ភ្នំពេញ ប៉ុស្ដិ៍ | ​អត្រាបង្កើតកូនថយចុះខ្លាំងពេកអាចប៉ះ-ពាល់ការវិនិយោគ និងភាពជាម្ចាស់ប្រទេស

អត្រាបង្កើតកូនថយចុះខ្លាំងពេកអាចប៉ះ-ពាល់ការវិនិយោគ និងភាពជាម្ចាស់ប្រទេស

វិភាគសង្គម

កាលបរិច្ឆេទផ្សាយ:
១៦ ឧសភា ២០១១ | ២០:០៧

អ្នកយកព័ត៌មាន:
តុង សុប្រាជ្ញ

ប្រធានបទផ្សេងៗ


ភ្នំពេញ : តាម​រយៈ​ទិន្ន​ន័យ​ជំរឿន​ឆ្នាំ​​២០០៨​ បាន​បញ្ជាក់​ពី​និន្នា​ការ​ថយ​ចុះ​ជាង​ពាក់​កណ្តាល​នូវ​​អត្រា​លទ្ធ​ភាព​បង្កើត​កូន​​ចំពោះ​ស្រី្ត​ម្នាក់​​​ក្នុង​អំឡុង​ពេល​ជិត​​៣០​ឆ្នាំ​មកនេះ ​គឺ៦,៦ នៅ​ឆ្នាំ​១៩៨២​ មក​ ៤ នៅឆ្នាំ​ ២០០០​ និង​​​៣,១ ​នៅ​ឆ្នាំ​ ២០០៦​​ តាមលំដាប់​លំដោយ​។​ តែ​ការ​ថយ​ចុះ​នេះ​ មិន​បាន​បែង​ចែក​ច្បាស់​លាស់​ថា ​តើ​ប្រជា​ជន​ខ្មែរ​មាន​​​ប៉ុន្មាន​ និង​ជន​ជាតិ​​ភាគ​តិច​ (ដូច​ជា​ ខ្មែរមូស្លីម​ ចិន​​ វៀតណាម​ និង​ជន​ជាតិ​នានា​តាម​តំបន់​ខ្ពង់​រាប​)​មាន​ប៉ុន្មាន​ទេ​ ពោលគឺ​គ្រាន់​តែ​បញ្ជាក់​​ហេតុ​ផល​ចម្បង​មួយ​ចំនួន​ តាម​រយៈ​ឯក​សារ​​ផ្សេង​ៗ​ ដោយ​បញ្ហា​សេដ្ឋ​កិច្ច​គ្រួសារ​ ភាព​ក្រីក្រ​ សុខ​ភាព​ ផែន​ការ​គ្រួសារ​ និង​ការ​អប់រំ​កុមារ​​ ជា​ដើម​។ល។​​

វីគី​ផិ​ដ​ដៀ​​(Wikipedia, ​2011​​)​​ បាន​ប៉ាន់​ស្មាន​ថា​​ ជន​ជាតិ​​ភាគ​តិច​ច្រើន​​ដែល​​រស់​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​គឺ​​ ខ្មែរអ៊ិស្លាម​ចំនួន​ប្រហែល​ ៣១៧ ​០០០ ​នាក់​ ចិន​ចំនួន​ប្រហែល​១,២ ​លាន​នាក់​ និង​​វៀត​ណាម​ប្រហែល ​១,៩ ​លាន​នាក់​។​​ ការ​ដែល​មិន​បង្ហាញ​ពី​ការបែង​ចែក​អត្រា​បង្កើត​កូន​រវាង​ប្រជា​ជន​ខ្មែរ​ជា​ម្ចាស់​ស្រុក​ និង​ជន​ជាតិ​ភាគ​តិច​៣​នេះ​​ ដែលជា​​ចំណុច​គួរឲ្យ​ព្រួយ​បារម្ភ​ទាំង​បច្ចុប្បន្ន​ និង​ពេល​អនា​គត​។​ ​

