ក្រុងបាងកកៈ ការ​នាំចេញ​ត្បូង​មាន​តម្លៃ និង​គ្រឿង​អលង្ការ​របស់​ថៃ​អាច​នឹង​ស្ទុះ​ងើប​ឡើង​វិញ ដោយ​សម្រេច​បាន​កំណើន​ចន្លោះ​ពី ២ ទៅ ៣ ភាគរយ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ភាព​រឹងមាំ​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល និង ការ​រចនា​ម៉ូដ​គ្រឿងអលង្ការ​ល្អ​ខុស​គេ​របស់​ថៃ​។

ដោយ​បាន​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ពិព័រណ៍​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​លើក​ទី​ ៦១ នាទី​ក្រុង​បាងកក​លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា​ក្រសួង​រំពឹង​ថា ការ​នាំ​ចេញ​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ (​ដោយ​មិន​រាប់​បញ្ចូល​មាស​) អាច​នឹង​កើនឡើង​នៅ​ចន្លោះ​ ២ ទៅ ៣ ភាគរយ ដល់ ៧,៤ ពាន់​លាន​ដុល្លារ​អាមេរិក (២៣៣ ពាន់​លាន​បាត​) បន្ទាប់ពី​កើនឡើង ២,២ ​ភាគរយ​ដល់ ៧,១២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​។

តួលេខ​ឆ្នាំ​ ២០១៧ បង្ហាញ​ពី​កំណើន​លើក​ដំបូង​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​។ ​តែ​ការ​នាំ​ចេញ​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​សរុប​របស់​ប្រទេស​នេះ​រួម​ទាំង​ការ​នាំ​ចេញ​មាស​ផង​ដែរ​នោះ​បាន​ធ្លាក់ចុះ ៩,៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៧ មក​នៅ​ត្រឹម ១២,៨ ពាន់​លាន​ដុល្លារ​។

ពិធី​ពិព័រណ៍​នេះ​បាន​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៥ ខែកុម្ភៈ​នេះ​ក្រោម​ប្រធានបទ «​បេតិកភណ្ឌ និង​សិប្បកម្ម​»​។

ពិធី​ពិព័រណ៍​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​ថៃ​តាមរយៈ​គ្រឿងអលង្ការ​ដែល​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ល្អ​ឯក ដែល​គួបផ្សំ​នឹង​ការ​រចនា​ម៉ូដ​បែប​ថៃ​តាម​តម្រូវការ​របស់​អតិថិជន​អន្តរជាតិ​។

ពិព័រណ៍​នេះ​ផ្តល់​នូវ​កាលានុវត្តភាព​ដល់​សិក្ខាកាម​ដើម្បី​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ ក្រុមហ៊ុន​ចែកចាយ និង​ក្រុមហ៊ុន​នាំ​ចេញ​គ្រឿងអលង្ការ​ធំៗ​របស់​ថៃ​ និង​មកពី​ប្រទេស​ផ្សេង​ទៀត​ជាង ៩០០ ដែល​នឹង​ចូលរួម​ពិធី​ពិព័រណ៍​នេះ​នៅ​តាម​ស្តង់​ចំនួន​ជាង ២ ២០០​កន្លែង​។

ក្រុមហ៊ុន​ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​នេះ​នឹង​មកពី​សហរដ្ឋអាមេរិក ចិន ជប៉ុន ហុងកុង ឥណ្ឌា ស្រីលង្កា និង​មកពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​រំពឹង​ថា ពិធី​ពិព័រណ៍​គ្រឿងអលង្ការ​លើក​នេះ​នឹង​នាំ​មក​នូវ​ការ​លក់​ជាង​ ២ ពាន់​លាន​បាត និង​មាន​អតិថិជន និង​សិក្ខាកាម​អន្តរជាតិ​ចូលរួម​ជាង ២ ម៉ឺន​នាក់​។

លោក Sontirat បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ក្តីបារម្ភ​ជា​បន្ត​ចំពោះ​ប្រាក់​បាត​ដែល​មាន​តម្លៃ​ខ្ពស់​ក្តី ក៏​ប្រទេស​ថៃ​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​មួយ​ក្នុង​ការផលិត​ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ ដោយសារ​ការ​រចនា​ម៉ូដ​ស្អាត និង​ប្លែកៗ​របស់​ប្រទេស​នេះ និង​តម្រូវការ​គ្រឿងអលង្ការ​កាន់តែ​ខ្ពស់ ដោយសារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​។

ប្រទេស​ថៃ​មាន​សហគ្រាស ១៥៧៧៧ ក្នុង​វិស័យ​ត្បូង និង​គ្រឿងអលង្ការ​នេះ ៩០ ​ភាគរយ​គឺជា​សហគ្រាស​ខ្នាត​តូច និង​មធ្យម​៕ BP