៅ​លើ​ក្រដាស ទ្រឹស្តី និង​ជា​ឈ្មោះ​ទុក​គ្រាន់​តែប​ន្លែ​បន្លំ​ភ្នែក​ម្ចាស់​ជំនួយ ដែល​ជា​ដៃគូ​អភវិឌ្ឍន៍​នៅ​ឡើយ​ទេ។ ធាតុ​ពិត​នោះ គឺ​ក្រសួង​នេះ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​នៅ​តែ​គិត​គូរ​អភិវឌ្ឍ​ថ្នាក់​ជាតិ​ជាង​ថ្នាក់​ក្រោម​ជាតិ​ដដែល ដូចជា ដាក់​បញ្ជូល​រួម​ប្រាក់​បំណាច់​របស់​មន្រ្តី​ជាន់​ខ្ពស់​កាល​ពី​សប្តាហ៍​មុន​នេះ​ជាដើម រីឯ​ថា្នក់​ក្រោម​ជាតិ​វិញ បង្ក​ការ​លំបាក​ឲ្យ​គ្នា មាន​ថវិកា​ហើយ​ចាយ​មិន​ចេញ​ទៀត។ ហេតុ​ដូច្នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ គួរ​ស្វែង​រក​យន្តការ​ណា​មួយ​ដើម្បី​រក​ដំណោះ​ស្រាយ​ដែល​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ថ្នាក់​ក្រុង-ស្រុក ធ្វើ​ការ​ចាយ​ថវិកា​ក្រុង-ស្រុក ឲ្យ​អស់​ទៅ​តាម​ផែនការ​ដើម្បី​ទាក់​ទាញ​មូលនិធិ​ក្រុង-ស្រុក​បន្ថែម​ទៅ​ក្នុ​​ការ​អភិវឌ្ឍ​ជា​ពិសេស​ការ​អភិវឌ្ឍ​សង្គម៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