Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ អាច​ជា​ទីផ្សារ​រថយន្ត ដ៏​ល្អ​នៅ​ពេល​អនាគត

Content image - Phnom Penh Post
លោក James Zemke អគ្គ​នាយក​ក្រុម​ហ៊ុន Star Auto ដែល​ចែក​ចាយ​រថយន្ត​ម៉ាក Mercedes Benz។ ផា លីណា

កម្ពុជា​ អាច​ជា​ទីផ្សារ​រថយន្ត ដ៏​ល្អ​នៅ​ពេល​អនាគត

លោក James Zemke អគ្គនាយក​ក្រុមហ៊ុន Star Auto ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ទូទៅ​របស់​ក្រុមហ៊ុន Daimler AG សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​ម៉ាក Mercedes-Benz និង​រថយន្ត​ពាណិជ្ជកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ជាមួយ​កញ្ញា ចេង សុខហ័ង បុគ្គលិក​កាសែត ​ភ្នំពេញ​ប៉ុស្ដិ៍ ដើម្បី​និយាយ​អំពី​ទីផ្សារ​រថយន្ត និង​ការ​ចូល​មក​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា​។

ក្រុមហ៊ុន Daimler AG ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Mercedes-Benz​។

កាលពី​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​៩​លាន​ដុល្លារ​ដើម្បី​សាងសង់​បន្ទប់​តាំង​បង្ហាញ​រថយន្ត​លើ​ផ្ទៃ​ដី ៥ ០០០​ម៉ែត្រការ៉េ ដើម្បី​បង្ហាញ​រថយន្ត​អ្នក​ដំណើរ រថយន្ត​ប្រភេទ SUV និង​រថយន្ត​ដឹក​ទំនិញ​ប្រណីត​តម្លៃ​ខ្ពស់​របស់​ក្រុមហ៊ុន Mercedes-Benz ហើយ​ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ថែទាំ​រថយន្ត​ពេញ​លេញ​។

១. តើ​រថយន្ត​ម៉ាក Mercedes Benz ចូល​មក​ទីផ្សារ​កម្ពុជា​ដូច​ម្ដេច​?

ក្រុមហ៊ុន​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ទូទៅ​កាលពី​ខែ​មករា ឆ្នាំ​ ២០១៥ ប៉ុន្តែ​រថយន្ត​ម៉ាក Mercedes Benze មាន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​រយៈពេល​ពី ៥០ ទៅ​៦០​ឆ្នាំ​មក​ហើយ​។

ក្រុមហ៊ុន Mercedes Benze បាន​និង​កំពុង​ស្វែង​ការ​អភិវឌ្ឍ​ទីផ្សារ ហើយ​នៅ​ក្នុង​រយៈពេល​៤ ឬ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ម៉ាក​រថយន្ត​ជាច្រើន​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ដើម្បី​វិនិយោគ​លើ​សម្ភារ​រូបវន្ត​ថ្មីៗ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន Mercedes Benze ចង់​ចូល​មក​កម្ពុជា​ដែរ ហើយ​បាន​វិនិយោគ​ដូចគ្នា​។

ដូច្នេះ​ក្រុមហ៊ុន​របស់​ខ្ញុំ​បាន​យល់​ព្រម​ចូល​មក​កម្ពុជា​ដើម្បី​បង្កើតជា​ក្រុមហ៊ុន​ចែក​ចាយ​ថ្មី​សម្រាប់​ក្រុមហ៊ុន Mercedes Benze​។

២. តើ​លោក​យល់​ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​សក្ដានុពល​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

នៅ​ពេល​យើង​ពិនិត្យ​មើល​ទីផ្សារ​ថយន្ត ដំបូង​គឺ​សិទ្ធិ​ធ្វើ​អាជីវកម្ម (franchise) ដែល​មាន​សម្រាប់​ពួក​យើង យើង​ត្រូវ​តែ​ចាប់​យក​វា​ឲ្យ​បាន ទោះ​បី​បច្ចុប្បន្ន​ជាទី​ផ្សារ​កម្ពុជា​នៅ​តូច​ក៏ដោយ​។ យើង​មិនអាច​រង់ចាំ​វា​រហូត​ដល់​ទីផ្សារ​ធំ​នោះទេ នៅ​ពេល​នោះ​វា​នឹង​យឺត​ពេល​។ ដូច្នេះ​នៅ​ពេល​យើង​ចង់​អភិវឌ្ឍ​ទីផ្សារ​នេះ យើង​ត្រូវ​តែ​ចូល​ឲ្យ​បាន​លឿន​។

តាម​ដែល​ខ្ញុំ​ដឹង​ការ​លក់​រថយន្ត​កាលពី​ឆ្នាំមុន មាន​ចំនួន​ប្រហែល ៦០ ០០០​គ្រឿង​ជា​ចំនួន​សរុប​នៅ​ក្នុង​ទីផ្សារ ដែល ៩០​ភាគរយ​ក្នុង​ចំនួន​នោះ​គឺជា​រថយន្ត​ជជុះ ហើយ ១០​ភាគរយ​គឺជា​ទីផ្សា​រថយន្ត​ថ្មី ដូច្នេះ​ទីផ្សា​រថយន្ត​ថ្មី​នៅ​តែ​មាន​តិច​តួច​បំផុត​។

