Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ ដើម្បី​ទាក់ទាញ

Content image - Phnom Penh Post
លោក Tran Thanh Nam ជា​ស្ថាបនិក​ និង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន ASIA DMC ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍​។ ស្រេង ម៉េងស្រ៊ុន

កម្ពុជា ​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ ដើម្បី​ទាក់ទាញ

ភ្នំពេញៈ ខណៈ​ទីផ្សារ​ទេសចរណ៍​កម្ពុជា​បាន​វិវត្ត​ពី​ការ​ទាក់ទាញ​ទេសចរ​សម្ពាយ​ទៅ​ជា​ដំណើរ​ទេសចរណ៍​ជា​ក្រុម​ដែល​ឆ្ពោះ​ទៅ​រក​ការ​កម្សាន្ត​ធំៗ មកពី​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​ក្រុមហ៊ុន ASIA DMC កំពុង​ទទួល​បាន​ផ្លែផ្កា​ពី​ព្រឹតិ្តការណ៍ ផលិតផល​ទេសចរណ៍ (MICE)​។

Kali Kotoski អ្នក​យក​ព័ត៌មាន​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​លោក Tran Thanh Nam ជា​ស្ថាបនិក​ និង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​ដើម្បី​ពិភាក្សា​វិស័យ​ដែល​រកប្រាក់​​ចំណូល​បាន​ច្រើន និង​បញ្ហា​ប្រឈម​នៅ​ពេល​អនាគត​ក្នុង​ទីផ្សារ ដែល​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ឯករាជ្យ​មួយ​។

តើ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ណា​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ប្រទេស​កម្ពុជា​?

យើង​បាន​បង្កើត​ការិយាល័យ​ដំបូង​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០០៥ ប៉ុន្តែ​យើង​មិន​មាន​ការិយាល័យ​កណ្ដាល​ឈាន​មុខ​គេ​នៅ​ទី​នេះ​ទេ​។ សម្រាប់​ប្រទេស​កម្ពុជា​ការ​លក់​ទាំងអស់​របស់​យើង ការ​អភិវឌ្ឍ​ទីផ្សារ និង​ផលិតផល​ត្រូវ​បាន​ធ្វើ​រួច​ហើយ​តាមរយៈ​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ហាណូយ​របស់​យើង​។ ប៉ុន្តែ​យើង​មាន​ផែនការ​ក្នុង​ការ​បង្កើត​សាខា​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​ដែល​អាច​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​។

ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ យើង​តែងតែ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​លក់ ដែល​កម្ពុជា​ជា​ផ្នែក​មួយ​បន្ថែម​ដល់​វៀតណាម​។ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​កំពុង​មើល​ឃើញ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ទិសដៅ​ឯករាជ្យ​មួយ​។

សម្រាប់​ក្រុមហ៊ុន​របស់​យើង យើង​កំពុង​មើល​ឃើញ​កំណើន​ ៤០ ​ភាគរយ​រួច​ហើយ​នៅ​ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។

តើ​ទេសចរណ៍ MICE (​ព្រឹត្តិការណ៍​ទេសចរណ៍​ដែល​ធ្វើ​ឡើង​តាមរយៈ​កិច្ចប្រជុំ ការ​លើក​ទឹកចិត្ត សន្និសីទ និង​ព្រឹត្តិការណ៍​) ដែល​បំពេញ​តម្រូវការ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់​មាន​សារៈសំខាន់​ដូចម្ដេច​?

MICE គឺជា​វិស័យ​មួយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកយើង ដោយសារ​តែ​ពួកគេ​រក​បាន​អតិថិជន​មាន​ប្រាក់​ចំណូល​ខ្ពស់​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ​ប្រណីត​តម្រូវការ​អាហារ និង​ថា​មាន​ក្រុមហ៊ុន​ចំណាយ​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ពួកគេ​។

យើង​កំពុង​មើល​ឃើញ​កំណើន​ជាច្រើន​នៃ​ព្រឹត្តិការណ៍ MICE ជាពិសេស​មកពី​បណ្ដា​ប្រទេស​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​ប្រទេស​ឥណ្ឌា តួកគី ជប៉ុន ទីក្រុង​ហុងកុង ចិន និង​មជ្ឈិមបូព៌ា ដែល​ចូល​មក​កម្ពុជា​។

