ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បាន​ផ្ដល់​កម្ចី ៣០​ លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទិញ​ស្រូវ ដោយ​ប្រធាន​ធនាគារ​រដ្ឋ​មួយ​នេះ​បាន​ថ្លែង​ថា ចំនួន​ទឹកប្រាក់​អាច​នឹង​ត្រូវ​ចាក់​បញ្ចូល​បន្ថែម​ទៀត​ប្រសិន​បើ​ចាំបាច់​។

កម្ចី​នេះ​ត្រូវ​បាន​ផ្ដល់​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន ​៣៨ ដោយ​ធនាគារ​អភិវឌ្ឍន៍​របស់​រដ្ឋ​មួយ បន្ទាប់ពី​ការប្រមូល​ផល​ស្រូវ​ កាលពី​ខែកញ្ញា ហើយ​នឹង​ចាំបាច់​ត្រូវ​សង​វិញ​ត្រឹម​ខែ​មេសា​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ លោក កៅ ថាច អគ្គនាយក RDB​។

លោក កៅ ថាច មាន​ប្រសាសន៍​ថា​៖ «​តម្រូវការ​កម្ចី​បន្ត​កើន​ឡើង ប៉ុន្តែ​វា​នៅ​តែ​មិន​បាន​ឆ្លើយ​តប​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​»​។

លោក​បន្តថា​៖ «​យើង​នៅ​តែ​សង្ឃឹម​ថា តម្រូវការ​កម្ចី​នឹង​កើនឡើង​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​ក្រោយ ដោយ​សារ​តែ​សមត្ថភាព​នៃ​ការ​ស្ដុក និង​ការ​សម្ងួត​នឹង​រួចរាល់​»​។

នៅ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក RDB បាន​ផ្ដោត​លើ​ការ​បង្កើន​សមត្ថភាព​ស្ដុក និង​សម្ងួត​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​កែលម្អ​ការ​កែច្នៃ និង​ជំរុញ​ឲ្យ​មាន​បង្កើន​ការ​ទិញ​ស្រូវ ដែល​អាច​បង្កើន​តម្លៃ​ស្រូវ និង​ជួយ​ដល់​កសិករ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ខ្លះ​ហើយ ទោះបីជា​កសិករ​បាន​ថ្លែង​ថា បញ្ហា​ផ្សេង​ទៀត ដូច​ជា​កង្វះ​លទ្ធភាព​ទទួល​បាន​ទឹក និង​បញ្ហា​សត្វ​ល្អិត បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ដែល​អាច​នឹង​ទទួល​បាន​ពី​ការ​ឡើង​ថ្លៃ​ស្រូវ​កាន់តែ​ខ្ពស់​ក៏ដោយ​។

លោក គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន Rice miller Khmer Food ដែល​បាន​ទទួល​កម្ចី​ប្រហែល ១០​ លាន​ដុល្លារ​ពី​ធនាគារ RDB កាលពី​ឆ្នាំ​មុន ដើម្បី​ពង្រីក​ឡ​សម្ងួត និង​ឃ្លាំង​ស្ដុក​របស់​ក្រុមហ៊ុន​នោះ នៅ​រដូវ​នេះ​បាន​ទទួល​កម្ចី​ប្រហែល ១​ លាន​ដុល្លារ​ពី RDB ដើម្បី​ទិញ​ស្រូវ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​តម្រូវការ​ទីផ្សារ​អង្ករ​អន្តរជាតិ​បាន​កើន​ឡើង ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​បាន​មើល​ឃើញ​ឱកាស​សម្រាប់​ប្រាក់​ចំណេញ ដូច្នេះ​ពួក​គេ​បាន​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ដើម្បី​ទិញ​ស្រូវ​»​។

លោក​បាន​ព្យាករ​ថា តម្រូវ​ការ​កម្ចី​នឹង​កើន​ឡើង​ដោយ​សារ​ឃ្លាំង​ស្ដុក​ដែល​ត្រូវ​បាន​ពង្រីក និង​ឡ​សម្ងួត​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ​។

មូលនិធិ​បន្ទាន់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាមួយ​ទឹក​ប្រាក់ ២៧ ​លាន​ដុល្លារ​ កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ បន្ទាប់ពី​មាន​ការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​ពី​កសិករ​ដាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​។ រដ្ឋាភិបាល​បាន​ចាក់​បញ្ចូល​សាច់​ប្រាក់​ចំនួន ២៣​លាន​ដុល្លារ​ផ្សេង​ទៀត​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។

លោក សាវុធ បាន​ថ្លែងថា បើ​ទោះ​ជា​វិធានការ​របស់ RDB បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​វិស័យ​ស្រូវ​អង្ករ​ក៏​ដោយ ក៏​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នានា​ដូចជា​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​ថ្លៃ​ថាមពល​កើន​ឡើង នៅ​តែ​គំរាម​កំហែង​ដល់​ឧស្សាហ​កម្ម​នេះ​៕ LA