៣ ​សប្តាហ៍​កន្លង​ទៅ​នេះ​អ្នក​នយោបាយ​ពី​អតីត​គណបក្ស​ប្រឆាំង និង​ពី​ខាង​រដ្ឋាភិបាល​បាន​ប្រើ​វោហារស័ព្ទ​តាម​ប្រព័ន្ធ​ឃោសនា​តបត​គ្នា​ទៅវិញ​ទៅមក លើ​ប្រធានបទ​សមាជិកភាព​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​​ (​អ.ស.ប​)​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​ ២១ ខែ​ធ្នូ​ក្រោម​ចំណង​ជើង "​មាន​ការ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​" បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​អំពី​ករណី​នេះ​។

ក្នុង​ន័យ​នេះ​ខ្ញុំ​សូម​នាំ​មិត្ត​អ្នកអាន​មក​ឈ្វេង​យល់​ពី​ប្រវត្តិ​ដើម​នៅ​ពេល​ដែល​កម្ពុជា​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ និង​តើ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ធ្លាប់​ត្រូវ​បាន​ព្យួរ​ឬ​ទេ ?

កម្ពុជា​ដែល​កាល​នោះ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​តាំងពី​ ១ ​ឆ្នាំ​មុន​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង​។

ការណ៍​នេះ​មាន​ន័យ​ថា​អ្នក​ដឹកនាំ​សម័យ​នោះ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​សម្រាប់​អាយុ​ជីវិត​នៃ​ប្រទេស​ដ៏តូច​មួយ​នេះ និង​យល់​ពី​សារៈសំខាន់​នៃ​ការ​ភ្ជាប់​ខ្លួន​ជាមួយ​ក្លិប​ពហុភាគី​ដ៏ធំ​នេះ​ព្រោះ​យើង​ដឹង​ច្បាស់​ថា​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ក្រៅ​ពី​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ក៏​បាន​ឲ្យ​សារៈសំខាន់​លើ​គោលការណ៍​របស់​សហប្រជាជាតិ​ជាពិសេស​ប្រទេស​មិន​ថា​ធំ​ ឬ​តូច​មាន​ចំនួន​ប្រជាជន​រាប់​កោដិ ឬ​តិច​ជាង​កន្លះ​លាន​នាក់​គឺ​មាន​សំឡេង ១ ស ដូច​គ្នា​នៅ​មហាសន្និបាត​។ ជាង​នេះ​ទៀត​ធម្មនុញ្ញ​សហប្រជាជាតិ​បាន​ចែង​អំពី​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​មួយ​។

ដោយ​យល់​ពី​គោលការណ៍​សំខាន់​ទាំង​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​ឆ្នាំ​ ១៩៥២ រដ្ឋមន្ត្រី​ការបរទេស ហ៊ុយ កន្ធុល​ (Huy Kanthoul) ​របស់​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ឌេក ហាម៉ាហ្សូល ដែល​តាមរយៈ​លិខិត​នោះ​កម្ពុជា​បាន​ខិតខំ​បញ្ចុះ​បញ្ចូល​នូវ​ចំណុច​សំខាន់ៗ​ដូចជា ៖

-កម្ពុជា ជា​ប្រទេស​ស្រឡាញ់​សន្តិភាព និង​មាន​ការ​ទទួល​ស្គាល់​ដោយ​ ៣២ ប្រទេស​។

-កម្ពុជា មាន​អ្នក​តំណាង​នៅ​បណ្តា​រដ្ឋធានី​ឯទៀត​។ រហូត​ដល់​ពេល​នេះ​អាមេរិក ចក្រភព​អង់គ្លេស ថៃ អ៊ីតាលី និង​អូស្ត្រាលី​បាន​ប្រគល់​សារ​តាំង​ថ្វាយ ព្រះមហាក្សត្រ​កម្ពុជា​រួច​ហើយ​។ ទោះ​មិន​ទាន់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​កម្ពុជា​ជា​សមាជិក​របស់​អង្គការ​ភ្នាក់ងារ​ជំនាញ​របស់​ អ.ស.ប ​ដូចជា​អង្គការ WHO (​ឆ្នាំ​ ១៩៥០) FAO (​ឆ្នាំ​ ១៩៥០) UNESCO (​ខែ​ធ្នូ ឆ្នាំ​ ១៩៥០) UPU (​ឆ្នាំ​ ១៩៥១) ITU (​ឆ្នាំ​ ១៩៥១) ​និង​អង្គការ​អន្តរជាតិ​ឯ​ទៀត​។

