ភ្នំពេញៈ ការ​ផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ បាន​សម្រេច​ទៅតាម​ផែនការ ដោយ​ផ្គត់ផ្គង់​បាន ៦,៥​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង ស្មើ​នឹង​ប្រហែល ៨០​ ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​សរុប​។ នេះ​បើ​យោង​តាម​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិលមិញ​។

លោក វិចទ័រ ហ្សូនា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វីៗ​កើន​ឡើង​ទៅ​តាម​ផែនការ​។ កំណើន​នេះ​ទទួល​បាន​យ៉ាង​ច្រើន​ពី​ប្រតិបត្តិការ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម និង​ទំនប់​វារី​អគ្គិសនី​»​។

លោក​បាន​ថ្លែង​ថា រោងចក្រ​ផលិត​ថាមពល​ធ្បូង​ថ្ម​ដែល​មាន​អានុភាព ១៣៥ ​មេហ្គាវ៉ាត់ ដែល​បាន​ប្រតិបត្តិការ​កាល​ពី​ឆ្នាំ​ ២០១៧ បាន​បន្ថែម​ដល់​សមត្ថភាព​ដែល​មាន​ស្រាប់ ២៧០​ មេហ្គាវ៉ាត់​នៃ​ស្ថានីយ​ថាមពល​របស់​ក្រុមហ៊ុន CIIDG ដែល​បាន​ប្រតិ​បតិ្តការ ​កាលពី​ចុង​ឆ្នាំ​ ២០១៤​។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​ប្រភព​ផ្គង់​ផ្គង់​សរុប ថាមពល ៣៩,៧៣ ភាគរយ​បាន​មក​ពី​ការ​ដុត​ធ្យូង​ថ្ម ៣៣,៧២​ភាគរយ​បាន​មក​ពី​វារី​អគ្គិសនី ៥,៣៣ ​ភាគរយ​ បាន​មក​ពី​ការ​ដុត​ប្រេង ០,៨០ ​ភាគរយ ​បាន​មក​ពី​ថាមពល​កកើត​ឡើង​វិញ និង ០,២​ ភាគរយ​ទៀត​បាន​មក​ពី​ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម និង​អ្នក​ចែកចាយ​។

លោក ហ្សូនា បាន​បន្តថា ដើម្បី​បំពេញ​កង្វះ​ខាត កម្ពុជា​ បាន​នាំ​ចូល​ថាមពល​ចំនួន ១,៦៥​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ ដែល​ស្មើ​នឹង ២០ ​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​សរុប​។

កាល​ពី​ឆ្នាំ​ ២០១៧ ស្ថានីយ​ថាមពល​ចំនួន​ ២ ​ក្នុង​ចំណោម ​៨ នៅ​ទំនប់​វារី​អគ្គិសនី​សេសាន បាន​បើក​ដំណើរការ​សាកល្បង ​កាលពី​ឆ្នាំ​ ២០១៧ ហើយ​ប្រតិបត្តិការ​ពេញ​លេញ​របស់​ស្ថានីយ​ទាំង​៨​នេះ នឹង​ចាប់​ផ្ដើម​នៅ​ខែ​តុលា ឆ្នាំ​នេះ​។ ស្ថានីយ​នីមួយៗ​មាន​អានុភាព ៥០​មេហ្គាវ៉ាត់​។ នៅ​ពេល​ស្ថានីយ​ទាំង​អស់​នេះ​បើក​ប្រតិបត្តិការ​ពេញ​លេញ វា​នឹង​ជួយ​បង្កើន​ថាមពល ១៥​ភាគរយ​ផ្សេង​ទៀត​ក្នុង​ឆ្នាំ​២០១៨​។

លោក​ថ្លែងថា ដោយ​សារ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ឆ្នាំ​ ២០១៧ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​( EAC) បាន​ផ្គត់ផ្គង់​ថាមពល​ដល់ ១៤,១៦៨ ​ភូមិ ស្មើ​នឹង ៨១ ​ភាគរយ និង ៣,៣​ លាន​លំនៅឋាន​ស្មើ​នឹង ​៦៨,៥ ​ភាគរយ​។

លោក​បាន​បន្ថែម​ថា ក្នុង​ឆ្នាំ​ ២០១៨ អាជ្ញាធរ EAC គ្រោង​បង្កើន​ការ​តភ្ជាប់​ថាមពល​ទៅ​កាន់​លំនៅឋាន​ឲ្យ​បាន ៤​ភាគរយ​បន្ថែម​ទៀត និង ៥​ភាគរយ​សម្រាប់​ភូមិ​។

លោក​ថ្លែងថា​៖ «​ទិសដៅ​កំណត់​របស់​យើង​គឺ​ពង្រីក​អគ្គិសនី​ជាតិ​ឲ្យ​ដល់ ២៥​ខេត្ត ដើម្បី​ទទួល​បាន​តម្លៃ​ទាប​»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ប្រចាំ​ក្រុមហ៊ុន Emerging Markets Consulting បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើន​ផ្គត់ផ្គង់​នេះ តែ​លោក​បាន​ចង់​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ថាមពល​កកើត​ឡើង​វិញ​ជំនួស​វិញ​។

លោក​បាន​ថ្លែងថា ការ​រីក​ចម្រើន​នៃ​ផែនការ​ផ្គត់ផ្គង់​ថាមពល​ គឺជា​កំណើន​ដ៏​ល្អ និង​ជួយ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ជា​ជំហានៗ តែ​វា​គ្រាន់​តែ​ជា​អត្ថប្រយោជន៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ​សម្រាប់​ឧស្សាហកម្ម តែ​វា​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​រយៈពេល​វែង​។

លោក​ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​ថា កំណើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជួយ​កាត់​បន្ថយ​តម្លៃ ប៉ុន្តែ​វា​មិន​មាន​ស្ថិរភាព​នោះ​ទេ​សម្រាប់​ឧស្សាហកម្ម ដោយ​សារ​គម្រោង​ផ្គត់ផ្គង់​ថាមពល​ពឹង​ផ្អែកលើ​រោងចក្រ​ដើរ​ដោយ​ធ្យូង​ថ្ម និង​ទំនប់​វារី​អគ្គិសនី ដែល​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​រយៈ​ពេល​វែង​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​គួរ​តែ​បារម្ភ​ពី​ផល​ប៉ះពាល់​នេះ និង​លើក​កម្ពស់​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ និង​សូឡា ដែល​ជា​ថាមពល​ស្អាត​ប្រកប​ដោយ​ស្ថិរភាព​»​។

តម្លៃ​អគ្គិសនី​សម្រាប់​លំនៅឋាន​នាពេល​បច្ចុប្បន្ន ថ្លៃ​ចាប់ពី ៤៨០​រៀល​ដល់ ៧២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ទៅ​តាម​ទំហំ​ប្រើ​ប្រាស់​៕ LA