Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្ធរណ៍​ជម្រះក្ដី​ករណី​ក្រុម​ប្រើ​ដាវ​សាមូរ៉ៃ​ស្ទាក់​ប្លន់

ឧទ្ធរណ៍​ជម្រះក្ដី​ករណី​ក្រុម​ប្រើ​ដាវ​សាមូរ៉ៃ​ស្ទាក់​ប្លន់

ភ្នំពេញៈ សំណុំ​រឿង​ក្រុម​ប្រើ​ដាវ​សាមូរ៉ៃ និង​ដំបង​ស្ទាក់​វាយ​ប្លន់​អ្នក​ដំណើរ​កាលពី​ឆ្នាំ​ ២០១៦ ​នៅ​សង្កាត់​ទឹកថ្លា​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​លើក​យក​មក​ជំនុំ​ជម្រះ​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​រឿង​នេះ​មាន​តែ​ម្នាក់​ក្នុង​ចំណោម​ជនជាប់ចោទ​ ៥ ​នាក់​ប៉ុណ្ណោះ​ដែល​ប្តឹង​ទាស់​ ខណៈ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​គុក​ ៥ ​ឆ្នាំ​។

លោក​ចៅក្រម​ ប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​កំណត់​ហេតុ​ថា​សំណុំ​រឿង​នេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ សុខ វាសនា ​,​ឈ្មោះ​ ផន ដារិន,​សុខ ស្រីនិច រួម​នឹង​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​បាន​ពួនស្ទាក់​វាយ​ប្លន់​អ្នក​ដំណើរ​ពេល​យប់​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

កំណត់​ហេតុ​បង្ហាញ​ថា​ក្រុម​ជន​ជាប់ចោទ​ទាំង​នេះ​តែង​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​អ្នក​ដំណើរ​ជា​ញឹកញយ​នៅ​ពេល​យប់​។ ​លុះ​ដល់​យប់​ថ្ងៃ​ទី​ ១២ ខែ​មករា​ឆ្នាំ​ ២០១៦ ​ខណៈ​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ដូច​សព្វ​ដង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​ដកហូត​បាន​ដំបង​ឈើ និង​ដាវសាមូរ៉ៃ​ ៣ ​ដើម រួម​នឹង​ថ្នាំញៀន​ផង​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​ ១៧ ខែ​តុលា​ឆ្នាំ​ ២០១៧ ផ្តន្ទាទោស​​ជន​ជាប់ចោទ​ សុខ វាសនា ដាក់គុក​ ៥ ​ឆ្នាំ និង​ពិន័យ​ ៤ ​លាន​រៀល​ចោទ​ពី​បទ ​«​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើ​ហិង្សា និង​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​»​។

ជន​ជាប់ចោទ​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ពិតជា​បាន​វាយ​ប្លន់​អ្នក​ដំណើរ​មែន​ប៉ុន្តែ​រឿង​ចោទ​ថា​ជួញដូរ​គ្រឿងញៀន​ខ្ញុំ​បដិសេធ​ព្រោះ​ពេល​នោះ​ប៉ូលិស​ចាប់​នៅ​កន្លែង​ផ្សេង​ទេ​ហើយ​ពិនិត្យ​ទឹកនោម​ខ្ញុំ​ក៏​មិន​ឃើញ​មាន​សារធាតុ​ញៀន​ដែរ​។ ខ្ញុំ​សុំ​ឲ្យ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង​»​។

លោក​ព្រះរាជអាជ្ញា ឃុត សុភាង ​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ជនជាប់ចោទ​បដិសេធ​រឿង​គ្រឿងញៀន តែ​ទទួល​ស្គាល់​អំពើ​វាយ​ប្លន់​នោះ ឯ​តុលាការ​ថ្នាក់​ក្រោម​ចោទ​គេ​ ២ ​បទល្មើស​។ ​«​យ៉ាង​ណា​សូម​ក្រុមប្រឹក្សា​ពិចារណា​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដល់​ជន​ជាប់ចោទ​»​។

លោក​ ឡោ គីមហ្គេច មេធាវី​ចាត់តាំង​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា​៖ «​កូនក្តី​ខ្ញុំ​ថា​គាត់​ពិតជា​បាន​ស្ទាក់​វាយ​អ្នក​ដំណើរ​មែន ប៉ុន្តែ​មិន​បាន​ជួញដូរ​គ្រឿងញៀន​ទេ​។ ដូច្នេះ​សូម​តុលាការ​ឲ្យ​កូនក្តី​ខ្ញុំ​រួច​ខ្លួន​ពី​បទ​គ្រឿងញៀន និង​សូម​បន្ថយទោស​រឿង​វាយ​ប្លន់​ក្នុង​កម្រិត​អប្បបរមា​នៃ​ទោស​បាន​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម​ប្លង់ សំណាង​ថ្លែង​ថា​សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ខាង​មុខ​៕

0

Comments

Please, login or register to post a comment