យើង​ទទួល​ស្គាល់​ការ​លំបាក​ដោយ​សារ​កត្តា​សេដ្ឋ​កិច្ច​គ្រួសារ​​ និង​​សុខ​ភាព​ស្រ្តី​ បាន​​ជា​ខិត​ខំ​លើក​​ទឹក​ចិត្ត​​ពួក​គាត់​ឲ្យ​ធ្វើ​ផែន​ការ​គ្រួសារ​​​តាម​រយៈ​ការ​ពន្យារ​កំណើត​ជា​ដើម​​។​​ ហេតុ​ដូច​នេះ ​ហើយ​ធ្វើ​ឲ្យអត្រា​បង្កើត​​កូន​មាន​ការ​ថយ​ចុះ​ទ្វេ​ដង​។​​ ប៉ុន្តែ​សំណួរ​សួរ​ថា​ តើ​មាន​អ្វី​កើត​ឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ បើ​សិន​ជា​ខ្មែរ​យើង​ចេះ​​តែ​នាំ​គ្នា​​ពន្យា​រកំណើត​ និង​បញ្ឈប់​កំណើត​​ទាំង​អ្នក​មាន(​ចង់​បាន​កូន​តិច​)​​​ និង​អ្នក​ក្រ ​(​មិន​មាន​លទ្ធ​ភាព​ចិញ្ចឹម​កូន​)​? ​តើ​ជន​ជាតិ​ភាគ​តិច​ទាំង​៣​នេះ ​គេ​ធ្វើ​ដូច​យើង​ដែរ​ឬ​ទេ​?​

តាម​បទ​ពិសោ​ធ និង​ការ​សង្កេត​របស់​ខ្ញុំ​ បើ​និយាយ​ពី​ប្រពៃណី​​ជន​ជាតិ​អ៊ិស្លាម​វិញ​​គឺ​បុរស​អាច​​មាន​សិទ្ធិ​យក​​ប្រពន្ធ​​ស្របច្បាប់​ចំនួន​​៤ ​​ ឲ្យតែ​​មាន​លទ្ធ​ភាព​​ចិញ្ចឹម​និង​ផ្តល់​ការផ្គត់ផ្គង់គ្រប់គ្រាន់​ ហើយ​ចំពោះ​​ស្រី្ត​វិញ​ កម្រ​មក​ទទួល​សេវា​ពន្យា​រកំណើត​ និង​បញ្ឈប់​កំណើត​​ណាស់​​។ ចំណែក​ឯ​ស្រី្ត​​វៀត-​ណាម​​​វិញ ​ក៏​មិន​ខុស​ពី​ស្រី្ត​​​អ៊ិស្លាម​ប៉ុន្មាន​ដែរ​ តែ​ស្រី្ត​ចិន​វិញ​មាន​ទំនោរ​ទៅ​រក​សេវា​ពន្យារកំណើត​ដូចស្រ្តីខ្មែរដែរ ជា​ពិសេសរក​ការប្រឹក្សា​ផ្តល់​សេវា នៅគ្លីនិកចិន​ដូចគ្នា​។​​​​​​ បច្ចុប្បន្ន​នេះ​​បុរស​​ខ្មែរ​ដែល​ធូរ​ធា​រ និង​មាន​លទ្ធភាព​ចិញ្ចឹម​​កូន​បាន​ច្រើន​​វិញ​ខុស​ពី​បុរស​អ៊ិស្លាម​ពី​ព្រោះ​​​បើ​យក​ប្រពន្ធ​ទៅ​ខ្លាច​ផ្ទុយ​នឹង​​ច្បាប់​​ឯកពន្ធភាព។ តាម​ការពិត​បើ​ទោះ​បី​ជា​​មាន​ច្បាប់​​ឯក​ពន្ធ​ភាព​​ក៏​បុរស​ខ្មែរ​ធូរ​ធារ​មួយ​ចំនួន​ធំ​មិន​ដឹង​ ឬ​ធ្វើ​​មិន​​ដឹង​​មិន​​ឮ​​ចំពោះ​​ច្បាប់​​នេះ​​​ដែរ ដោយលួច​​ទៅចិញ្ចឹម​​ស្រី​​ និង​តារា​ក្មេង​ៗយ៉ាងព្រងើយ។ ​

