ក្រុងប៉ារីស: ក្រុមអ្នកស្រាវជ្រាវបានថ្លែងកាលពីថ្ងៃអង្គារនេះថា លំហាត់ប្រាណស្រាលៗរយៈពេលប៉ុន្មានម៉ោងក្នុងមួយសប្ដាហ៍ ដោយគ្រាន់តែបណ្ដើរសម្លាញ់ជើង ៤ ឬដើរត្រុកៗក្នុងសួនច្បារ ជួយកាត់បន្ថយអត្រាមរណៈចំពោះបុរសវ័យជ្រេ ទោះរយៈពេលនៃការហាត់ប្រាណនោះខ្លីក៏ដោយ។
លទ្ធផលនេះ ហាក់ចម្រូងចម្រាសនឹងការសិក្សាមុនៗ ដែលតម្រូវឲ្យមនុស្សចាស់ហ្វឹកហាត់ធ្ងន់ៗបន្តិច និងមានរយៈវែង។ ជាក់ស្ដែង នៅចក្រភពអង់គ្លេស មនុស្សចាស់ត្រូវបានណែនាំឲ្យធ្វើលំហាត់ប្រាណពីល្មមៗ ទៅសកម្មយ៉ាងតិច ១៥០ នាទីក្នុង ១ សប្ដាហ៍ ដោយបែងចែកជាចំណែកម្ដងៗមិនតិចជាង ១០ នាទី។
តែផ្ទុយទៅវិញអ្នកនិពន្ធ បារបារ៉ា ជេហ្វហ្វេរីស ជាជំនាញរោគរាតត្បាត នៅសាកលវិទ្យាល័យក្រុងឡុងដ៍ បានប្រាប់ AFP ថា៖ «គោលការណ៍ណែនាំលើបញ្ហាសុខភាពរាងកាយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មិនបានបង្ហាញពីអត្ថប្រយោជន៍នៃការហាត់ប្រាណលំៗនោះទេ។ ពេលគោលការណ៍ណែនាំទាំងនោះត្រូវបានសរសេរចងក្រង វានៅមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់នឹងធ្វើការណែនាំផ្សព្វផ្សាយឡើយ»។
ការសិក្សា ដែលតាមដានលើបុរស ១២០០ នាក់ ដោយគ្មានជំងឺបេះដូងនៅអាយុ ៧០ ស្ដើង និង ៨០ ក្រាស់ បានបង្ហាញថា គោលការណ៍នេះគួរតែត្រូវកែប្រែ។
លទ្ធផលបានបង្ហាញថា រាល់សកម្មភាពទាំងអស់ មិនថាលំៗនោះទេ សុទ្ធតែមានអត្ថប្រយោជន៍។ មនុស្សចាស់គួរធ្វើលំហាត់ប្រាណទោះអត់ចេញបែកញើសក៏មានប្រយោជន៍ចំពោះសុខភាពដែរ៕