កាល​ពី​ឆ្នាំ​មុន ម៉ូតូ ២៥០ ០០០​គ្រឿង​ត្រូវ​បាន​ចុះបញ្ជី ដូច្នេះ​កម្ពុជា​នៅ​តែ​ជា​ទីផ្សារ​ម៉ូតូ​ច្រើន ដោយ​នៅ​ពេល​នេះ ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​មាន​ចំនួន ១ ១០០​ដុល្លារ ដូច្នេះ​ក្នុង​មនុស្ស​ម្នាក់​ជា​មធ្យម​ពួក​គេ​អាច​ទិញ​ម៉ូតូ​បាន​។ ប៉ុន្តែ​តាម​ដែល​ខ្ញុំ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​មាន​ចំនួន ៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ ប្រទេស​នេះ​មាន​ចក្ខុវិស័យ​ប្រសើរ​ខ្លាំង​ដែល​សេដ្ឋកិច្ច​នឹង​បន្ត​កើន​ឡើង​។ ដោយ​សារ​តែ​កំណើន​ប្រាក់​ចំណូល ហើយ​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​ថា្នក់​កណ្ដាល នឹង​ត្រូវ​បាន​វិវឌ្ឍ ហើយ​បន្ទាប់​មក​ឧស្សាហកម្ម​រថយន្ត​នឹង​កើន​ឡើង វា​នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ម៉ូតូ​កាន់​តែ​តិច ដែល​ជំនួស​ដោយ​កំណើន​តម្រូវ​ការ​រថយន្ត​។

ប៉ុន្តែ​ ខ្ញុំ​មិន​អាច​និយាយ​បាន​ថា​វា​ត្រូវ​ការ​រយៈពេល យូរ​ប៉ុនណា​នោះទេ​? វា​អាច​ចំណាយ​ពេល ៥​ឆ្នាំ ឬ ២៥​ឆ្នាំ​ទៀត​ក៏​ថា​បាន​។ និន្នាការ​នេះ​បាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​។ ម្យ៉ាង​វិញ​ទៀត យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា កម្ពុជា​គឺជា​ទីផ្សារ​រថយន្ត​ដ៏​ល្អ​នៅ​ពេល​អនាគត​។

៣. តើ​លោក​ប្រតិបត្តិការ​យ៉ាង​ដូច​ម្តេច ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​?

យើង​នឹង​ទទួល​បាន​ជ័យជម្នះ និង​ភាព​ជោគជ័យ​នៅ​លើ​ទីផ្សារ​នេះ ដោយ​សារ​នៅ​ពេល​មួយ អតិថិជន​នឹង​មិន​ទិញ​អ្វី​ដែល​មិន​មែន​គ្រាន់​តែ​ផ្តោត​តែ​លើ​តម្លៃ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ចាប់​ផ្ដើម​ពិនិត្យ​មើល​លើ​គុណ​ភាព​ជា​សារៈសំខាន់​ខ្លាំង​បំផុត​ក្នុង​សេវា​ដ៏​ល្អ​។ យើង​មាន​រោងចក្រ​ប្រកប​ដោយ​ស្ដង់ដារ យើង​នាំ​ចូល​រថយន្ត​ដែល​សមរម្យ​សម្រាប់​ទីផ្សារ​នេះ ផ្ដល់​ការ​ធានា បណ្ដុះ​បណ្ដាល​បុគ្គលិក​ឲ្យ​ថែរក្សា​រថយន្ត​ពួក​គេ​ឲ្យ​បានល្អ​។

ចក្ខុ​វិស័យ​ របស់​យើង​សម្រាប់​អតិថិជន យើង​មិន​ត្រឹម​តែ​គិត​ដល់​ការ​លក់​រថយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែម​ទាំង​កំពុង​គិត​ដល់​ការ​លក់​រថយន្ត​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​របស់​អតិថិជន​យើង ដោយសារ​យើង​បាន​ផលិត​រថយន្ត​ចំនួន ៤០ ​ប្រភេទ ដែល​កំណត់​ទិសដៅ​ចាប់ពី​ក្មេង​វ័យ​ជំទង់​ដល់​មនុស្ស​ចាស់​។

តម្លៃ​ចាប់​ផ្ដើម​ពី ៨៥ ០០០ ​ដុល្លារ​ដល់ ៣០០ ០០០ ​ដុល្លារ​។

៤. តើ​ក្រុមហ៊ុន​របស់​លោក​នាំចូល​រថយន្ត​ចំនួន​ប៉ុន្មាន​គ្រឿង ហើយ​មាន​នៅ​ក្នុង​ស្ដុក​ប៉ុន្មាន​គ្រឿង​?

