Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​ចិន ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ចំនួន​១៩ គាំទ្រ​គម្រោង​អភិវឌ្ឍន៍

Content image - Phnom Penh Post
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន លី កេឈាង (ស្ដាំ) នៅ​ឯ​វិមាន​សន្ដិភាព​ កាលពី​ថ្ងៃ​ម្សិលមិញ​។ ហុង មិនា

កម្ពុជា និង​ចិន ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ចំនួន​១៩ គាំទ្រ​គម្រោង​អភិវឌ្ឍន៍

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់ និង​ពាណិជ្ជករ ​កម្ពុជា-ចិន កាល​ពី​ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​សរុប​ចំនួន​ ១៩ ដែល​ភាគ​ច្រើន​ជា​គម្រោង​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា រួម​មាន​ផ្លូវ​ថ្នល់ កំពង់ផែ បណ្តាញ​អគ្គិសនី ការ​បង្ហោះ​ផ្កាយ​រណប និង​គម្រោង​កសាង​អាកាស​យានដ្ឋាន​ថ្មី​នៅ​ភ្នំពេញ​ជាដើម​។

ពិធី​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ ២​ ថ្ងៃ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ចិន លី កេ​ឈាង នៅ​កម្ពុជា និង​បន្ទាប់ពី​ការ​បញ្ចប់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​លើក​ទី​ ២​ នៅ​កម្ពុជា និង​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ ២​ គឺ​លោក ហ៊ុន សែន និង​លោក លី កេ​ឈាង​។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដ៏​ប្រញាប់​ប្រញាល់​ដែល​មាន​រយៈពេល​មិន​ដល់ ១ ០​នាទី​ផង​នោះ ឯកសារ​ទាំង ​១៩ ដែល​រួម​មាន​កិច្ច​ព្រម​ព្រៀង​ចំនួន​៩ អនុស្សរណៈ​នៃ​ការ​យោគ​យល់​ចំនួន​ ៧ លិខិត​ប្តូរ​សារ​ចំនួន​២ និង​កិច្ចសន្យា​ចំនួន​ ១ ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​ផ្សេងៗ​មក​ពី​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​២ និង​មេដឹកនាំ​ពាណិជ្ជកម្ម​សំខាន់ៗ​។

មិន​មាន​សំណួរ​ត្រូវ​បាន​ឆ្លើយ​ដោយ​មន្ដ្រី​នោះទេ ហើយ​ព័ត៌មាន​អំពី​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ ដែល​ទំនង​ជា​នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត អាច​រក​បាន​តិច​តួច​ប៉ុណ្ណោះ​។

ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ទាំង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ដ្រី​នៃ​ក្រសួង​កសិកម្ម ក្រសួង​សុខាភិបាល ក្រសួង​ឧស្សាហកម្ម ក្រសួង​សាធារណ​ការ ក្រសួង​ការងារ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា ព្រម​ទាំង​សេដ្ឋី​ជំនួញ​សំខាន់ៗ ដូច​ជា លោក គិត ម៉េង មក​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកស្រី លឹម ឈីវ ហូ មក​ពី​ក្រុមហ៊ុន Attwood Investment Group និង​លោក ពុង ឃាវ​សែ មកពី​ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)​។

ក្នុង​ចំណោម​ឯកសារ​ទាំង ​១៩​ នេះ មាន​កិច្ច​ព្រម​ព្រៀង​សម្បទាន​ដើម្បី​សាងសង់ «​ផ្លូវ​ល្បឿន​លឿន​ក្រុង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​» ដែល​ជា​គម្រោង​ត្រូវ​បាន​រង់ចាំ​រយៈពេល​យូរ​មក​ហើយ​នោះ កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ​ថ្មី និង​កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ​ស្តីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប «​តេជោ​១»​។

ផ្លូវ​ល្បឿន​លឿ​ក្រុង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​កំពុង​ធ្វើ​ការ​ងារ​លើ​គម្រោង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ លោក​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

Content image - Phnom Penh Post
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី លី កេឈាង ចាប់​ដៃ​គ្នា​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​។ ហុង មិនា

សេចក្តី​ចម្លង​នៃ​កិច្ច​ព្រម​ព្រៀង​សម្បទាន​ដើម្បី​សាងសង់ «​ផ្លូវ​ល្បឿន​លឿន​ក្រុង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​» ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន បាន​ឲ្យ​ដឹងថា គម្រោង​នេះ​អាច​ចំណាយ​ទឹកប្រាក់​រហូតដល់ ១,៨ ​ពាន់​លាន​ដុល្លារ និង​ត្រូវការ​ពេល​វេលា​រហូត​ដល់​៤​ឆ្នាំ ក្នុងការ​សាងសង់​។ ក្រុមហ៊ុន​រដ្ឋ China Communication's Construction Co របស់​ប្រទេស​ចិន នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ដែល​ទាក់ទង​នឹង​គម្រោង​នេះ ហើយ​នឹង​ប្រមូល​ថ្លៃ​ឆ្លង​ផ្លូវ​ពី​អ្នក​ដំណើរ​ដែល​បើកបរ​លើ​ផ្លូវ​នេះ​សម្រាប់​ប៉ះប៉ូវ​ការ​វិនិយោគ​របស់​ខ្លួន​វិញ​។

