Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បង្កើន​ផលិតភាព​ គឺជា​គន្លឹះ​កម្ពុជា ​ក្នុង​ការ​ប្រកួត​ប្រជែង

Content image - Phnom Penh Post
កម្មករ​កំពុង​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ក្រុង​តាខ្មៅ​កន្លង​មក​។ ភ្នំពេញ ប៉ុស្តិ៍

ការ​បង្កើន​ផលិតភាព​ គឺជា​គន្លឹះ​កម្ពុជា ​ក្នុង​ការ​ប្រកួត​ប្រជែង

ភ្នំពេញៈ ការ​បង្កើន​ផលិតភាព​ការងារ និង ​ដំណើរការ​នៃ​វិស័យ​សាធារណៈ នៅ​តែ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​កម្ពុជា ​ក្នុង​ការ​រក្សា​ការ​ប្រកួត​ប្រជែង ខណៈ​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ប្រាក់​ឈ្នួល​ទាប​ផ្សេង​ទៀត​ កាន់​តែ​កើន​ឡើង​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក​ចេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។

របាយការណ៍​ជា​រួម​បាន​កត់​សម្គាល់​ថា កំណើន​ផលិតភាព​នៅ​ចន្លោះ​ឆ្នាំ​ ២០០៧ ​ដល់​ឆ្នាំ ​២០១៤ បាន​រក្សា​ភាព​ល្អ​ប្រសើរ​។

ប៉ុន្តែ​ការ​កែ​លម្អ​គុណភាព​ការ​អប់រំ​ជា​មូលដ្ឋាន និង​ ជំនាញ​បច្ចេកទេស ព្រម​ទាំង​ការ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជា​កិច្ចការ​អាទិភាព​សម្រាប់​រដ្ឋាភិបាល ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​ឆ្ពោះ​ទៅ​រក​ផលិតកម្ម​បន្ថែម​តម្លៃ​កាន់​តែ​ខ្ពស់​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​៖ «​ខណៈ​វិស័យ​សម្លៀក​បំពាក់ និង​វិស័យ​ស្បែក​ជើង​បាន​បន្ត​ជា​កតា្ត​ជំរុញ​កំណើន​ដ៏​សំខាន់​របស់​កម្ពុជា កំណើន​ផលិត​ភាព​ជា​មធ្យម​ប្រចាំ​ឆ្នាំ​របស់​វិស័យ​នេះ​មាន​តែ​ ០,១៦ ​ភាគរយ​ ប៉ុណ្ណោះ​»​។

របាយការណ៍​បន្ថែម​ថា សម្រាប់​កំណើន​ផលិតភាព​គ្រប់​វិស័យ​៦​ភាគរយ​ជា​រួម​ក្នុង​អំឡុង​ពេល​នេះ វិស័យ​សំណង់​មាន​កំណើន​លឿន​បំផុត​គឺ ​២,៧ ​ភាគរយ​ប្រចាំ​ឆ្នាំ​ជា​មធ្យម បន្ទាប់​មក​វិស័យ​កសិកម្ម​មាន​ចំនួន​ ១,៨​ ភាគរយ​។

ក្តី​បារម្ភ​ពី​ផលិតភាព​គឺ​ទាក់ទង​នឹង​ការ​បង្កើន​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ កម្ពុជា ដែល​ចាំបាច់​ត្រូវ​ស្រប​នឹង​កំណើន​ទិន្នផល​ដើម្បី​រក្សា​បាន​ភាព​ប្រកួត​ប្រជែង​។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា ​កើន​ឡើង​ដល់​ ១៥៣​ ដុល្លារ​ កាលពី​ឆ្នាំ​មុន កើន​ឡើង​ពី ​១២៨ ​ដុល្លារ ​កាលពី​ឆ្នាំ ​២០១៥ ខណៈ​រដ្ឋាភិបាល​កម្ពុជា ​គ្រោង​នឹង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​មន្ដ្រី​រាជការ​ដល់​ប្រហែល ​២៥០ ​ដុល្លារ​ត្រឹម​ឆ្នាំ ​២០១៨​។

ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយ​ដោយ​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ការ​ព្យាករ​កំណើន​សម្រាប់​ឆ្នាំ​ ២០១៦ បាន​ធ្លាក់​មក​នៅ​ ៦,៩ ​ភាគរយ ទាប​ជាង​បន្តិច​ពី​ការ​ប៉ាន់​ប្រមាណ​លើក​មុន​ ៧​ ភាគរយ ខណៈ​កំណើន​នឹង​ធ្លាក់​មក​នៅ​ ៦,៧ ​ភាគរយ ​នៅ ២០១៩​។

របាយការណ៍​បង្ហាញ​ថា ​ការ​ចំណាយ​សាធារណៈ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ក៏​ជា​ក្តី​បារម្ភ​មួយ​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ​ការ​ថមថយ​ជារួម​ក្នុង​គម្រោង​ដែល​ផ្ដល់​មូលនិធិ​ដោយ​ដៃ​គូ បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វះខាត​នៅ​ក្នុង​ការ​ផ្ដល់​មូលនិធិ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

របាយ​ការណ៍​នេះ​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​បម្រុង​ទុក​មូលនិធិ​បន្ថែម​ដើម្បី​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ ខណៈ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការ​ចំណាយ​។

