ពីមួយឆ្នាំទៅមួយឆ្នាំអ្នកដែលបានទទួលសញ្ញាបត្របណ្ឌិត (PhD) ទាំងក្នុងស្រុក និងក្រៅស្រុកមានចំនួនកើនឡើងជារៀងរាល់ឆ្នាំតែមិនមានទិន្នន័យពិតប្រាកដនោះទេ ដោយសារអ្នកទទួលបានសញ្ញាបត្រពីបរទេសដែលមិនមែនរដ្ឋាភិបាលបញ្ចូនទៅរៀន ពួកគាត់មិនបានមកបញ្ជាក់នៅក្រសួងអប់រំថាបានសញ្ញាបត្របណ្ឌិតត្រឡប់មកស្រុកវិញ ឬក៏បានបណ្ឌិតហើយលែងត្រឡប់មកស្រុកវិញក៏មាន។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំឆ្នាំ ២០១៥-២០១៦ មានតែទិន្នន័យបេក្ខជនថ្នាក់បណ្ឌិតចំនួន ១២២៩ នាក់ដែលកំពុងសិក្សាក្នុងស្រុកទេ មិនមានទិន្នន័យសរុបអ្នកទទួលបានសញ្ញាបត្របណ្ឌិតនោះទេ។
ជាទូទៅអ្នកដែលកំពុងរៀនថ្នាក់បណ្ឌិត ឬក៏អ្នកដែលបានសញ្ញាបត្រហើយតែងតែត្អូញត្អែរអំពីការលំបាកកាលពួកគេកំពុងរៀនសឹងតែគ្មានបានដេកបានពួននោះទេ។
បើតាមរយៈសារព័ត៌មានប្រចាំសប្តាហ៍ The Economist ដែលបានចេញផ្សាយកាលពីខែធ្នូឆ្នាំ ២០១០ ស្តីពីបណ្ឌិត្យសភាដែលអាចបោះចោលបាន «The Disposable Academic» ក៏បានបង្ហាញពីការសិក្សាថ្នាក់បណ្ឌិតដ៏លំបាកនេះដែរ ប្រៀបដូចជាទាសករអ៊ីចឹងធ្វើការយ៉ាងតិច ១០ ម៉ោងក្នុង ១ ថ្ងៃហើយ ៧ ថ្ងៃក្នុង ១ សប្តាហ៍ទៀត។
ក្នុង ១ ឆ្នាំមាននិស្សិតចូលរៀនថ្នាក់បណ្ឌិតនេះរាប់សែននាក់នៅទូទាំងសកលលោកហើយពេលបានទទួលសញ្ញាបត្របណ្ឌិតទៀតក៏នៅមានអ្នកយកទៅប្រើមិនចំសញ្ញាបត្រដែលខ្លួនបាននោះដែរដូចនៅប្រទេសអូទ្រីស គឺ ១ ភាគ ៣ អ្នកបានទទួលសញ្ញាបត្របណ្ឌិត PhD មិនបានធ្វើការចំជំនាញរបស់ខ្លួនឡើយ។
ហេតុអ្វីបានជាអ្នកទទួលបានសញ្ញាបត្របណ្ឌិត PhD ហ្នឹងប្រមាណជាង ១ ពាន់នាក់សោះក៏រកទិន្នន័យមកវិភាគមិនបានដែរ? បើនិយាយពីការអួតអាងវិញ សុទ្ធតែអ្នកច្បាស់លាស់ ប្រូ ព្រោកប្រាជ្ញអត់ប្រយោជន៍កាលពីនៅរៀនវិញមិនចេះខ្វះអ្នកប្រូទេ មើលតាមគណនីហ្វេសប៊ុក ចង់ម៉ាកម៉េចក៏មានដែរ តែដល់ពេលគ្រាន់តែស្រាវជ្រាវតែគ្នាឯងដែលមានចំនួនតែបន្តិចហ្នឹង ក៏ធ្វើមិនបានផង។
បណ្ឌិតខ្លះក៏បានទទួលសញ្ញាបត្រត្រឹមត្រូវ ខ្លះទៅរៀនថ្នាក់បណ្ឌិត តែគ្រាន់សាលាពន្យារសញ្ញាបត្ររហូតរាល់ឆ្នាំក៏តាំងខ្លួនបណ្ឌិតដែរ បើមើលទៅគណនីគឺថាគ្មាននរណាចេះដល់ខ្លួននោះទេ ហើយនិយាយប៉ះមិនបាន ហើយលើកទឡ្ហីករណ៍ ឬក៏ទ្រឹស្តីពេលខ្លះហាក់បីដូចជាចាស់ៗពេកធ្វើឲ្យស្មុគស្មាញដូចជាមិនមានបច្ចុប្បន្នភាពសោះ។