MICE តែងតែ​ចូលមក​ជា​ក្រុម​ធំៗ​ហើយ​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អាជីវកម្ម​ទាំង​នេះ បន្ទាប់​មកពី​ដំណើរការ​ទេសចរណ៍​កម្សាន្ត​ជា​ក្រុម​ធំៗ​ដោយសារ​តែ MICE ចំណាយ​កាន់តែ​ច្រើន​លើ​ការ​ទិញ​អីវ៉ាន់ ព្រឹត្តិការណ៍ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ក្រុម និង​ពិធី​ញុំា​អាហារ​ពេល​ល្ងាច​។

តើ​ឧស្សាហកម្ម​ទេសចរណ៍​នេះ​បាន​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ដូចម្តេច​ហើយ​អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​កំណើន​?

ប្រសិន​បើ​អ្នក​សម្លឹង​មើល​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​សៀមរាប​តែងតែ​ជា​ទិសដៅ​ពេញចិត្ត​ជាង​គេ​ដោយសារ​តែ​ប្រាសាទ​ជាច្រើន​។

ដូច្នេះ​តាម​គំនិត​របស់​ខ្ញុំ បញ្ហា​ប្រឈម​ពិតប្រាកដ​គឺ​របៀប​ក្នុង​ការ​ពង្រីក​ទិសដៅ​ទូទាំង​ប្រទេស​នេះ​ដើម្បី​ពួកគេ​មិន​គ្រាន់តែ​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​នៅ​ក្នុង​​ប្រាសាទ​អង្គរវត្ត​ប៉ុណ្ណោះ​ទេ​។ ប្រទេស​នេះ​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ​។

នៅក្នុង​ប្រទេស​កម្ពុជា​អ្នក​មាន​ប្រជាជន​ច្រើន​ដែល​និយាយ​អំពី​ក្រុង​ព្រះសីហនុ ប៉ុន្តែ​ខ្ញុំ​មិន​មើល​ក្រុង​នេះ​ទេ​ដោយសារ​តែ​ក្រុង​នេះ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឡើយ​ទេ​។ ផលិតផល​ឆ្នេរ​ខ្សាច់​មិន​ទាន់​មាន​នៅ​ទី​នោះ​នៅ​ឡើយ​ទេ​ធៀប​នឹង​ប្រទេស​វៀតណាម និង​ថៃ​។

តើ​អ្វី​ដែល​ក្រុង​ព្រះសីហនុ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គេ​ចាត់​ទុក​ជា​ទិសដៅ​កម្រិត​ឈាន​មុខ​គេ​?

តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​ក្រុង​ព្រះសីហនុ​គួរ​តែ​ដាក់​ខ្លួន​ឯង​ជា​ទិសដៅ​ដែល​មិន​ផ្លាស់ប្តូរ និង​ឆ្នេរ​លក្ខណៈ​គ្រួសារ​។ ប្រទេស​នេះ​មិន​គួរ​លើក​កម្ពស់​ក្រុង​ព្រះសីហនុ​ជា​ប៉ាតាយ៉ា​របស់​កម្ពុជា​នោះ​ទេ​។ រដ្ឋាភិបាល​គួរ​តែ​សាងសង់​ដំបូង​គេ​នូវ​ទីកន្លែង​ស្ងប់ស្ងាត់​ពិតប្រាកដ​សម្រាប់​ក្រុម​គ្រួសារ និង​អ្នក​ក្រេប​ចន្ទ​ទឹកឃ្មុំ​។ ដូច្នេះ​ពួកគេ​អាច​បំភ្លេច​ពិភពលោក​នេះ​បាន​។ ប៉ុន្តែ​វា​មិន​ចាំបាច់​ត្រូវ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ​។

តើ​អ្វី​ជា​បញ្ហា​ជាមួយ​អភិវឌ្ឍ​កាស៊ីណូ និង​រមណីយដ្ឋាន​ជាច្រើន​នៅ​តាម​ឆ្នេរសមុទ្រ​នេះ​?