ចក្ខុវិស័យ​សេដ្ឋកិច្ច​កម្ពុជា​ជារួម​នៅតែ​រក្សា​បាន​ភាព​វិជ្ជមាន​នៅ​ក្នុង​រយៈពេល​មធ្យម​។ នេះ​បើ​តាម​របាយការណ៍​។

ជាមួយ​នឹង​កំណើន​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ វា​បាន​ប៉ះប៉ូវ​ដល់​កំណើន​ទាប​នៃ​តម្លៃ​នាំ​ចេញ​សម្លៀក​បំពាក់ ដែល​ធ្លាក់​ចុះ​ពី​ ១២,៣ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០១៥ មក​ធ្លាក់ចុះ​ត្រឹម​តែ​ ៨,៤​ ភាគរយ​ កាលពី​ឆ្នាំ ​២០១៦​។

លោក Miguel Sanchez សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

លោក​បន្ថែម​ថា ប្រទេស​នេះ​បាន​ប្រឈម​នឹង​ហានិភ័យ​ខាង​ក្រៅ​ ដោយ​សារ​ការ​បន្ត​បង្កើន​អត្រា​ការ​ប្រាក់​របស់​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​កំណើន​នៅ​អឺរ៉ុប​ធ្លាក់​ចុះ ឬ​ភាព​មិន​ច្បាស់​លាស់​ផ្សេង​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​ពិភពលោក​។

លោក​ថ្លែង​ថា​៖ «​ដំណឹង​ល្អ​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម និង​វិស័យ​ផលិតកម្ម​គឺថា អ្នក​មាន​សកម្មភាព​ផលិត​ផ្សេង​ទៀត​ក្រៅ​ពី​សម្លៀក​បំពាក់​ដែល​សកម្ម ដោយ​បាន​រួម​ចំណែក​កាន់​តែ​ច្រើន​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)»​។

លោក​បន្ត​ថា​៖ «​នេះ​ជា​សញ្ញា​មូលដ្ឋាន​នៃ​ការ​ចាប់​ផ្ដើម​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​»​។

លោក Sanchez បាន​ពន្យល់​ថា កំណើន​ពី​កសិកម្ម​បាន​ផ្ដល់​សញ្ញា​កំណើន​ក្នុង​វិស័យ​នេះ ទោះបីជា​កំណើន​ទិន្នផល​ត្រូវ​បាន​ជាប់គាំង​ដោយ​តម្លៃ​ទំនិញ​ពិភពលោក​កាន់​តែ​ទាប​ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​នៅ​ក្នុង​វិស័យ​កសិកម្ម ឆ្នាំ​នេះ​យើង​បាន​មើល​ឃើញ​ការ​រីក​ចម្រើន​ដ៏​សំខាន់ និង​កំណើន​ក្នុង​ការ​ផលិត​ធៀប​នឹង​ភាព​មិន​ល្អ​រយៈពេល​ ២ ​ឆ្នាំ ក្នុង​ឆ្នាំ ​២០១៤ និង​ឆ្នាំ​ ២០១៥ ដោយសារ​ស្ថានភាព​អាកាសធាតុ​»​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ទោះបីជា​ទិន្នផល និង​តំបន់​ដាំ​ដុះ​កើន​ឡើង​ក៏ដោយ ក៏​តម្លៃ​ទំនិញ​អន្តរជាតិ​គឺ​នៅតែ​ធ្លាក់ចុះ ដូច្នេះ​មាន​ន័យ​ថា ការ​រួម​ចំណែក​របស់​កសិកម្ម ទោះបីជា​កំណើន​ក្នុង​ការផលិត​ក៏​ដោយ គឺ​នៅតែ​រួម​ចំណែក​ជា​មធ្យម​ប៉ុណ្ណោះ​ដល់ GDP »​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​បាន​មើល​ឃើញ​សកម្មភាព​ខ្លាំង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ប្រកួត​ប្រជែង ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ធនធាន​មនុស្ស​។

លោក​បន្ថែម​ថា ទោះបី​ជាមាន​មនុស្ស​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ងាក​ចេញ​ពី​ឧស្សាហកម្ម​កាត់​ដេរ​ក៏​ដោយ ក៏​លោក​ជឿជាក់​លើ​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​វិស័យ​នេះ​ដែល​អាច​ជួយ​ដំណើរ​ការ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​ផលិត​មាន​តម្លៃ​បន្ថែម​កាន់​តែ​ច្រើន​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចង់​ប្រើប្រាស់​ឧស្សាហកម្ម​កាត់​ដេរ ជា​មូលដ្ឋាន​ដ៏​ល្អ​ចំពោះ​ឧស្សាហកម្ម​ផ្សេង​ទៀត​។ វា​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​រហូត​មក​ដល់​ពេល​នេះ​។ បើ​អ្នក​ប្រៀបធៀប​ឧស្សាហកម្ម​កាត់​ដេរ​ទៅ​នឹង​ការ​មាន​ធុង​ទឹក​មួយ អ្នកនឹង​មិន​ឈប់​ប្រើប្រាស់​ធុង​ទឹក​នោះ​ទេ លុះ​ត្រាតែ​អ្នក​ដឹង​ថា​មាន​ធុង​ទឹក​ផ្សេង​ទៀត​»៕ LA

0

Comments

Please, login or register to post a comment