ក្រុងញូវយ៉ក: ការសិក្សាធំមួយបានបង្ហាញថា ការទទួលទានស្រាទំពាំងបាយជូរ ឬស្រាបៀរ ២ កែវក្នុងមួយថ្ងៃ ខណៈបន្ថែមទម្ងន់ខ្លួនប៉ុន្មានគីឡូក្រាម អាចជារូបមន្ដអាថ៌កំបាំងនាំឲ្យរស់នៅដល់អាយុខ្ទង់ ៩០ ឆ្នាំ។
ការស្រាវជ្រាវ ដែលតាមដានលើអ្នករស់នៅដល់អាយុ ៩០ ឆ្នាំ បានបញ្ជាក់ពីការផឹកគ្រឿងស្រវឹងក្នុងបរិមាណសមល្មមជាកត្ដាសំខាន់មួយក្នុងចំណោម ៥ ដែលធ្វើឲ្យអាយុយឺនយូរ។
ការសិក្សាបានរកឃើញថា អ្នកដែលទទួលទានស្រាបៀរឬស្រាទំពាំងបាយជូរប្រមាណ ២ កែវក្នុងមួយថ្ងៃ កាត់បន្ថយអត្រាមរណភាពមុនអាយុ ១៨ ភាគរយ បើធៀបនឹងអ្នកអត់ពាល់គ្រឿងស្រវឹងសោះ។
ជាមួយគ្នានេះ ការកើនឡើងទម្ងន់ខ្លួនបន្ដិចបន្ដួច តែមិនធាត់ជ្រុល ក៏ទំនងជាបានកាត់បន្ថយអត្រាឆាប់ស្លាប់ផងដែរ បើទោះបីជាមានចំនួនតែ ៣ ភាគរយក៏ដោយ។
សាស្ដ្រាចារ្យ Claudia Kawas មកពីសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា បានតាមដានមនុស្សចំនួន ១៧០០ នាក់ ដែលមានអាយុខ្ទង់ ៩០ ឆ្នាំ ក្នុងឆ្នាំ ២០០៣ ដោយបានហៅថា «ការសិក្សា ៩០ បូក»។
ការសិក្សាជាច្រើនកន្លងមក បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងតិចតួចអាចបន្ទាបឱកាសជំងឺបេះដូង ឬគាំងបេះដូង។
ការណែនាំចុងក្រោយពីប្រធានវេជ្ជសាស្ដ្រចក្រភពអង់គ្លេស បានឲ្យដឹងថា បុរស និងស្ដ្រីមិនគួរផឹកគ្រឿងស្រវឹងលើសពី ១៤ ឯកតាក្នុងមួយសប្ដាហ៍ ស្មើនឹងស្រាបៀរ ៦ កែវ ឬស្រាទំពាំងបាយជូរ ៧ កែវ ហើយការ ទទួលទានបរិមាណប៉ុណ្ណឹង គួរតែប្រើពេលមួយសប្ដាហ៍៕HR