បច្ចុប្បន្ន​ការ​លក់​រថយន្ត​មាន​ដំណើរ​ការ​យឺត ដែល​យើង​អាច​លក់​បាន​ពីរ​បី​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ នៅពេលនេះ​យើង​មាន​រថយន្ត​ប្រហែល ១៨ ​គ្រឿង​នៅក្នុង​បន្ទប់​តាំង​បង្ហាញ ហើយ​យើង​ចាំបាច់​ត្រូវ​តែ​មាន​រថយន្ត​ប្រហែល​ពី ២០ ទៅ ២៥​ គ្រឿង​នៅ​ក្នុង​ស្ដុក ដោយ​សារ​តែ​យើង​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់ ៥​ខែ​សម្រាប់​ការ​បញ្ជា​ទិញ និង​ការ​ចែកចាយ​នៅ​ទីនេះ​។

យើង​គ្រោង​នឹង​លក់​រថយន្ត​ចំនួន ៥០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ឆ្នាំ​ក្រោយ​យើង​សង្ឃឹម​ថា នឹង​លក់​បាន ៧០​ គ្រឿង​។

៥. តើ​អ្វី​ជា​បញ្ហា​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន​?

ដូច​ខ្ញុំ​បាន​និយាយ​មុន​នេះ​អ៊ីចឹង ទីផ្សារ​មាន​រថយន្ត​ជជុះ​ប្រហែល ៩០​ភាគរយ ដែល​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​យើង​។ នៅ​ពេល​អតិថិជន​ដើរ​ចូល​ហាង​របស់​យើង ពួក​គេ​មិន​មែន​កំពុង​គិត​ថា «​តើ​ខ្ញុំ​គួរ​ទិញ​រថយន្ត BMW ឬ​រថយន្ត Mercedes?» នោះ​ទេ ប៉ុន្តែ​ពួក​គេ​គិត​ថា «​តើ​ខ្ញុំ​គួរ​ទិញ​រថយន្ត Mercedes ថ្មី​ពី​ក្រុមហ៊ុន Star Auto ឬ​រថយន្ត Mercedes ជជុះ​ពី​អ្នក​ផ្សេង​ទៀត [​ក្រុមហ៊ុន​ចែកចាយ​មិន​ទទួល​បាន​សិទ្ធិ​?] ដូច្នេះ​ទីផ្សារ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​នឹង​ម៉ាក​យីហោ​របស់​ខ្លួន​ផ្ទាល់​។

យើង​ក៏​ប្រកួត​ប្រជែង​ជាមួយ​រថយន្ត​ថ្មី​ដែល​បាន​នាំ​ចូល​ដោយ​ទីផ្សារ​ងងឹត​ផង​ដែរ ដែល​អាច​នាំ​ចូល​មក​ពី​អឺរ៉ុប ឬ​អាមេរិក​។

ក្រុមហ៊ុន​នាំ​ចូល​កម្ពុជា​កែ​វិក្កយបត្រ​ដើម្បី​ទទួល​បាន​ការ​ទូទាត់​ពន្ធ​កាន់​តែ​ទាប​។ ទោះបី​វា​ជា​រថយន្ត​ថ្មី​ក៏​ដោយ ក៏​វា​មិន​មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​ក្រុមហ៊ុន​របស់​ខ្ញុំ​អនុលោម​តាម​ច្បាប់ យើង​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​បង់ពន្ធ​។

រថយន្ត Mercedes មាន​បញ្ជី​តម្លៃ​ដូច​គ្នា​សម្រាប់​ទីផ្សារ​នៅ​ក្នុង​ពិភពលោក ប៉ុន្តែ​វា​នឹង​មាន​ជម្រើស​ផ្សេង​គ្នា​។

ការ​ខុស​ប្លែក​គ្នា​ខ្លាំង​គឺ​នៅ​ត្រង់​កាតព្វកិច្ច​ពន្ធ​មាន​ចំនួន​ទាប​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក បើ​ធៀប​នឹង​ប្រទេស​កម្ពុជា​គឺ​ខ្ពស់​ខ្លាំង ខណៈ​ដែល​យើង​ចាំបាច់​ត្រូវ​បង់ពន្ធ​នាំ​ចូល ៣៥ ពន្ធ​លើ​អាករ​ពិសេស​ពី ៦០ ទៅ ៦៥ និង​អាករ​លើ​តម្លៃ​បន្ថែម ១០​ភាគរយ​។

ទោះ​យ៉ាង​ណា វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​សម្រាប់​យើង ប៉ុន្តែ​យើង​ចង់​ឲ្យ​ការ​យក​ពន្ធ​នេះ​ត្រូវ​អនុវត្ត​ដូច​គ្នា​ទាំង​អស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ ជាក់​ស្តែង ការ​ទូទាត់​ពន្ធ​មិន​ត្រូវ​បាន​អនុលោម​ឲ្យ​ដូច​គ្នា​ទេ​។ រថយន្ត​ភាគ​ច្រើន​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ចែក​ចាយ​មិន​ទទួល​បាន​សិទ្ធិ បាន​កែ​វិក្កយបត្រ ហើយ​បន្ទាប់​មក​ពួក​គេ​អាច​បង់ពន្ធ​កាន់​តែ​តិច ដែល​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​សម្រាប់​ពួក​យើង​៕ LA

0

Comments

Please, login or register to post a comment