ឧទាហរណ៍ពាក្យថា «យុវជន» បណ្ឌិតខ្លះគាត់យកមកបកស្រាយអង្កន់យ៉ាងលម្អិតចេញពីវចនានុក្រមសម្តេចសង្ឃ ជួន ណាត «ចាប់តាំងពីការរីកលូតលាស់របស់មនុស្សនៃអាយុប្រែប្រួល...» ។
មកដល់សម័យទំនើបពាក្យ «យុវជន» គេកំណត់យកអាយុតែម្តង បើផ្អែកតាមអង្គការ WHO/UNICEF ឆ្នាំ ១៩៩៨ គឺយកអាយុពី ១៥ ដល់ ២៤ ឆ្នាំហើយបើផ្អែកតាមគោលនយោបាយអភិវឌ្ឍន៍យុវជនកម្ពុជាឆ្នាំ ២០១១ គឺយកអាយុពី ១៥ ដល់ ៣០ ឆ្នាំ។ អ៊ីចឹងយកទៅប្រើទៅតាមបរិបទទៅសម្រាប់ការសិក្សាស្រាវជ្រាវជាសកលស្តង់ដារសុខភាពយើងយកយុវជនពី ១៥ ដល់ ២៤ ឆ្នាំ។
ម្យ៉ាងវិញទៀត បើបណ្ឌិតៗមួយចំនួននាំគ្នាយកតែហ្វេសប៊ុកជាទីលានអួតដាក់គ្នារាល់ថ្ងៃអ៊ីចឹង តើមានពេលឯណាទៅសិក្សាស្រាវជ្រាវរករបកគំហើញអ្វីដែលថ្មីនោះ? ឬក៏ស្រាវជ្រាវទិន្នន័យថ្មីៗឲ្យផ្តល់ចំណេះដឹងដល់សិស្សរបស់ខ្លួននោះ? ហើយជាទូទៅបណ្ឌិតៗគាត់ចូលចិត្តបង្រៀនណាស់ ជួនកាលយកទ្រឹស្តីទាំងដុលៗយកមកឲ្យសិស្ស ព្រោះការបង្រៀនទទួលបានលុយម៉ោង រីឯការសិក្សាស្រាវជ្រាវរបស់ថ្មីមិនហ៊ានធ្វើទេខ្លាចអស់លុយ ទុកលុយទិញឡាន ឬក៏ដូរស៊េរីឡានឲ្យកូនសិស្សសរសើរវិញល្អជាង។
ជួនកាលទៅការបង្រៀនរបស់គាត់ទៀតអត់មានអីថ្មីទេ ចង់បង្រៀនថ្នាក់បរិញ្ញាបត្រក៏មេរៀនហ្នឹង មកដល់ថ្នាក់អនុបណ្ឌិតយកមេរៀនដដែលហ្នឹងកែបន្តិចបន្តួចទៅដដែលៗ នេះជាបញ្ហាបណ្ឌិតខ្លះៗ ឬក៏អនុបណ្ឌិតមួយចំនួនដែលខ្វះបទពិសោធ ហើយមកបង្រៀនខ្ជិលស្រាវជ្រាវ។ កុំគិតថាកូនសិស្សខ្លះគេមករៀនហ្នឹង គេមិនដឹង គេក៏ដឹង តែគ្រាន់តែគេមិនចង់និយាយក្នុងថ្នាក់នាំឲ្យខ្មាសសិស្សដទៃទៀតអ៊ីចឹងប្រយ័ត្នប្រយែងមុនបង្រៀនរៀបចំស្រាវជ្រាវឲ្យបានស្រួលបួលផង។
សំណួរសាមញ្ញសម្រាប់លោកអ្នកបណ្ឌិតៗ បន្ទាប់ពីបានធ្វើសរសេរនិក្ខេបបទការពារបានសញ្ញាបត្របណ្ឌិត PhD មានបានធ្វើការសិក្សាស្រាវជ្រាវអ្វីខ្លះទៀត ដែលបានផ្សព្វផ្សាយហើយឬនៅ? ឬមួយក៏បានត្រឹមតែអួតតែនិក្ខេបបទដដែលៗហ្នឹងទេ? ជាពិសេសអ្នកដែលបានសញ្ញាបត្រមកពីស្រុកបារាំងវិញ កុំថាឡើយបានបណ្ឌិត តែសញ្ញាបត្រល្មមៗហ្នឹងក៏ភ្លែតឡើងចូលចិត្តណាស់ធ្វើការងារជាមន្ត្រីជាន់ខ្ពស់ (haute fonctionnaire) តែម្តង។
