Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឲ្យ​តែ​ចៅហ្វាយ​ក្រុង​ឡើង​ថ្មី ​ចូលចិត្ត​ជួសជុល​សួនច្បារ​ ជាង​គម្រប​លូ​នៅ​លើ​ផ្លូវ

Content image - Phnom Penh Post
អ្នក​បើកបរ​ជិះ​គេច​គម្រប​លូ​បាក់បែក​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ កាល​ពី​សប្តាហ៍​កន្លង​ទៅ។ រូបថត តុង សុប្រាជ្ញ

ឲ្យ​តែ​ចៅហ្វាយ​ក្រុង​ឡើង​ថ្មី ​ចូលចិត្ត​ជួសជុល​សួនច្បារ​ ជាង​គម្រប​លូ​នៅ​លើ​ផ្លូវ

ទោះបី​ជា​មាន​ការ​ចំអក​ឡកឡាយ​ពី​មហាជន​រឿង​ធ្វើ​ផ្លូវ​ជាប់​មិន​ដាច់​រហូត​៖ «​ធ្វើ​លូ​ខូច​ផ្លូវ ធ្វើ​ផ្លូវ​ភ្លេច​លូ ធ្វើ​យូរៗ​ទៅ​ខូច​ទាំង​ផ្លូវ ខូច​ទាំង​លូ​» ឬ​ក៏​ «​ចាក់​ស្តើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង​» ដែល​មាន​ន័យ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​ក្នុង​ការ​សាងសង់​ផ្លូវ និង​មាន​ការ​ស្តីបន្ទោស​ធ្ងន់ៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ទៅ​រឿង​ជួសជុល​ផ្លូវ​នៅ​ភ្នំពេញ​នៅ​តែ​ខូច​ពី​មុខ​ខូច​ពី​ក្រោយ​ក៏ដោយ​ក៏​មក​ទល់​ពេល​នេះ​ផ្លូវ​ជួសជុល​បាន​គួរ​សម​តែ​គម្រប​លូ​នៅ​លើ​ផ្លូវ​នៅ​តែ​មិន​បាន​ជួសជុល​ដដែល​មាន​គម្រប​លូ​លក្ខណៈ​ខ្ពស់​លើស​ថ្នល់ និង​ខូង​ជង្ហុក​ធ្លាក់​ចូល​ថ្នល់​សឹង​តែ​គ្រប់​ផ្លូវ​។

តើ​បន្ទុក​ជួសជុល​គម្រប​លូ​លើ​ផ្លូវ​នេះ​ជា​បន្ទុក​លោក​ប្រធាន​មន្ទីរ​សាធារណការ​ទៀត​ឬ​យ៉ាង​ណា​? ឬ​ក៏​បន្ទុក​អភិបាល​រាជធានី​ភ្នំពេញ​?

តាមពិត​ទៅ​បើ​និយាយ​ពី​ការ​ផ្ទេរ​មុខងារ​ពី​ថ្នាក់ជាតិ​មក​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​នៅ​រាជធានី​ភ្នំពេញ​មាន​លក្ខណ​ពិសេស​ខុស​គេ​គឺ​មន្ទីរ​រាជធានី​របស់​ក្រសួង​នីមួយៗ​អភិបាល​រាជធានី​មាន​សិទ្ធិ​គ្រប់គ្រង​ធ្វើ​កិច្ចការ​លម្អ​រាជធានី​ភ្នំពេញ​នោះ តែ​ប្រធាន​មន្ទីរ​ជា​អ្នក​គ្រប់គ្រង​ផ្តល់​បច្ចេកទេស តែ​ប៉ុណ្ណោះ​ដល់​ពេល​ត្រូវ​មាត់​ប្រធាន​មន្ទីរ​ទៅ​វិញ ចំណែកឯ​អភិបាល​រាជធានី​រួច​ខ្លួន​ទៅ​វិញ​ដូច​ករណី​ប្រធាន​មន្ទីរ​សាធារណការ​កាលពី​ឆ្នាំ​ទៅ​អ៊ីចឹង​។

