ចាប់ពីល្ងាចនេះដល់យប់ថ្ងៃស្អែកយើងនឹងឃើញសកម្មភាពយុវវ័យលក់-ទិញផ្កាជាទង ជាបាច់ ចងក្រងជារូបបេះដូង តុក្កតា កាដូ និងប៉ោងៗរូបបេះដូង ដាក់លក់-ទិញប្រសេចប្រសាចពេញថ្នល់ស្ទះចរាចរណ៍ ចាប់ពីមុខវត្តលង្កា សួនច្បារមុខវត្តលង្កា សួនច្បារវិមានឯករាជ្យមុខគេហដ្ឋានលោកនាយរដ្ឋមន្ត្រី រហូតដល់កោះពេជ្រ ដើម្បីចូលរួមអបអរសាទរទិវានៃក្តីស្រឡាញ់ដែលជាប្រពៃណីរបស់បស្ចិមប្រទេស។
ក្រៅពីទីតាំងនេះក៏មានការលក់-ទិញដូចគ្នានេះដែរនៅជុំវិញសាលារៀនយ៉ាងឈូឆរមានយុវវ័យទាំងប្រុស ទាំងស្រី ដែលមានជីវភាពមធ្យមឡើង ហើយសកម្មភាពនេះមិនមែនយុវវ័យចូលរួមពិធីចូលឆ្នាំចិននោះទេ។
បើតាមការសង្កេតរបស់ខ្ញុំក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវផ្ទាល់លើបញ្ហា «ថ្ងៃទិវានៃក្តីស្រឡាញ់» ដែលពីមុនយុវវ័យហៅថា «ថ្ងៃបុណ្យសង្សារ» ដោយសិក្សាទាំងគុណភាព និងបរិមាណនៅក្នុងឆ្នាំ ២០០៨ ឆ្នាំ ២០០៩ និងឆ្នាំ ២០១៤ កន្លងមក ឃើញថា និន្ននាការផ្អើលជ្រួលជ្រើមតាមគ្នារបស់យុវវ័យមានការថយចុះសកម្មភាពគួរឲ្យកត់សម្គាល់ បន្ទាប់ពីមានការចូលរួមសហការគ្នាតាំងពីក្នុងសាលា កន្លែងសាធារណៈរហូតដល់អាជ្ញាធរបានចុះពិនិត្យមើល និងអប់រំម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ និងអំពីយុវវ័យអាយុក្រោម ១៨ ឆ្នាំ និងការបង្ខំរួមភេទជាដើមនៅទីកន្លែងទាំងនោះ។
ប៉ុន្តែនៅ ២ ឆ្នាំចុងក្រោយនេះសកម្មភាពរបស់យុវវ័យចំពោះថ្ងៃទី ១៤ ខែកុម្ភៈគឺហាក់បីដូចជា ពុះកញ្ជ្រោលឡើងវិញគួរឲ្យកត់សម្គាល់ធ្វើឲ្យមានការសម្រេចចិត្តចុះទៅសង្កេតផ្ទាល់លើការស្នាក់នៅផ្ទះសំណាក់ ១ នៅរាជធានីយប់ថ្ងៃទី ១៤ ខែកុម្ភៈហ្នឹងតែម្តងដោយផ្អែកទៅលើទីតាំងរបាយការណ៍ស្រាវជ្រាវរបស់ខ្ញុំ។
ខ្ញុំសង្កេតឃើញថា បន្ទប់នៅផ្ទះសំណាក់គឺជិតពេញអស់មែនគឺសល់តែ ៤ បន្ទប់ទេនៅទីតាំងដែលខ្ញុំបានជួបប្រទេះ ហើយដូចជាស៊ីគ្នាទៅនឹងរបាយការណ៍ដែលយុវវ័យបានប្រព្រឹត្តនៅរាត្រីថ្ងៃ ១៤ កុម្ភៈនោះមែន។ ដោយមានគូយុវវ័យខ្លះក៏ស្ងាត់ស្ងៀមនៅក្នុងបន្ទប់ទៅ តែក៏មានកើតឡើងនូវការបង្ខំរួមភេទពីភាគីខាងបុរសមកលើយុវតីដែលទើបតែញ៉ែបានធ្វើជាមិត្តស្រីនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះផងដែរ។