បើ​យោង​តាម​សារ​ព័ត៌​មាន​ជាតិ​ និង​​អន្តរ-​ជាតិ តា​តា​​ខ្លះ​រហូត​ដល់​ទិញ​ឲ្យស្រី​ស្នេហ៍​ទាំង​នោះ​នូវ​ផ្ទះ​វីឡា​ ផ្ទះ​​មួយ​ជុង​ រថយន្ត​ទំនើប​ៗ​ ទូរ​ស័ព្ទ​ដៃ ​(iPhone 4G​)​ និង​ចេញ​លុយ​ឲ្យ​ដើរ​លេង​នៅ​បរ​ទេស​​ទៀត​ផង។​ ​ហេតុ​អ្វី​បាន​ជា​ ​បុរស​ ​ដែល​មាន​លុយ​ចាយ​មិន​អស់​ទាំង​នោះ​​​មិន​ធ្វើ​វិនិ​យោគ​និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជា​មួយ​នឹង​​ការ​បង្កើន​​​ចំនួន​កូន​របស់​ខ្លូន​ឯង​ ដើម្បី​​កសាង​ប្រទេស​ជាតិ​​នា​ពេល​អនា​គត​?​​ ជាទី​បញ្ចប់​​ តាំង​ចាប់​ផ្តើម​មាន​វិប្ប​ដិ​សារី​ចំពោះ​រឿង​​អាស្រូវ​នេះ​​​។​​​​

ដោយ​សារ​ឥរិយា​បថ​របស់​ជន​ជាតិ​ខ្មែរ​ ខុស​គ្នា​ជន​ជាតិ​ភាគ​តិច​ខ្មែរអ៊ិស្លាម ​ និង​វៀត​ណាម​​​នេះ​​ ខ្ញុំ​គិត​ថា​ ​ជន​ជាតិ​​ភាគ​តិច​ទាំងពីរ​​នេះ ​មាន​​ចេតនា​បង្កើត​ចំនួន​កូន​ឲ្យ​បាន​ច្រើន​ជាង​ជន​ជាតិ​ខ្មែរម្ចាស់ប្រទេស​។​ ចំណុច​
ដែល​គួរ​ពិចារ​ណា​នា​ ពេល​​អនា​គត​គឺ៖ទី​១-​ អាច​ប៉ះ​ពាល់ការ​បោះ​ឆ្នោត​ដើម្បី​​ដឹក​​នំា​ប្រទេស​។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន ធ្លាប់បាន​លើ​កឡើងថា ប្រធានា​ធិបតី​អាមេរិក​បច្ចុប្បន្ន​ លោក បារ៉ាក់ អូបាម៉ា ជា​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ ការ​ជាប់ឆ្នោត ​គឺ​ដោយសារ​ ​ជនជាតិអាមេរិកស្បែក​ខ្មៅ​​ ដែលមាន​ចំ​នួន​​ច្រើនឡើងៗ នៅ​​សហរដ្ឋ​អាមេរិកជា​អ្នក​បោះឆ្នោត​ជូន​លោក​ បារ៉ាក់ អូបាម៉ា​។

