ក្រុងឡុងដ៍: ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ មនុស្ស​ម្នាក់ៗ​ខិតខំ​តាំង​ចិត្ដ​ចុះ​ឈ្មោះ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​យ៉ាង​មុតមាំ​សម្បើម​ណាស់ ពី​ព្រោះ​បារម្ភ​ចំពោះ​សុខភាព។ ប៉ុន្ដែ​ការ​គិត​គូរ​ចំពោះ​ការ​សម្រក​ទម្ងន់​ជ្រុល អាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​សុខភាព។

ចិត្ដវិទូ​ម្នាក់​បាន​ព្រមាន​ថា ក្ដីបារម្ភ​អំពី​លំហាត់​ប្រាណ​ថា តើ​គួរ​ត្រូវ​ខិតខំ​ហាត់​ដល់​កម្រិត​ណា អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្លាប់​ទៅ​វិញ​ទេ។ គេ​ជឿថា ស្ដ្រេស​នាំ​ឲ្យ​កើត​អត្ដចរិត​មិន​អំណោយ​ផល​ដល់​សុខភាព ដូចជា ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន ហើយ​ផ្ទុយ​ពី​ការ​ជំរុញ​ទឹក​ចិត្ដ​ឲ្យ​ធ្វើ​លំ​ហាត់​ប្រាណ បែរ​ជា​លែង​ចង់​ធ្វើ​អ្វី​ទៅ​វិញ។

ភ័ស្ដុតាង បាន​បង្ហាញថា អត្ដ​ចរិត​បែបនេះ អាច​បង្កើន​ហានិភ័យ​ឆាប់​ស្លាប់​មុន​អាយុ​នៅ​រយៈពេល ២០ ឆ្នាំ​ទៅមុខ​រហូត​ដល់ ៧០ ភាគរយ។

វេជ្ជបណ្ឌិត រ៉ូប៊ីន បៃលី អ្នក​ឯកទេស​ព្យាបាល​ចិត្ដ​សាស្ដ្រ​ផ្នែក​អត្ដ​ចរិត​មក​ពី​សាកល​វិទ្យាល័យ Central Lancashire បាន​និយាយ​ថា៖ «នេះ​គឺជា​វេលា​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​មនុស្ស​គ្រប់​រូប​ចាប់ផ្ដើម​នឹកនា​ដល់​ការ​ធ្វើ​លំហាត់​ប្រាណ។ ពួកគេ​បារម្ភ​ពី​ការ​ទទួល​ទាន​ច្រើន​ពេក។ យ៉ាងណា​មិញ ស្ដ្រេស​បែប​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​អវិជ្ជមាន ចំពោះ​សុខភាព ខណៈ​អ្នក​ដែល​ជួប​បទពិសោធ​ស្ដ្រេស​បង្ហាញ​នូវ​អត្ដចរិត​ប៉ះពាល់​ដល់​សុខភាព​មិន​ថា​តែ​ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង​ច្រើន ឬ​អត់​ខ្វល់​រឿង​ហាត់​ប្រាណ​ពី​ព្រោះ​ពួកគេ​បារម្ភ​ជ្រុល​ពេក»។

មុននឹង​ផ្ដើម​ហាត់​ប្រាណ អ្នក​ត្រូវ​បោះបង់​ក្ដី​កង្វល់​ចំពោះ​ខ្លួន​ឯង ដែល​ថា តើ​គួរ​ត្រូវ​ហាត់​ប្រាណ​កម្រិតណា​ធៀប​នឹង​អ្នក​ដទៃ៕

HR