ក្រោយពី​លិខិត​នេះ​បាន​ទៅ​ដល់​ដៃ​លោក​អគ្គលេខាធិការ​ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ ៣ ​ឆ្នាំ​ទើប​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​។ នោះ​គឺ​ដោយសារ​ដំណើរការ​បញ្ចូល​ប្រទេស​ ១​ ជា​សមាជិក​អង្គការ​សហប្រជាជាតិ​មួយ​ជា​ដំបូង​ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​បន្ទាប់​មក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ផ្តល់​អនុសាសន៍​ទៅ​កាន់​មហាសន្និបាត​ អ.ស.ប ​ដោយ​សំឡេង​ ២/៣ ​នៃ​សមាជិក​ទាំងអស់​ ៥១ ប្រទេស​នា​សម័យ​នោះ​។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​កម្ពុជា​មាន​ប្រទេស​ជាង​ ១០ ​ទៀត​រួម​ទាំង​ប្រទេស​ជប៉ុន​ផង​ដែរ​ត្រូវ​បាន​យក​មក​ពិចារណា​ក្នុង​ពេល​តែ​មួយ​។

ប៉ុន្តែ​នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រទេស​ជប៉ុន​ត្រូវ​បាន​បោះឆ្នោត​វេតូ​ដោយ​សហភាព​សូវៀត​។ ការណ៍​នេះ​ធ្វើឲ្យ​ប្រទេស​អាមេរិក​ដែល​គាំទ្រ​ជប៉ុន​បាន​តវ៉ា​ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​ជាមួយ​សហភាព​សូវៀត​។ រហូត​ដល់​អាមេរិក​និយាយ​ថា​ពាក្យ​សម្តី​របស់​សហភាព​សូវៀត​ទាំង​ប៉ុន្មាន​ និង​ការ​ជំទាស់​នឹង​ក្លាយ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​។

ក្រោយមក​ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ប្រទេស​ជប៉ុន​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​បេក្ខភាព និង​ត្រូវ​យក​ទៅ​ពិភាក្សា​ពេល​ក្រោយ​។ ១ ​ឆ្នាំ​ក្រោយ​មក​ទើប​ជប៉ុន​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​។

កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ព្រម​គ្នា​ជាមួយ​ប្រទេស​ឯទៀត​នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ​ ១៩៥៥ ដូច​មាន​ឯកសារ​សម្គាល់ S/RES/109(1955 របស់​ក្រុមប្រឹក្សា​សន្តិសុខ និង A/RES/995(X) របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត​នៅ​ថ្ងៃ​ដដែល​។

ក្រោយ​បាន​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​រួចរាល់ លោក នង គឹមនី ដែល​ជា​តំណាង​ឲ្យ​កម្ពុជា​ក្រៅ​ពី​ថ្លែង​អំណរគុណ​ដល់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បញ្ចូល​កម្ពុជា​ជា​សមាជិក​ក៏​បាន​សម្តែង ការ​ខក​ចិត្ត ចំពោះ​ការ​ខ្ទាស់​បេក្ខភាព​ក្នុង​បញ្ជី​តែ​មួយ​ដែល​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ​។

លោក នង គីមនី បាន​ប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា ការ​ជំទាស់​នេះ​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​ការ​សោកស្តាយ​ទូទាំង​ប្រទេស ព្រោះ​យើង​ដឹង​ច្បាស់​ថា​កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។

សូម​បញ្ជាក់​ថា​នាពេល​បច្ចុប្បន្ន​នេះ​វិញ​ការ​បញ្ចូល​ប្រទេស​មួយ​ជា​សមាជិក ត្រូវការ​យ៉ាង​ហោច​ណាស់​ ៩ ​សំឡេង (​លើ​ ១៥ ​សំឡេង​) នៅឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ តាម​នីតិវិធី​ប្រសិន​បើ​មាន​ការ​ជំទាស់ ឬ​ហៅ​ថា វេតូ ពី​ប្រទេស​មហា​អំណាច​ណា​មួយ​ដូចជា​៖ អាមេរិក ចិន បារាំង ចក្រភព​អង់គ្លេស ឬ​សហភាព​សូវៀត​នោះ​ការ​សើ្ន​សុំ​ចូល​ជា​សមាជិក​ត្រូវ​បរាជ័យ​។ ​រីឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ត្រូវការ​សំឡេង ២/៣​។

ចុះ​ចំណែក​ការ​ព្យួរ​ ឬ​បណ្តេញ​ចេញ​ពី​អង្គការ​សហប្រជាជាតិ តើ​មាន​ប្រទេស​ណា​មួយ​ត្រូវ​ជួប​នឹង​បទពិសោធ​នេះ​ឬ​ទេ​?