ចំណុចនេះនៅតាមសាកលវិទ្យាល័យនៅស្រុកខ្មែរហាក់បីដូចជាមិនមានលក្ខខណ្ឌដូចសាលានៅសហរដ្ឋអាមេរិកនោះទេ ដែលបណ្ឌិតដែលជាគ្រូៗគឺតម្រូវឲ្យបង្រៀនតែ ៥ ឆ្នាំទេហើយសាលាឲ្យចុះមកស្រាវជ្រាវរយៈពេល ១ ឆ្នាំ បានឲ្យត្រឡប់ទៅបង្រៀនវិញរួចហើយបានដំឡើងងារទៅតាមឋានានុក្រមរបស់សាស្ត្រាចារ្យចុងក្រោយគេដូចជាពី Instructor ទៅ Lecturer បន្ទាប់មក Assistant Professor រួចហើយ Associate Professor បានឡើងជា Professor សាស្ត្រាចារ្យពេញលេញ តែបើបានតំណែងងារហ្នឹងហើយអត់ស្រាវជ្រាវបន្ថែមគណៈកម្មការសាលាគេនឹងវាយតម្លៃទម្លាក់តំណែងហ្នឹងទៀត។
មិនដូចនៅស្រុកខ្មែរទេ អត់មានឋានានុក្រមនោះទេឲ្យតែលោកអ្នកបានសញ្ញាបត្របណ្ឌិតភ្លាមតាំងខ្លួនឯងជាសាស្ត្រាចារ្យភ្លែតដែរ ជាពិសេសខាងគ្រូពេទ្យវេជ្ជបណ្ឌិតៗ បើបានបណ្ឌិតទៀតលែងចង់បានហើយពាក្យថាវេជ្ជបណ្ឌិតនោះគឺចង់ឲ្យគេហៅសាស្ត្រាចារ្យជាង។
រីឯបណ្ឌិតខ្លះទៀតមានអ្នកចូលធ្វើនយោបាយមានអ្នកបម្រើនយោបាយឲ្យអ្នកនយោបាយខំប្រឹងជួយអ្នកនយោបាយដើម្បីរកកន្លែងអង្គុយល្អសមរម្យឲ្យសមជាបណ្ឌិតចង់គេអ្នកនយោបាយមានអំណាចប្រើធ្វើអីក៏ធ្វើទៅតាមគេដែរ ហើយយកសញ្ញាបត្របណ្ឌិតហ្នឹងបាំង ឬក៏យកពាក្យសាស្ត្រាចារ្យមកប្រើដើម្បីឲ្យនិយាយទៅវាធ្ងន់ជាងអ្នកធម្មតា តែដល់ពេលមើលការស្រាវជ្រាវថ្មីៗគ្មានគឺមានតែនិក្ខេបបទស្រាវជ្រាវយកសញ្ញាបត្របណ្ឌិតតែមួយហ្នឹងមកអួតគេនោះ។
ជាងនេះទៅទៀតគឺការចាប់ផ្តើមអួតដាក់គ្នាឌឺដងដាក់គ្នារវាងបណ្ឌិតៗតាមហ្វេសប៊ុកក្តីតាមសារព័ត៌មានក្តី ឬក៏ឆ្លើយឆ្លងគ្នានៅតុពិភាក្សា និយាយទៅនិយាយមកចូលដល់លម្អៀងបក្សនយោបាយរៀងៗខ្លួន ឬក៏បក្សដែលខ្លួនគាំទ្រនោះហើយបើឲ្យពួកគាត់ធ្វើការជាមួយគ្នារឹតតែមិនកើតទៀតហើយ។
បណ្ឌិតៗបែបនេះគឺឆ្លើយតបទៅរបកគំហើញរបស់សារព័ត៌មាន The Economist ដែលអ្នកដែលបានសញ្ញាបត្របណ្ឌិត ហើយប្រើមិនត្រូវជំនាញរបស់ខ្លួនគឺមកបម្រើនយោបាយឲ្យអ្នកនយោបាយ ហើយមិនមានការសិក្សាស្រាវជ្រាវអ្វីដែលថ្មីៗនោះទេមានតែយករឿងចាស់ៗមកធ្វើឲ្យទៅជាថ្មីតែប៉ុណ្ណឹងដូចជារឿងស្តេចកនជាដើម។
សរុបមកវិញតើគួរចំណាយពេលរៀនយកសញ្ញាបត្របណ្ឌិតអត់បានផលប្រយោជន៍ជាដុំកំភួនដែរឬក៏អត់? ហើយបានសញ្ញាបត្របណ្ឌិតហើយ តែត្រូវធ្វើការសិក្សាស្រាវជ្រាវអ្វីដែលថ្មីៗជាដុំកំភួនឲ្យចំទៅនឹងជំនាញរបស់ខ្លួន ដើម្បីផ្តល់យោបល់ទៅរាជរដ្ឋាភិបាលបានដែរឬទេ? ជាជាងអួតដាក់តែគ្នាតាមហ្វេសប៊ុកកុំឲ្យហៅថាបណ្ឌិតគ្រៀវជ្រូកដូចពីដើមទៀតអី។
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com