ដោយឮតែសំឡេងប្រកែកគ្នាមិនព្រមរវាងយុវវ័យទាំង ២ ខ្ញុំស្តាប់ឮយុវវ័យជានារីថ្លែងពីការចេញមកអង្គុយនៅលើកាំជណ្តើរ ហើយទន្ទឹមនឹងគ្នានោះខាងប្រុសបានអង្វរករមិត្តស្រីទើបញ៉ែបាននោះថា៖ «ម៉ោះចូលគេងវិញនៅអង្គុយនៅជណ្តើរធ្វើអី? យប់ជ្រៅហើយ»។
ខាងស្រីឆ្លើយវិញដោយគំរោះគំរើយថា៖ «ដេកៗដាស់គេៗ លូកលាន់គេ នរណាដេកលក់?»។
ខាងស្រីបន្តទៀតថា៖ «កាលពីជួបគ្នាពីថ្ងៃថាគ្រាន់តែឌុបលេងនៅតាមមាត់ទន្លេ កោះពេជ្រ និងញ៉ាំអីទេ រួចចុះម៉េចបានភរគេ ហើយយកមកដេកហ្នឹងវិញ?»។ ខាងប្រុសឆ្លើយវិញថា៖ «យប់ហើយទៅផ្ទះគ្មាននរណាគេបើកទ្វារឲ្យទេ អ៊ីចឹងមានតែដេកហ្នឹងហើយ»។ សកម្មភាពនេះឮតែសំឡេងចេញ-ចូលៗក្នុងបន្ទប់រវាងយុវវ័យ ១ គូហ្នឹង ប្រកែកគ្នាដដែលៗរហូតទល់ភ្លឺ។
របាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្ញុំចំពោះសកម្មភាពទំនាក់ទំនងផ្លូវភេទរបស់យុវវ័យនៅថ្ងៃនៃក្តីស្រឡាញ់ហ្នឹងត្រូវបានអ្នករិះគន់តបមកវិញថា ជាបញ្ហាសិទ្ធិមនុស្សដោយពួកគេមានសិទ្ធិរួមភេទ ហេតុអ្វីបានជាសកម្មភាពអប់រំអំពីសុខភាពផ្លូវភេទហ្នឹងសម្រាប់តែ ១ ថ្ងៃហ្នឹង? ចុះហេតុអ្វីបានជាមិនធ្វើរាល់ថ្ងៃដោយនៅ ៣៦៤ ថ្ងៃទៀតនោះ? ខ្ញុំឆ្លើយតបទៅវិញថា សកម្មភាពរបស់អង្គការដែលធ្វើការអំពីសុខភាពជាមួយយុវវ័យនៅតែបន្ត និងមេរៀនអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទត្រូវបានដាក់ឲ្យសិក្សាតាំងពីថ្នាក់ទី ៦ ដល់ថ្នាក់វិទ្យាល័យទៀត។
តែដោយសារថ្ងៃទិវានៃក្តីស្រឡាញ់មួយនេះគឺជាព្រឹត្តិការណ៍ដែលនារីអាចប្រឈមមុខនឹងការបណ្តែតបណ្តោយខ្លួនទៅនឹងការរួមភេទដោយមិនមានការយល់ព្រមដែលប្រឈមមុខនឹងការមានផ្ទៃពោះ និងងាយឆ្លងជំងឺឆ្លងដូចជាមេរោគអេដស៍ កាមរោគ មេរោគថ្លើមប្រភេទ «B» និង «C» ជាដើម ហើយនិន្នាការបច្ចុប្បន្ននេះ យុវវ័យដែលតាំងខ្លួនជាអ្នកសម័យទំនើបគឺអាចឈានដល់ការរស់នៅជាមួយគ្នាមុនពេលរៀបការតាមរបៀបលោកខាងលិចដែលនេះគឺជារបត់ថ្មីមួយក្នុងអន្តរកាលផ្លាស់ប្តូរឥរិយាបថ និងការប្រព្រឹត្តរបស់យុវវ័យកម្ពុជាដែលត្រូវឲ្យមានការយល់ដឹងអំពីសុខភាពផ្លូវភេទ និងវប្បធម៌របស់ខ្លួន។
