ភ្នំពេញៈ ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៣០ ភាគរយកាលពីឆ្នាំ ២០១៧ បើធៀបនឹងឆ្នាំ ២០១៦ ដោយមានតម្លៃសរុបជាមធ្យមជិត ៣០០ លានដុល្លារ។ នេះបើយោងតាមតួលេខបានពីនាយកដ្ឋានកៅស៊ូ។
យោងតាមតួលេខនេះកម្ពុជាបាននាំចេញកៅស៊ូ ១៨៨ ៨៣២ តោនកាលពីឆ្នាំ ២០១៧ កើនឡើង ៣០ ភាគរយធៀបនឹងចំនួន ១៤៥១០០ តោនកាលពីឆ្នាំ ២០១៦។ របាយការណ៍បង្ហាញថាតម្លៃកៅស៊ូជាមធ្យមនៅឆ្នាំ ២០១៧ មានតម្លៃ ១ ៥៨៦ ដុល្លារក្នុងមួយតោនដែលកើនឡើងពី ១ ២៨៣ ដុល្លារក្នុងមួយតោនក្នុងឆ្នាំ ២០១៦។
តម្លៃសរុបជាមធ្យមបានគណនាដោយភ្នំពេញ ប៉ុស្ដិ៍ គឺ ២៩៩,៤៨ លានដុល្លារ ដែលកើនឡើង ២៤ ភាគរយបើធៀបនឹងឆ្នាំ ២០១៦។
លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានថ្លែងកាលពីថ្ងៃម្សិលមិញថាកំណើននៃការផលិតកៅស៊ូបានជំរុញឲ្យមានកំណើននាំចេញស្របជាមួយនឹងតម្រូវការទីផ្សារអន្តរជាតិនៅតែខ្ពស់។
លោកបានថ្លែងថា៖ «ការនាំចេញកៅស៊ូរបស់យើងបានរក្សាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាតម្លៃមិនពេញចិត្តសម្រាប់ក្រុមហ៊ុនកៅស៊ូក៏ដោយឧស្សាហកម្មនេះនៅតែមានសក្ដានុពលសម្រាប់ប្រទេសកម្ពុជា ខណៈវានៅតែមានតម្រូវការពីទីផ្សារ»។
លោកបន្តថាបញ្ហាប្រឈមរបស់ឧស្សាហកម្មនេះគឺឈ្នួញខុសច្បាប់ដែលរត់ពន្ធកៅស៊ូមិនទាន់កែច្នៃទៅប្រទេសវៀតណាមដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។
លោកថា៖ «យើងកំពុងព្យាយាមបង្ក្រាបឈ្នួញរត់ពន្ធកៅស៊ូ ទោះបីវានៅតែហូរចេញតាមច្រកព្រំដែនតូចៗដែលពិបាកក្នុងការគ្រប់គ្រងក៏ដោយ»។
លោក ប៉ុល សុផា បានថ្លែងថាខណៈតម្លៃស្ថិតក្នុងកម្រិតល្អសម្រាប់គ្រួសារ វានៅតែពិបាកសម្រាប់ក្រុមហ៊ុនក្នុងការរកប្រាក់ចំណេញ។
លោកបន្តថា៖ «ប៉ុន្តែតម្លៃកៅស៊ូតែងតែផ្លាស់ប្តូរដោយសារតែទីផ្សារអន្តរជាតិ។ ខណៈតម្លៃពេលនេះល្អតែសម្រាប់គ្រួសារដាំដុះកៅស៊ូប៉ុណ្ណោះ វាមិនផ្ដល់ប្រាក់ចំណេញដល់ក្រុមហ៊ុនកៅស៊ូនោះទេ»។
ទិសដៅទីផ្សារកៅស៊ូភាគច្រើនរបស់កម្ពុជាគឺប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងអឺរ៉ុប។ នេះបើយោងតាមលោក ប៉ុល សុផា។
របាយការណ៍នេះបានបង្ហាញថាការដាំដុះកៅស៊ូបានកើនឡើង ៣៣ ភាគរយ ក្នុងនោះកៅស៊ូលើផ្ទៃដី ១៧០ ២៣០ ហិកតា អាចប្រមូលផលបានក្នុងចំណោមផ្ទៃដីដាំដុះកៅស៊ូសរុប ២៦៦ ១០៩ ហិកតា។
លោក ម៉ែន សុភក្ដិ អនុប្រធានក្រុមហ៊ុនវិនិយោគសុភក្ដិនីកាបានថ្លែងថា ការរត់ពន្ធកៅស៊ូគឺជាបញ្ហាដ៏សំខាន់ដែលបណ្ដាលឲ្យក្រុមហ៊ុននាំចេញក្នុងស្រុកបិទអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនផលិតកៅស៊ូក្នុងស្រុកកំពុងជម្នះជាមួយនឹងតម្លៃទាបរួចទៅហើយ។
លោកបានថ្លែងថា៖ «ក្រុមហ៊ុននាំចេញក្នុងស្រុកភាគច្រើនបង្ខំចិត្តបិទអាជីវកម្ម ដោយសារតែពួកគេមិនអាចប្រកួតប្រជែងជាមួយឈ្នួញកៅស៊ូដែលរត់ពន្ធតាមព្រំដែនដោយមិនមានការបង់ពន្ធ ខណៈយើងមិនអាចរកប្រាក់ចំណេញពីតម្លៃនៃការនាំចេញកៅស៊ូនេះ»។
លោក ធី សំបូរ ប្រធានសមាគមកៅស៊ូគ្រួសារត្បូងឃ្មុំបានថ្លែងថាកសិករកៅស៊ូលក្ខណៈគ្រួសារ ពេញចិត្តនឹងតម្លៃកៅស៊ូនេះ ខណៈពួកគេអាចរកប្រាក់ចំណូលបានលើសពី ១ ដុល្លារក្នុងមួយគីឡូក្រាម។
លោកបានថ្លែងថា៖ «ដោយសារតែអ្វីដែលយើងបានលក់កាលពីឆ្នាំមុនយើងអាចនិយាយថាវាសមរម្យល្មមសម្រាប់ពួកយើង ប្រសិនបើតម្លៃដូចគ្នានេះបន្តមកដល់ឆ្នាំនេះ យើងនឹងមិនបារម្ភអំពីការរស់នៅរបស់យើងនោះទេ»។
លោកបានបន្ថែមទៀតថាការដាំដុះកៅស៊ូនៅជិតព្រំដែន ការលក់មានតម្លៃប្រសើរដោយសារតែវានៅជិតព្រំដែនហើយឈ្នួញផ្ដល់តម្លៃកាន់តែប្រសើរផងដែរ៕ LA