ទី​២-​ បើ​អត្រា​បង្កើត​កូន​ចេះ​តែ​ធ្លាក់​ទៅ​ៗ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វិនិ​យោគ​ទុន​ផង​ដែរ​​។​​ ឧទា​ហរណ៍​​ វិនិ​យោ​គិន​ឥឡូវ​បែរ​ទៅ​រកប្រទេស​​ណា ​ដែលមាន​ប្រជា​ជន​ច្រើន​ទៅ​​វិញ​ ដែល​ធ្វើ​ឲ្យប្រទេស​ទាំងនោះ ​មាន​​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ទៀត​ផង​ ដូច​ជា​ ប្រទេសចិន​​ និង​ឥណ្ឌា​ ជា​ដើម​ ហើយ​របស់​របរ​​ប្រើ​ប្រាស់​នៅ​លើ​ពិភព​លោក​ភាគ​ច្រើន​ផលិត​នៅ​​ប្រទេស​ចិន​ និងមាន​តម្លៃ​ថោក​ទៀត​។ ចំណែក​ឯ​ថ្នាំ​ពេទ្យ​របស់​ប្រទេស​ឥណ្ឌា​ក៏​វាយ​លុក​ទី​ផ្សារ​ធំ​ៗ​​ដែរ​។ ​​សម្រាប់​​ការ​វាយ​តម្លៃ​​សេដ្ឋ​កិច្ច​សកល​នៅ​ត្រីមាស​ដំបូងនៅ​ឆ្នាំ​​នេះ​​ កំណើន​វិស័យ​សេវា​កម្ម​បាន​ធ្លាក់​ចុះ​នៅ​អាមេ​រិក​ និង​តំបន់​អឺរ៉ុប​ ប៉ុន្តែ​បាន​កើន​ឡើង​លឿន​នៅ​ប្រទេស​ចិន​ និង​ឥណ្ឌា​ទៅ​វិញ​ នេះ​បើយោងតាមទីភ្នាក់ងារ​ព័ត៌មាន​ Reuters​។​

យ៉ាង​ណា​មិញ​ យើង​ក៏​មិន​ដឹង​​នូវ​អត្រា​បង្កើត​កូន​របស់​ជន​អន្តោ​ប្រវេសន៍​ ដូច​ដែល​សព្វ​ថ្ងៃ​នេះ ​នៅ​ប្រទេស​យើង​មាន​​ចម្រុះ​​ជាតិ​សាសន៍​ដូច​ក្លិប​បាល់​ទាត់​នៅ​ប្រឺ​ម៉ា​ញេ​លីក​​នៅ​អង់​គ្លេស​អ៊ីចឹង​ មិន​ដឹង​ថា​ រស់​នៅ​ស្រប-​ច្បាប់​ឬ​មិន​ស្រប​ច្បាប់​ទេ​។​ មាន​តាំងពី​​អ្នក​​ដើរ​លក់​មុង​ កីឡា​ករ​បាល់​ទាត់​​​ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ អ្នក​លក់​តុកក្តា​តាម​ថ្នល់​ អ្នក​​​ទិញ​អេត​​ចាយ​​ អ្នក​រក​ត្រី ជាង​សំណង់​​...​។​ល​។​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​​ពី​ការ​ចូល​​មក​ស្រុក​ខ្មែរ​ជា​របៀបមក​ធ្វើទេស​ចរណ៍​ មិន​ដឹង​ថា ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​ ​ឬ​អត់​ បើ​និយាយ​​​ពី​ប៉ាស្ព័រ​ នៅ​ផ្ទះ​ជួល​ ​សណ្ឋា​គារ​​​ ​ឬ​ផ្ទះ​​សំណាក់​​មួយ​ចំនួន​ធំ​មិន​បាន​ឆែក​ និង​ដក​​ប៉ាស្ព័រ​ទុក​សម្រាប់​អាជ្ញា​ធរ​សមត្ថ​កិច្ច​ទេ​ ដែល​ខុស​ពីប្រទេស​ជិត​ខាង​យើង​​គឺ​គេ​ដក​​ប៉ាស្ព័រ​ទាំង​អស់​។​