ហេតុដូច្នេះហើយបានជាយើងខិតខំផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជទៅក្រុមយុវវ័យទាំង ២ ភេទដើម្បីឲ្យពួកគេមានជម្រើសក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវមុនពេលរួមភេទ និងមានការទទួលខុសត្រូវ មិនមែនមានន័យហាមមិនឲ្យពួកគេរួមភេទនោះទេ។
ម្យ៉ាងវិញទៀតវាបានផ្តល់នូវផលលំបាក និងផលប៉ះពាល់ចំពោះខ្លួនពួកគេផ្ទាល់ និងសេចក្តីថ្លៃថ្នូរសង្គមផងដែរដែលទិវានៃក្តីស្រឡាញ់នេះមិនមែនជាទិវា ឬក៏ពិធីបុណ្យសាសនារបស់ខ្មែរដែលមានអរិយធម៌ខ្ពង់ខ្ពស់នោះទេ។
ផលប៉ះពាល់ភ្លាមនោះ គឺការចេញមកលក់ផ្កា លក់កាដូ របស់យុវវ័យនៅតាមទីសាធារណៈឆ្វាត់ឆ្វែង និងផ្អើលនាំគ្នាឡើងសណ្ឋាគារ និងផ្ទះសំណាក់ ធ្វើឲ្យបរទេសមើលមកគេសើចចំអកមកលើការប្រព្រឹត្តរបស់យុវវ័យខ្មែរ។
ហេតុអ្វីបានជានាំគ្នាយកថ្ងៃដែលគេប្រារព្ធពិធីបង្ហាញសេចក្តីស្រឡាញ់បែបរ៉ូមេនទិក និងសេចក្តីស្រឡាញ់កុមារដែលមានការផ្លាស់ប្តូរស្ករគ្រាប់សូកូឡាគ្នាទៅវិញទៅមកនៅសាលារៀនសោះបែរមកនាំគ្នាឈូរឆរ និងឡើងផ្ទះសំណាក់ទៅវិញ? នេះគឺមកពីយុវជនខ្មែរទទួលយកវប្បធម៌របស់បស្ចិមប្រទេស តែការបកស្រាយ និងយកមកអនុវត្តគឺផ្ទុយនឹងប្រវត្តិរឿងរ៉ាវនៃថ្ងៃនៃក្តីស្រឡាញ់នៅស្រុកគេដែលលោកសាងវ៉ាឡិនថាញ St. Valentine ជាប់គុកហើយគាត់បានលួចស្រឡាញ់កូនស្រីរបស់ឆ្មាំគុកមុនពេលគាត់ស្លាប់ទៅគាត់បានផ្ញើសំបុត្រទុកពីសេចក្តីស្រឡាញ់ St.-Valentine។
ក្រោយមកវប្បធម៌នេះក៏ត្រូវបានអ្នកមានគូស្នេហ៍នៅអឺរ៉ុប និងនៅទ្វីបអាមេរិកបាននាំគ្នាបង្ហាញនូវក្តីស្រឡាញ់ក៏ប្រារព្ធរំឭកគុណលោក វ៉ាឡិនថាញ ហ្នឹងឡើងចំថ្ងៃដែលគាត់ស្លាប់នាថ្ងៃទី ១៤ ខែកុម្ភៈហ្នឹងតាំងពីសតវត្សរ៍ទី ៣ មក។