ជា​ចម្លើយ​ខ្លី​រហូត​ដល់​ពេល​នេះ​មិន​មាន​ប្រទេស​ណា​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ទេ​។

ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​អនុញ្ញាត​ឲ្យ​មាន​លទ្ធភាព​ព្យួរ​ប្រទេស​មួយ​ពី​សមាជិកភាព​។ តាម​នីតិវិធី​គឺ​ត្រូវ​ផ្តើម​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប និង​បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​មហាសន្និបាត​អនុម័ត​ដោយ​យក​សំឡេង​២/៣​។ ក្នុង​ប្រវត្តិ​អង្គការ​សហប្រជាជាតិ​មាន​តែ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​គត់​ដែល​ត្រូវ​បាន​ព្យួរ​សមាជិកភាព​។

យោង​វេបសាយ​ផ្លូវការ​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​អាហ្វ្រិក​ខាង​ត្បូង​នៅ​ញូវយ៉ក​ឲ្យ​ដឹង​ថា អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​ព្យួរ​នៅ​ឆ្នាំ​ ១៩៧៤ មិន​ឲ្យ​ចូលរួម​ការងារ​អង្គការ​សហប្រជាជាតិ​ដោយសារ​កាល​នោះ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ពូជសាសន៍​ (Apartheid)​។ ១២ ​ឆ្នាំ​ក្រោយ​មក​ទើប​ប្រទេស​នេះ​ត្រូវ​បាន​ឲ្យ​ចូល​ក្នុង​អង្គការ​សហប្រជាជាតិ​ឡើង​វិញ​។

ចំពោះ​បញ្ហា​ស្តីពី​ការ​ដក​ខ្លួន​វិញ​នៅ​ឆ្នាំ​ ១៩៦៥ ឥណ្ឌូនេស៊ី​បាន​ជ្រើសរើស​យក​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​ខ្លួន​មិន​សប្បាយ​ចិត្ត​នឹង​ការណ៍​ដែល​ម៉ាឡេស៊ី​ក្លាយ​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ​ ១៨ ​ខែ​ក្រោយ​មក​ទើប​ឥណ្ឌូណេស៊ី​បាន​ចូល​អង្គការ​សហប្រជាជាតិ​វិញ​ដោយ​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិកភាព​ជាថ្មី​នោះ​ទេ​។

ចំណែកឯ​កម្ពុជា​វិញ​ពេញ​មួយ​ប្រវត្តិ​ ៦២ ​ឆ្នាំ​រហូត​ដល់​ថ្ងៃ​នេះ​អង្គការ​សហប្រជាជាតិ​មិន​ដែល​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ណា​ព្យួរ​ ឬ​ដក​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ទេ​។ ការ​ប្តូរ​ពី​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ​មិន​បាន​ធ្វើឲ្យ​អាសនៈ​របស់​រដ្ឋ​មួយ​នៅ​អង្គការ​សហប្រជាជាតិ​បាត់បង់​ទេ​។

ប៉ុន្តែ​បើ​យោង​តាម​លោក បេន្នី វីដ្យូណូ អ្នក​ការទូត​អាជីព​បម្រើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​នា​សម័យ​អ៊ុនតាក់​ដែល​បាន​សរសេរ​សៀវភៅ​ក្រោម​ចំណង​ជើង​ថា "​រេរាំ​ក្នុង​ស្រមោលៈ សីហនុ ខ្មែរក្រហម និង​អង្គការ​សហប្រជាជាតិ​ក្រោយ​សម័យ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​" បាន​រៀបរាប់​ពី​ការ​ប្រទាញ​ប្រទង់​អាសនៈ​កម្ពុជា​រវាង​រដ្ឋាភិបាល​មួយ​ទៅ​រដ្ឋាភិបាល​មួយ ហើយ​បាន​បណ្តាល​ឲ្យ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ទុក​នៅ​ទំនេរ​ ២ ​លើក​។

លើក​ទី​ ១ ​គឺ​ក្រោយ​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​បាន​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​នា​ឆ្នាំ​ ១៩៧៩ រដ្ឋាភិបាល​ខ្មែរក្រហម​នៅ​តែ​បន្ត​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​។ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អាសនៈ​កម្ពុជា​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ​នា​ឆ្នាំ​ ១៩៩០ ដែល​កាល​នោះ​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩០ ​ដែល​តំណាង​ឲ្យ​បណ្តា​ភាគី​ជម្លោះ​។ នៅ​ខែ​កញ្ញា​ឆ្នាំ​ ១៩៩១ ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវ​បាន​ផ្តល់​អាសនៈ​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។