បញ្ហា​គម្រប​លូ​នៅ​លើ​ផ្លូវ​ថ្នល់​នេះ​នៅ​តែ​មាន​លក្ខណៈ​ស្មុគស្មាញ​មាន​ការ​ប្រចាំ​គ្នា​ទទួល​ខុសត្រូវ​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​ផ្អែក​ទៅ​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​ ០៦ អន-ក្រ.កប នៅ​ខែ​មករា​ឆ្នាំ​ ២០១៧ ​នេះ​ស្តីពី​ការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក៏ដោយ​ក៏​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ឧទាហរណ៍​ថា​កញ្ចប់​ថវិកា​ផ្ទេរ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ជួសជុល​ផ្លូវ​គឺ​ពួកគាត់​ធ្វើ​តែ​ផ្លូវ​ទេ មិន​ខ្វល់​រឿង​ប៉ះពាល់​គម្រប​លូ​ខ្ពស់ ឬ​ក៏​ទាប​នោះ​ទេ​ណា​មួយ​អាង​តែ​មាន​ក្រុម​ថែទាំ​លូ​របស់​រដ្ឋ​មួយ​ផ្សេង​ទៀត​ផង​។ អ៊ីចឹង​មាន​តែ​សាមី​ស្ថាប័ន​នេះ​ត្រូវ​ផ្ទេរ​មុខងារ​ធ្វើ​ថ្នល់​មក​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ជួសជុល​គម្រប​លូ​ផង បើ​មិន​ដូច្នេះ​ទេ​លូ​នៅ​លើ​ផ្លូវ​ហ្នឹង​គឺ​ក្រហេង​ក្រហូង​ដដែល​។

Content image - Phnom Penh Post
ការ​ដ្ឋាន​ជួសជុល​​លូ និង​រៀប​ចំ​ឥដ្ឋការ៉ូ នៅ​លើ​សួន​ច្បារ​មាត់​ទន្លេ កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ​រូបថត​ដោយ តុង សុប្រាជ្ញ

បើ​រាជធានី​មាន​ថវិកា​ខ្លួន​ឯង​ដែល​រដ្ឋសភា​អនុម័ត ១ ​ឆ្នាំៗ​សម្រាប់​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ២៧០ លាន​ដុល្លារ​ផ្ទាល់​សម្រាប់​ជួសជុល​ផ្លូវ​ក៏​ត្រូវ​មើល​ទាំង​ផ្លូវ​មើល​ទាំង​គម្រប​លូ​ហ្នឹង​ផង​ជា​ជាង​បាន​ថវិកា​ជាតិ​មក​មិន​ដឹង​ចាយ​លើ​អ្វី​? អ៊ីចឹង​អភិបាល​រាជធានី ខំប្រឹង​ធ្វើ​សួនច្បារ​ដដែលៗ​យក​មុខ​យក​មាត់​ថ្នាក់​ដឹកនាំ​តាម​តែ​គ្នា​តាំង​ពី​ជំនាន់​លោក ឈឹម សៀកឡេង មក​លោក​ជា សុផារ៉ា បន្ទាប់មក​លោក ជុតិមា និង​លោក សុជាតិវង្ស មក​ដល់​លោក ឃួង ស្រេង ក៏​នៅ​តែ​ជួសជុល​សួន​ច្បារ​មិន​ស្វាង​ការ​ជួសជុល​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​សល់​ថវិកា​ជាតិ​មែន​ទេ​? ឬ​ក៏​ចាយ​ទៅ​ក្រែង​សល់​កាក់​ល្អិត​ខ្លះ​គ្រាន់​ចែក​គ្នា​មែន​ទេ​? ព្រោះ​បើ​ចាយ​ថវិកា​សល់​ទៅ​គង់​តែ​រដ្ឋ​យក​ថវិកា​នោះ​ត្រឡប់​ទៅ​វិញ​ទេ​។

តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​ក្រុម​អ្នក​ជួសជុល និង​ថែទាំ​លូ​វិញ​ម្តង ជីក​គាស់ៗ​ទាំង​លើ​ផ្លូវ​ទាំង​លើ​ចិញ្ចើម​ផ្លូវ​ក៏​មិន​ខ្វល់​រឿង​ធ្វើ​គម្រប​លូ​ឲ្យ​ស្មើ​ទៅ​នឹង​ថ្នល់​ដែរ​។ តែ​ឲ្យ​តែ​មាន​ឱកាស​គាស់​ចិញ្ចើម​ផ្លូវ​ម្តងៗ​គឺ​ដូច​បាន​ឱកាស​មាស​ឱកាស​ប្រាក់​អ៊ីចឹង​គឺ​មាន​ន័យ​ថា​ពួកគាត់​ចេះ​គាស់​ឥដ្ឋការ៉ូ​ការ៉ូឡា​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ តែ​ដល់​ពេល​ដាក់​លូ​ហើយ​គឺ​ធ្វើ​មិន​ដឹង​មិន​ឮ បើ​ចង់​ដាក់​វិញ​ទាល់​តែ​ឲ្យ​លុយ​ដូច​នៅ​ផ្លូវ​ជាតិ​លេខ​ ១ ទើប​ធ្វើ​លូ​ថ្មីៗ​នេះ​។

