ភ្នំ​ពេញ​: ក្មេង​ប្រុស ​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់​បាន​យក​ពូថៅ​កាប់​ទៅ​លើ​បង​ស្រី​បង្កើត​ដែល​មាន​ផ្ទៃ​ពោះ​ ៨ ខែ​រហូត​ដល់​ស្លាប់​ដោយ​ប៉ុន​ប៉ង​យក​លុយ​ពី​បងស្រី​របស់​គេ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មកនេះ​ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​នោះ​ទេ​ ព្រោះ​តែមិន​ទាន់​គ្រប់​អាយុ។​

អំពើ​មនុស្ស​ឃាត​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ​នៅ​ភូមិ​សួន​ស្លា​ ឃុំ​ក្តុល​តា​ហែន​ ស្រុក​បវេល ​ខេត្ត​បាត់ដំ​បង​​ រី​ឯ​ក្មេង​ប្រុស​ដែល​ជា​ជន​ដៃ​ដល់​ ត្រូវ​​អយ្យ​ការអម​សាលា​ដំបូង​ខេត្ត​ បាត់​ដំបង ​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​​សង្គមកិច្ច​​ខេត្ត​ទទួល​ខុស​ត្រូវ​ ​ដោយ​​សារជន​ដៃ​ដល់​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​ជាប់​ពន្ធ​នាគារ។​

លោក​ ជេត ​វណ្ណនី​ ស្នង​ការរង​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បាត់​ដំបង​ បាន​ថ្លែង​ កាល​ពី​ម្សិល​មិញ​ ថា​៖​ «​ក្មេង​ប្រុស​ដៃដល់​នោះ​ត្រូវ​តុលាការ​ប្រគល់​ឲ្យ​ទៅ​ខាង​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ហើយ ​ដើម្បី​យក​ទៅ​អប់​រំ​ព្រោះ​តុលាការ​យល់​ឃើញ​ថា​ក្មេង​នោះ​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​។ ​ក្មេង​នោះ​ពិត​ជា​បាន​សម្លាប់​បងស្រី​របស់​ខ្លួន​ពិត​មែន​»​។

លោក​មី​ គឹម​សាន្ត ​អធិ​ការរង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ​បវេល ​បញ្ជាក់​ថា ​ក្មេង​បង្ក​ហេតុ​ឈ្មោះ​ហួន​ រាហ៊ូ​ភេទ​ប្រុស​អាយុ​ ១៣​ ឆ្នាំ​ហើយ​បើ​តាម​សំបុត្រ​កំណើត​គឺ​នៅ​ខ្វះ​ ៧ ​ខែ​ទៀត​ទើប​គ្រប់​ អាយុ​ ១៤ ​ឆ្នាំ​។ ឯ​បង​ស្រី​បង្កើត​រង​គ្រោះ​ឈ្មោះ​ ហួន ​រ៉ានី​ អាយុ​ ៣២​ ឆ្នាំ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ជា​មួយ​គ្នា​។

កម្លាំង​បាន​​ចុះ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​ស្រ្តី​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ខ្ទម​ចាំ​ស្រែ​ដោយ​ផ្នែក​ផ្ទែ​មុខ​និង​ក្បាល​ត្រូវ​ក្មេង​ដៃដល់​កាប់​បែក​ក្បាល​ និង​ខ្ទេច​មុខ ​និង​​មាន​ស្នាម​កាប់​លើ​ដៃ​ និង​ដង​ខ្លួន​ផង​សរុប​ពី​ ៤​ ទៅ​ ៥ ​ពូថៅ​។​ ដោយ​កូនស្រី​ស្រ្តី​រងគ្រោះ​អាយុ​ទើប​តែ​៣​ឆ្នាំ​ក៏​ត្រូវ​ក្មេង​ដៃដល់​កាប់​ត្រូវ​ក្បាល​របួស​ធ្ងន់​ដែរ​។ ​

តាម​ចម្លើយ​ក្មេង​ដៃ​ដល់​ថា​ មុន​កើត​ហេតុ​បង​ស្រី​របស់គេ​បាន​លក់​ស្រូវ​បាន​ជិត​ ១​ លាន​រៀល​។ ​លុះ​ពេល​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ​បងស្រី​គេ​កំពុង​ដេក​​លេង​ក្នុង​អង្រឹង​ក្នុង​ខ្ទម​។​ ពេល​នោះ​ដោយ​មាន​បំណង​ចង់​បាន​លុយ​ផង​រូបគេ​ក៏​បាន​ដើរ​ពី​ក្បាល​ដំណេក​ស្រ្តី​រងគ្រោះ​ហើយ​យក​ពូថៅ​ដែល​ដាក់​នៅ​ក្បែរ​នោះ​កាប់​សំពង​​ក្បាល​​តែ​ម្តង​។

ក្មេង​ដៃដល់​ម្នាក់​នេះ​បាន​និយាយ​ប្រាប់​លោក​ថា ​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​។

ក្មេង​ប្រុស​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ហើយ​សមត្ថ​កិច្ច​​ដក​ហូត​បាន​លុយ​ខ្មែរ​ចំនួន ​២៤១ ៦០០​ រៀល ​និង​លុយ​បាត​ចំនួន​ ២៥ ៤៦០ ​បាត​ព្រម​​វត្ថុតាង​ពូថៅ​ដៃ​ចំនួន​ ១ ​ផង៕​