សូម​កត់សម្គាល់​ថា​ចាប់​ពី​ឆ្នាំ ១៩៧៩ រដ្ឋាភិបាល​ខ្មែរក្រហម​ជា​តំណាង​ស្រប​ច្បាប់​នៅ​អង្គការ​សហប្រជាជាតិ​។ តំណាង​ខ្មែរ​ក្រហម​តែង​ឡើង​ថ្លែង​នៅ​មហាសន្និបាត​ អ.ស.ប ​រាល់​ខែ​កញ្ញា​រហូត​ដល់​ឆ្នាំ​ ១៩៨៩ គឺ​លោក សឺន សាន ជា​តំណាង​ឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​មក​ថ្លែង​នៅ​មហាសន្និបាត អ.ស.ប។ ប៉ុន្តែ​នៅ​ឆ្នាំ​ ១៩៩០ ជា​ពេល​ដែល​អាសនៈ​កម្ពុជា​ត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​អន្តរកាល​។

រហូត​ដល់​ឆ្នាំ​ ១៩៩១ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ឯកភាព​លើ​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សាជាតិ​ដែល​មាន​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ជា​ប្រមុខ​ទើប​អាសនៈ​កម្ពុជា​នៅ​មហាសន្និបាត​ត្រូវ​ប្រគល់​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​នេះ​ឯង​។ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ ​បាន​ឡើង​ថ្លែង​នៅ​មហាសន្និបាត​ក្នុង​ឋានៈ​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​នៅ​ខែ​កញ្ញា ឆ្នាំ ១៩៩១​។

លើក​ទី​ ២ ​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​រវាង​គណបក្ស​ធំ​ ២ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នា​ថ្ងៃ​ទី​ ៥-៦ ខែ​កក្កដា​ឆ្នាំ ១៩៩៧ អាសនៈ​កម្ពុជា​ត្រូវ​បាន​ប្រទាញ​ប្រទង់​ម្តង​ទៀត​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ព្រោះ​នាយក​រដ្ឋមន្ត្រី​ទី​ ១ និង​នាយក​រដ្ឋមន្ត្រី​ទី​ ២ បាន​បញ្ជូន​គណៈប្រតិភូ​ផ្លូវការ​ដោយ​ឡែក​ពី​គ្នា​ចូលរួម​កិច្ចប្រជុំ​នា​ខែ​កញ្ញា​។

ដើម្បី​រក​ច្រកចេញ​អាសនៈ​កម្ពុជា​ត្រូវ​បាន​ទុក​នៅ​ទំនេរ​ជាថ្មី​នៅ​ឆ្នាំ​នោះ​តាម​សេចក្តី​សម្រេច​លេខ A/52/719 របស់​គណៈកម្មាធិការ​សារតាំង​របស់​អង្គការ​សហប្រជាជាតិ​។

សូម​បញ្ជាក់​ថា​សម្រាប់​ខែ​កញ្ញា​ឆ្នាំ​ ១៩៩៧ និង​ខែ​កញ្ញា​ឆ្នាំ​​ ១៩៩៨ មិនមាន​តំណាង​កម្ពុជា​ណា​ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទេ​។ ក្រោយ​មាន​រដ្ឋាភិបាល​ចម្រុះ​មួយ​ថ្មី​ទើប​គេ​ឃើញ​សម្តេច ហ៊ុន សែន បាន​អញ្ជើញ​មក​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ខែ​កញ្ញា​ឆ្នាំ​ ១៩៩៩​។

ជា​ការ​វាយតម្លៃ​កម្ពុជា​ជា​ប្រទេស​តូច និង​ក្រ​ដែល​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ស្ថិត​ក្នុង​ក្លិប ឬ​ស្ថិត​ក្នុង​ក្រុម​ជាមួយ​គេឯង ជាពិសេស​ដូចជា​អង្គការ​តំបន់ អាស៊ាន និង​អង្គការ​សហប្រជាជាតិ ឬ​អង្គការ​ធំៗ​ឯ​ទៀត​ទោះ​ជា​ត្រូវ​រង​ការ​លំបាក​ក្នុង​ការ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​ក៏ដោយ​នេះ​គឺ​ដើម្បី​ថែរក្សា​អធិបតេយ្យ និង​មាន​សំឡេង​ដូច​គេ​នៅ​លើ​ឆាក​អន្តរជាតិ​។ ការ​រស់នៅ​ដាច់​ពី​គេ​នឹង​ធ្វើឲ្យ​កម្ពុជា​ចុះ​ខ្សោយ​ និង​អាច​រង​ការ​ទន្ទ្រាន​ពី​ប្រទេស​ជិត​ខាង និង​អាណានិគម​។ សូម​អាន​សៀវភៅ​ក្រោម​ចំណង​ជើង​ថា ​"​តើ​គេ​ធ្វើអ្វី​ខ្លះ​នៅ​អង្គការ​សហប្រជាជាតិ​?"៕

លោក យោង ចាន់សុភារ អតីតអ្នកការទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