រីឯ​ខ្លះ​ទៀត​រក​វិធី​ផ្សេង​ទៅ​វិញ នៅពេល​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​បណ្តាញ​លូមេ ពួកគេ​ចាប់ផ្តើម​គោះ​ប្រជាពលរដ្ឋ​ថា បើ​ចង់​ចោះ​លូ​ចូល​បណ្តាញ​មេ​គឺ​មាន​តែ​ថែម​លុយ​ខ្លះ​មក​បាន​ចោះ​ឲ្យ​។

ឥឡូវ​ចូល​មក​ដល់​រឿង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (D&D) សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​កំពុង​តែ​រៀបចំ​ផ្ទេរ​មុខងារ ធនធាន​មនុស្ស និង​ថវិកា​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​វិញ​ម្តង​គឺ​មាន​ន័យ​ថា​ក្រសួង​ក៏​មាន​ផែនការ​ថវិកា​សម្រាប់​ជួសជុល​ផ្លូវ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

សង្ឃឹម​ថា​នឹង​លែង​មាន​ការ​ប្រចាំ​គ្នា​រឿង​ផ្លូវ និង​គម្រប​លូ​ទៀត​ហើយ​ថា​តើ​នរណា​ទទួល​ខុស​ត្រូវ​ទៀត​ហើយ​? គឺ​ដឹង​ច្បាស់​តែ​អភិបាល​រាជធានី​លោក ឃួង ស្រេង ជា​អ្នក​ទទួល​ខុសត្រូវ​រួម​ព្រោះ​នៅ​រាជធានី​ភ្នំពេញ​បណ្តាញ​ផ្លូវ​ខ្សែ​មេ និង​អនុ​ខ្សែមេ​គឺ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួល​ខុសត្រូវ បើ​ចេញ​ពី​អនុ​ខ្សែមេ​គឺ​រដ្ឋបាល​ខណ្ឌ​ជា​អ្នក​ទទួល​ខុសត្រូវ​ដែល​បាន​ផ្ទេរ​មុខងារ​បែប​ប្រតិភូកម្ម​ពី​សាលា​រាជធានី​។

សរុប​មក​វិញ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​លែង​ឆ្ងល់​ទៀត​ហើយ​ថា​សាលា​រាជធានី​ជួសជុល​ថ្នល់ ឬ​ក៏​ចាក់​ថ្នល់​កៅស៊ូ​ស្អាត​បាត​ហើយ និង​ជួសជុល​គម្រប​លូ​ហ្នឹង​ឲ្យ​ស្មើ​គ្នា​ផង​ដែរ​។

សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​មាន​ការ​ធុញទ្រាន់​ទៅ​នឹង​រឿង​ធ្វើ​ថ្នល់​ដដែលៗ​ម្តង​ចោះ​ផ្លូវ​ដាក់​លូ​ដាក់​ខ្សែកាប​ដាក់​ខ្សែ​ទូរស័ព្ទ ដាក់​កាប៊ីន​ភ្លើង​ ឬ ក៏​ដាក់​ប្រព័ន្ធ​ទឹក​ស្អាត​ជាដើម​។

ជាពិសេស​បញ្ហា​គម្រប​លូ​ឡើង​ខ្ពស់​ពេក ខ្លះ​ទាប​ពេក​ខ្លះ​បាក់បែក​កណ្តាល​ថ្នល់​ធ្វើឲ្យ​ងាយ​ហ្នឹង​គ្រោះថ្នាក់ គេច​មិន​ទាន់​គឺ​ដឹង​តែ​ដួល បើ​មាន​ភ្លៀង​ធ្លាក់​លិច​ផ្លូវ​វិញ​គឺ​ដឹង​តែ​ដួល​តែ​ម្តង បើ​ជិះ​ប៉ះ​គម្រប​លូ​ទាប​ជាង​ថ្នល់​ពេក​នោះ​។

ម្យ៉ាង​វិញ​ទៀត​អ្នក​បើកបរ​ម្នាក់​នាំ​គ្នា​ជិះ​គេច​គម្រប​លូ​នោះ​ធ្វើឲ្យ​ស្ទះ​ផ្លូវ ឬ​ក៏​ប៉ះពារ​គ្នា​ផង​ដែរ​។ បើ​ប្រៀបធៀប​បណ្តាញ​ផ្លូវ​នៅ​ទីក្រុង​នៅ​ស្រុក​ខ្មែរ​ទៅ​នឹង​ទីក្រុង​ប្រទេស​ជិត​ខាង​នៅ​អាស៊ាន​វិញ​គឺ​ប្រទេស​គេ​ធ្វើ​ស្អាត​ល្អ​ជាង​ប្រទេស​ខ្មែរ​កម្រ​មាន​ក្រហេង​ក្រហូង​ដោយសារ​លូ​នេះ​ណាស់​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