ចំ​ពោះ​ការ​អនុវត្ត​​ច្បាប់​អន្តោ​ប្រវេសន៍​ដែល​​បាន​អនុម័ត​​តាំង​ពី​​ឆ្នាំ​ ១៩៩៤​​ នូវមានការ​ធូរ​លុង​​នៅ​ឡើយ​ដូច​​សព្វ​ថ្ងៃ​​នេះ​។​​ ចំណែក​ឯ​​​នៅ​ប្រទេស​បារាំង​ជា​ប្រទេស​​ដែល​ធ្លាប់​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា ​​ជា​ប្រទេស​ទទួល​​ជន​អន្តោ​ប្រវេសន៍​​គ្រប់​ជាតិ​សាសន៍​ តែ​ដោយ​សារ​​វិបតិ្ត​សេដ្ឋ​កិច្ច​សកល​ និង​កំណើន​អត្រា​អត់​ការងារ​ធ្វើ ​ធ្វើឲ្យ​ប្រទេស​បារាំង​​កំពុង​បដិ​សេធ​​មិន​​ទទួល​ជន​អន្តោ-​ប្រវេសន៍​​ទុយ​នីស៊ី​ ២ ​ម៉ឺន​នាក់​ ពី​ប្រទេស​​អីុតាលី​ រហូត​ដល់​​មាន​ការ​ប្តឹង​ប្តល់​គ្នា​មើល​មុខ​គ្នា​មិន​ចំ​ រហូត​ដល់​​ប្រជុំ​​សហ​គមន៍​​​​​អឺរ៉ុប​ទៀត​។​​ នេះ​មក​ពី​បញ្ហា​មាន​ច្រើន​នៅ​ប្រទេស​​លោក​ខាង​​លិច​ រហូត​ដល់​មិន​អាច​​ទទួល​​សិទ្ធិ​ជ្រក​​កោន​បាន​ ចុះ​ពេល​ណា​ទើបប្រទេស​កម្ពុជា​ រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​ដូច​ប្រទេស​គេ​?​

ចំពោះ​ការ​​ព្រួយ​​បារម្ភ​​ទាំង​​នេះ​​ ខ្ញុំ​គិត​ថា​រាជ​រដ្ឋា​ភិបាល​ គឺ​ទី​១​ គួរ​តែ​បង្ហាញ​ទិន្ន័យ​ជំរឿន​លើក​ក្រោយ​​ពី​ការ​បែង​ចែក​​អត្រា​​បង្កើត​​កូន​ទាំង​ជន​ជាតិ​ខ្មែរ​ ទាំង​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​ និង​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់​។​ ទី​២​ លើក​ទឹក​ចិត្ត​គ្រួសារ​​ណា​​ដែល​​មាន​​​លទ្ធ​ភាព​ចិញ្ចឹម​កូន​​បាន​ច្រើន​ អោយ​បង្កើន​ចំនួន​កូន​របស់​ពួក​គាត់​​ និង​ផ្តល់​ការ​អប់​រំ​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ទាក់​ទាញ​វិនិ-​យោគ​ទុន​បរ​ទេស​ និង​ដើម្បី​ងាយ​ស្រួល​រៀប​ចំ​ផែន​យុទ្ធ​សាស្រ្ត​ការ​អភិ​វឌ្ឍធន​ធាន​មនុស្ស​ជំនាន់​ក្រោយ​ ដែល​ប្រទេស​យើង​មានផ្ទៃ​ដី​គ្រប់​គ្រាន់​ក្នុង​ការ​រស់​នៅ​ផង​ដែរ​ ​និង​​ការ​ដឹក​នាំ​​ប្រទេស​នា​ពេល​​អនា​គត​។ ​ទី​៣​ រាជ​រដ្ឋា​ភិបាល​​​គួរ​តែ​ពង្រឹង​ច្បាប់​អន្តោ​ប្រវេសន៍​ដែល​មាន​​ស្រាប់​ដើម្បី​បង្កើន​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​​ថែម​ទៀត​​ជា​ពិសេស​ភាព​គ្មាន​ការ​ងារ​ធ្វើ​របស់​យុវ​ជន​៕​​​ សូម​ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ soprach.tong@phnompenhpost.com

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com