លោក វ៉ា ស៊ឹម​សូរិយា អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ទំនង​ជា​ប៉ះពាល់​ដល់​លំនៅឋាន និង​ដី​របស់​ប្រជាជន ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​វា​នឹង​អាស្រ័យ​លើ​ក្រុមហ៊ុន ដោយ​មាន​ជំនួយ​ពី​ក្រសួង ដើម្បី​ផ្ដល់​ប្រាក់​សំណង​សមស្រប​ដល់​ប្រជាជន​ទាំង​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖«​ក្រុមហ៊ុន​នឹង​ផ្ដល់​ដំណោះស្រាយ​សមរម្យ ហើយ​ក្នុង​នាម​ជា​ក្រសួង យើង​នឹង​ទទួល​បន្ទុក​ក្នុង​ការងារ​ជួយ​សម្រួល​»​។ លោក​បន្ថែម​ថា គម្រោង​នេះ​អាច​ចាប់​ផ្ដើម​ការ​សាងសង់​នៅ​ក្នុង​រយៈពេល ៦​ខែ​ក្រោយ​។

ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ភ្នំពេញ​កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ​ថ្មី​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ធនាគារ China Development Bank របស់​រដ្ឋ​ចិន និង​លោក ពុង ឃាវ​សែ ដែល​ជា​ប្រធាន​ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)​។

ជំនួយ​ការ​ម្នាក់​របស់​លោក ពុង ឃាវ​សែ កាលពី​ម្សិលមិញ​បាន​ថ្លែងថា គម្រោង​នេះ​នឹងត្រូវ​ការ​ដី​ទំហំ​ពី ១៥០០ ទៅ ១ ៨០០​ហិកតា ហើយនឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ពេល​ណា​មួយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ ប៉ុន្តែ​ជំនួយ​ការ​រូប​នេះ​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​នេះ​។

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ឲ្យ​សម្រេច​បាន​ផែន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​មាន​ព្រលាន​យន្តហោះ​ថ្មី​នៅ​ឆ្នាំ ​២០២៥​។

នៅ​ពេល​សួរ​ពី​ព័ត៌មាន​លម្អិត ដូចជា​ទីតាំង​សម្រាប់​ការ​សាងសង់​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែងថា ក្រុមហ៊ុន OCIC នឹង​ទទួល​បន្ទុក​ក្នុង​ការ​ស្នើ​ឡើង​ពី​ទីតាំង ហើយ​រដ្ឋាភិបាល​គ្រាន់​តែ​អនុម័ត​លើ​ផែន​ការ​បញ្ចប់​ប៉ុណ្ណោះ​។

ផ្កាយ​រណប​តេជោ​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ពហុ​ផលិត​ផល រ៉ូយ៉ាល់ គ្រុប បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ប្រធាន​ក្រុមហ៊ុន China Great Wall Industry Corporation (CGWIC) ដើម្បី​សាងសង់​ផ្កាយ​រណប​ទូរគមនាគមន៍​ដំបូង​របស់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវ​បាន​ផ្ដល់​សម្បទាន​ក្នុងការ​សាងសង់​ផ្កាយ​រណប​ដំបូង​របស់​កម្ពុជា​នេះ​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ ប៉ុន្តែ​ផែនការ​នេះ​មិន​ដែល​ទទួល​បាន​ផែ្ល​ផ្កា​នោះឡើយ​។ កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌ​ផ្កាយ​រណប​នេះ នឹង​ជា​ផ្កាយរណប​ដំបូង​របស់​កម្ពុជា​។

ក្រុមហ៊ុន​ចិន ​កាលពី​មុន ​បាន​ជួយ​ដល់​ប្រទេស​ឡាវ​ឲ្យ​ដំណើរការ​ផ្កាយ​រណប​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​កាលពី​ឆ្នាំ​២០១៥​។

កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ម្សិលមិញ ក៏​រួម​មាន «​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស កិច្ច​ព្រម​ព្រៀង​ស្តីពី​ការអនុវត្ត​គម្រោង «​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​និង​អភិរក្ស​ពូជ​ឈើ​មាន​តម្លៃ​នៅ​កម្ពុជា​» និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ២​ស្ដីពី «​ពាណិជ្ជកម្ម​អង្ករ​» និង «​ការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​»​។

ចំពោះ​ព័ត៌មាន​លម្អិត​ស្តីពី​កិច្ច​ព្រម​ព្រៀង និង​អនុស្សរណៈ​នៃ​ការ​យោគយល់​ទាំង​នេះ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នោះទេ​៕ LA

0

Comments

Please, login or register to post a comment