ខ្ញុំ​គិត​ថា​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា មនុស្ស​ដែល​កំពុង​សាងសង់​កាស៊ីណូ និង​សណ្ឋាគារ​ទាំង​នេះ​កំពុង​ព្យាយាម​រក​ប្រាក់​ឲ្យ​បាន​លឿន និង​ការ​ទាក់ទាញ​ក្រុម​ជួល និង​ក្រុម​អ្នក​លេង​ល្បែង​ធំៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នេះ​មិន​មាន​ស្ថិរភាព​នោះ​ទេ បើ​អ្នក​សម្លឹង​មើល​ទៅ​ទិសដៅ​ជិត​ខាង​ជាច្រើន​ដែល​មាន​ការ​បង្កើត​កាស៊ីណូ​នោះ​។

ប្រសិន​បើ​រដ្ឋាភិបាល​គ្រាន់តែ​លើក​កម្ពស់​ការ​លេង​ល្បែង​មួយ​មុខ ក្រុង​ព្រះសីហនុ​នឹង​គ្រាន់តែ​ជា​កន្លែង​ដែល​មាន​ភ្ញៀវទេសចរ​ចេញ និង​ចូល​តែ​ប៉ុណ្ណោះ​ដែល​មិនមែន​ជា​ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​រយៈពេល​ជាច្រើន​សប្ដាហ៍ ឬ ជាច្រើន​ខែ​ដើម្បី​សប្បាយ​រីករាយ​ជាមួយ​ឆ្នេរសមុទ្រ​នោះ​ទេ​។

តើ​អ្វី​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ ដើម្បី​លើក​កម្ពស់​ប្រទេស​នេះ​?

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដើរ​តួ និង​មាន​តួនាទី​សកម្ម ហើយ​ចំណាយ​ប្រាក់​។ រដ្ឋាភិបាល​គួរ​តែ​មាន​គេហទំព័រ​ព័ត៌មាន​ដែល​ងាយស្រួល​ចូល​មើល​ជាច្រើន​ភាសា ហើយ​សកម្ម​លើ​ការ​ផ្សព្វផ្សាយ​តាម​ព័ត៌មាន​សង្គម​។ បើ​កម្ពុជា​អាច​ចំណាយ​ប្រាក់​លើ​បច្ចេកវិទ្យា ពួកគេ​នឹង​ទាក់ទាញ​អ្នក​ដំណើរ​កាន់តែ​ច្រើន​។

ប៉ុន្តែ​តាមពិត​ទីផ្សារ​នេះ​ចាំបាច់​ត្រូវ​មាន​ស្ថិរភាព​ក្នុង​ការ​នាំ​យក​ភ្ញៀវទេសចរ​មក​កម្ពុជា ហើយ​មិន​គ្រាន់​តែ​ឆ្លងកាត់​តាម​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ​។

ជា​ឧទាហរណ៍ វៀតណាម​មិន​មាន​ពាក្យស្លោក​ទេសចរណ៍​ជាតិ​បាន​នោះ​ទេ​។ ប្រទេស​កម្ពុជា​មាន​មួយ ប៉ុន្តែ​វា​មិន​ផ្ដល់​អ្វី​ពិតប្រាកដ​ក្រៅពី​គ្រាន់​តែ​ដាក់​រូបថត​ប្រាសាទ​អង្គរវត្ត​បង្ហាញ​នៅ​តាម​ពិព័រណ៍​ទេសចរណ៍​សំខាន់​នៅ​អឺរ៉ុប​នោះ​ទេ​។

ក្រសួង​ទេសចរណ៍​កំពុង​មាន​ការ​ខ្វះខាត​ក្នុង​ការ​ផ្ដល់​សម្ភារ​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រទេស​នេះ​។ កម្ពុជា​នឹង​ត្រូវការ​អ្វីៗ​ថ្មី ជាពិសេស​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​។

វា​ចាំបាច់​ត្រូវ​កំណត់​ប្រភេទ​អ្វី​នៃ​វិស័យ​ទីផ្សារ​ដែល​ខ្លួន​ចង់​បាន ហើយ​ការ​ចង់​បាន​នោះ​គឺជា​អ្វី​ដែល​ខ្លួន​មិន​កំពុង​ធ្វើ​បាន​ពេញលេញ​។ រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ចំណាយ​ប្រាក់​នៅ​ពេល​នេះ​។ គ្មាន​នរណា​ម្នាក់​ដឹង​ពី​អ្វី​ផ្សេង​ពី​ប្រទេស​កម្ពុជា​ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត​នោះ​ទេ​៕ LA

0

Comments

Please, login or register to post a comment