ក្រុងប៉ារីស: ក្រុមអ្នកស្រាវជ្រាវបានព្រមានពីថ្ងៃអង្គារថា កណ្ដាស់ខ្ទប់អាចធ្វើឲ្យដាច់សន្ទះបំពង់ក ធ្លាយក្រដាសត្រចៀក ឬច្រាលឈាមចូលខួរក្បាល។
មនុស្សជាច្រើន ពេលពួកគេចង់កណ្ដាស់ចេញ ក៏ផ្ដើមខ្ទប់មាត់ និងច្រមុះ ជាពិសេស លេបកម្លាំងផ្ទុះចេញដោយសារកណ្ដាស់។ វាពិតជាបានផ្ដល់នូវបញ្ហាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។
ជាក់ស្ដែង បុរសវ័យ ៣៤ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងលីឆេស្ទ័រ ប្រទេសអង់គ្លេស នាពេលថ្មីៗ ដោយមានអាការហើមបំពង់ក និងឈឺចាប់ខ្លាំង។
ក្រុមវេជ្ជបណ្ឌិតបានលម្អិតក្នុងការសិក្សាមួយដែលចុះផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ដ្រ BMJ Case Reports ថា៖ «អ្នកជំងឺរៀបរាប់ពីការលាន់សំឡេងផ្ទុះក្នុងបំពង់ក ក្រោយពីខំខ្ទប់កណ្ដាស់ដោយការច្របាច់ច្រមុះ និងខ្ជឹបមាត់»។
ការស្កេន CAT បានបង្ហាញពីអ្វីដែលពួកគេសង្ស័យថា កម្លាំងខ្យល់ធាក់ចេញតាមត្រចៀកដ៏តិចតួចធ្វើឲ្យធ្លាយសន្ទះ និងរហែកភ្នាសបំពង់ក។
បុរសម្នាក់ ដែលពិបាកលេប និងនិយាយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលលោកត្រូវបានផ្ដល់ចំណីតាមបំពង់ទុយោ និងថ្នាក់អង់ទីប៊ីយ៉ូទិក រហូតដល់បាត់ហើម និងឈឺចាប់។ រយៈពេលមួយសប្ដាហ៍ លោកមានអាការធូរស្បើយហើយ។
វេជ្ជបណ្ឌិតបានសន្និដ្ឋានថា៖ «ការកណ្ដាស់ខ្ទប់តាមរយៈរន្ធខ្យល់ច្រមុះ និងមាត់ ពិតជាទង្វើដ៏គ្រោះថ្នាក់ និងគួរតែចៀសវាង»។
ពួកគេបានពន្យល់ថា ក្នុងករណីកម្រខ្លះ ការកណ្ដាស់ខ្ទប់បែបនេះនាំឲ្យខ្យល់ច្រាលបញ្ច្រាសចូលសួត និងពកសរសៃឈាមខួរក្បាល៕