ក្រុងតៃប៉ិ: ទស្សនាវដ្ដី CommonWealth បាន​រាយការណ៍​ថា ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​តៃវ៉ាន់ (MOHW) បាន​បង្ហាញ​ថា អ្នក​អត់​ជក់បារី​នៅ​តៃវ៉ាន់ ហាក់​បាន​កើត​ជំងឺ​មហារីក​សួត​លើស ២ ដង​នៃ​អ្នក​ជក់បារី​ជោក​ជាំ​នៅ​អឺរ៉ុប និង​អាមេរិក។

ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្មត​ថា កត្ដា​ដែល​រួម​ចំណែក​នាំ​ឲ្យ​កើត​ហានិភ័យ​ខ្ពស់​នេះ​អាច​មក​ពី​ប្រវត្ដិ​ក្រុម​គ្រួសារ ផ្សែង​ប្រេង​ឆា ការ​ស្រូប​ផ្សែង​បារី និង​ការ​ស្រូប​ក្លិន​ផ្សែង​បារី​ដែល​នៅ​ជាប់​វត្ថុ​អ្វីមួយ។ គួរ​ឲ្យ​ចម្លែក! របាយការណ៍​ពី​ការ​ស្រាវជ្រាវ​មិន​បាន​ផ្ដោត​លើ​កត្ដា​បំពុល​បរិស្ថាន។

លោក វ៉ាង មីងជុយ ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​តៃវ៉ាន់​ជាតិ និង​ជា​អ្នក​សរសេរ​អត្ថបទ​វិភាគ បាន​និយាយ​ក្នុង​ទស្សនាវដ្ដី CommonWealth ថា ការ​អុជ​ធូប​ក៏​ជា​ដើម​ចម​ចម្បង​មួយ​ដែរ ដោយ​លោក​បាន​អះអាង​ថា ការ​ដុត​ធូប​តែមួយ​សរសៃ​អាច​បង្កើន​កម្រិត PM2.5 លើស​មួយ ១០។

លោក​ក៏បាន​ប្រាប់ថា ការ​ប្រើប្រាស់​ប្រេងឆា​ដ៏​ច្រើន​លើស​លប់​នៅ​កោះ​តៃវ៉ាន់ ដូចជា បំពង ឆា និង​ចៀន​ក៏​ជាការ​បំពុល​បរិស្ថាន​ក្នុង​អគារ​ដែរ។ ការសិក្សា​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ដើម្បី​កំណត់​ផល​ប៉ះពាល់​នៃ​ធូប​លើ​សុខភាព និង​បាន​បង្ហាញ​ថា វា​បាន​ជះឥទ្ធិពល​លើស​ពី​ការ​គិត​ទៅ​ទៀត។

យោងតាម​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា ធូប​គឺជា​ដើម​ចម​ចម្បង​មួយ​ក្នុងការ​បំពុល​បរិស្ថាន ដោយ​ផ្សែង​មាន​សមាស​ធាតុ​គីមី​ផ្សេងៗ​បាន​ភាយ​ចូល​បរិយាកាស ពិសេស ឧស្ម័ន​ដ៏​គ្រោះ​ថ្នាក់ កាបូន ម៉ូណូស៊ីដ​តែម្ដង៕HR