ក្រៅពីផលប៉ះពាល់វប្បធម៌ និងសង្គមក៏មានផលប៉ះពាល់នូវការប្រព្រឹត្តផ្លូវភេទរបស់យុវវ័យនៅថ្ងៃទី ១៤ ខែកុម្ភៈនេះផងដែរទៅលើសុខភាពផ្លូវភេទរបស់ពួកគេនៅពេលរួមភេទមុនពេលរៀបការដូចជាការបំពានលើរូបរាងកាយ ឬក៏បង្ខំបែបសេដ្ឋកិច្ចតាមរយៈការឲ្យបាច់ផ្កា ឬក៏កាដូថ្លៃៗជាថ្នូរដើម្បីរួមភេទនៅថ្ងៃនោះ។
រីឯផលប៉ះពាល់រយៈពេលវែងគឺយុវតីអាចពពោះដោយចៃដន្យ ប្រឈមនឹងការរម្លូតកូនចេញនៅកន្លែងមិនមានសុវត្ថិភាព ដោយសារតែខ្មាសគេ ហើយក៏អាចប្រឈមមុខនឹងការធ្វើអត្តឃាតដោយសារការសម្រេចចិត្តខុសតែមួយប៉ប្រិចភ្នែកធ្វើឲ្យខូចអនាគតទៀតផង។
ដូចករណីជាក់ស្តែងកាលពីឆ្នាំ ២០១១ យុវតីមានផ្ទៃពោះទៅរម្លូតកូននៅសេវាដែលគ្មានសុវត្ថិភាពបានធ្លាក់ខ្លួនឈឺរហូតអស់លុយពីខ្លួន និងសម្រេចចិត្តបោះបង់ការសិក្សា ចុងក្រោយនាងបានទៅសេវាពិគ្រោះយោបល់នៅអង្គការម៉ារីស្តូបជាទីកន្លែងដែលបានជួយសង្គ្រោះនាង។ នេះគឺជាវិប្បដិសារីរបស់យុវតីម្នាក់ដែលបាត់បង់អនាគតដោយសារមិត្តប្រុសបង្ខំរួមភេទនៅថ្ងៃ ១៤ កុម្ភៈ (Cock-roft& Svaypich, 2012)។
បើប្រៀបធៀបនៅប្រទេសជិតខាងយើងវិញចំពោះប្រទេសវៀតណាម និងប្រទេសឡាវគឺមិនមានរបាយការណ៍ស្រាវជ្រាវ និងការរាយការណ៍ណាមួយពីទំនាក់ទំនងផ្លូវភេទយុវវ័យនៅថ្ងៃនៃក្តីស្រឡាញ់នេះទេ។ តែនៅប្រទេសថៃវិញគឺមានសម្ទុះខ្លាំងជាងនៅស្រុកខ្មែរទៅទៀត។
តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Assumption នៅឆ្នាំ ២០០៨ បានរកឃើញ ១ ក្នុងចំណោម ៥ នាក់នៃយុវវ័យ អាយុពី ១៣ ដល់ ១៩ ឆ្នាំនៅទីក្រុងបាងកកអាចរួមភេទនៅថ្ងៃ ១៤ កុម្ភៈ។ អ៊ីចឹងហើយបានជាអាជ្ញាធរថៃចេញយុទ្ធនាការចែកស្រោមអនាម័យនៅថ្ងៃទី ១៤ កុម្ភៈ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមផ្សព្វផ្សាយអំពីសុខភាពបន្តពូជ ជាពិសេសការធ្វើកាយវិការរបស់យុវតីមានផ្ទៃពោះជាដើម។
ឆ្នាំនេះខ្ញុំនឹងទៅធ្វើការសង្កេតមើលសកម្មភាពនៅថ្ងៃទិវានៃក្តីស្រឡាញ់នេះនៅទីក្រុងបាងកក ហើយខ្ញុំនឹងបន្តការសិក្សាស្រាវជ្រាវពីបញ្ហានេះបន្តទៀតនៅឆ្នាំក្រោយដើម្បីវាស់វែងពីឥរិយាបថ និងការប្រព្រឹត្តរបស់យុវវ័យនៅរាជធានីភ្នំពេញរៀងរាល់ ៥ ឆ្នាំម្តង ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com